The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សមាគម​អ្នក​និពន្ធ​ខ្មែរ​បោះ​ពុម្ពសៀវភៅស្នា​ដៃ​កវី ស៊ូ ចំរើន​ ឡើង​វិញ ​ដើម្បី​លើក​កម្ពស់​ការ​អាន​

សមាគម​អ្នក​និពន្ធ​ខ្មែរ​បោះ​ពុម្ពសៀវភៅស្នា​ដៃ​កវី ស៊ូ ចំរើន​ ឡើង​វិញ ​ដើម្បី​លើក​កម្ពស់​ការ​អាន​

Content image - Phnom Penh Post
សៀវភៅដែលសមាគម​អ្នក​និពន្ធ​ខ្មែរបោះពុម្ពផ្សាយឡើងវិញ។ រូបថត សហការី

សមាគម​អ្នក​និពន្ធ​ខ្មែរ​បោះ​ពុម្ពសៀវភៅស្នា​ដៃ​កវី ស៊ូ ចំរើន​ ឡើង​វិញ ​ដើម្បី​លើក​កម្ពស់​ការ​អាន​

ភ្នំពេញៈ សមាគម​អ្នក​និពន្ធ​ខ្មែរ​កំពុង​មមា​ញឹក​ប្រមូល​ចង​ក្រង​ស្នាដៃ​អ្នក​និពន្ធ កវីនិ​ពន្ធ បញ្ញវន្ត​រៀម​ច្បង​ នៅក្នុង​អំឡុង​ទសវត្សរ៍​ ១៩៦០-១៩៧០​ ​ជាទម្រង់​ប្រលោម​លោក រឿងខ្លី រឿង​រូបភាព​។ល។ និង​រឿង​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម ​ដើម្បី​បោះ​ពុម្ព​ផ្សាយ​ឡើង​វិញ​ក្នុង​គោល​បំណង​ពង្រឹង​និង​ពង្រឹក ក៏ដូច​ជាលើកកម្ពស់​ការអាន​នៅកម្ពុជា​។

សមាគម​អ្នក​និពន្ធ​ខ្មែ​រ​នឹង​​រៀបចំ​បោះពុម្ព​ផ្សាយ​ស្នាដៃអ្នក​និពន្ធ​ស៊ូ ចំរើន​នៅចុង​ឆ្នាំនេះ ដោយ​សៀវភៅ​នោះ ជាកម្រង​រឿ​ង​ខ្លី មាន​ចំណង​ជើង​ថា “ឈើលា​ព្រៃ ត្រីលា​បឹង”។ រឿង​ខ្លី“ឈើលា​ព្រៃ ត្រីលា​បឹង”ជាប់ពាន​រង្វាន់​កវីនិពន្ធ​អាស៊ីអាគ្នេយ៍​ឆ្នាំ​ ២០២០ (S.E.A. Write Award 2020)​ ទៀត​ផង។ ក្រៅ​ពីរឿង​ខ្លី​នេះ ក្នុង​សៀវ​ភៅដែល​មាន​កម្រាស់ជាង ​១២០ ​ទំព័រ​នេះ ក៏មាន​រឿង​ខ្លី​ជាច្រើន​ទៀត​ដែល​សុទ្ធ​សឹង​ជាស្នាដៃរបស់​កវីស៊ូ ចំរើន។

លោក ​ឡឹក ជំនោរ ប្រធាន​គណៈ​កម្មការ​បោះ​ពុម្ពផ្សា​យនៃ​សមាគម​អ្នក​និពន្ធ​ខ្មែរបាន​ប្រាប់ឱ្យ​ដឹង​ថា ៖«សមាគម​អ្នក​និពន្ធ​ខ្មែរ​ ក្នុង​នាម​ស្ថាប័ន​ទទួល​បន្ទុក​ផ្នែក​បណ្ដុះ​បណ្ដាល​អ្នកនិ​ពន្ធ បង្កើត​វណ្ណកម្ម និង​បោះពុ​ម្ពផ្សាយ យក​ចិត្ត​ទុក​ដាក់​ជាចម្បង​លើកិច្ច​ការ​នេះ។ នៅក្នុង​អាណត្តិទី​១០ នេះ​គណៈកម្មការ​បោះ​ពុម្ព​ផ្សាយ​នៃសមាគម​អ្នក​និពន្ធ​ខ្មែរ​បាន​បោះពុម្ព​ស្នាដៃ​ជាប់​ពាន​រង្វាន់​អក្សរ​សិល្ប៍ថ្នាក់​ជាតិ និង​អន្តរ​ជាតិ​មួយ​ចំនួន​ក្នុង​នោះ​រួម​មាន​ស្នាដៃ​របស់​កវីនិពន្ធពីអតីត​កាល និង​ស្នាដៃ​របស់​កវីនិពន្ធ​រៀម​ច្បង​ចាប់​តាំង​ពីទសវត្សរ៍ ​១៩៦០ ​មក​»។

លោក​ ឡឹក ជំនោរ អនុ​ប្រធាន​សមាគម​អ្នក​និពន្ធ​ខ្មែរ និង​ជា​ប្រធាន​គណៈ​កម្មការ​បោះពុម្ពផ្សាយ​ នៃសមាគម​អ្នក​និ​ពន្ធ​ខ្មែរ មាន​ប្រសាសន៍​ថា ៖«គរុ​វិជ្ជា​ចារ្យ​កវីនិ​ពន្ធ ស៊ូ ចំរើន ប្រឡូក​ជីវិត​ក្នុង​សម​រភូមិ ទឹក​ខ្មៅ​តាំង​ពីយុវ​វ័យ​រហូត​ដល់អាយុ​ចិត 70 ប​ប្លាយ។ លោក​ជាអតីត​ប្រធាន​គណៈ​កម្មកា​រ​បោះ​ពុម្ពផ្សាយ និង​ជាអនុ​ប្រធាន​សមាគ​ម​អ្នក​និព​ន្ធ​ខ្មែរ​នាពេ​លកន្លង​មក។ ជីវិត​របស់​លោក​បូជាស្ទើរ​ទាំង​ស្រុង​ដើ​ម្បីបុព្វ​ហេតុ​អក្សរ​សាស្ត្រ​ជាតិ»​។

ការ​បោះពុម្ព​ផ្សាយ​ស្នា​ដៃ​របស់​លោក​ ស៊ូ ចំរើន នៅគ្រានេះ​ ជាការ​ចូល​រួម​លើក​កម្ពស់​ស្នាដៃក​វីនិពន្ធ​ខ្មែរ​ឱ្យ​ទូលំ​ទូលាយ​ទៅ​ក្នុង​សង្វៀន​អក្សរសិល្ប៍ និងជា​កិច្ច​តប​ស្នង ថែរក្សា​មរត​ករបស់​លោក ព្រម​ទាំងរួម​ចំណែក​ផ្សព្វ​ផ្សាយ​ស្នា​ដៃល្អៗ និង​ជំរុញ​ការ​អាន​នៅ​កម្ពុជា​ស្រប​នឹង​ចក្ខុ​វិស័យ​របស់​សមាគម​អ្នក​និព​ន្ធខ្មែរ។ សមាគ​មអ្ន​ក​និពន្ធ​ខ្មែ​ររៀបចំ​បោះពុម្ព​ស្នា​ដៃ​នេះឡើង ទទួល​បាន​ការឧបត្ថម្ភ​គាំទ្រ​មួយ​ផ្នែក​ពីមូលនិ​ធិកវី យិន​លួត និង សំខាន់​សូលុសិន​ស៍។

សូម​រំឭក​ថា គរុវិជ្ជា​ចារ្យ​កវី​និពន្ធ ស៊ូ ចំរើន កើត​នៅថ្ងៃ​ទី ​៥ ខែមករា ឆ្នាំ ១៩៤៩ នៅ​ភូមិកំពង់​ស្វាយ ស្រុក​សិរី​សោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ។ លោក​ឪពុក​ឈ្មោះ ស៊ូ ប៉ិន​តុន អតីត​គ្រូបង្រៀន និង​អ្ន​កម្តាយ ឈ្មោះ ​ស៊ូ អូវ អតីត​ជាអ្នក​រក​ស៊ី​លក់​ដូរ។

បន្ទាប់ពី​ប្រឡូក​ក្នុង​ការងារ​តែង​និពន្ធ​បាន​៣​ឆ្នាំ នៅឆ្នាំ​ ១៩៧០ លោក​ ស៊ូ ​ចំរើន បាន​រៀប​អាពាហ៍​ពិពាហ៍ជា​មួយក​ញ្ញាមេជា​ង​កាត់​ដេរ​ម្នាក់​ឈ្មោះ សុក សុឃាង ដែល​ជាកូន​ក្រមុំអ្នក​ភូមិស្វាយ​រលំ ឃុំស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្ដាល​។

គរុវិ​ជ្ជាចារ្យក​វីនិពន្ធ ស៊ូ ចំរើន មិន​បាន​បន្ដការ​សិក្សា​នៅថ្នាក់​ឧត្ត​ម​សិក្សានោះ​ទេ។ នៅឆ្នាំ ១​៩៦៧ ក្រោយ​ពី​បាន​បញ្ចប់​មធ្យម​សិក្សា សិស្សវិទ្យា​ល័យ​សង្គម​រាស្រ្ដ​និយម​​រូបនេះ បាន​ជ្រើសរើស​យកការ​ងារតែង​និពន្ធ​ជា របរ​ចិញ្ចឹម​ជីវិត។ លោក​ចេះ​ភាសាបា​រាំង ភាសាថៃ ​សរសេរនិ​ង​និយាយ​បាន​យ៉ាងស្ទា​ត់ជំនាញ។

នៅ​ឆ្នាំ ១៩៧០ តាម​រយៈ​ប្រលោម​លោក​រឿង​“វីរជ​ន​ស​ង្គ្រាម​ជ័យ” លោក​ក៏បានចូល​ជាសមាជិក​សមាគម​អ្នក​និពន្ធ​ខ្មែរ។​ នៅចុ​ងឆ្នាំ ១​៩៧០ សមាគម​អ្នក​និពន្ធ​ខ្មែ​របាន​ជ្រើស​តាំង​រូប​លោក​ឱ្យធ្វើ​ជាប្រធាន​គណៈបោះ​ពុម្ពនៃ​សមាគម​អ្នកនិព្ធ​ខ្មែរ​។ ក្រៅពី​ការ​ងារជាអ្នក​និពន្ធ លោក​ក៏បាន​ចូល​ប្រលូក​ក្នុង​វិស័យ​សារ​ព័ត៌មាន​ផង​ដែរ​។

ចំពោះ​សារព័ត៌មាន​ដែលអ្នក​និពន្ធ​រូប​នេះ ចូល​ប្រឡូក​មុន​គេ​នោះ គឺសាព័ត៌​មាន “មាតុ​ភូមិ” របស់​លោក សឺង ភឿកថ។

នៅឆ្នាំ​ ​១៩៧១ ខណៈ​ដែល​អាជ្ញា​ធ​រ​ចាប់ខ្លួន​លោក ជុំ កែន ចាង​ហ្វាងកាសែ​ត “ដំណឹង​ចុងក្រោ​យ”​ ដោ​យសារ​ហេតុ​ផល​នយោ​បាយ​នោះ លោក ស៊ូ ចំរើន ត្រូវ​គេហៅ​ឱ្យឈរ​ឈ្មោះ​ធ្វើជា​ចាងហ្វាង​កាសែត​នេះ ជំនួស​ចាង​ហ្វាង​ចាស់។

ដោយ​ញើស​ឈាម​ពីការ​សរសេរ ចុងឆ្នាំ​ ១៩៧១ លោក​ទិញ​បាន​រោង​ពុម្ពមួយ​ឈ្មោះ “វប្បធម៌​ខ្មែរ”​ដោយ​បោះពុម្ព​ផ្សាយ​ស្នាដៃ​ផ្ទាល់​ខ្លួន​និង​ស្នាដៃអ្នក​និពន្ធជា​ច្រើន​ទៀត។

នៅឆ្នាំ​ ១៩៧២ ដោយ​សារតែ​កាសែត “ដំណឹង​ចុង​ក្រោយ”​របស់​លោក​ចុះផ្សាយ​ព័ត៌មាន​មួយចំនួន​ប៉ះពាល់​ដល់​លោក​នាយក​រដ្ឋមន្ដ្រី សឺង ង៉ុក​ថាញ់ កាសែត​នេះ​ក៏ត្រូវ​អាជ្ញាធរ​នៃ​រដ្ឋាភិ​បាល សឺង ង៉ុក​ថាញ់ ឱ្យ​បិទ ហើយ​ថែមទាំង​ធ្វើការ​ប្ដឹង​ផ្ដល់​ទៅ​ដល់​តុលាការ​ថែម​ទៀត​ផង។

បន្ទាប់​មក ចុង​ឆ្នាំ ១៩៧២ លោក​ក៏ត្រូវ​គណ​បក្ស​សាធា​រណរដ្ឋ​ជួល​ឱ្យ​មក​ឈរ​ឈ្មោះធ្វើ​ជាចាង​ហ្វាង​កាសែត​របស់​បក្ស​នេះ​ ដែល​មាន​ឈ្មោះ​ថា “លូត​លាស់”។

នៅក្នុង​ឆ្នាំ ១៩៧២ ​នេះ​ដែរ ក្រៅ​តែ​ពីជា​ចាង​ហ្វាង​កាសែត “លូត​លាស់” នោះ​ លោក​ក៏បាន​ធ្វើជា​ប្រធាន​គណៈ​កម្មការ​និព​ន្ធប្រចាំ​ទស្សនាវដ្ដី​កងទ័ព​អាកាស​របស់​ការិយាល័យ​ទី៥​នៃ​ក្រសួង​ការពារ​ជាតិ។​ល។

ក្រោយ​ពីសង្គ្រាម​រ៉ាំរ៉ៃ​ជាច្រើន​ឆ្នាំ នៅថ្ងៃ​ ១៧ ខែមេ​សា ឆ្នាំ ១៩៧៥ រដ្ឋាភិបាល​ស្រោច​ស្រង់​ជាតិ​នៃរបប​សាធារណរដ្ឋ​ខ្មែរ​ត្រូវ​បាន​ដួល​រលំដោយ​ស្នាដៃកង​ទ័ពអាវខ្មៅ​នៃអង្គការ​ខ្មែរ​ក្រហម។

លោក ស៊ូ ចំរើន និ​ងគ្រួ​សារ ក៏ដូច​ជា​ប្រជាជន​ដទៃ​ទៀត​ដែរ​ត្រូវពួក​ខ្មែរ​ក្រហមជម្លៀស ហើយ​កៀរឱ្យទៅ​នៅភូមិ​ព្រៃរុន ស្រុក​ស្អាង ខេត្ត​កណ្ដាល​។ ក្រោយ​មក​ក៏ជម្លៀស​បន្ដឱ្យ​ទៅនៅភូមិ​ចក់​តូច ស្រុក​មោង​ឫស្សី ខេត្ត​បាត់​ដំបង​។ លោក​និង​ភរិយា​រស់​នៅ​យ៉ាង​វេទនា​ក្នុង​របប ៣ ឆ្នាំ ៨ ខែ ២០ ​ថ្ងៃនេះ​។

បន្ទាប់​ពីការ​ដួល​រលំនៃ​របប​កម្ពុជា​ប្រជាធិប​តេយ្យ​នៅថ្ងៃ​ ៧ មក​រា ឆ្នាំ​ ១៩៧៩ លោក​នៅតែ​បន្ដរស់​នៅក្នុង​ខេត្ត​បាត់​ដំបង​ដដែល។

តែលោក ស៊ូ ចំរើន មិនចាប់​អាជីព​ជាអ្នក​និពន្ធ​ទៀត​ទេ រហូត​ឆ្នាំ ១៩៩៥ ទើប​លោក​ចាប់​ដង​ប៉ាក​កាសា​ជាថ្មី ដោយ​បាន​សរសេរ​ប្រលោម​លោក​មួយមាន​ចំណង​ជើង​ថា “ព្រះ​គុណ​ថ្លៃថ្លា” ដើម្បី​ចូល​រួម​ប្រឡង​ពាន​រង្វាន់ “អក្សរ​សិល្ប៍៧​មករា”។

នៅឆ្នាំ​ ១៩៩៦ ប្រលោម​លោក​នេះទទួលជ័​យលាភី​លេខ ៣ ពាន​រង្វាន់ “អក្សរ​សិល្ប៍​ ៧ មករា” រៀបចំ​ឡើង​ដោយ​សមាគម​អ្នក​និពន្ធ​ខ្មែរ។ លុះ​ដល់​ឆ្នាំ​ ១៩៩៧ លោក​និង​គ្រួសា​រ​បាន​ចាក​ចេញ​ពីខេត្ត​បាត់​ដំបង​មក​រស់​នៅទីក្រុង​ភ្នំ​ពេញ​។ លោក​បាន​ចូល​បម្រើការ​នៅ​ស្ថានីយវិទ្យុ​ទូរ​ទស្សន៍​បាយ័ន ​(BTV)​ ក្នុង​ឋានៈ​ជាប្រធាន​ការិយា​ល័យ​និពន្ធ។

គរុវិជ្ជា​ចារ្យកវី​និពន្ធ ស៊ូ ចំរើន ជាអ្នក​និពន្ធ​ដែល​មាន​ភាព​ល្បីល្បាញ​តាំងពីទសវត្សរ៍ទី​ ១៩៧០ ​មក​ម្ល៉េះ។ លោក​មាន​ស្នា​ដៃជា​ច្រើន​ទាំង​ផ្នែក​ប្រលោម​លោក អត្ថបទ​បក​ប្រែ ព្រម​ទាំងទំនុក​ច្រៀង​ជាច្រើន​បទ​៕

អត្ថបទគួរចាប់អារម្មណ៍