The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ​យុវតី​ ២ រូប​ យក​ពេល​ទំនេរ​សរសេរ​សៀវ​ភៅ​រឿង​អប់រំ​ខ្លីៗ ដើម្បី​លើក​កម្ពស់​ការ​អាន​តាម​ឌីជី​ថល​របស់​កុមារ​

​យុវតី​ ២ រូប​ យក​ពេល​ទំនេរ​សរសេរ​សៀវ​ភៅ​រឿង​អប់រំ​ខ្លីៗ ដើម្បី​លើក​កម្ពស់​ការ​អាន​តាម​ឌីជី​ថល​របស់​កុមារ​

Content image - Phnom Penh Post
បណ្ណាល័យ «តោះអាន-Let’s Read» ដែលជួយលើកកម្ពស់ការអានរបស់កុមារក្នុងសម័យឌីជីថល។ រូបថត សហការី

​យុវតី​ ២ រូប​ យក​ពេល​ទំនេរ​សរសេរ​សៀវ​ភៅ​រឿង​អប់រំ​ខ្លីៗ ដើម្បី​លើក​កម្ពស់​ការ​អាន​តាម​ឌីជី​ថល​របស់​កុមារ​

ភ្នំពេញៈ ​ស្រប​ពេល​ដែល​ប្រជា​ជន​សឹង​តែ​គ្រប់រូប​មាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ប្រើប្រាស់ ​និង​បានវិ​វឌ្ឍទៅ​កាន់​សម័យ​កាល​ឌីជីថល​ វា​ជា​រឿង​មួយ​កាន់​តែ​ងាយ​ស្រួល​សម្រាប់​កុមារ​ក្នុង​ការ​ធំធាត់​ឡើងជា​មួយ​បច្ចេក​វិទ្យា ក៏ប៉ុន្តែឌីជីថល​ គឺជា​អាវុធ​មុខ​២​ដែល​អាច​ជួយ​ឱ្យ​អ្នក​ប្រើ​ប្រាស់​រីក​ចម្រើន​បាន ​តែក៏​អាច​ធ្វើឱ្យ​អ្នកប្រើ​ប្រាស់​ខាត​បង់​បាន​ដូច​គ្នា​ដែរ​។

​ជា​ពិសេស​ អ្ន​កប្រើ​ប្រាស់​ដែល​មិន​បាន​យល់​អំពី​ហានិ​ភ័យ​នៃ​ឌីជីថល ​តួយ៉ាង​ដូច​ជា​ កុមារ​តូចៗ គឺជា​ក្រុម​ដែល​ងាយ​ប្រឈម​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ជន​រង​គ្រោះ​ដោយ​ឪពុក​ម្ដាយ​មិន​បាន​ដឹង​ជា​មុន​។​

​ស្រប​ទៅ​តាម​របត់​នៃ​សង្គម​បច្ចុប្បន្ន អង្គ​ការ​មូ​លនិ​ធិ​អាស៊ី​បាន​សហ​ការ​ជាមួយ​ក្រុមហ៊ុន​ Starbucks កម្ពុជា​ ក្នុងការ​បង្កើត​បណ្ណា​ល័យ​អន​ឡាញ​មួយ​ឈ្មោះ​ថា ​«​តោះ​អាន​-Let’s Read» ដើម្បី​លើក​កម្ពស់​ការអាន​រប​ស់​កុមារ​ក្នុង​សម័យ​ឌីជី​ថល​នេះ​។ការ​សហ​ការ​នេះក៏​ដើម្បី​បង្វែរ​ការ​ចាប់​អារម្មណ៍​របស់​កុមារ​ពី​ការលេង​កម្សាន្ដលើ​ប្រព័ន្ធ​អ៊ីន​ធឺ​ណិ​ត ​មកជា​ការ​អាន​រឿង​ដែល​មាន​រូប​ភាព​ទាក់​ទាញ​ជា​ច្រើន​ក្បាល​។​

​យុវតី​២រូប​ដែល​បាន​ចូលរួម​សរសេរ​រឿង​អប់រំ​សម្រាប់​កុមារ​តូច ​និង​ដែល​បាន​សម្ពោធ​ស្នាដៃ​ថ្មីថ្មោង​នេះ​ជា​ផ្លូវកា​រកាល​ពី​ថ្ងៃទី​ ១៨ ​ខែវិច្ឆិកា កន្លង​ទៅ បាន​បង្ហាញ​នូវ​អារម្មណ៍​រំភើប​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ចំណែក​មួយ​ជួយ​ទៅ​ដល់​កុមារ​តូចៗ​។

​បច្ចុប្បន្នកញ្ញា​ជា​អ្នក​បង្កើត​វេទិកា​ឱ្យ​ក្រុម​ហ៊ុន​ឌីជីថល​មួយ ​ហើយ​ឆ្លៀត​ពី​ការងារ​ស្នូល​នេះ កញ្ញា​បាន​ចូលរួម​សរសេរ​ឱ្យ​បណ្ណា​ល័យ​ឌីជី​ថល «​តោះ​អាន​» តាំងពី​ឆ្នាំ ២០១៩ ប៉ុន្តែ​សម្រាប់​ឆ្នាំ ២០២២​ នេះ ស្នា​ដៃ​ថ្មី​មួយ​ទៀត​របស់​កញ្ញា​ទទួល​បាន​ការ​រៀបចំ​បើក​សម្ពោធ​ជា​ផ្លូវ​ការ​។​

«​ប៉ូ​ប៉ូ អ្នក​ច្នៃ​ម៉ូដ​សក់​ដ៏​ល្បី​» គឺជា​ស្នាដៃ​និពន្ធ​របស់​យុវតី អ​ម្រិ​ន ពិសី ដែល​សព្វថ្ងៃ​កញ្ញា​មាន​អាយុ ​២៤ ​ឆ្នាំ ជា​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ពី​វិទ្យា​ស្ថាន​ភាសា​បរទេស​។រឿង​នេះ​បាន​និយាយ​អំពី​កូន​ចៀម​ញី ១ ​ក្បាល ​ដែល​មាន​ពិការ​ភាព​ផ្នែក​គថ្លង់ មិន​អាច​សន្ទនា​ជាមួយ​មិត្ត​ដទៃ​ទៀត​បាន​។

​ប៉ុន្តែ ប៉ូ​ប៉ូ មាន​ជំនាញ​ពី​កំណើត​មួយ​ គឺ​ពូកែ​ច្នៃ​ម៉ូដ​សក់​ដែល​ជំនាញ​នេះ​ហើយ​បាន​ធ្វើឱ្យ​មិត្ត​ភ​ក្ដិដទៃទៀត​ចាប់​អារម្មណ៍​និង​សុំឱ្យ​ចៀម​នេះ​ជួយ​ច្នៃ​ម៉ូដ​សក់​ឱ្យ​គ្រប់​គ្នា​។ ក្រោយ​បាន​ស្គាល់​ពី​ចំណុច​ខ្លាំង​ របស់​ខ្លួន ប៉ូ​ប៉ូ បាន​បង្កើត​សុបិន​ទៅ​ថ្ងៃ​អនា​គត​មួយ​គឺ​ក្លាយ​ជា​អ្នក​ច្នៃ​ម៉ូដ​សក់​។

​បើតាម​កញ្ញា​ពិសី ដែលជា​ម្ចាស់​ស្នា​ដៃ រឿងនេះ​ គឺ​ចង់​ផ្ដល់​កម្លាំង​ចិត្ត​ដល់​កុមារ​ដែលមាន​ពិការ​ភាព ​ជាពិសេស​ក្មេង​ស្រី ឱ្យ​បន្ត​ខិតខំ​រៀន​សូត្រ និង​ហ៊ាន​បង្ហាញ​អ្វី​ដែល​ជា​ចំណុច​ខ្លាំង​របស់​ខ្លួន​។​

​កញ្ញា អ​ម្រិ​ន ពិសី៖ «​សម្រាប់​រឿង​នេះ​ដែរ ខ្ញុំ​ចង់​ប្រាប់​ទៅ​ក្មេងៗ​ដែល​មាន​ពិការ​ភាព​គថ្លង់​ថា ​ការ​ដែល​មាន​ពិការ​ភាព​នេះ​មិន​មែន​ជា​ឧបសគ្គ​ក្នុងការ​ប្រា​ស្រ័យ​ទាក់​ទង​ជាមួយ​នឹង​អ្នក​ដទៃ​ទេ ហើយ​ចង់​ប្រាប់​កុមារី​ដែល​មាន​ពិការ​ភាព​គ​ថ្លង់ កុំ​បាក់​ទឹក​ចិត្ត ​រឹងមាំ ហើយ​ស្វែងរក​ទេព​កោស​ល្យ​របស់​ខ្លួន​ឯង​ ដើម្បី​ជួយ​ជា​ប្រយោ​ជន៍​ដល់​អនា​គត​របស់​ខ្លួន​​»។

​ម៉ិ​ល សុ​ភាវ​ត្តី ​គឺជា​ឈ្មោះ​របស់​អ្នក​និពន្ធ​វ័យ​ក្មេង​ម្នាក់​ទៀត​ដែល​កញ្ញា​ទើប​មាន​អាយុ ២៣ ឆ្នាំ ជា​និស្សិត​បញ្ចប់​ការសិក្សា​ផ្នែក​ស្ថិតិ​វិទ្យាពី​សាកល​វិទ្យា​ល័យ​ភូមិ​ន្ន​ភ្នំពេញ​។ សព្វ​ថ្ងៃ​ផង​ដែរ​ កញ្ញា​កំពុង​បម្រើ​ការងារ​នៅ​ធនា​គារ​ជីបម៉ុង​។

​មិន​ខុសគ្នា​ប៉ុន្មាន​ពី​កញ្ញា ​ពិសី យុវតី​រូបនេះ​ក៏មាន​ស្នា​ដៃ ដែល​ត្រូវ​បានដាក់​សម្ពោធ​រួមគ្នា​មួយ​ផង​ដែរ​។ ស្នាដៃ​រឿង​អប់រំ​ខ្លី​របស់​កញ្ញា​គឺ «​នូ​នូ កូន​ខ្លាឃ្មុំ​ញី​» ដែល​រឿង​នេះ​និយាយ​ពី​កូន​ខ្លាឃ្មុំ​ញី​ ១ ក្បាល ​ចូល​ចិត្ត​កីឡា​ជិះ​កង់​តាម​​ភ្នំ​។ ថ្ងៃមួយ​កូន​ខ្លាឃ្មុំ​ញី​នេះ​បាន​ចូលរួម​ប្រកួត​ជិះ​កង់​ឡើង​ភ្នំ ដែល​បេ​ក្ខ​នារី​គឺមាន​តែ​រូប​នាង​ម្នាក់​គត់​។នូ​នូ ​ទទួល​បាន​ការ​មាក់​ងាយ​ពី​ខ្លាឃ្មុំ​ឈ្មោល​ផ្សេង​ទៀត ​ដែល​ធ្វើ​ឱ្យ​នាង​បាក់​ទឹក​ចិត្ត និង​ចង់​បោះ​បង់​ចោល​ការ​ប្រកួត​។

​ប៉ុន្តែ​ដោយ​ទទួល​បាន​កម្លាំង​ចិត្ត​ពី​កូន​ខ្លា​ឃុំ​ញី ​១ ទៀត ​ដែល​ជា​អ្នក​ទស្សនា​ ទើប​នាង​សម្រេច​ចិត្ត​បន្ត​ការ​ប្រកួត ​និង​ខិតខំ​ហ្វឹក​ហាត់​រហូត​ទទួល​បាន​ជ័យ​ជម្នះ និង​ការ​កោត​សរសើរ​ពី​ខ្លាឃ្មុំ​ឈ្មោល​ឯ​ទៀត​។

​កញ្ញា ​ម៉ិ​ល សុ​ភាវ​ត្តី បាន​រៀបរាប់​ពី​អត្ថ​ន័យ​អប់រំ​ថា​៖ «​រឿងនេះ គឺ​លើក​ទឹកចិត្ត​ដល់​កុមារី​ដែល​មាន​ក្ដីស្រមៃ​ចង់​ធ្វើការ​ងារ​មួយ​ដែល​មិន​សូវ​មាន​ក្មេង​ស្រី​ផ្សេង​ធ្វើ​...​ម្យ៉ាង​ទៀត​ចង់​លើក​ទឹក​ចិត្ត​ពួកគេ​កុំឱ្យ​បោះ​បង់​ដោយ​គ្រាន់តែ​ពាក្យ​ចំអក លេង​សើច​​»។

​ទាំង​២​ស្នា​ដៃ​នេះ គឺ​ស្ថិត​ក្រោម​មូល​បទ «​ផ្ដល់​អំណាច​ដល់​ស្ត្រី និង​កុមារ​ដែល​មាន​ពិការ​ភាព​» និង​ត្រូវបាន​ដាក់​ឱ្យ​អាន​តាម​ឌីជី​ថល​លើ​គេហ​ទំព័រ​ផ្លូវការ​របស់ «​តោះ​អាន​-Let’s Read»​។ រាល់​ស្នាដៃ​និពន្ធ​ទាំង​អស់ ក៏​​ត្រូវ​បាន​ឆ្លង​កាត់​ផង​ដែរ​នូវ​ការ​ពិនិត្យ​ខ្លឹម​សារ​ឱ្យ​ស្រប​តាម​ការអប់រំ​កុមារ​តូច ​ព្រម​ទាំង​មាន​ការ​រចនា​ជា​គំនូរ​យ៉ាង​ទាក់​ទាញ​ទៀតផង​។​

​អ្នក​ស្រី M​eloney Lindberg ដែលជា​តំណាង​មូ​លនិ​ធិ​អាស៊ី​ប្រចាំ​កម្ពុជា​បាន​ឱ្យដឹង​ថា​ បណ្ណា​ល័យ​ឌីជីថល​មួយ​នេះ​គឺ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​អ្នក​អាន​ដំបូង​ដែល​មាន​អាយុ​ពី​ ៥ ​ទៅ​ ១០ ​ឆ្នាំ​។បណ្ណា​ល័យ​មួយ​នេះ​មាន​សៀវ​ភៅ​ចំនួន ៩ ​ពាន់​ក្បាល​ក្នុង ​៥១ ​ភាសា​ផ្សេង​គ្នា ក្នុង​នោះ ​សៀវ​ភៅ​ជាង ​៥០០ ​ក្បាល​ជា​ភាសា​ខ្មែរ​។

​តំណាង​អង្គ​ការ​មូ​លនិ​ធិ​អាស៊ី​រូបនេះ​បន្ថែម​ថា៖ «​ជាការ​សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន starbucks យើង​រួម គ្នា​ធ្វើ​ក្រោម​ហេតុ​ផល​សំខាន់​មួយ គឺ​ការ​លើក​កម្ពស់​វប្ប​ធម៌​នៃ​កា​រអាន​ឱ្យ​កាន់​តែច្រើ​ន​នៅ​ប្រទេស​កម្ពុជា​ ដោយ​ចាប់​ផ្ដើម​ពី​ក្រុម​កុមារ​តូចៗ​ទៅ​។​»

​ក្នុង​នោះ​អ្នក​ស្រីក៏​បង្ហាញ​ការ​សាទរ​ចំពោះ​យុវតី​ទាំង ​២ ​រូប​ ដែល​បាន​សម្ពោធ​ស្នាដៃ​ខ្លួន​ជា​ផ្លូវការ​ និ​ងបន្ត​ជំរុញ​ឱ្យ​យុវជនយុវតី​គ្រប់​រូប​ចូល​រួម​ក្នុង​សកម្ម​ភាព​សង្គម​ផ្សេងៗ​ដើម្បី​ជា​ប្រយោ​ជន៍​ដល់​ការ​អភិវឌ្ឍ​ជាតិ​ទាំង​មូល​៕

អត្ថបទគួរចាប់អារម្មណ៍