The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ស្រា​ព្រីង​តាកែវ បន្ទុំ​យូរខែ ទទួល​បាន​ការ​គាំទ្រ​ហូរហែ ទាំង​រសជាតិ និង​គុណភាព​

ស្រា​ព្រីង​តាកែវ បន្ទុំ​យូរខែ ទទួល​បាន​ការ​គាំទ្រ​ហូរហែ ទាំង​រសជាតិ និង​គុណភាព​

Content image - Phnom Penh Post
ស្រា​ព្រីង​តាកែវ ដែលទទួលបានប្រជាប្រិយភាពពីអ្នកគាំទ្រ។ រូបថត សហការី

ស្រា​ព្រីង​តាកែវ បន្ទុំ​យូរខែ ទទួល​បាន​ការ​គាំទ្រ​ហូរហែ ទាំង​រសជាតិ និង​គុណភាព​

តាកែវៈ អស់​រយៈពេល​ជិត ១ ទសវត្ស​រ៍ហើយ សិប្បករ​ផលិត​ស្រា​ផ្លែឈើ លោក រស់ ខេត បាន​ប្រើប្រាស់​ផ្លែ​ព្រីង សុទ្ធ ដោយ​ឆ្លងកាត់​ការ​បន្ទុំ​យូរ​ខែ រហូត​ទទួល​បាន​រសជាតិ​ដូច​ស្រាក្រហម​ងាយស្រួល​ពិសា ដាក់​លក់​លើ​ទីផ្សារ​ក្រោម​ឈ្មោះថា «​ស្រា​ព្រីង​តាកែវ» (Takeo Jambolan Wine) ។​

​ក្រោម​កិច្ចសហការ​បច្ចេកទេស​ជាមួយ​មហាវិទ្យាល័យ​កសិ​ឧស្សាហកម្ម នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការដូង ស្រាព្រីង និង​ស្រាស្វាយ​តាកែវ ត្រូវបាន​ផលិត​ក្នុង​សិប្បកម្ម​គ្រួសារ នៅ​ភូមិ​អង្គរ ឃុំ​ព្រែកផ្ទោល ស្រុក​អង្គរបុរី ខេត្តតាកែវ។

​ដើមឡើយ​លោក ខេ​ត ត្រូវបាន​បង្ហាត់បង្រៀន​ពី​ការធ្វើ​ស្រាស្វាយ ប៉ុន្តែ​លោក​បាន​ទាញ​យក​បច្ចេកទេស​នេះ​មក​ច្នៃ​ធ្វើ​ស្រា​ពី​ផ្លែ​ព្រីង ជា​រុក្ខជាតិ​មាន​គុណ​ប្រយោជន៍​ច្រើន​ដល់​សុខភាព ក្រោយ​ពី​លោក​ឃើញ​អ្នកលក់​ព្រីង​ផ្លែ​ល្អៗ​ប្រឈម​នឹង​ការ​លក់​សល់​ចាក់​ចោល​នៅ​ពេល​អាកាសធាតុ​រលឹម​ធ្លាក់ភ្លៀង។

​សិប្បករ​វ័យ ៥៦ ឆ្នាំ​រូបនេះ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា​៖ «​ខ្ញុំ​ចេះតែ​អាណិត​គាត់ ខ្ញុំ​ក៏​នឹក​ឃើញថា យី​!​ព្រីង​នេះ​បើ​កែច្នៃ​ធ្វើ​ស្រា បាន ព្រោះ​ផ្លែឈើ​យើង​សុទ្ធតែ​អាច​ធ្វើ​ស្រា​បាន ក៏​សាកល្បង​យក​ព្រីង​មក​កែច្នៃ វត្ថុធាតុដើម​មាន​សារធាតុ​ថ្នាំ​ច្រើន»។​

​ស្រា​ព្រីង​តាកែវ​ដែល​ត្រូវបាន​ចុះបញ្ជី​ជាមួយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ឆ្នាំ ២០១៣ ត្រូវបាន​លោក​អះអាង​ថា មាន​រសជាតិ​ដូច​ស្រា​ក្រហម និង​ចម្រាញ់​ចេញ​ពី​ផ្លែ​ព្រីង ១០០ ភាគរយ ជា​រុក្ខជាតិ​ឱសថ​បុរាណ​មាន​ដុះ​លូតលាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក ខេត បាន​ប្រាប់ថា​៖ «​ខ្ញុំ​ផលិត​ឆ្នាំ ២០១២ ខ្ញុំ​ចេញ​លក់​ឆ្នាំ ២០១៣ ព្រោះ​អាហ្នឹង​វា​ត្រូវ​អប់ ១ ឆ្នាំ​ទើប​លក់​បាន ប្រើ​រយៈពេល​យូរខែ»។​

​លោក​បន្តថា​៖ «​ខ្ញុំ​ដំបូង​ចំណាយពេល ៣ ឆ្នាំ ដោយ​ដំបូង ១ ឆ្នាំ​យើង​ចំណាយ​ពេល​ផ្សព្វផ្សាយ​ឱ្យ​អតិថិជន​ជិតខាង​គាត់​បាន​ដឹងថា រសជាតិ​វា​ឆ្ងាញ់​អាច​ទទួលទាន​បាន ទម្រាំ​ផលិត​ជា​ទ្រង់ទ្រាយ​ធំ​ឆ្នាំ ២០១៤-២០១៥ ហ្នឹង​រហូត​មក»។ លោក​បាន​ចាប់ផ្ដើម​ផលិត​ស្រាព្រីង​បាន​ប្រហែល​ចន្លោះ​ពី ១០០ ទៅ ២០០ លីត្រ ដើម្បី​សាកល្បង មុន​នឹង​ដំឡើង​ការ​ផលិត​ដល់ ១ ពាន់លីត្រ។​

Content image - Phnom Penh Post
អ្នកលក់លើក​បង្ហាញ​ដបស្រា​ព្រីងតាកែវ​។ សហ​ការី

​ដំណើរការ​ដំបូង លោក​បាន​ជួប​បញ្ហាលំបាក​ដូចជា កង្វះ​សម្ភារ និង​បទពិសោធ​ផលិត​។ បញ្ហា​ប្រឈម​បន្ទាប់​គឺ​ឧបករណ៍​ខ្នាតតូច ដែល​លោក​ទិញយក​មក​ប្រើប្រាស់​ពុំ​អាច​ផ្គត់ផ្គង់​ទាន់​ទីផ្សារ ដែល​លោក​ត្រូវ​បង្ខំចិត្ត​ទុក​វា​ចោល ជំនួស​ដោយ​ឧបករណ៍​ខ្នាត​ធំ ដើម្បី​ពង្រីក​អាជីវកម្ម​ឱ្យ​ធំ​ជាងមុន។​

​លោក ខេ​ត និយាយថា​៖ «​មុនដំបូង​យើង​មាន​ផលិត​ជា​ធុង ២០ លីត្រ អ៊ីចឹង​យើង​ត្រូវ​ប្រើ​ទីតាំង​ធំ ហើយ​យើង​ចេះតែ​ទិញ​សម្ភារ​មក​រាង​ច្រើន​។ ដល់​ត្រូវ​ការទិញ​អា​ខ្នាត​ធំ ស៊ីទែន ១២០ លីត្រ មក​ប្រើប្រាស់​ទើប​ផលិត​កើត យើង​ក៏ត្រូវ​បោះចោល​អាតូច​អ៊ីចឹង​ទៅ»។

​លោក​ទទួលស្គាល់ថា សព្វថ្ងៃ​សិប្បកម្ម​ពុំទាន់​មាន​លទ្ធភាព​ទិញ​ឈើ​មក​កែច្នៃ​ធ្វើ​ធុង​ឈើ​ផលិត​ស្រា​ដែល​មាន​សមត្ថភាព​បិទ​ឱ្យ​ជិត​ខ្យល់​ក្នុង​ដំណើរការ​ផលិត​ឡើយ​។ សិប្បករ​រូបនេះ​និយាយថា​៖ «​បើ​មើល​តាម​ឯកសារ​ស្រុក​គេ ឈើ​ស្រុក​គេ គេ​មាន​ប្រភេទ​សម្រាប់​ធ្វើ​ស្រា ដែល​យើង​អត់​មាន​។ អាហ្នឹង​ខ្ញុំ​រៀន​ពី​ដើមពី​គ្រូ ហើយ​គ្រូ​គាត់​ថា អត់​អី​ទេ​បើ​យើង​អត់​មាន​វត្ថុធាតុដើម​យក​មក​កែច្នៃ​ជា​ធុង​អ៊ីចឹង យើង​ប្រើ​អាហ្នឹង [​ប្រើ​ស៊ីទែន​ខៀវ​ដាក់​ទឹក​] ហ្នឹង​ក៏បាន​ដែរ»។ ជាមួយ​ការគាំទ្រ​ពី​អតិថិជន​ពី​គុណភាព និង​រសជាតិ លោក​ក៏បាន​បង្កើន​ការផលិត​ចាប់ពី ៧-៨ ពាន់​លីត្រ រហូតដល់ ១ ម៉ឺនលីត្រ។​

​សិប្បករ​ផលិត​ស្រា​រូបនេះ​បាន​បញ្ជាក់ថា​៖ «​អានេះ​ចង់​និយាយថា យើង​ធ្វើ​ក្នុង ១ ឆ្នាំ បើ​យើង​មាន​វត្ថុធាតុដើម​តិច យើង​ធ្វើបាន​តិច»។ លោក​បាន​បន្តថា​៖ «​រាល់ថ្ងៃ​ហ្នឹង​ខ្ញុំ​មាន​ក្នុង​ស្ដុក ស្រា​ធ្វើ​ឆ្នាំ ២០១៧ ហ្នឹង​ប្រហែល​មាន ១ ម៉ឺន​លីត្រ ២០១៩ មាន ៣ ពាន់​លីត្រ ហើយ ២០-២១ មាន ៦ ពាន់​លីត្រ សរុប​ទៅ​វា​ជាង ១ ម៉ឺន​លីត្រ​ហើយ»។

​តាម​ការ​ស្រាវជ្រាវ​លោក ខេ​ត បាន​លើក​ពី​គុណប្រយោជន៍​នៃ​ការ​ទទួល​ទាន​ផ្លែ​ព្រីង​ដែល​ផ្ទុក​វីតាមីន​អា វីតាមីន​សេ និង​សារធាតុ​រ៉ែ​ថា វា​អាច​ជួយ​សុខភាព​ថ្លើម សម្រាប់​អ្នក​លើស​ជាតិពុល កាត់បន្ថយ​ជាតិ​ស្ករ សម្រាប់​អ្នក​ទឹកនោមផ្អែម ជួយ​សុខភាព​បេះដូង សម្បូរ​ជាតិ​ប៉ូតាស្យូម ជួយ​លាង​សម្អាត​ឈាម សម្បូរ​ជាតិ​ដែក ជួយ​សុខភាព​ស្បែក និង​ភ្នែក។​

​លោក​បាន​និយាយថា​៖ «​គ្រាន់តែ​ដើម​វា​ក៏​យើង​អាច​យក​មក​ដាំទឹក វា​ត្រូវ​នឹង​ជំងឺ​រាករូស ដូចជា​ក្រពះ​ពោះវៀន​អី​ក៏ត្រូវ​ដែរ​។ ផ្លែ​វា​មាន​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​យើង ដូចជា​ជួយ​កាត់បន្ថយ​ទឹកនោម​ផ្អែម ជាតិ​ខ្លាញ់ សម្រួល​ដល់​ប្រព័ន្ធ​សរសៃឈាម ក្នុង​រាងកាយ​យើង»។

​ជាមួយនឹង​ការ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ថា ស្រា​ព្រីង​ដែល​រក្សាទុក​កន្លែង​ត្រជាក់ មាន​រសជាតិ​កាន់តែ​ពិសេស ហើយ​ការ​ទទួលទាន​ស្រា​ព្រីង​តិចៗ ៧៥ មិល្លីលីត្រ ជា​កម្រិត​មួយ​សមរម្យ លោក ខេត ក៏បាន​លើកឡើង​ថា វត្ថុធាតុដើម​មាន​គុណ​ប្រយោជន៍​ដល់​សុខភាព​ពិតមែន តែ​លោក​មិន​លើក​ទឹកចិត្ត​ការ​ទទួល​ទាន​ដើម្បី​ព្យាបាល​ជំងឺ​នោះទេ។

​លោក​អះអាងថា​៖ «​គុណភាព​ផលិត​ចេញមក ខ្ញុំ​អត់​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​យើង​ហូប​ហើយ វា​ព្យាបាល​ជំងឺ​អី​មួយ​ទេ ព្រោះ​យើង​មិនមែន​ពេទ្យ​ឯណា​។ វា​ជួយ​សម្រួល​ប្រព័ន្ធ​សរសៃឈាម វា​បណ្ដេញ​ជាតិពុល​អី វា​មាន​មែន ខ្ញុំ​ទទួលស្គាល់»។​

​ផលិតផល​ស្រា​ព្រីង​តាកែវ ត្រូវបាន​នាំយកទៅ​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​ផលិតផល​ខ្មែរ​តាម​បណ្ដា​ខេត្ត​ទូទាំង​ប្រទេស​កម្ពុជា ដោយ​ចុង​ក្រោយ​នេះ​ក្នុង​កម្មវិធី​តាំង​ពិព័រណ៍​ផលិតផល​ខ្មែរ បន្លែ​ផ្លែឈើ​នៅ​ខេត្ត​សៀមរាប កាលពី​ខែ​មិថុនា ឆ្នាំ ២០២២។

​ទោះជា​យ៉ាង​ណា​ក្ដី ក្នុងឆ្នាំនេះ លោក​ប្រឈម​នឹង​បញ្ហា​ខ្វះ​វត្ថុធាតុដើម ក៏ដូចជា​តម្លៃ​ផ្លែ​ព្រីង​ថ្លៃ​ដែល​ធ្វើឱ្យ​លោក​ងាក​មក​ផលិត​ស្រា​ស្វាយ​វិញ។

​លោក ខេ​ត និយាយថា​៖ «​ដោយសារ​អតិថិជន ខ្ញុំ​ក៏​ចាប់យក​ការ​ផលិត​ស្រា​ស្វាយ ១ មុខ​ទៀត តែ​មិន​បោះបង់​ព្រីង​ចោល​ទេ​។ គ្រាន់តែ​ថា ព្រីង​វា​ថ្លៃ វា​រក​អត់​មាន​ហ្មង​។ បើ​យើង​ក្រឡេក​មក​មើល​ស្វាយ​ វា​អាច​ផលិត​ផ្គត់ផ្គង់​ទីផ្សារ​បាន​គ្រប់»។

​លោក ខេ​ត បាន​និយាយថា​៖ «​ខ្ញុំ​ធ្វើ​ស្វាយ​បាន​ប្រហែល​ជាង ១ ពាន់​លីត្រ​ដែរ ព្រោះ​ស្វាយ​ខ្ញុំ​ធ្វើ​សាកល្បង​ទេ​ដំបូង​មាន​ឆ្នាំ ២០១៧ មាន​ឆ្នាំ ២០២១ យើង​គ្រាន់​តែ​ស្ទង់​មើល​អតិថិជន វា​អាច​ទទួល​យក​បាន​អ៊ីចឹង ហើយ​យើង​ផលិត​វត្ថុធាតុដើម​វា​អត់​ដាច់​គ្រប់​រដូវ»។​

Content image - Phnom Penh Post
ការតាំងបង្ហាញលក់ស្រា​ព្រីង​តាកែវ នាពេលកន្លងទៅ។ រូបថត សហការី

​លោក​មាន​ស្រា​ស្វាយ​ឆ្នាំ ២០១៧ ក្នុង​ស្តុក ១ ៥០០ លីត្រ និង​ឆ្នាំ ២០២២ ប្រហែល ១ ០០០ លីត្រ ដែល​នៅ​ខ្ចី​ទើបតែ​ធ្វើបាន ៤ ខែ​។ ចំពោះ​អាយុកាល​ស្រា លោក​បាន​ប្រាប់ថា​៖ «​បន្ទុំ​ចាប់ពី ៦ ខែ ទៅ ១ ឆ្នាំ ទើប​អាច​ចេញ​លក់​បាន​។ ចាប់ពី ៦ ខែ​ទៅ​យើង​អាច​ហូប​បាន​ហើយ គ្រាន់តែ​យើង​ឌីហ្សាញ​សម្បក​ដប ការ​វេចខ្ចប់​វេច​ហ្នឹង វា​ត្រូវ​ចំណាយ​ពេល​ចង់ ១ ឆ្នាំ»។

​វត្ថុធាតុដើម​ផ្សំ​ចម្បង​៣​មុខ​មាន ព្រីង មេ និង​ទឹក តែ ៣ មុខ​ទេ​។ សម្រាប់​ស្រា​ស្វាយ​វិញ លក្ខណៈ​បច្ចេកទេស​ធ្វើ​ដូចគ្នា ខុស​តែ​ត្រង់​វត្ថុធាតុដើម​ចម្បង​។ ប៉ុន្តែ​ការផលិត​ស្រា​ស្វាយ​មាន​ជំនួយ​ពី​សម្ភារ​ស្វ័យប្រវត្តិ​បន្តិច ខណៈ​ស្រា​ព្រីង​ត្រូវធ្វើ​ដោយ​ដៃ​ទាំងស្រុង។​

​សិប្បករ​ស្រា​ព្រីង​តាកែវ បាន​ប្រាប់ថា​៖ «​ព្រីង​យើង​ច្របាច់​វា​ឱ្យ​បែក​សាច់​ហើយ​បាន​ចាប់ផ្ដើម​ធ្វើ បើ​ស្វាយ​យើង​ប្រើ​ម៉ូទ័រ​ភ្លើង​វ៉ៃ ធ្វើ​ដូច​ទឹកក្រឡុក​យើង​ហូប​អ៊ីចឹង»។

​ដោយ​ជ្រើសរើស​តែ​ផ្លែព្រីង​នៅ​ល្អ មិន​ស្វិត ឬ​បែក​សាច់ ក្នុង​ព្រីង ១០០ គីឡូក្រាម លោក ខេត អាច​ផលិត​ជា​មធ្យម​បាន​ស្រា​ជាង ១០០ លីត្រ។

​លោក ខេ​ត បាន​បញ្ជាក់ដែរថា​៖ «​ព្រីង​ដែល​យើង​យកមក​ក្រឡុក​ហ្នឹង គឺ​ព្រីង​ដែល​អត់​មាន​បែក​សាច់ អត់​មាន​ស្វិត​អី​ហ្មង គឺ​យក​ព្រីង​ដែល​យើង​ហូប​កើត​។ ស្វាយ​ក៏​អ៊ីចឹង បើ​វា​បែក វា​ជាំ វា​បែក វា​អន់សាច់​អី អត់​យក​មកប្រើ​កើត​ទេ ខូច​គុណភាព​វា​អស់​ហើយ យើង​យក​តែ​របស់​ដែល​ហូប​កើត​មក​ធ្វើ»។​

​ទាំង​ការផលិត​ស្រា​ព្រីង និង​ស្រាស្វាយ លោក​ក៏ត្រូវ​ប្រើ​ឧបករណ៍​វាស់​វែង​កម្រិត​ជាតិ​ស្ករ​ក្នុង​ផ្លែឈើ ដើម្បី​លៃលក​កម្រិត​គ្រឿងផ្សំ​បន្ទាប់​បន្សំ​ផងដែរ។​

​លោក​និយាយថា​៖ «​បើ​ព្រីង​ហ្នឹង​វា​ជូរ​ខ្លាំង យើង​ថែម​ស្ករ បើ​មាន​ជាតិ​ផ្អែម​យើង​បន្ថយ​ស្ករ ដូច​ព្រីង​ដោះក្របី ពី​ដើម​មក​យើង​អត់​សូវ​ប្រើ​ស្ករ​ច្រើន​ទេ ព្រោះ​ជាតិ​វា​ឆ្ងាញ់ ចេញ​មក​ផ្អែម​ឆ្ងាញ់​ហ្មង​។ បើ​ព្រីងបាយ គ្រាប់​តូចៗ​ជូរៗ​អត់​សូវ​មាន​សាច់​ហ្នឹង យើង​រាង​ចុះ​ស្ករ​បន្តិច​ហើយ»។

​សិប្បកម្ម​ស្រា​ព្រីង​ត្រូវបាន​ផលិត​តាម​រដូវ​កាល​ចាប់ផ្ដើម​ពី​ខែ​ឧសភា ដែលមាន​រយៈពេល​តែ ២ ខែ ដោយ​ប្រើ​កម្មករ​ប្រហែល​ជា ១០ នាក់ បូករួម​ទាំង​អ្នកផ្ទះ​របស់​លោក ខេត។ កិច្ចការ​បន្ទាប់​ត្រូវបាន​រ៉ាប់រង​សមាជិក​គ្រួសារ​សាច់ញាតិ​របស់​លោក ដោយ​ពុំមាន​ពលកម្ម​ពី​ខាងក្រៅ​ទេ។​

​ស្រា​ដែល​វេច​ខ្ចប់​ក្នុង​ឆ្នាំ ២០១៧ មានតម្លៃ​លក់រាយ ១ ដប ១០ ដុល្លារ និង​ឆ្នាំ ២០២១ តម្លៃ ៨ ដុល្លារ​។ ប៉ុន្តែ​ការ​ផលិត​ស្រា​ព្រីង​ចំណាយ​ដើមទុន​ច្រើន​ជាង​ស្រា​ស្វាយ​ឆ្ងាយ​ណាស់។

​លោក​លើកឡើងថា​៖ «​ព្រីង ១ គីឡូក្រាម ៦ ពាន់ ស្វាយ ១ គីឡូក្រាម ៧០០ រៀល​។ វា​អត់​ចំណេញ​ច្រើន​ទេ ព្រីង​យើង​ចំណេញ​តិចតួច ហើយ​យើង​ប្រើពេល​យូរ»។

​យោងតាម​សិប្បករ​រូបនេះ ស្រា​បន្ទុំ​ទុក​កាន់តែ​ចាស់ កាន់តែ​មាន​គុណភាព​ល្អ ហើយ​ក្លិន និង​រសជាតិ​កាន់តែ​ឈ្ងុយ។

​លោក ខេ​ត និយាយថា​៖ «ដោយសារ ១ ឆ្នាំ យើង​ហូប​ទៅ​នៅ​ធុំ​ព្រីង​នៅឡើយ ដល់​ពេល​យើង​ទុក​កាន់តែ​យូរ​ទៅ វា​កាន់​តែមាន​រសជាតិ​មួយ​កម្រិត​ទៀត វា​ឡើង​កាន់​តែ​ឈ្ងុយ​។ អ្នក​ហូប​ស្រា​ដឹង​ហើយ​។ ទឹក​វា​ក៏​ខុសគ្នា​ដែរ ទឹក​ទុក​យូរ​ខ្មៅ​រាង​ជាំ​វា​ដល់​កម្រិត​វា​ចូល ៥ ឆ្នាំ​អី បើ​ត្រឹម ១ ឆ្នាំ​អី ទឹក​វា​នៅ​ពណ៌​ព្រីង​នៅឡើយ»។​

​ក្នុងអំឡុងពេល​កូ​វីដ លោក​បាន​កុម្ម៉ង់​ដប​ពី​ចិន​សម្រាប់​ការ​វេច​ខ្ចប់​ច្រក​ស្រា ហើយ​ក៏ជួប​បញ្ហា​ខកខាន ដែល​ធ្វើឱ្យ​ស្រាព្រីង និង​ស្រាស្វាយ​ត្រូវ​ប្រើ​ដប​វេច​ខ្ចប់​ដូចគ្នា។​

​លោក​បានឱ្យដឹងថា​៖ «​កាល​មិនទាន់​កូ​វីដ ១​ឆ្នាំ​ខ្ញុំ​ចេញ​បាន ៣-៤ ពាន់​លីត្រ​ដែរ​។ ដល់​ជួប​បញ្ហា​កូវីដ​មក វា​ថយ សង្ឃឹមថា បន្ទាប់​ពី​កូវីដ​ស្បើយ​អ៊ីចឹង​យើង​មាន​សម្ទុះ​គាំទ្រ​ច្រើន»។​

​ដំណើរ​ជិត ១ ទសវត្សរ៍​ក្នុងការ​ផលិត​ស្រា​ព្រីង និង​ស្រា​ស្វាយ លោក ខេត មាន​មោទនភាព​ដែល​សិប្បកម្ម​គ្រួសារ​របស់​លោក​ទទួល​បាន​ការគាំទ្រ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ជា​ហូរហែ។

​ជាមួយ​ការដាក់​លក់​តាម​ផ្ទះ ដែល​មិនមែន​ជា​ហាង​ធំដុំ នៅ​តាម​បណ្ដា​ខេត្ត​សៀមរាប ខេត្ត​កំពង់ចាម ខេត្ត​កំពង់សោម ខេត្ត​តាកែវ រាជធានី​ភ្នំពេញ សិប្បករ​ស្រាព្រីង​បាន​អំពាវនាវ​ថា​៖ «​សូមឱ្យ​ពួកគាត់​បន្ត​គាំទ្រ​ទៀត អតិថិជន​ដែល​ធ្លាប់​ជាវ និង​ជួយ​គាំទ្រ​បន្ត​ទៀត​ដើម្បី​គាំទ្រ​សេដ្ឋកិច្ច​គ្រួសារ​ខ្មែរ​ទាំងអស់​គ្នា»៕​

អត្ថបទគួរចាប់អារម្មណ៍