The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ​ការប្រកួត​ពាន​រង្វាន់​អក្សរ​សិល្ប៍​ពុទ្ធសាសន​បណ្ឌិត្យ​លើក​ទី៦ ធ្វើឡើងក្រោម​ប្រធាន​បទ ​«ការ​លោភ​លន់​នាំ​មក​នូវ​សេច​ក្តី​វិនាស»

​ការប្រកួត​ពាន​រង្វាន់​អក្សរ​សិល្ប៍​ពុទ្ធសាសន​បណ្ឌិត្យ​លើក​ទី៦ ធ្វើឡើងក្រោម​ប្រធាន​បទ ​«ការ​លោភ​លន់​នាំ​មក​នូវ​សេច​ក្តី​វិនាស»

Content image - Phnom Penh Post
លោក តុន ច័ន្ទ​រិទ្ធិ ​ម្ចាស់​ជយ​លាភី​លេខ ​១ ផ្នែក​រឿង​ខ្លី​ នៃ​​ស្នាដៃរឿង «សង្គមនេះ»ក្នុងការប្រកួតលើកទី៥ ​ឆ្នាំ ២០២២។ រូបថត សហការី

​ការប្រកួត​ពាន​រង្វាន់​អក្សរ​សិល្ប៍​ពុទ្ធសាសន​បណ្ឌិត្យ​លើក​ទី៦ ធ្វើឡើងក្រោម​ប្រធាន​បទ ​«ការ​លោភ​លន់​នាំ​មក​នូវ​សេច​ក្តី​វិនាស»

ភ្នំពេញៈ ការប្រកួត​តែងនិពន្ធ​នៃ​ពាន​រង្វាន់​អក្សរសិល្ប៍​ពុទ្ធសាសន​បណ្ឌិត្យលើក​ទី៦ សម្រាប់​ឆ្នាំ​ ២០២៣ ​ចាប់​ផ្តើម​​​​ទទួល​​បេក្ខ​ជន​​ដាក់​សា្នដៃ​ប្រកួត​ប្រជែង ក្រោម​ប្រធាន​​បទ ​«​ការ​​​​​​​លោភ​​​លន់​នាំ​មក​​នូវ​​សេច​ក្តី​វិនាស»។​

វិទ្យា​​​ស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ​ បាន​រៀបចំ​ការប្រកួត​​​ពាន​រង្វាន់​អក្សរសិល្ប៍​ពុទ្ធ​សាសន​បណ្ឌិត្យ​នេះ​​​ឡើង ​ ក្នុង​​​​​គោល​បំណង​​លើក​តម្កើង​ស្នា​ដៃ​​អក្សរ​​​សាស្ត្រ​ខ្មែរ​ឡើង​វិញ ដែល​ផ្តោត​សំខាន់​​​​លើផ្នែក​​ប្រលោម​លោក​ខ្លី​ និង​​កំណាព្យ​​រឿង​ខ្លី​​។

​​សម្រាប់​​ជយលាភី​រឿង​ប្រលោម​លោក​ខ្លី ​និង​កំណាព្យ​រឿងខ្លី​ នឹងត្រូវ​ផ្តល់​​ចំណាត់​ថ្នាក់​ចាប់ពី​លេខ​ ១ ​ដល់​លេខ ៣ ​ដោយទទួល​បាន​​​រង្វាន់​ជា​ថវិកា ​វិញ្ញា​បនបត្រ ​និង​ការបោះពុម្ព​ស្នាដៃ​។ នេះ​បើ​តាម​​លោក​ ស សុខ​នី ​(Sor Sokny) ប្រធាន​វិទ្យា​ស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ​ ​បង្ហើប​ពី​គម្រោង​រៀបចំ​ប្រតកួត​​ប្រចាំ​ឆ្នាំ​ ២០២៣។ ​

លោក​ ស សុខនី ​ប្រាប់​ពីលក្ខខណ្ឌនៃ​​​​ការដាក់​ពាក្យ​ចូលរួម​ប្រកួត​​ថា៖ ​«​ចំពោះ​បេក្ខ​ជន​​​ម្នាក់​​អាច​​​ដាក់​​ស្នាដៃ​បាន​​​​​តែ ​១​​ គត់ ​និង​មិន​មែនជា​ស្នាដៃ ​ដែល​ធ្លាប់​ទទួល​ចំណាត់​ថ្នាក់ក្នុង​​ពាន​រង្វាន់​ណា​មួយ​ពី​មុន​​។ ស្នា​ដៃ​រឿង​ប្រលោម​​​​​លោក​ខ្លី​ ត្រូវ​វាយ​អត្ថបទ​ប្រើ​យូនីកូដ​ខ្មែរ​​ក្នុង​កុំព្យូទ័រ​ទំហំ​អក្សរ​​១២ ពុម្ព ​Khmer OS Siem Reap ​ខ្នាត​ក្រដាស​ A4 ​មាន​ចំនួន​ពី ​១០-១៥ ទំព័រ​។

ឯ​កំណាព្យ​វិញ​ចាប់​ពី​ ៥-១០ ទំព័រ ​(មាន​​គំរូ​​​ជូន) ជា​សាច់​​រឿង​ដែល​សរ​​​​សេរ​​ថ្មីសុទ្ធសាធ។ ​រាល់​​សំណេរ​​​ត្រូវ​គោរព​​អក្ខរាវិរុទ្ធ ​តាម​វចនានុក្រម​ខ្មែរ​ បោះ​ពុម្ព​​ផ្សាយ​​ដោយ​ពុ​ទ្ធ​សាសន​​​​​បណ្ឌិត្យ​​គ្រា​ទី​៥ ​ជា​​ចាំបាច់ ​(ផ្តល់​ពិន្ទុ​ជាពិសេស)»​។

​ចំពោះ​ការដាក់​ពាក្យ​​ចូល​រួម​ប្រកួត​​ បេក្ខជន​ត្រូវ​បញ្ជាក់​ពី​អាសយដ្ឋាន ​លេខ​ទូរស័ព្ទ ​និង​អ៊ី​មែល​ ឱ្យ​បាន​ច្បាស់​លាស់ ​ដើម្បី​​ងាយ​​​ស្រួល​ សម្រាប់​គណៈកម្មការ​រៀបចំធ្វើ​ការ​​ទំនាក់​ទំ​នង​។ ​

ដើម្បី​ទទួល​បាននូវ​​ព័ត៌មាន​នានា​ អាច​​​ចូល​​ទៅកាន់​​​គេហទំព័រ ​www.budinst.gov.kh​។​ ​ការប្រកួត​​ប្រជែង​​ពាន​រង្វាន់​អក្សរសិល្ប៍​ពុទ្ធ​សាសន​បណ្ឌិត្យ​​​​​​លើក​​ទី៦ ចាប់​ផ្តើម​ទទួល​ស្នាដៃរបស់​បេក្ខជន​ ​ចាប់ពី​ថ្ងៃនេះរហូត​ដល់ទី​៣០ ខែមេសា ឆ្នាំ​ ២០២៣។​

ការ​ប្រកួត​ពាន​​រង្វាន់​អក្សរ​សិល្ប៍​​ពុទ្ធ​សាសន​​បណ្ឌិត្យ​លើក​ទី៥ ប្រចាំ​ឆ្នាំ​ ២០២២​​ ត្រូវបាន​ធ្វើឡើង​ក្រោម​ប្រធាន​បទ​ «សីលធម៌​នៃ​​​ការ​រស់​នៅ​​»​។

បើ​តាម​សេចក្តី​ប្រកាស​លទ្ធ​ផល​ចេញ ​ដោយ​ក្រសួង​ធម្មការ ​និង​សាសនា​ កាល​ពី​ថ្ងៃទី​ ៣០​ ខែ​សីហា​ ឆ្នាំ​ ២០២២ ​ជយ​លាភី​ផ្នែក​រឿង​ខ្លីមាន​ ៣ រូប ​ចំណាត់​ថ្នាក់​លេខ ​១ ​បាន​ទៅ​លោក​​ តុន ​ច័ន្ទ​រិទ្ធិ ​ជា​មួយ​​​​ស្នា​ដៃ​រឿង ​«សង្គមនេះ»​ លេខ ​២ ​បាន​ទៅ​លោក​ ពៅ ​មករា ​ជាមួយ​​​ស្នា​ដៃ​រឿង​ «នរតី» ​និង​​លេខ​​ ៣ ​បាន​​​ទៅ​​​​កញ្ញា​ ភុយ រតនា ​ជាមួយ​ស្នាដៃ​រឿង ​«ចង្កៀង​ក្នុង​ផ្ទះ»។​

ចំណែក​ឯ​​​ជយ​លាភី​​៣រូប ​​ផ្នែក​កំណាព្យ​​វិញ ​​លេខ ​១​ បាន​ទៅ​លោក​ ជួន​ ខ្មៅ​ ជាមួយ​​​ស្នាដៃ​កំណាព្យ​រឿង ​«កូន​នាគ» ​លេខ ២ ​បាន​ទៅ​លោក​​ មឿង ​ពិសិត ​ជា​​​​មួ​យ​​ស្នា​ដៃ​កំណាព្យ​រឿង ​«ដីម៉ែ» ​និង​លេខ ៣ ​បាន​ទៅលោក ភិរម្យ ​ដារ៉ា ​ជាមួយ​​ស្នាដៃ​កំណាព្យ​រឿង ​«ជំនោរ​គង្គា»។​​

​លោក តុន ច័ន្ទ​រិទ្ធិ ​ម្ចាស់​ជយ​លាភី​លេខ​ ១ ផ្នែក​រឿង​ខ្លី​ នៃ​​ស្នាដៃរឿង «សង្គមនេះ» និងជា​អ្នក​និពន្ធ​​​ឯក​រាជ្យ​ មាន​ស្រុក​កំណើត ​នៅ​ខេត្ត​បាត់​ដំបង​ និង​លោក មឿង ពិសិត ​ជយលាភី​លេខ​ ២ ​​ផ្នែក​កំណាព្យ​រឿង​​​​ខ្លី​​​ ជាមួយ​ស្នាដៃរឿង​ ​«ដីម៉ែ» មាន​ស្រុក​កំណើត​នៅ​ខេត្ត​ពោធិ៍សាត់ ក៏​បាន​ចែក​រំលែក​​បទ​​​​​​ពិសោធ ឬ​​​បច្ចេកទេស​ខ្លះៗ ​សម្រាប់​​បេក្ខជន​ជំនាន់​ក្រោយ​ ដើម្បី​បង្កើត​ស្នាដៃ​​ត្រៀម​ចូល​រួមការ​ប្រកួត​​​ពាន​រង្វាន់​​​អក្សរ​សិល្ប៍​​ពុទ្ធ​សាសន​​បណ្ឌិត្យ​​លើក​ទី៦​ នៅ​ឆ្នាំ​ ២០២៣​ នេះ​ផង​ដែរ​។​

លោក តុន ច័ន្ទ​រិទ្ធិ បង្ហាញ​​អារម្មណ៍សប្បាយរីករាយ ដោយ​ស្នាដៃ​របស់លោក​​ ទទួល​បាន​ជយលាភីលេខ ១​ ផ្នែក​រឿង​​ខ្លី​​​​​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​អក្សរ​សិល្ប៍​​ពុទ្ធ​សាសន​​បណ្ឌិត្យ​លើក​ទី៥​​ ប្រចាំ​ឆ្នាំ​ ២០២២​​​​ ថា ពានរង្វាន់​នេះ​​ល្អក្នុង​​ការ​​លើកស្ទួយ​​វិស័យ​អក្សរសាស្រ្ត ជា​ពិសេស​​នោះ​​​ រៀង​​រាល់​​ការប្រកួត​នៃ​​ឆ្នាំ​នីមួយៗ ​​តែង​មាន​ការ​កំណត់​​​​​​​ប្រធាន​​​បទ​​​​ដោយ​ក្រុម​អ្នករៀបចំ​ការ​ប្រកួត​។

លោក ​តុន ច័ន្ទ​រិទ្ធិ ​បង្ហើប​ពី​​បទ​ពិសោធ​ផ្ទាល់​ខ្លួន​ឱ្យ​ដឹង​ថា៖ «​ក្នុង​​នាមជាអ្នក​​សរសេរ​​ ត្រូវ​ចេះ​បង្កើត​គំនិត​ច្នៃ​ប្រឌិត​ខ្លួន​​ឯង និង​​​ធ្វើ​យ៉ាងណា ឱ្យ​សម​ស្រប​តាម​ស្ថាន​ភាព​នៃ​សង្គម​ ដើម្បី​​​ទាក់ទាញ​ទាំង​អ្នក​អាន និងគណៈ​កម្ម​ការ​​វាយ​តម្លៃ​​​​ស្នាដៃ​ ហើយ​ក៏​ត្រូវ​ផ្តោត​ទៅ​លើ​ធាតុសំខាន់៣​យ៉ាង​ ជាចាំ​បាច់​នៃ​ការ​តែង​និពន្ធ ​គឺ​​អត្ថ​ន័យ អត្ថ​រូប​ និង​អត្ថ​រស​»។​

លោក​ ច័ន្ទ​រិទ្ធិ ​បន្ត​ថា៖ «យើង​ត្រូវ​យក​​បទ​ពិសោធចាស់ៗ​ដែលខ្វះ​ខាត និង​​ធ្លាប់​ឆ្លង​កាត់ទាំង​ឡាយ​​មក​មើល​​​​​ឡើង​​​​​វិញ ដើម្បី​បង្កើត​សា្នដៃ​ថ្មី​មួយ ដែល​​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​​ក្រុម​​​​គណៈ​កម្មការ​ និងអាច​ឈាន​​​​​​​ដល់​​​​ការ​ទទួល​បាន​ផល​ល្អ​ជាប់ជយលាភី​ទៀត​ផង​។ តួយ៉ាង​ដូចជា​រូប​ខ្ញុំ ​ទម្រាំ​តែ​ស្នាដៃ​ខ្លួន​ឯង​​​នេះ ទទួល​​​​បាន​​ជយលាភី​នោះ គឺ​ខ្ញុំ​ក៏​ត្រូវ​ឆ្លង​កាត់ការ​ដាក់​សា្នដៃ​ប្រកួត​ច្រើន​ដង​ដែរ​»។​

​​​​លោក មឿង ពិសិត ក៏​ត្រៀម​ស្នាដៃ​ សម្រាប់​ការ​ចូលរួម​ប្រកួត​ប្រជែង​ ពាន​រង្វាន់​អក្សរ​សិល្ប៍​​​​ពុ​ទ្ធ​សាសន​​​​​បណ្ឌិត្យ​លើក​ទី៦ ​ប្រចាំ​ឆ្នាំ​ ២០២៣ សាជាថ្មី​ម្តងទៀតដែរ​ ដោយ​​លោកគ្រោង​នឹង​ដាក់​ប្រកួត​ផ្នែក​រឿង​ខ្លី​​​​វិញ​ម្តង​។

លោក​​មឿង ពិសិត បញ្ជាក់​​ថា៖ «​ការ​ប្រកួត​លើក​ទី៦ នៅ​ឆ្នាំ​ ២០២៣ ខ្ញុំ​នឹង​ចូល​រួម​ប្រកួត​​​ប្រជែង​​លើ​​សា្នដៃ​រឿង​ខ្លី​វិញ​ម្តង ដោយ​សារ​​កាល​ពី​ឆ្នាំ​ ២០២២ ខ្ញុំ​បាន​ដាក់​ និងជាប់ជា​ជយលាភី​លេខ ២​ ​ផ្នែក​​​កំណាព្យ​​រឿង​​ខ្លី​​រួច​ហើយ​»។​

​​​លោក​​​មឿង ពិសិត បាន​ចែក​រំលែក​អំពី​បទ​ពិសោធ​ផ្ទាល់​ខ្លួន​​ ទៅ​​​ដល់​បេក្ខជន​​ដែល​​ត្រៀម​បង្កើត​ស្នាដៃ​ចូល​​​​រួម​ប្រកួត​​​​ក្នុង​ឆ្នាំ​ ២០២៣​​ ថា៖ «សម្រាប់​​ជា​អ្នក​និពន្ធ​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ ទៅ​លើ​​ស្នា​ដៃ​​​​​​អ្នក​​និពន្ធ​ចាស់​ៗ ឬ​​រៀមច្បង​។ កាលណា​​បាន​អាន​ស្នាដៃ​របស់​ពួកគាត់​ច្រើន​នោះ យើង​ក៏​​ទទួល​បាន​នូ​វ​​​បទ​ពិសោធ​​​​​ជា​ការ​​​បង្ហាញ​ផ្លូវ​ផ្នែក​តែង​និពន្ធ​ដល់​យើង​ក៏​ច្រើន​ដែរ​។ ក្រោយ​មក​យើង​ ​អាចមាន​គំនិត​​ច្នៃ​ប្រឌិត​ ឬ​បង្កើត​​​​​​ស្នាដៃ​ថ្មី​​មួយ​​ដែល​ជា​របស់​ខ្លួន​ឯង​បាន​ និង​ត្រូវ​គោរព​តាម​គោល​ការ​ណ៍​នៃ​សិល្បិ៍​វិធី​តែង​និពន្ធ​»។​

​នៅ​​ឆ្នាំ ២០១៨​ ការប្រកួត​ពានរង្វាន់​អក្សរសិល្ប៍​ពុទ្ធ​សាសន​បណ្ឌិត្យ​លើក​ទី១ ក្រោម​ប្រធានបទ​ «សុខដុម​នី​យ​​​​​កម្ម​​ក្នុង​សង្គម​​តាមរយៈ​សាសនា​» លើក​ទី២ ​​នៅ​ឆ្នាំ​​ ២០១៩ ​ក្រោម​ប្រធានបទ​ «ពុទ្ធ​ទស្សនៈ​ក្នុង​ការ​អភិ​វឌ្ឍ​​​សង្គម​​​ខ្មែរ»។ លើក​​ទី៣ ធ្វើ​នៅ​ឆ្នាំ​ ២០២០ ក្រោម​​ប្រធាន​បទ ​«ទោស​នៃ​សុរា» ​​​លើក​ទី​៤​​ នៅ​ឆ្នាំ ២០២១ ​ក្រោម​​​ប្រធាន​​​បទ ​«ការ​មិន​​មាន​រោគ​ជា​លាភ​ដ៏​ប្រសើរ» និង​លើក​ទី៥ ​នៅ​ឆ្នាំ​ ២០២២ ​ក្រោម​ប្រធាន​បទ ​«សី​លធម៌​នៃ​ការ​រស់នៅ»៕​​

អត្ថបទគួរចាប់អារម្មណ៍