
យុវជន អៀម រ័ត្នថៃ (ពាក់អាវស វែនតាខ្មៅខាងស្ដាំ) កាលពីកំពុងហាត់រៀនភ្លេង។ រូបថត សហការី
កំពត: នៅឆ្នាំ ២០១៥ នៅពេលអង្គការដែលធ្លាប់ជ្រោកកោន និងក្រេបចំណេះវិជ្ជាត្រូវបានបិទទ្វារយុវជន អៀម រ័ត្នថៃ បានផ្លាស់មកបន្ដការសិក្សាផ្នែកតន្ដ្រីបុរាណ និងសិក្សាអក្សរស្ទាបក្រោមដំបូលអង្គការវិទ្យាស្ថានអភិវឌ្ឍន៍វប្បធម៌ខ្មែរ (KCDI) ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីរង្វល់មូលផ្លែទុរេន ក្នុងទីរួមខេត្តកំពត។ ដោយសារតែមានបញ្ហាពិបាកធ្វើដំណើរ រ័ត្នថៃ ដែលពិការភ្នែកតាំងពីដំណើតបានសម្រេចចិត្ដបោះបង់ការសិក្សាអក្សរស្ទាបត្រឹមថ្នាក់ទី៩ដោយបន្ដរៀនតែឧបករណ៍ភ្លេងបុរាណចាប់ពីស្គរខ្លុយនិងស្រឡៃប៉ុណ្ណោះ។
យុវជន រ័ត្នថៃ ដែលមានទីកំណើតនៅស្រុកឈូក ខេត្ដកំពតបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ខ្ញុំចាប់ផ្ដើមរៀនស្គរតាំងពីមុនឆ្នាំ ២០១៥ ម្ល៉េះ តែដោយសារខ្ញុំស្រឡាញ់ឧបករណ៍ខ្លុយ ទើបខ្ញុំប្ដូរមករៀនខ្លុយវិញក្នុងឆ្នាំ ២០១៥ ហើយខ្ញុំបានបន្ដរៀនឧបករណ៍ស្រឡៃមួយទៀតនៅឆ្នាំ ២០២២ នេះ»។
រហូតដល់សព្វថ្ងៃនេះយុវជនរ័ត្នថៃមានអាយុ ២៥ ឆ្នាំ តែអង្គការផ្ដោតលើការបង្រៀនសិល្បៈប្រពៃណីខ្មែរដល់ក្មេងកំព្រានិងកុមារមានពិការភាព (KCDI) បានចាប់កំណើតតាំងពីឆ្នាំ ១៩៩៣ មកម្ល៉េះ។
អង្គការវិទ្យាស្ថានអភិវឌ្ឍន៍វប្បធម៌ខ្មែរ (KCDI) បានបង្កើតឡើងក្នុងឆ្នាំ ១៩៩៣ ជាអង្គការក្រៅរដ្ឋាភិបាល និងផ្តល់សច្ចាប័នដោយ SNC (ឧត្តមក្រុមប្រឹក្សាជាតិ) ដើម្បីគាស់កកាយ និងថែរក្សាវប្បធម៌ប្រពៃណីខ្មែរឡើងវិញ។
អ្នកនាង កាធើរីន ល្វីសហ្គេច ស្ថាបនិកអង្គការនិងសាលាតន្ត្រីប្រពៃណីសម្រាប់កុមារកំព្រានិងពិការខេត្ដកំពត បាននិយាយថា៖ «ខ្ញុំបង្កើតអង្គការនេះឡើង ជាមួយបទពិសោធន៍បង្រៀនវីយូឡុងនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈកាលខ្ញុំនៅវ័យជំទង់ដោយបានទៅប្រគុំតន្ត្រីនៅទីនោះលើកដំបូងក្នុងឆ្នាំ ១៩៩០ ខណៈនៅកម្ពុជាកំពុងចងក្រងឯកសារស្រាវជ្រាវស្តីពីការរំលោភសិទ្ធិមនុស្សរបស់ខ្មែរក្រហម និងឥទ្ធិពលនៃសង្គ្រាមលើប្រជាជនស៊ីវិល»។
អ្នកនាង កាធើរីន បានទទួលការបណ្តុះបណ្តាលផ្នែកតន្ដ្រីតាំងពីអាយុ ៤ ឆ្នាំ ហើយបានចូលរៀននិងបញ្ចប់ការសិក្សាពី Royal Academy of Music នៅទីក្រុងឡុងដ៍បានបង្រៀនវីយូឡុងនៅសាកលវិទ្យាល័យចាប់ពីឆ្នាំ១៩៩១ រហូតមកហើយអ្នកនាងក៏បានរៀនឧបករណ៍ទ្រសោ និងតន្ដ្រីមហោរីផងដែរ។
នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ អ្នកនាងបាននិយាយថា អ្នកនាងបានឃើញផ្ទាល់ខ្លួនហើយថា វាលំបាកយ៉ាងណាសម្រាប់តន្ដ្រីកររួមអាជីព និងសិល្បករខ្មែរដទៃទៀត។សិល្បករខ្មែរប្រមាណ ៩០ ភាគរយ បានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមប៉ុលពត។
នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ កម្ពុជានៅបន្ដសង្គ្រាមស៊ីវិល ដែលខ្មែរក្រហមត្រូវបានគាំទ្រនៅអង្គការសហប្រជាជាតិហើយស្រមោលនៃអំពើប្រល័យពូជសាសន៍នៅក្នុងកម្ពុជា និងឥទ្ធិពលបំផ្លិចបំផ្លាញដែលបានកើតឡើងលើសិល្បករខ្មែរ និងវប្បធម៌ប្រពៃណីនៅតែបន្ដកើតមាន។
អ្នកនាងកាធើរីនបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ពេលអ្នកនៅសេសសល់ចាប់ផ្ដើមឡើងវិញ កម្ពុជាត្រូវបានបំផ្លាញស្ទើរតែគ្មានសល់អ្វី។យើងបានជំពាក់គុណបំណាច់យ៉ាងច្រើនចំពោះវីរសិល្បករ-សិល្បការិនី ដែលខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ក្នុងស្ថានភាពដ៏លំបាកបំផុតដើម្បីគាស់កកាយកេរដំណែលវប្បធម៌ឱ្យរស់ឡើងវិញ»។
អង្គការ KCDI ត្រូវបានបង្កើតឡើងបំផុសគំនិតដោយសិល្បករទាំងនេះជាមួយក្តីស្រឡាញ់ និងការគោរពយ៉ាងជ្រាលជ្រៅចំពោះទម្រង់សិល្បៈប្រពៃណីរបស់កម្ពុជា។
លោក រស់ សំអឿន អាយុ ៧៦ ឆ្នាំ បានចូលរួមគម្រោង KCDI ជាគ្រូបង្រៀនតន្ត្រីមហោរីក្នុងឆ្នាំ ១៩៩៧។ អតីតសាស្ត្រាចារ្យនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្នុងទីក្រុងភ្នំពេញរូបនេះ បានឱ្យដឹងថាពិតជារីករាយណាស់ដែលលោកបានផ្ទេរចំណេះដឹងទៅឱ្យក្មេងៗជំនាន់ក្រោយហើយពួកគេនឹងបន្តអភិរក្សសិល្បៈប្រពៃណី។
អ្នកនាង កាធើរីន បានឱ្យដឹងថា៖ «នៅឆ្នាំ ១៩៩៤ ខ្ញុំបានសាងសង់សាលាតន្ត្រីប្រពៃណីសម្រាប់កុមារកំព្រា និងពិការនៅក្រុងកំពត។ កាលនោះពិតជាមានបញ្ហាប្រឈមដែរពីព្រោះមានសង្គ្រាមស៊ីវិលនិងវិបត្តិចំណាប់ខ្មាំងហើយនៅមានការបាញ់ផ្លោងរវាងកងកម្លាំងរាជរដ្ឋាភិបាលកម្ពុជា និងខ្មែរក្រហមដែលមានមូលដ្ឋានរឹងមាំនៅភ្នំវល្លិ៍ដោយមានបម្រាមគោចរម៉ោង ៣ រសៀលនៅលើផ្លូវធំពីភ្នំពេញទៅកំពត»។
សព្វថ្ងៃនេះសាលាបង្រៀនតន្ត្រីបុរាណខ្មែរ និងសិល្បៈសម្តែងដល់កុមារដែលងាយរងគ្រោះបំផុត។ កុមារខ្លះស្នាក់នៅក្នុងសាលាហើយពួកគេត្រូវបានមើលថែពេញម៉ោង ខណៈដែលអង្គការកំពុងសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន និងដៃគូសុវត្ថិភាពកុមារអន្តរជាតិ។
តាំងពីដំណើរការមកក្នុងឆ្នាំ ១៩៩៤ ដែលបានឆ្លងកាត់ជំនាន់ជាច្រើនកន្លងមកនេះសិស្សបានសិក្សានៅក្នុងអង្គការមានចំនួនប្រហែល ៨០ នាក់ ដោយសិស្សមួយចំនួនចូលរៀនក្នុងអង្គការតាំងពីពួកគាត់នៅថ្នាក់ទី ២-៣ រហូតដល់ចប់វិទ្យាល័យ។
បើសិនជាពួកគេមានបញ្ហាលំបាកទីទាល់ក្រឬមានពិការភាព អង្គការបានផ្ដល់ទីកន្លែងស្នាក់នៅ និងអាហារ។ នៅពេលរៀនចប់វិទ្យាល័យឬសាកលវិទ្យាល័យ ពួកគេចេញទៅនៅជាមួយសហគមន៍សាច់សាលោហិត ឬរៀបចំជាក្រុមដើម្បីបង្កើតជាអាជីពបន្ដ។ នេះបើយោងតាមលោក ងួន សុធី អាយុ ៥៩ ឆ្នាំជាប្រធានអង្គការ KCDI។
លោកបាននិយាយថា៖ «ការសិក្សានិងស្នាក់នៅក្នុងអង្គការនេះមិនទៀងទាត់ទេដោយសិស្សខ្លះស្នាក់នៅរយៈពេលយូរអង្វែងហើយសិស្សខ្លះទៀតស្នាក់នៅរយៈពេលខ្លីចាប់ពី ២-៣ ខែឬ ៥-៦ ឆ្នាំ ឬរហូតដល់រៀនចប់ តែមិនតិចជាង ៨០ នាក់ទេ សម្រាប់អ្នករៀនរយៈពេលយូរ។ យើងមានវគ្គបណ្ដុះបណ្ដាលសម្រាប់កុមារក្នុងសហគមន៍ ដែលមកហ្វឹកហាត់រួចត្រឡប់ទៅផ្ទះគេវិញ»។
ប្រធានអង្គការរូបនេះបានឱ្យដឹងថា សិស្សខ្លះក៏បង្កើតជាអាជីពខ្លួនឯង ដូចជាក្រុមរបាំមហោរីក្រុមរាំរបាំជូនពរក្រុមភ្លេងការ និងក្រុមរបាំត្រុដិ ជារបរចិញ្ចឹមជីវិតរបស់ពួកគេ និងជាគ្រូបង្រៀននៅអង្គការទៀតផង។
បច្ចុប្បន្ននេះអង្គការប្រមូលកុមារក្នុងសហគមន៍ដែលស្រឡាញ់វិស័យសិល្បៈបុរាណមកហ្វឹកហាត់របាំបុរាណ និងភ្លេងពិណពាទ្យ ដោយខាងអង្គការមានមធ្យោបាយដឹកជញ្ជូនទាំងទៅ និងមកឥតគិតថ្លៃ។
លោក សុធី បានអះអាងថា កុមារសហគមន៍បានចូលរៀនវគ្គបណ្ដុះបណ្ដាលនេះមានចំនួន ១៤ នាក់ ដោយសារចាប់អារម្មណ៍វិស័យសិល្បៈបុរាណដែលទើបចាប់ផ្ដើមដំណើរការជាង ២ ខែ។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ទៀតថា៖ «ការចូលរួមរបស់កុមារក្នុងវិស័យសិល្បៈបុរាណនេះនៅមានចំនួនតិចតួចនៅឡើយទេ។ ក្នុងពេលក្រុមអង្គការយើងចុះជួបនាយកសាលានិងឪពុកម្ដាយសិស្សទាំងអស់ គឺមានតែអ្នកស្រឡាញ់ចូលចិត្ដប៉ុណ្ណោះដែលមកចុះឈ្មោះចូលរៀន»។
បច្ចុប្បន្ន មានក្មេងស្នាក់នៅក្នុងអង្គការចំនួន ១៦ នាក់ ហើយបុគ្គលិកសរុប ១០ នាក់។ មានសំណួរសួរថាតើក្មេងតែ ១៦ នាក់ ហេតុអ្វីមានបុគ្គលិករហូតដល់ ១០ នាក់? លោក សុធី បានពន្យល់ថា វាដោយសារតែគ្រូបង្ហាត់ជំនាញផ្សេងៗដូចជាភ្លេងពិណពាទ្យ ភ្លេងមហោរីរបាំប្រជាប្រិយរបាំបុរាណយីកេល្ខោនស្បែកតូចចាប៉ីដងវែងជាដើមនោះ មានដល់ ៥ នាក់ទៅហើយ។ បុគ្គលិកធ្វើការក្នុងការិយាល័យមាន ៣នាក់មេដោះ ១ នាក់ និងចុងភៅ ១ នាក់។
ក្នុងចំណោមសិស្សស្នាក់នៅទាំង ១៦ នាក់ សិស្សពិការមានចំនួន ៤ នាក់ ហើយសល់ប៉ុន្មានជាកុមារដែលឪពុកម្ដាយមិនអាចមើលថែបាន និងកុមារខ្លះកំព្រាឪពុកអ្នកខ្លះកំព្រាម្ដាយហើយអ្នកខ្លះទៀតកំព្រាទាំងឪពុក និងម្ដាយ។
លោកបានបន្ថែមថា៖ «តាមអង្គការអាចទទួលក្មេងបានរហូតដល់ជាង ៣០ នាក់ ពីព្រោះយើងមាន ៤ បន្ទប់ធំៗដែល ក្នុង ១ បន្ទប់ អាចដាក់សិស្សបាន ៨ នាក់។កន្លងមកយើងមានកុមារស្នាក់នៅ ៣២ នាក់ តែបច្ចុប្បន្ននេះយើងមានគម្រោងធ្វើសមាហរណកម្មពួកគេដោយទទួលតែកុមារទីទាល់ក្រខ្លាំង និងគ្មានអ្នកចិញ្ចឹមតែប៉ុណ្ណោះ»។
យុវជន រ័ត្នថៃ អាចផ្លុំខ្លុយបានយ៉ាងល្អជាមួយក្រុមរបស់ខ្លួន ប៉ុន្តែវង់ភ្លេងកម្រត្រូវបានអញ្ជើញឱ្យចូលរួមសម្តែងក្នុងពិធីណាស់។
លោកបាននិយាយថា៖ «ខ្ញុំមិនខ្វល់ខ្លាំងពេកអំពីជោគវាសនាអាជីពនេះទេ។ ខ្ញុំរៀនឧបករណ៍ភ្លេងបុរាណខ្មែរចេញពីចិត្ត។ ខ្ញុំមិនគិតថា ខ្ញុំគួរប្រញាប់ទៅទំនើបទេ»។
ក្នុងរយៈពេលជិត ៣០ ឆ្នាំកន្លងមក បញ្ហាប្រឈមបំផុតដែល KCDI កំពុងតស៊ូខ្លាំង គឺបច្ចេកវិទ្យាសម័យទំនើប។
នៅពេលដែលអ្នកនាង កាធើរីន បានចាប់ផ្តើមសាលាដំបូងនៅឆ្នាំ ១៩៩៤ មិនមានស្មាតហ្វូន និងគ្មានប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសកម្ពុជាទេ។ មានឥទ្ធិពលខាងក្រៅតិចតួចណាស់ពីវប្បធម៌លោកខាងលិច។ នេះមានន័យថាតន្ត្រី និងសិល្បៈប្រពៃណីខ្មែរបានក្លាយជាចំណុចស្នូលក្នុងសង្គមកម្ពុជា។
សម្ពាធ និងឥទ្ធិពលពីខាងក្រៅចាប់ផ្ដើមកើនកាន់តែច្រើនឡើង ដូច្នេះហើយទោះបីជាតន្ត្រីនិងសិល្បៈបុរាណខ្មែរត្រូវបានគាំទ្រយ៉ាងខ្លាំងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងមហោស្រពជាតិ និងអង្គការក្រៅរដ្ឋាភិបាលនានាក៏ដោយក៏នៅតែមានយុវជនជាច្រើនពិតជាមិនដឹងអំពីបេតិកភណ្ឌវប្បធម៌របស់ពួកគេហើយជារឿយៗមិនត្រូវបានលើកទឹកចិត្តដោយឪពុកម្តាយរបស់ពួកគេឱ្យបន្តអាជីពនៅក្នុងតន្ត្រីនិងសិល្បៈប្រពៃណីខ្មែរឡើយ។
អ្នកនាងបន្តថា ប្រជាជនត្រូវតែអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ខ្មែរ។ តន្ត្រីនិងសិល្បៈបុរាណស្ថិតនៅក្នុងភាពស្រស់ស្អាតដែលមនុស្សគ្រប់គ្នាស្វែងរកភាពស្ងប់សុខនិងសន្តិភាពដ៏អស្ចារ្យ។ តន្ត្រីបុរាណខ្មែរគឺជាអំណោយដ៏អស្ចារ្យសម្រាប់កម្ពុជា។ មនុស្សជាច្រើនមិនបានដឹងថា ភ្លេងខ្មែរត្រូវបានប្រើសម្រាប់ទិដ្ឋភាពច្រើនយ៉ាងក្នុងជីវិតតាំងពីកើតរហូតដល់ស្លាប់។
អ្នកនាង កាធើរីន បានអំពាវនាវថា៖ «សូមឱ្យយើងទាំងអស់គ្នាខិតខំគោរពនិងស្រឡាញ់តន្ត្រីប្រពៃណីខ្មែរ និងសិល្បករខ្មែរទាំងនោះ ដែលបានបាត់បង់ជីវិតចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ដោយសារពួកគេជាវីរសិល្បករក៏ដូចជាអ្នកដែលនៅរស់រានមានជីវិត និងខិតខំយ៉ាងខ្លាំងក្នុងការស្តារឡើងវិញនូវបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់កម្ពុជាក្រោយឆ្នាំ ១៩៧៩។
លោក សុធូ បានឱ្យដឹងថា ក្នុងនាមជាស្ថាបនិកនៃអង្គការ ១ អស់រយៈពេលជាង ២០ ឆ្នាំមកហើយនោះ អ្នកនាងកាធើរីនបានលះបង់ខ្លាំង និងច្រើនណាស់សម្រាប់កុមារកម្ពុជាក្នុងការជួយពួកគេឱ្យទទួលបានមរតកសិល្បៈប្រពៃណីនិងស្វែងរកមូលនិធិសម្រាប់ទ្រទ្រង់សាលារៀន និងជីវភាពរស់នៅ៕