ភ្នំពេញៈ​ វត្ថុ​អនុ​ស្សាវរីយ៍​ជា​កន្លាស់​ភ្ជាប់​អាវ​សមាន​រចនា​ជា​លេខ ​១០០ ​ក្បាច់​ខ្មែរ​ និង​ភ្ជាប់​ជា​មួយ​ព្រះ​ឆាយា​លក្ខណ៍ ព្រះ​ករុណា​ព្រះបាទ​សម្តេច ​ព្រះ​នរោត្តម​សីហនុ​ព្រះវររាជ​បិតា​ឯករាជ្យ ​បូរណភា​ព​ទឹកដី និង​ឯក​ភាព​ជាតិ​ខ្មែរ​ ព្រះ​បរម​រតន​កោដ្ឋ​នឹង​បោះ​ពុម្ព​ចំនួន ​១ ៥០០ ​រូប​ សម្រាប់​ជូន​អ្នក​ចូល​រួម​ក្នុង​កម្មវិធី​ «​មួយ​ម៉ឺន​អាល័យ​ លើក​ទី​៦»​ នៅ​ដើមខែ​ក្រោយ​ចំនួន ​៣ ​ថ្ងៃ​។

​ក្រុមព្រះ​សុរិយា​នឹង​ប្រារព្ធ​កម្មវិធី​ «​មួយ​ម៉ឺន​អាល័យ​ លើក​ទី​៦» ​ក្រោម​ប្រធាន​បទ​ថា​«​ថ្វាយ​ព្រះរាជ​អាល័យ​និង​រំឭក​ខួប ​១០០ ​ព្រះវស្សា ​ព្រះរាជ​សម្ភព​»​ នៃ​ព្រះ​ករុណា ព្រះបាទ​សម្តេច​ ព្រះ​នរោត្តម សីហនុ ព្រះមហាវី​រក្សត្រ ព្រះបិតា​សិល្បៈ​ភាព​យន្ត​ខ្មែរ​ព្រះ​បរម​រតន​កោដ្ឋ​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ចាប់ពី​ថ្ងៃទី​ ២​ ដល់ទី​ ៤​ ខែវិច្ឆិកា ​ឆ្នាំ​ ២០២២ ​នៅ​សាល​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ ​(CKCC)​ នៅក្នុង​បរិវេណ​នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​រាជធានី​ភ្នំពេញ​ ចូល​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ​។​

​លោក ​យាង វណ្ឌី ប្រធាន​ក្រុមព្រះ​សុរិយា​បាន​ឱ្យដឹងពី​គោល​បំណង​និង​សកម្ម​ភាព​ត្រួសៗ​នៃ​ការរៀប​ចំ​កម្មវិធី​នេះ​ដោយ​លោក​អះអាង​ថា ​ធ្វើឡើង​ដើម្បី​ជាការ​តបស្នង​ព្រះមហា​ករុណា​ទិ​គុណ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ថ្វាយ​ព្រះករុណា​ ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ ព្រះបិតា​សិល្បៈ​ភាព​យន្ត​ខ្មែរ​។​

​លោក​ យាង ​វណ្ឌី បន្តថា​៖ «​ពេញ ១​ ព្រះជន្ម​ព្រះអង្គ ​បាន​លះបង់​ដើម្បី​តែ​បម្រើ​ឧ​ត្ត​ម​ប្រយោជ​ន៍ ជូន​ព្រះ​នគរ​កម្ពុជា ឱ្យ​ទទួល​ឯករាជ្យ​ជាតិ​ពេញ​បរិបូរ​ សុខ​សន្តិ​ភាព ការអ​ភិវឌ្ឍ​គ្រប់​វិស័យ ​ក្នុងនោះ​វិស័យ​សិល្បៈ​ភាព​យន្ត​ខ្មែរ ដែល​ត្រូវបាន​ប្រសិទ្ធ​នាម​ថា​សិល្បៈ​ទី​៧ នៃ​កម្ពុជា​។​ព្រះអង្គ​គឺជា​ចលករ​ដ៏​សំខាន់​បំផុត​ដែល​បានធ្វើ​ឱ្យ​វិស័យនេះ​កកើត​ឡើង​មក​បាន​ប្រកប​ដោយ​ភាពល្អ​ឥត​ខ្ចោះ​និង​ទទួល​បាន​ការ​ទំនុក​បម្រុង​សព្វ​បែប​យ៉ាង​រហូត​ទទួល​បាន​ភាព​ល្បី​ល្បាញ​ទូទាំង​ព្រះ​នគរ និង​ឆាក​អន្តរ​ជាតិ​ដោយ​បាន​ប្រសិទ្ធ​នាម​ថា យុគ​មាស​នៃ​ភាព​យន្ត​ខ្មែរ​»​។​

​វិស័យ​ភាព​យន្ត​ប្រសូត​ឡើង​ក្រោម​ព្រះរាជ​កិច្ច​ចាត់ចែង​ដ៏​ខ្ពង់​ខ្ពស់​ជាទី​បំផុត​របស់​ព្រះ​បរម​រតន​កោដ្ឋ​ព្រះបិតា​សិល្បៈ​ភាពយន្ត​ ស្តេច​បាន​សព្វ​ព្រះរាជហ​ឫទ័យ​ចាត់​បញ្ជូន​បញ្ញ​វន្ត​ខ្មែរ​ជាច្រើន​រូប​ទៅ​សិក្សា​រៀនសូត្រ​នៅ​បរទេស ដើម្បី​មក​ផលិត​ភាព​យន្ត​ខ្មែរ ប្រកប​ដោយ​គុណ​ភាព​ខ្ពស់ បម្រើ​ជូន​ប្រជា​នុរាស្ត្រ និង​ផ្សព្វ​ផ្សាយ​ទៅ​បរទេស​។​

​លោក ​យាង ​វណ្ឌី បន្ត​ឱ្យដឹងថា​៖ «​ចង់​ផ្សព្វ​ផ្សាយ​ភាពយន្ត​ខ្មែរ​ដែល​សល់​ពីរ​បប​ខ្មែរ​ក្រហម​ឱ្យ​មហាជន​និង​យុរ​ជន​បាន​ទស្សនា ​សិក្សា​ស្វែង​យល់​ពីបទ​ពិសោធ ​ជីវភាព ការ​រស់​នៅ សេដ្ឋ​កិច្ច វប្បធម៌ សិល្បៈ សីល​ធម៌​របស់​ប្រជា​រាស្ត្រ​តាម​រយៈ​ភាព​យន្ត​»​។​

​កម្មវិធី ​«​មួយ​ម៉ឺន​អាល័យ​ លើក​ទី​៦» ​នេះ​គឺជា​សកម្ម​ភាព​ថ្មី​ចុង​ក្រោយ​នៃ​សមិទ្ធ​ផល​ស្រាវជ្រាវ​របស់​ក្រុម​ព្រះ​សុរិយា ក្នុ​ង​រយៈ​ពេល​ ១២​ ឆ្នាំ ដែល​បាន​ចាប់​ផ្តើម​ពី​ឆ្នាំ​ ២០១០ មក​ដល់​ឆ្នាំ​ ២០២២ នេះ​។​

​កម្មវិធី​សំខាន់ៗ​ដែល​ត្រូវ​បង្ហាញ​ជូន​អ្នក​ចូល​រួម​ទស្សនា​កម្សាន្ត​ ៣ ​ថ្ងៃនោះ​ រួមមា​ន ការ​បញ្ចាំង​ភាព​យន្ត​ជា​ព្រះរាជ​និពន្ធ​និង​ក្រសាល ​(​សម្តែង​) ​ដោយ​ព្រះបាទ​សម្តេច​ព្រះ​នរោត្តម​សីហនុ ព្រះ​បរម​រតន​កោដ្ឋ និង​សម្តេចព្រះ​មហា​ក្សត្រី នរោត្តម មុនិនាថ ​សីហនុ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​។ ចម្រៀង​ដែល​ច្រៀង​សរសើរ និង​ថ្វាយ​ព្រះរាជ​អា​ល័យ​ពី​សង្គម​រាស្ត្រ​និយម និង​ចម្រៀង​តែង​និពន្ធ​ថ្មី និង​កម្មវិធី​បង្សុ​កូល និង​រាប់​បាត្រ​ព្រះសង្ឃ​ ១០០ ​អង្គ ឧទ្ទិស​ព្រះមហា​រាជ​កុសល​ថ្វាយ ​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហា​វីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ​។

​ស្នា​ព្រះហស្ដ​ជាច្រើន​ព្រះរាជ​និពន្ធ​ក្នុង​វិស័យ​ភាព​យន្ត​ និង​ចម្រៀង​ដោយ​ក្នុងនោះ​​មាន​ខ្សែភាព​យន្ត​ចំនួន​ ៤ ​រឿង សម្រាប់​ចាក់​បញ្ចាំង​ក្នុង​កម្មវិធី​មួយ​ម៉ឺន​អាល័យ​លើក​ទី​៦​ខាង​មុខ​មានរឿង​ «​ព្រៃ​ប្រសិទ្ធិ៍​-La ForetEnchantee» ផលិត​ឆ្នាំ​ ១៩៦៧, រឿង​«​ឆាយា​លើ​អង្គរ​-Khmer Oldie Movie»​ផលិត​ឆ្នាំ​ ១៩៦៨, រឿង​ «​សន្ធិប្រ​កាស​-Khmer Movies during 1969s» ផលិត​ឆ្នាំ​ ១៩៦៩ ​និង​រឿង​ «​ផ្កា​កុលាប​នៃ​ភ្នំ​បូក​គោ​-Rose de Bokor» ​ផលិត​ឆ្នាំ​ ១៩៦៩​។

​ឯ​បទ​ចម្រៀង​ជា​ព្រះរាជ​និពន្ធនិង​តែង​ថ្មីមាន​ច្រើន​បទ ​ដោយ​ចម្រៀង​ទាំងនោះជាការ​និពន្ធ​រំឭក​ពី​ព្រះ​តេ​ជៈ​ចេស្តា​បារមី ដូចជា​បទ «​ថ្វាយ​ព្រះ​អាល័យ​» បទ «​មហាករុណា​ទិ​គុណ​មិនអាច​បំភ្លេច​បាន​»​ បទ «​នាវា​កម្ពុជា​» និង​បទ​ «​ដួង​ចន្ទ​ប្រចាំ​ជាតិ​»​។​ បទ​រំឭក​ពី​ឯករាជ្យ​ជាតិ មាន​បទ «​ថ្ងៃ ​៩​ វិច្ឆិកា​» បទ​«​កម្ពុជា​សុខ​សាន្ត​»​។ បទ​រំឭក​ពី​សមិទ្ធ​ផល​សង្គម ​ក្នុង​វិស័យ​ឧស្សាហ​កម្ម ដូចជា​បទ «​ព្រះបិតា​ឧស្សា​ហកម្ម​ជាតិ​»​។ បទ​រំឭក​ពី​សមិទ្ធ​ផល នៃ​ហេ​រដ្ឋា​រចនា​សម្ព័ន្ធ​ជាតិ​ មាន​ដូចជា​បទ «​ត្បែង​មានជ័យ​» បទ​«​ក្រុង​សៀម​រាប​» និង​បទ «​ដៃ​ស្ទឹង​សំឡូត​» ជាដើម​។

បទ​រំឭក​ពី​ស្នា​ព្រះហស្ដ​ទាម​ទារ ប្រាសាទ​ព្រះវិហារ បទ​ «១៥ ​មិថុនា​» និង​បទ​«​ព្រះវិហារ​ព្រះវិហារ​»​។ បទ​រំឭក​ពី​ស្នា​ព្រះហស្ដ​ការពារ​បូរណ​ភាព​ទឹកដី ដូចជា​បទ «​ជីវិត​ជាតិ​យើង​» និង​បទ​«​ស្រណោះ​អូរ​គ្រាង​»​។ បទ​រំឭក​ពី​សមិទ្ធ​ផល​សង្គម​លើ​វិស័យ​កសិកម្ម ​មាន​បទ «​អនុស្សា​វរីយ៍​កំពង់​គល់​» និង​បទ «​ព្រះបិតា​កសិកម្ម​»​។ បទ​រំឭក​ពី​សមិទ្ធ​ផល​សង្គម​ក្នុង​វិស័យ​អប់រំ មាន​បទ «​វិទ្យាល័យ​ព្រះបិតា​ឯករាជ្យ​ជាតិ​ក្រឡាញ់​» បទ​ «​ព្រះបិតា​សិក្សា​ធិការ​ជាតិ​»​។ បទ​រំឭក​ពី​ព្រះរាជ​សកម្ម​ភាព​រួបរួម​ជាតិ មាន​បទ «​គួរ​ចេះ​រួបរួម​សាមគ្គី​» និង​បទ​«​មាគ៌ា​អព្យា​ក្រឹត​»​។ បទ​រំឭក​ពី​ស្នា​ព្រះហស្ដ​ក្នុង​វិស័យ​ភាពយ​ន្ត មាន​បទ​ «​ព្រៃ​ប្រសិទ្ធិ៍​»​។ លើស​ពីនេះ ចម្រៀង​ជា​ព្រះរាជ​និពន្ធ​ថ្មី​ចុ​ងក្រោយ គឺ​បទ​«​លា​ហើយ​កម្ពុជា​» នឹង​ច្រៀង​រៀង​រាល់​ចុង​ក្រោយ​កម្មវិធី​ទាំង​៣​ថ្ងៃ​។​

​លោក ប៉ុក បូរ​ក្ស ប្រធាន​នាយក​ដ្ឋាន​ភាព​យន្ត នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​សម្តែង​ក្តី​សោមន​ស្ស​រីករាយ​ខ្លាំង​ចំពោះ​កម្មវិធី «​មួយ​ម៉ឺន​អាល័យ ​លើក​ទី​៦» របស់​ក្រុមព្រះ​សុរិយា ដែល​គ្រោង​រៀបចំ​នៅ​ខែ​ក្រោយ​នេះ​។

​លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​យល់ថា នេះ​ជា​សកម្ម​ភាព​ដ៏​ថ្លាថ្លៃ​បំផុត ក្នុ​ង​កិច្ច​ខំប្រឹង​ប្រែង ​គាស់​រំលើង និង​រំឭក​ឡើង​វិញ នូវ​ស្នា​ព្រះហស្ដ​ព្រះ​ករុណា​ព្រះបាទ​នរោត្តម​សីហនុ​ ព្រះមហា​វីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ជា​ទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​។ ស្រប​ពេល​នៃ​ការ​ប្រារព្ធ​ខួប​ ១០០ ​ព្រះវស្សា​ផង​នោះ ​គឺជា​ឱកាស​នៃ​ការ​រំឭក​នូវ​វីរភាព​របស់​ព្រះ​អង្គ​ក្នុង​កិច្ចការពារ​បូរណ​ភាព​ទឹក ការទាមទារ​ឯករាជ្យ​ជាតិ ​និង​ការ​ដឹក​នាំ​ប្រទេស​នា​សម័យ​កាល​ព្រះអង្គ​ក៏ដូចជា​បង្ហាញ​ពី​ភាព​រីកចម្រើន​លើ​វិស័យ​ភាព​យន្ត​ខ្មែរ​នៅ​ពេល​នោះ​»​។​

​លោក​បញ្ជាក់​ថា ការបង្ហាញ​នូវ​ស្នា​ព្រះហស្ដ​ខ្សែភាព​យន្ត​ទាំង​ប៉ុន្មាន​ថ្ងៃ​ប្រារព្ធ​កម្មវិធី​ខាងមុខ​នោះ​នឹង​ស្ថិត​ក្នុង​ដួងចិត្ត​កូន​ខ្មែរ​គ្រប់​រូប និង​បណ្តុះ​ស្មារតី​ឱ្យខិត​ខំ ថែរក្សា​វិស័យ​ភាព​យន្ត​ខ្មែរ​បន្តទៀត ទាំង​អតីត​កាល និង​បច្ចុប្បន្ន​កាល​។

​លោក ​ប៉ូ​រក្ស ​បាន​បន្ថែមថា​៖ «​ក៏​សូម​អរគុណ​ដល់​ក្រុម​ព្រះ​សុរិយា​ដែលជា​និច្ចកាល​តែង​ខិតខំ​ធ្វើ​សកម្ម​ភាព រំឭក​ឡើង​នូវ​អនុស្សា​វរីយ៍​ជា​ភាពរុង​រឿង​នៃ​ភាព​យន្ត​ខ្មែរ​ក្នុង​សម័យ​អតីត​កាល​។ ជាពិសេស​ការបង្ហាញ​ស្នា​ព្រះ​ហស្ដ​ខ្សែភាព​យន្ត​ទាំង​ប៉ុន្មាន​រឿង​នោះ​គឺជា​ការ​ឆ្លុះប​ញ្ចាំង​ឱ្យឃើញ​ពី​ការយក​ព្រះ​ហឫទ័យ​ទុកដាក់​របស់​ព្រះបាទ​សម្តេច​ព្រះ​នរោត្តម​សីហនុ ព្រះ​បរម​រតន​កោដ្ឋ ក្នុង​វិស័យ​ភាព​យន្ត​»​។​

​លោក យាង វណ្ឌី ក៏​រំឭក​ពី​កម្មវិធី​ជាច្រើន ជា​សមិទ្ធ​ផល​របស់​ក្រុមព្រះ​សុរិយា សម្រាប់​បេស​កកម្ម​ស្រាវជ្រាវ​ជាង ១ ​ទសវត្សរ៍​នេះ ដោយ​មាន​បេស​កកម្ម​ដំបូង តាម​រយៈ​ការ​បង្កើតជា​កម្មវិធី​ទេសច​រណ៍​ភាពយន្ត​ខ្មែរ​លើក​ទី​១ និង​កម្មវិធី​ទេស​ចរណ៍​ភាពយន្ត​ខ្មែរ​លើក​ទី​២​។

​ខណៈ​កម្មវិធី​ «​មួយ​ម៉ឺន​អាល័យ​ លើក​ទី​១»​ ធ្វើ​នៅ​ខែសីហា ឆ្នាំ​ ២០១៦ នៅ​សាលសន្និ​សីទ​ចតុមុ​ខ ក្រោម​អធិបតី​សម្តេច​ នរោត្តម សិរីវុឌ្ឍ ជា​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហា​ក្សត្រ លោក​ស្រី​ ភឿង ស​កុ​ណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​លោក ​សាយ សំ​អាល់ ​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​។​

​កម្មវិធី ​«​មួយ​ម៉ឺន​អាល័យ​ លើក​ទី​២»​ ធ្វើ​នៅ​ថ្ងៃទី ​៣ ដល់ទី ​៥ ខែសីហា ឆ្នាំ​ ២០១៧ នៅ​សាល​សន្និសីទ​ចតុមុខ​ ដែល​បង្ហាញ​ជូន​លោក​ស្រី ឌី សា​វ៉េ​ត តារា​ភាព​យន្ត​ខ្មែរ​ផ្កា​រីក​គ្រប់​រដូវ​។​កម្មវិធី «​មួយ​ម៉ឺន​អាល័យ​ លើក​ទី​៣» នៅ​ថ្ងៃទី​ ១៨ ​ខែវិច្ឆិកា ឆ្នាំ​ ២០១៧ ធ្វើ​នៅ​មជ្ឈ​មណ្ឌល​សហ​ប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ (CKCC) ដែល​បង្ហាញ​ជូន​លោកស្រី ឌី សា​វ៉េ​ត តារា​ភាព​យន្ត​ខ្មែរ​ផ្កា​រីក​គ្រប់​រដូវ និង​លោកស្រី​ សាក់ ស៊ី​ស្បោង ​តារា​សម្តែង​បែប​អន្ត​រជាតិ​លើក​ទី​១​។ កម្មវិធី «​មួយ​ម៉ឺន​អាល័យ​ លើក​ទី​៤»​នៅ​ថ្ងៃទី​ ១៣ ខែវិច្ឆិកា ឆ្នាំ​ ២០១៨ ធ្វើ​នៅ​សាល​ប្រជុំ​ផ្សារ​ទំនើប​អ៊ី​អន សែន​សុខ ដែល​បង្ហាញ​ជូន​លោក​ស្រី​ ឌី សា​វ៉េ​ត តារាភាព​យន្ត​ខ្មែរ​ផ្កា​រីក​គ្រប់​រដូវ​ និង​លោក​ស្រី សាក់ ស៊ី​ស្បោង តារា​សម្តែង​បែប​អន្តរ​ជាតិ​លើក​ទី​២​។​

​កម្មវិធី «​មួយ​ម៉ឺន​អាល័យ ​លើក​ទី​៥» ​នៅ​ថ្ងៃទី ២២ ដល់ទី​ ២៤ ខែតុលា ឆ្នាំ​ ២០១៩ ធ្វើ​នៅ​មជ្ឈមណ្ឌល​សហប្រ​តិបត្តិ​ការ​កម្ពុជា​-​កូរ៉េ (CKCC) ដែល​បង្ហាញ​ខ្សែភាព​យន្ត​រឿង «​កាកី​» ជា​ហ្វីល ទើ​ប​ទិញ​ពី​ប្រទេស​ក្រៅ​ក្រោម​អធិបតី​ សម្តេច ស៊ីសុវត្ថិ ​ពង្ស​នារី​មុនី​ពង្ស ជា​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហា​ក្សត្រ​និង​លោក​ស្រី ម៉ែន សំអន ជា​ឧប​នាយក​រដ្ឋមន្ត្រី​។​

​កាលពី​ថ្ងៃទី​ ១៧​ ខែកក្កដា ឆ្នាំ​ ២០២២ ដោយ​សារ​ក្តី​ស្រឡាញ់​ខ្លាំង​លើ​មរតក​វប្បធម៌​សិល្បៈ​ភាព​យន្ត និង​ចម្រៀង​ខ្មែរ នា​យុគ​សម័យ​មាស​មុន​របប​ខ្មែរក្រហម​នោះ ក្រុមព្រះ​សុរិយា​បានប​ង្ហាញ​ទិន្នន័យ​នៃ​ការស្រាវ​ជ្រាវ​របស់ខ្លួន​ក្នុង​រយៈ​ពេល​ ១២ ​ឆ្នាំ មាន​បទ​ចម្រៀង ៥ ៥២០ ​បទ និង​សិល្បករ​-​សិល្ប​ការិនី មាន​សរុប​ចំនួន​ ៧២ ​រូប និង​ ១០ ​វង់​តន្ត្រី ជា​ចម្រុះ​តន្ត្រី​បុរាណ​សម័យ​ខ្មែរ​៕