​ក្រុង​ញូវយ៉ក: ស៊ុប​ភើ​មែន (Superman) ម្នាក់​លង់​ស្នេហ៍​នារី​អ្នក​យក​ព័ត៌មាន ហើយ​តដល់​ជំនាន់​កូនប្រុស​របស់លោក​ក៏​ដូចគ្នា ទោះបីជា​ចំណង​ស្នេហ៍​ជំនាន់​ក្រោយនេះ ​គឺជា​ស្នេហា​រវាង​វីរបុរស និង​បុរស​ម្នាក់ទៀត​ឈ្មោះថា ចេ (Jay)​។​

DC Comics បានប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា ស៊ុប​ភើ​មែន​ថ្មី​ដែលជា​កូនប្រុស​របស់ ក្លាក ខេន​ត៍ និង​ ល្វី​ស ឡេ​ន នឹងមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​មិត្ត​ប្រុស​របស់ខ្លួន​។​

​ចូ​ន ខេន​ត៍ និង​អ្នកកាសែត​វ័យក្មេង ចេ ណា​កា​មូរ៉ា បាន​បង្កើត​មិត្តភាព​នៅក្នុង​រឿង​មួយ​រួចទៅហើយ ដែល​បានចេញ​ផ្សាយ​នៅ​ខែសីហា​។ អ្នក​បោះពុម្ព​ផ្សាយបាន​និយាយថា ពួកគេ​នឹងមាន​ឈុត​ថើប​គ្នា​នៅក្នុង​សៀវភៅ​រឿង​រូបភាព ដែល​នឹងត្រូវ​ចេញផ្សាយ​នៅ​ខែក្រោយ​ដោយ​ហៅ ស៊ុប​ភើ​មែន ចូ​ន ថា ​ជា​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។​

DC Comics បាន​និយាយថា​៖ «​បន្ទាប់ពី​ឈុត​ឆាក​ដែល​ស៊ុប​ភើ​មែន រលាក​ទាំង​ផ្លូវចិត្ត និង​រាងកាយ​ពី​ការព្យាយាម​ជួយសង្គ្រោះ​មនុស្ស​គ្រប់គ្នា អ្នកកាសែត ចេ នៅ​ទីនោះ ដើម្បី​មើលថែ​វីរបុរស​ជាទី​ស្រឡាញ់​របស់ខ្លួន​»​។​

​អ្នក​បោះពុម្ព​ផ្សាយបាន​និយាយ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា រឿង​ថ្មី​នេះ​នឹង​សម្ពោធ​នៅ​ថ្ងៃទី ៩ ខែវិច្ឆិកា​។​

​លោក ថម ថេ​ល័​រ ដែល​សរសេរ​ស៊េរី​នេះ​បាន​និយាយថា​៖ «​សព្វថ្ងៃនេះ​មនុស្ស​កាន់តែច្រើន​អាច​មើលឃើញ​ខ្លួនឯង​នៅក្នុង​កំពូល​វីរបុរស ដែលមាន​ឥទ្ធិពល​បំផុត​នៅក្នុង​សៀវភៅ​រឿង​រូបភាព​»​។​

​អ្នកគាំទ្រ​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​គាំទ្រ​សាច់រឿង​បែបនេះ​។​

​តារា​សម្តែង អេ​ន​ថូ​នី រ៉េ​ប បាន​សាទរ​ថា​៖ «​ដំណឹង​ពី​ស៊ុប​ភើ​មែន ថ្មី​នេះ​ធ្វើឱ្យ​បេះដូង​ជា​មនុស្ស​មិន​ប្រុស​សុទ្ធ​របស់ខ្ញុំ​រីករាយ​ដោយ​ដឹង​ពី​ផល​វិជ្ជមាន ចំពោះ​ក្មេងជំនាន់ក្រោយ​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​»​។​

​សៀវភៅ​រឿង​រូបភាព​កាន់តែច្រើន​មាន​មាតិកា LGBTQ ដ៏​សម្បូរបែប រួមទាំង តួអង្គ​វីរបុរស​ក្នុង​សៀវភៅ​រឿង​ Marvel Comics៕ AFP/HR