ក្រុង​សិង្ហបុរី៖ សិង្ហបុរី​បាន​តេស្ដ​សាកល្បង​រ៉ូបូត​ល្បាត ដែល​មាន​តួនាទី​ព្រមាន​ដល់​អ្នក​បង្ហាញ​អត្ដចរិត​​មិន​ចេះ​រក្សា​សុវត្ថិភាព​សង្គម ជាមួយ​ការ​បំពាក់​បច្ចេកវិទ្យា​កាមេរ៉ា​សុវត្ថិភាព​ ដែល​នាំ​ជា​ក្ដី​កង្វល់​ចំពោះ​សិទ្ធិបុគ្គល​។

ចាប់​ពី​កាមេរ៉ា​ថត​ជា​ច្រើន​គ្រាប់​រហូត​ដល់​បច្ចេកវិទ្យា​ស្គាល់​ភិនភាគ​ សិង្ហបុរី​បង្កើន​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​តាមដាន​ពលរដ្ឋ​របស់​ខ្លួន។ ក្រុម​មន្ដ្រី​តែងតែបាន​ជំរុញបង្កើត​ «ប្រជាជាតិ​វៃ​ឆ្លាត​តាម​រយៈ​បច្ចេកវិទ្យា​ទំនើប​» តែ​ក្រុម​សកម្មជន​ បាន​និយាយថា សិទ្ធិ​ឯកជន​ត្រូវបាន​បំភ្លេច ហើយ​ពលរដ្ឋ​មិន​មាន​ឱកាស​គ្រប់​គ្រង​ទិន្នន័យ​ដែល​បាន​កើត​ឡើង​លើ​​ខ្លួន​ឯងឡើយ​។

សិង្ហបុរី​រងនូវការ​រិះគន់​ចំពោះ​វិធានការ​រឹ​តត្បឹត​សិទ្ធិ​សេរីភាព​ជន​ស៊ីវិល ហើយ​ពលរដ្ឋ​ខ្លួន​ឯង​ក៏សាំង​នឹង​ការ​រឹត​បន្ដឹង​នេះ តែ​ក៏​មិន​ទម្លាប់​នឹង​បច្ចេកវិទ្យា​ទំនើប​ទាំង​នេះ​ឡើយ​។

រ៉ូបូត​ស្វ័យ​ប្រវត្ដិ Xavier ល្បាត​នៅតាម​ហាង និង​តំបន់​លំនៅឋាន​អំឡុង​ពេល​តេស្ដ​សាកល្បង ៣​សប្ដាហ៍​។ AFP

ឧបករណ៍​សុវត្ថិភាព​ចុងក្រោយ​របស់​រដ្ឋាភិបាល ​គឺជា​រ៉ូបូត​កូន​ឡាន​ ជាមួយ​កាមេរ៉ា ៦ ​គ្រាប់ ដែល​ផ្សព្វផ្សាយ​សារ​ព្រមាន​ដល់​មហាជន​ និង​ស្វែង​រក​បុគ្គល​មិន​ចេះ​រក្សា​គម្លាត​សុវត្ថិភាព​។

ការ​ព្រមាន​នេះ​ រួមមាន​ ការ​ជក់បារី​នៅ​​បរិវេណ​ហាម​ឃាត់ ចត​កង់​មិន​ចំទីតាំង និង​បំពាន​ច្បាប់​រក្សា​គម្លាត​សុវត្ថិភាព​ជា​ដើម​។

អំឡុង​ពេល​ល្បាត​ រ៉ូបូត​ Xavier មួយ​ត្រាច់ចរ​តាម​តំបន់​សំណង់​លំនៅឋាន​ និង​ឈប់​នៅ​មុខ​ក្រុម​មនុស្ស​ចាស់​មើល​ពួកគេ​លេង​អុក។

អ្នកដំណើរ​នៅក្បែរ​ហាង​ទំនើប​សម្លឹងមើល​រ៉ូបូត​កូនឡាន​ល្បាត​ដោយ​ព្រមាន​ពី​វិធានការ​សុវត្ថិភាព​។ AFP

សំឡេង​រ៉ូបូត បាន​បន្លឺ​ឡើង​ ខណៈ​កាមេរ៉ា​នៅ​លើ​ក្បាលរបស់វា​ដែល​តែងតែ​រេ​រក​វត្ដមាន​មនុស្ស ហើយ​បន្លឺឡើង​​ថា​៖ «​សូមមេត្ដា​រក្សា​គម្លាត​យ៉ាង​តិចមួយ​ម៉ែត្រ​កន្លះ​ពី​គ្នា​។ សូម​ជួប​ជុំគ្នា​ត្រឹម ៥​នាក់​បាន​ហើយ​»។

អំឡុង​ពេល​សាកល្បង ៣​សប្ដាហ៍​ក្នុង​ខែ​កញ្ញា រ៉ូបូត​ពីរគ្រឿង​ត្រូវបាន​ដាក់​ល្បាត​នៅតាម​តំបន់​​លំនៅឋាន​ និង​មជ្ឈមណ្ឌល​ផ្សារ​ទំនើប។

លោក ហ្វ្រាន់នី តែវ ជា​ជំនួយ​ការ​ផ្នែក​ស្រាវជ្រាវ អាយុ ៣៤ ​ឆ្នាំ ដែល​ដើរ​ផ្សារ​ទំនើប បាន​និយាយថា​៖ «​វា​រំឭក​ខ្ញុំ​ពី​រ៉ូបូត​រឿងរ៉ូបូតប៉ូលិស​ Robocop​»។

អ្នកស្រី និយាយថា៖ «​ពិភព​មនុស្ស​យន្តប៉ូលិស​ក្នុងពិភពមនុស្សពោរពេញ​ដោយ​អយុវត្តិធម៌​។ ខ្ញុំ​មានអារម្មណ៍រារែក ​​មិន​សូវ​យល់​​បន្ដិច​អំពី​ទស្សនៈ​នៃការ​បង្កើត​រ៉ូបូត​ល្បាត​នេះ​»៕

រ៉ូបូត​ស្វ័យ​ប្រវត្ដិ Xavier ល្បាត​នៅតាម​ហាង និង​តំបន់​លំនៅឋាន​អំឡុង​ពេល​តេស្ដ​សាកល្បង ៣​សប្ដាហ៍​។ AFP