ភ្នំពេញ​: ផ្ទះឈើ ​១ ខ្នង​ ប្រក់​ស័ង្កសី ​រំលេច​គ្រោង​សសរ​សម្បុរ​ខ្មៅ​ដូច​ធ្យូង​ ហើយ​សម្ភារ​ជាច្រើន​ត្រូវ​បាន​មើល​ឃើញ​ចង​រណែង​រណោង​ជាមួយ​ធ្នឹម ដោយ​មាន​ទាំង​​ទូក​ឈើ​មួយ​ចង​ចំទើត​ខ្ពស់​​ ដែល​ទំនងជា​ទឹក​ទើប​ស្រក​ផុត​។​​ ផ្ទះ​នេះ​មាន​ទំហំ​ទទឹង​​ទ្រវែង​ ​ផ្នែក​​ខាង​ឆ្វេង​មាន​ដំបូល​ដាច់​ដោយ​ឡែក​​កម្ពស់​ ២​ ជាន់​ ​​ជាន់​ក្រោម​ហ៊ុម​ព័ទ្ធ​ដោយ​ស័ង្កសី​ និង​​រុក្ខជាតិ​ដោត​លើ​ផើង​ស្នោ​​។

ចំណែក​ឯ​ផ្នែក​ខាង​ស្ដាំ​មាន​ដំបូល​កាត់​ទទឹង​វែង មើល​ឃើញ​ពីរបស់​របរ​រាយ​ប៉ាយ​ជា​ច្រើន ​ដូច​ជា បោយ​ដួស​ទឹក ពាង​ទឹក​ ស្នួរ​ហាល​ខោ​អាវ​ ជណ្ដើរ​ និង​របស់​របរ​ផ្សេងៗ​ទៀត​។

មើល​តាម​សណ្ឋាន​ផ្ទះ វាហាក់​ដូចជា​ផ្ទះ​នៅ​លើ​ភូមិ​បណ្ដែត​ក្នុង​សហ​គមន៍​ក្រីក្រ​មួយ​នៅ​ឯ​តំបន់​លំនៅ​ឋាន​សំណង់​មិន​រៀប​រយ​ ឬ​ភូមិ​ទេស​ចរណ៍​បណ្ដែត​ទឹក​។

បើវាជា​ផ្ទះ​ពិត​ប្រាកដ​នៅ​តាម​ទីឋាន​ដូច​បាន​រៀប​រាប់​ខាង​លើ​នោះ វា​គ្មាន​អ្វី​គួរ​ឱ្យ​អស្ចារ្យ និង​ចាប់​អារម្មណ៍​ឡើយ​។ ប៉ុន្ដែ​អ្វី​ដែល​ទាក់​ចិត្ដ​ និងក្រសែ​​ភ្នែក​មហា​ជន​ឱ្យ​សម្លឹក​មិន​ប៉ប្រិច​នោះ គឺ​វាជា​ផ្ទះ​​ដ៏​តូច​ ដែល​រចនា​ឡើង​យ៉ាង​ផ្ចិត​ផ្ចង់​ រហូត​ដល់​អ្នក​បាន​ឃើញ​ហើយ​ ជញ្ជក់​មាត់​ស្ងើច​សរ​សើរ​ចំពោះ​ទេព​កោ​សល្យ​អ្នក​ផលិត​។

នេះជា​សមិទ្ធ​ផល​ស្នាដៃ​កសាង​ផ្ទះ​កម្ពស់​លើ​​ជង្គង់​បន្ដិច​ដំបូង​បំផុត​របស់​លោក អ៊ឹង កា​លាង ដែល​ផលិត​ឡើង​ពី​ក្ដី​ស្រឡាញ់​ និង​ចង់​បង្ហាញ​ថា កូន​ខ្មែរ​អាច​មាន​សមត្ថ​ភាព​រចនា​ផ្ទះ​សិល្បៈ​តូចៗ​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​យុវ​ជន​បរទេស​។

លោក​ លាង បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ខ្ញុំ​ចាប់​ផ្ដើម​ផលិត​ផ្ទះ​ធំនេះ​​មុន​គេ​ដោយ​មាន​ទំហំ​ជម្រៅ​ផ្ទះ​កន្លះ​ម៉ែត្រ​ កម្ពស់​ជាង​​កន្លះម៉ែត្រ​ និង​មុខ​កាត់​​ជិត​ ១ ​ម៉ែត្រ។ វា​មិន​មែន​ជា​គំរូ​ផ្ទះ​របស់​នរណា​ម្នាក់​ឡើយ ​ដោយ​វា​កើត​ឡើង​ពី​ការ​ស្រមៃ​របស់​ខ្ញុំ ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​ដំណើរ​ឃើញ​ទិដ្ឋ​ភាព​បែប​នេះ​នៅ​តាម​ភូមិ​ឋាន​ជន​បទ​នានា​»។

ក្នុង​នាម​ជា​អ្នក​ស្រឡាញ់​ធម្មជាតិ​ម្នាក់​ លោក លាង ​អាយុ ៣៨ ឆ្នាំ មាន​បំណង​ចង់​ធ្វើ​អ្វី​មួយ​ឱ្យ​មាន​លក្ខណ​ពិសេស​សម្រាប់​ខ្លួន​ឯង​។ លោក​ចាប់​ផ្ដើម​រៀបចំ​តុប​តែង​ទូត្រី​ជាមួយ​ការ​បន្ថែម​រុក្ខ​ជាតិ​ស្អាត​ៗសម្រាប់​ជា​ជម្រក​ត្រី​។

​លោក​​មើល​ឃើញ​ពី​ការ​ផលិត​ផ្ទះ​បណ្ដែត​ទឹក​បែប​នេះ​នៅ​តាម​បណ្ដា​ប្រទេស​ជិត​ខាង​ ហើយ​បូក​រួម​នឹង​ការ​​ស្រ​ឡាញ់​ផ្ទះបែប​បុរាណ​ខ្មែរ​ ក្នុង​ជីវិត​ពិតលោក​លាង​គិត​ថា​ បើ​គេ​អាច​ធ្វើ​បាន ខ្មែរ​ក៏​អាច​ធ្វើបាន​ដែរ។ ​លោក​​ចង់​ឱ្យ​បរទេស​ដឹង​ពី​សមត្ថភាព​ និង​ទេព​កោ​សល្យ​របស់​ខ្មែរ​​។

ជា​មួយ​ចំណេះ​ដឹង​ផ្នែក​ឌីហ្សាញ​ផ្ទៃ​ក្នុង​ខ្លះ​ដែរ ​លោក ​លាង បាន​ស្វ័យ​សិក្សា​ពី​បណ្ដាញ​សង្គម​យូធូប​ ដោយ​ចាប់​អារម្មណ៍​លើ​ការ​រចនា​ម៉ូដ​ផ្ទះ​​បែប​រខេក​រខាក​នេះ​ ទៅ​តាម​ធម្ម​ជាតិ​របស់​សហ​គម​ជន​បទ​។

ដំបូល​ស័ង្កសី​ច្រែះ​ស៊ី ប្រក់​ប្រគង​ប្រគាក់​​គ្មាន​​សណ្ដាប់​ធ្នាប់​ដោយ​មាន​ទាំង​កញ្ច្រែង​​ហាល​ត្រី​ងៀត​ ជញ្ជាំង​ក្ដា​រវែង ​ខ្លី និង​កញ្ឆិត​កញ្ឆត​​ដ៏​ស័ក្ដិ​សម​ឥត​ខ្ចោះផ្ទះ​ក្បែរ​មាត់​ទឹក​នេះ​ត្រូវបាន​ភរិយា​របស់​លោក​លាង​និយាយ​​បន្ទរ​ប្រាប់​ពី​ក្រោយ​ចំពោះ​ប្រភេទ​ផ្ទះ​ដែល​លោក​បាន​សាង​សង់​ឡើង​ដំបូង​នោះ​ថា «​វា​ជា​ផ្ទះ​កន្តាំង​កូន​កាត់​»។

បុរស​ដែល​បម្រើ​ការ​ឱ្យ​ក្រុម​ហ៊ុន​ចិន​រូប​នេះបាន​ឱ្យ​ដឹងថា​៖ «​ខ្ញុំ​អាច​សាង​សង់​ផ្ទះ​គ្រប់​ប្រភេទ​ទៅតាម​ការ​កុម្ម៉ង់​របស់​អតិថិ​ជន​ ចាប់​ពី​ផ្ទះ​ធម្មតា ផ្ទះ​បុរាណ និង​ផ្ទះ​វីឡា ​រហូត​ដល់​អគារ​ខុនដូ​ជា​ដើម»​។

លោក​និយាយ​ថា ជា​ទូទៅ ផ្ទះ​រស់​នៅ​ធម្មតា​មាន​រាង​ចង្គ្រោង​ៗ​ ដោយ​គ្មាន​ក្បាច់​ ម៉ូដ​ ម៉ាក​គួរ​ឱ្យ​ទាក់​ទាញ​នោះ​ទេ​។ វា​មិន​សូវ​ស្អាត​​ឡើយ​​ លើក​លែង​តែ​ម៉ូដ​បុរាណ​តែ​ម្ដង​ ជា​ប្រភេទ​ផ្ទះ​ដង្ខៅ​។

ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ផ្នែក​ឌីហ្សាញ​ផ្ទៃ​ក្នុង​ ដោយ​ចាប់​ផ្ដើម​ពី​អ្នក​បកប្រែ​ភាសា​ និង​អាច​បំពេញ​កិច្ចការ​ជំនួស​ចិន​បាន ​ការងារ​ក្រុម​របស់​លោក​​លាង ​​ផ្ដោត​លើ​ការ​បង្កើត​ម៉ូដ​ផ្ទះ​ ឬ​អគារ​ បន្ទាប់​ពី​ការ​ដំឡើង​គ្រោង​ឆ្អឹង​រួច​។

ពេល​កសាង​ផ្ទះ​តូចៗ​នេះ​ដំបូង​កាល​ពី​ជាង​១​ឆ្នាំមុន​ សមិទ្ធផល​របស់​លោក​លាងមា​ន​អតិថិជន​កុម្ម៉ង់​ឱ្យ​ធ្វើ​ជា​ហូរហែ​។ ប៉ុន្ដែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ការ​លក់​ដូរ​មាន​ការ​ធ្លាក់​ចុះ​រួមទាំង​ទូ​ត្រីរបស់​លោក​ក៏​លក់មិន​ដាច់​ដែរ​។

លោក​បាន​អះអាង​ថា​៖ «ថ្វីដ្បិត​តែ​គ្មាន​អ្នក​កុម្ម៉ង់​ក៏​ខ្ញុំ​បន្ដ​ធ្វើ​វា​ទុក​មើល​ដែរ ដោយ​សារតែ​វា​ជា​ក្ដី​ស្រឡាញ់​របស់​ខ្ញុំ​។ ប្រសិន​បើ​មាន​អតិថិ​ជន​ទិញ​ច្រើន​ក៏​ទិញ​ទៅ តែ​បើ​អត់​ទិញ ក៏​ខ្ញុំ​រក្សា​ទុក​មើល​លេង​ដែរ​»។

​ពេល​ត្រឡប់​ពី​បំពេញ​ការងារ​វិញ លោក​ឆ្លៀ​តពេល​ធ្វើ​នូវ​អ្វី​ដែល​ខ្លួន​​ចង់​មើល​ ជាពិសេស​ទិដ្ឋភាព​ស្រស់​ៗ មាន​ស្មៅ​បៃតង​បែប​ត្រជាក់​ភ្នែក​។

ដោយ​មិន​ផ្ដោត​សំខាន់​លើការ​លក់​​ពូជ​ត្រីដ៏​សម្បូរ​បែប​ លោក ​លាង ​អាស្រ័យលើ​មុខ​ជំនួញ​​ឌីហ្សាញ​ម៉ូដ​ទូត្រី​ តុប​តែង​រុក្ខជាតិ​បៃតង​ ​និង​សាង​សង់​ផ្ទះ​លម្អ​បែប​រខេក​រខាក​ដ៏​លម្អិត​ផ្ចិត​ផ្ចង់​ដែល​ឃើញ​ហើយ​អត់​ទ្រាំ​មិន​សរសើរ​មិន​បាន​។ ​

លោក​បាន​ឱ្យ​ដឹងថា​៖ «ពេល​កសាង​ផ្ទះ​តូច​ៗ​ទាំង​នេះខ្ញុំ​ត្រូវ​ចំណាយ​ការ​គិត​ឌីហ្សាញ​ ដើម្បី​ឱ្យ​ស័ក្ដិ​សម​​ជា​សំណង់​ពិតៗ​ ទោះ​បីជា​វា​តូចៗ​ជាង​ផ្ទះ​មែន​ទែន​​យ៉ាង​ណា​ក៏ដោយ​។​ក្រៅពី​គ្រោង​ឆ្អឹង​ និង​ការ​រៀបចំ​ខាង​ក្រៅ​ហើយ​យើង​ត្រូវ​កសាង​បន្ទប់​ និង​បរិក្ខា​រផ្ទៃ​ក្នុង​ថែម​ទៀត​ រួមទាំង​ទូ​សម្លៀក​បំពាក់​។ ខ្ញុំ​ចំណាយ​ពេល​យូរ​ដែរ​សូម្បី​តែ​ការ​បិទ​បន្ទះ​ឫស្សី​លើ​ជញ្ជាំង​ផ្ទះ»។

​លោក​លាង​បន្ដថា ​ទៅ​តាម​ទិដ្ឋភាព​ជាក់​ស្ដែង​នៃផ្ទះ​សំបែង​ឯ​ទីជន​បទ​ ប្រជា​ពលរដ្ឋ​​មិន​មែន​យក​បន្ទះ​ក្ដា​រស្អាត​ៗ​ទៅវ៉ៃ​ភ្ជាប់​​​នោះទេ​។ ពួកគេ​ប្រើ​តែ​ក្ដារ​បន្ទះ​ខ្លី វែង ​មិន​ស្មើ​គ្នា​មក​វ៉ៃគាប​ធ្វើ​ជា​ជញ្ជាំង​។ដូច្នេះ​លោក​​ត្រូវ​ធ្វើ​យ៉ាង​​ម្ដេច​ឱ្យ​វា​ដូច​បែប​នោះ​ដែរ​ ជាពិសេស​ការ​លាយ​ពណ៌​ និង​លាប​ថ្នាំ​ពណ៌​។

​ប្រសិន​បើការ​​លាយ​ពណ៌​មិន​ត្រូវ​ ដែល​មិន​ដូច​នឹង​ពណ៌​ធម្មជាតិ​របស់​ផ្ទះ​ ក៏ដូចជា ​បរិក្ខា​រផ្សេងៗ ​វា​លែង​ក្លាយ​ជា​ផ្ទះ​ពិត​ហើយ​​ ទោះ​បីជា​វាមាន​រូបរាងជា​ផ្ទះ​យ៉ាង​ណាក៏​ដោយ​។ វាហាក់​ដូច​ជា​ជំនាង​ផ្ទះ​ទៅ​វិញ វា​ប្រា​កដ​ជា​ខុស​គ្នា​។

បុរស​ដែល​យក​ពេល​វេលា​ទំនេរ​ធ្វើកិច្ច​ការ​មាន​ប្រយោជន៍​រូប​នេះបាន​និយាយ​ថា​៖«យើង​ត្រូវ​ធ្វើ​ដោយ​ផ្ចិត​ផ្ចង់​បំផុត​រួមទាំង​ ផ្ទះ​បាយ​ដែល​មាន​ចង្ក្រាន​ជើង​ឆ្នាំង ​ខ្នោះ​ចង្ក្រាន ​អុសដុត​ផេះ​។ មួយ​វិញ​ទៀតផ្ទះ​លក់​ចាប់​ហួយ​នេះ ក៏​ត្រូវបាន​ធ្វើ​ឡើង​យ៉ាង​ផ្ចិត​ផ្ចង់​និង​លម្អិត​បំផុត​។ ដោយ​ចំណាយ​ពេល​វេលា​ចេញ​ពី​ធ្វើការ​ដែល​មិន​សូវ​រវល់ខ្លាំង​ ខ្ញុំ​ប្រើ​ពេល​ប្រហែល​កន្លះ​ខែទើប​អាច​បញ្ចប់​ផ្ទះ​លក់​ចាយ​ហួយ​។ ខ្ញុំ​ចំណាយ​ពេល​ពី​ម៉ោង ៦​ ល្ងាច​ដល់​ម៉ោង ១០ ​យប់​ក្នុង​ ១ ថ្ងៃ»​។

លោក​បន្ថែម​ថា៖«បើមាន​នរណា​ចង់​ចេះ​ចង់​ដឹង ខ្ញុំ​មិន​លាក់​បាំង​អ្វី​នោះ​ទេ​។ ខ្ញុំ​ចង់​ឱ្យ​គេ​ដឹង​ថា​ខ្មែរ​យើង​ក៏​អាច​ធ្វើ​បាន​។ ខ្ញុំ​ថែម​ទាំង​បាន​បង្ហោះ​ស្នាដៃ​កសាង​ផ្ទះ​ទាំង​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ TikTok ថែម​ទៀត​»។

តម្លៃ​ផ្ទះ​លម្អ​បែប​ជន​បទ​ក្រីក្រ​ទាំង​នេះ ​អាស្រ័យ​លើ​ទំហំ​ និង​ភាព​លម្អិតរ​បស់​វា​ ដោយ​ចាប់​ផ្ដើម​ពី​ ២៥​ ដុល្លារ ​រហូត​ដល់​ជាង ៣០០ ​ដុល្លារ​។

ផ្ទះ​តម្លៃ​ជាង ៣២៥ ​ដុល្លារ​នោះ ​គឺជា​ផ្ទះ​ធំដែល​លោក​សាង​សង់​ឡើង​ដំបូង​ ហើយ​ចំពោះ​ផ្ទះ​ចាប់​ហួយ​ មាន​តម្លៃ​ ១៥០ ​ដុល្លារ​។ ផ្ទះ​ផ្សេងៗ​ទៀត​ដែល​មិនសូវ​រំលេច​នូវ​រចនា​ប័ទ្ម​ផ្ចិត​ផ្ចង់​ខ្លាំង​មា​នតម្លៃ​ចាប់ពី ​៣៥​ ដល់​ ៥៥​​ ដុល្លារ​ ហើយ​ចំពោះ​ម៉ូដ​ផ្ទះ​តូច​ជាង​គេ​មាន​តម្លៃ​ ២៥ ​ដុល្លារ​។

ចំពោះ​ផ្ទះ​ធំជាង​គេ​នោះ​លោក​​ចំណាយ​ពេល​ប្រហែល​ជាង​​ ១ ខែ ​ដោយ​សារ​លោក​​ឆ្លៀត​ពេល​ធ្វើ​តិចៗ​ រួមទាំង​លាយ​ពណ៌​។ គ្រាន់តែ​សម្ភារ​បរិក្ខា​រខាង​ក្នុង​ផ្ទះ​នោះវា​ត្រូវ​​ចំណាយ​ពេល​ជិត​ ១ ​ខែ​។ ​បរិក្ខារ​តូចៗ​ពេក​ធ្វើ​ឱ្យ​លោក​លាង​ព្រិល​ភ្នែក​ និង​ឆួល​កាវ​ចូល​ភ្នែក​ ក៏ដូចជា ​ឈឺ​ដៃ​ជើង និង​ចុក​ចង្កេះ​។

លោក​ទទួល​ស្គាល់​ការ​សាង​សង់​ផ្ទះ​រខេក​រខាក​តូចៗ​ទាំង​នេះ​ជួប​ការលំបាក​ច្រើន ជា​ពិសេស​មុត​កាំបិត​ ដោយការ​បិត​ឫស្សី​។ ចំពោះ​សម្ភារ​ប្រើ​ប្រាស់​ចាំ​បាច់ មាន​ដូចជា ​សសរ​ផ្ទះដែល​លោក​ឱ្យ​ជាង​ឈើ​នៅ​ក្រុម​ហ៊ុន​កាត់​ចំនៀរ​ឈើ​ ពីព្រោះ​វា​ទាមទារ​ភាព​រឹង​មាំ​។ ចង្កាក់​ឈើ​ចេក​អាំង​ដែល​លោក​ត្រូវ​ទិញ​ពី​ផ្សារ​ ហើយ​ក្រៅពី​នេះ​ក្រដាស​កេស​ឡាំង​គម្រប​ដបប្រេង​កូឡា​សម្បក​កំប៉ុង​គ្រប់​បែប​យ៉ាង​។

លោក​ លាង​ បាន​ឱ្យ​ដឹង​ថា​៖«ខ្ញុំ​ដើរ​​ប្រមែ​ប្រមូល​របស់​របរ​​នៅ​តាម​កន្លែង​ការងារ​ដែល​អាច​ប្រើ​ប្រាស់​បាន​។ អ្នក​ខ្លះ​អត់​ដឹង​ ចេះតែ​ឆ្ងល់​ ដោយ​សួរ​ខ្ញុំ​ថា ​ហេតុអ្វី​ខ្ញុំ​រើស​​វត្ថុបោះ​ចោល​ទាំង​នោះ​ តើ​ខ្ញុំ​រើស​អេត​ចាយ​មែន​? ខ្ញុំ​យក​សម្បក​ឡាំង ​១ ​កេស ២​ កេស​អី​ ដើម្បី​ច្នៃ​ជា​សង្ក័សី​រហូត​ដល់​កូន​ចៅ​ឆ្ងល់​ថា មេ​យក​របស់​ទាំង​នោះ​ទៅ​លក់»​។

​ផ្ទះ​​ដែល​លោក​កសាង​ឡើង​ទាំង​អស់​ ត្រូវ​បាន​បង្ហោះ​ចូល​ TikTokហើយ​នៅ​ផ្ទះថ្មី​ ដែល​កំពុង​សាងសង់​ក្រោយៗ​ទៀត​នេះ នឹង​មាន​បំពាក់​បន្ទប់​ និង​បង្គន់​គ្រប់​ឈុត​ ដូច​ផ្ទះ​ពិតៗ​។ ប្រភេទ​ផ្ទះ​ទាំងនេះ​ មាន​ទំហំ​ប្រហែល​ជិត​១ម៉ែត្រ ដែល​អាច​បំពាក់​បរិក្ខារ​គ្រប់​គ្រាន់​។

​ថ្វីដ្បិត​តែ​រូប​រាង​ខាង​ក្រៅ​របស់វា​មាន​ភាព​រខេក​រខាក​យ៉ាង​ណា​ក៏ដោយ ក៏​​វិស្វករសំណង់​ផ្ទះ​តូច​ៗរូប​​នេះ បាន​អះ​អាង​ថា វាមាន​សភាព​រឹង​មាំ​ជាមួយ​ការ​ប្រើ​ប្រាស់​គ្រោង​ឆ្អឹងរឹងមាំ​​។ ​ចំពោះ​ការ​​លើក​ដាក់​ឬ​ធ្លាក់​អី​បន្ដិ​ច​បន្ដួច វា​គ្មាន​បញ្ហា​នោះទេ​ លើក​លែង​តែ​ឡើង​សង្កត់​​។

បច្ចុប្បន្ន​នេះ លោក​នៅ​សល់​ផ្ទះ​តម្លៃ ២៥​ដុល្លារ​ចំនួន​១​ខ្នង ៥៥​ដុល្លារ​ចំនួន ២​ខ្នង ផ្ទះ​លក់​ចាប់​ហួយ​តម្លៃ​១៥០​ដុល្លារ និង​ផ្ទះ​ធំ​តម្លៃ ៣២៥​ដុល្លារ​។

លោក​បញ្ជាក់​ថា​៖ «​ឥឡូវនេះ ខ្ញុំ​កំពុង​ធ្វើ​គ្រោង​ផ្ទះ​ធំ​១​ទៀត ដែល​មិន​ទាន់​ឌីហ្សាញ​បរិក្ខា​រផ្ទៃ​ក្នុង​នៅ​ឡើយ​ទេ​។ ពេល​ខ្ញុំ​ធ្វើ​រួច​រាល់​ ខ្ញុំ​បង្ហោះ​វីដេអូ​លើ​ TikTokដើម្បី​ធ្វើ​ការ​ប្រកួត​ប្រជែង​ជាមួយ​អ្នក​ផលិត​មាតិកា​ស្រដៀង​គ្នា​នេះ​នៅ​ក្រៅ​ប្រទេស​ ដូចជា នៅ​ឥណ្ឌូនេស៊ី​។ ពួកគេ​ធ្វើ​មុន​យើង​ ដោយ​គេមាន​អ្នក​គាំទ្រ​រាប់​លាន​នាក់ ហើយ​ខ្ញុំ​ទើប​ចាប់​ផ្ដើម​ធ្វើ​ ខ្ញុំ​មាន​អ្នកគាំទ្រ​ត្រឹម១៣K លើ​ TikTok​ប៉ុណ្ណោះ​នា​ពេល​នេះ»​។

លោក​អះ​អាងថា៖ «​ចំពោះ​ការ​កសាង​ផ្ទះ​វីឡា ខ្ញុំ​ងាយ​ស្រួល​ធ្វើ​ជាង​ ដោយ​សារ​យើង​ប្រើ​សម្ភារ​ជ័រ​ៗ​យក​មក​បិទ​ជាមួយ​ការ​រត់​អំពូល​ភ្លើង​តាម​បន្ទប់​នីមួយៗ​ជា​មុន​។ ភាគ​ច្រើន ខ្ញុំ​អត់​ធ្វើ​បែប​នេះ​ទេ ដោយ​សារ​អតិថិ​ជន​មិនសូវ​ចាប់​អារម្មណ៍​បែប​នេះ​ទេ»៕