ក្រុងប៉េកាំង៖ អត់មាននៅស្រុកចិន តែភាពយន្ដល្បីទូទាំងសកលោក «Squid Game» របស់ Netflix បានជ្រៀបចូលពាសពេញដែនដីកុម្មុយនិស្ដមួយនេះ ដោយក្រុមអ្នកគាំទ្រខិតខំរិះរកវិធីទស្សនាភាពយន្ដរន្ធត់នេះ និងនាំគ្នាទិញសម្ភារ គ្រឿងតុបតែងកាយ និងចំណី ដូចក្នុងភាពយន្ដនេះមកលេងឱ្យទាន់សម័យផងដែរ។
ភាពយន្ដសម្លាប់ឆៅៗក្នុងសង្គមសិប្បនិម្មិតរបស់កូរ៉េខាងត្បូង បានក្លាយជាភាពយន្ដភាគពេញនិយមបំផុតរបស់ Netflix ជាក្រុមហ៊ុនកម្សាន្ដផ្សាយតាមអនឡាញ បានឱ្យដឹងកាលពីថ្ងៃអង្គារ តែវាមិនទំនងជាអាចឆ្លងផុតការត្រួតពិនិត្យរបស់ចិនដោយសារតែមាតិកាដ៏មហាហិង្សា។
ប៉ុន្ដែវាបានទទួលភាពល្បីល្បាញនៅតាមទីក្រុងមួយចំនួន ដូចជា ក្រុងស៊ាងហៃ ជាទីដែលមហាជនមកជួបជុំគ្នាកាលពីថ្ងៃអង្គារនៅនៅភោជនីយដ្ឋានលក់ នំស្ករដាល់ហ្គូណា ដែលរំលេចជាហ្គេមក្នុងឈុតមួយនៃសាច់រឿង ដោយអតិថិជនមកថតរូបនៅស្លាកសញ្ញាក្នុងភាពយន្តស៊េរី «Squid Game»។
អតិថិជនម្នាក់ត្រកូល លី បានប្រាប់ AFP ថា៖ «យើងនាំគ្នានិយាយពីរឿងសប្បាយៗ ទាក់ទងនឹងសាច់រឿងក្នុងក្រុមជជែកកម្សាន្ដ ពេលខ្ញុំចាប់ផ្ដើមទស្សនាភាពយន្ដនេះ»។
ក្រោយពីបានទិញនំស្ករ លោក លី និងមិត្ដភក្ដិបានថតសកម្មភាពលេងតាមល្បែងហ្គេមភាពយន្ដ ដោយពួកគេព្យាយាមកាត់រូបភាពតាមក្រឡាលើនំស្ករដោយមិនយ៉ាងណាធ្វើឱ្យស្ករស្រួយនេះបែក។
ភាពយន្តស៊េរី Squid Game បានឆ្លុះបញ្ចាំងពីដំណើររឿងមនុស្សមួយក្រុមស្ថិតក្នុងវណ្ណៈបាតសង្គម និងជាប់បំណុលវណ្ឌក ដែលត្រូវបានបង្ខំឱ្យប្រកួតប្រជែងក្នុងហ្គេមក្មេងជាច្រើនប្រភេទរហូតដល់អ្នកលេងស្លាប់ទាំងអស់ លើកលែងតែម្នាក់ប៉ុណ្ណោះ។ អ្នកឈ្នះ ទទួលបានប្រាក់រង្វាន់ ៣៨ លានដុល្លារ។
ខណៈភាពយន្ដកូរ៉េនេះកំពុងតែល្បីលើពិភពលោក ក្រុមហ៊ុនផលិតសម្ភារផ្សេងៗដ៏វៃឆ្លាតរបស់ចិនក៏កំពុងតែញាប់ដៃញាប់ជើងផ្គត់ផ្គង់តម្រូវការជាមួយផលិតផលទាំងនេះ រួមទាំងឈុតពណ៌ផ្កាឈូកស្រស់ និងម៉ាសបិសាចពាក់ដោយឆ្មាំអនាមឹក ដែលត្រូវដាក់លក់លើផ្សារអនឡាញចិន Taobao។
អាជីវករ ប៉េង ស៊ុយយ៉ាង បានប្រាប់ AFP ថា ការលក់របស់លោកបានកើនឡើងប្រមាណ ៣០ភាគរយ ដែលអរគុណដល់តម្រូវការដល់អ្នកនិយម Squid Game នេះ។
លោកមិនដែលឮកម្មវិធីភាពយន្ដនេះទេ ពេលអតិថិជនម្នាក់មកសួរកាលពីខែមុន ដោយចង់រកទិញម៉ាសជារបាំងមុខពណ៌ខ្មៅ មានសញ្ញាគំនូររាងជាបួនជ្រុង ត្រីកោណ ឬមូល។
ប៉ុន្ដែពេលនេះអាជីវករទាំងអស់ រួមទាំងរូបលោក និងក្រុមហ៊ុនផលិតប្លាស្ទីកនៅភាគខាងជើងតំបន់យីវូ សុទ្ធតែមមាញឹកក្នុងការផ្គត់ផ្គង់តម្រូវការអតិថិជន ទាំងក្នុងស្រុកនិងបរទេស។
លោកបានបន្ថែមថា៖ «អតិថិជនរបស់យើងគឺជាអ្នកដែលបានទស្សនាភាពយន្ដភាគនេះនិងចង់បង្កើតភាពស្និទ្ធិស្នាលជាមួយភាពយន្ដ»។
ដោយរដូវបុណ្យខ្មោចហាឡូវីនកាន់តែខិតចូលមកដល់ ម៉ាសបិសាចបានក្លាយជាផលិតផលលក់ដាច់បំផុត។ ជាសម្ភារបែបហ្វេសសិនក្នុងភាពយន្ដវាបានអង្រួនអារម្មណ៍យុវវ័យសម័យបច្ចេកវិទ្យាចិន ដោយផ្សារភ្ជាប់ជាមួយសញ្ញាតំណភ្ជាប់ ហាសថេក Squid Game។
អតិថិជនម្នាក់នៅក្រុងស៊ាងហៃត្រកួលយ៉ាងបាននិយាយថា៖ «ខ្ញុំឃើញមានលក់អាហារសម្រន់ក្នុងភាពយន្ដតាមអនឡាញ តែវាជាលើកដំបូងសម្រាប់ខ្ញុំដែលឃើញវានឹងភ្នែកនាពេលនេះ»៕ AFP/HR