បាត់ដំបងៈ ឃុំ​តា​សែន​ស្រុក​កំរៀង​ខេត្តបាត់ដំបង​ជា​អតីត​ទីលាន​សង្គ្រាម​ដែល​ផ្ទៃដី​ភាគច្រើន​បង្កប់​ដោយ​គ្រាប់មីន​ និង​សម្បូរ​ជនរងគ្រោះ​ដោយ​គ្រាប់មីន​ ប៉ុន្តែ​ទឹកដី​និង​ប្រជាពលរដ្ឋ​ដែល​ធ្លាប់តែ​រងគ្រោះ​ដោយ​គ្រាប់មីន​នេះ បានក្លាយ​ទៅជា​ទីតាំង​ផលិត​ស្រា​ខ្មែរ​ដ៏​ល្បី​មួយ​ផ្តួច​ផ្តើមគំនិត​ដោយ​បុរស​ជនជាតិខ្មែរ​អ្នកបកប្រែ​ភាសា​ជប៉ុន​ម្នាក់​ និង​បុរស​ជនជាតិ​ជប៉ុន​ម្នាក់​ជា​អតីត​អ្នកជំនាញ​ការដោះមីន​នៅ​តំបន់​នោះ​។​ ស្លាក​សញ្ញា​ជា​ក្រឡា​ហូល​រំលេច​ដោយ​ពណ៌​មាស​និង​មាន​រូប​សញ្ញា​ប្រសាទ​អង្គរវត្ត​ផុសចេញ​ពី​ផ្ទៃក្រឡា​ហូល​នៅលើ​ប្រអប់​ដប​ស្រា​គឺជា​ស្លាក​សម្គាល់​ផលិតផល​កែច្នៃ​ស្រា​ធ្វើ​ពី​អង្ករ ពី​ដំឡូង​មី ពី​អំពៅ ស្រា​ខ្នុរ ស្រា​ស្វាយ ដែល​ផលិត​ចេញពី​ដំណាំ​កសិកម្ម​របស់​ខ្មែរ​ពិតៗ​។​

លោក សុខ​មាន ជា​អតីត​អ្នកបកប្រែ​ភាសា​ជប៉ុន​ឱ្យ​លោក TakayamaRyoji​ ជា​អតីត​អ្នកជំនាញការ​ផ្នែក​ដោះមីន​នៃ​អង្គការ​មួយ​របស់​ប្រទេស​ជប៉ុន​បាន​រៀបរាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ឃុំ​តា​សែន គឺជា​ឃុំ​មួយ​សម្បូរ​ដោយ​គ្រាប់មីន​បង្កប់​នៅក្នុង​ដី​ច្រើនជាងគេ​ក្នុងចំណោម​៦​ឃុំ​នៅក្នុង​ស្រុក​កំរៀង ខេត្តបាត់ដំបង​។ គម្រោង​ការងារ​របស់​លោក​មាន​ឈ្មោះថា «​ការ​បោសសម្អាត​មីន​ផ្អែកលើ​សហគមន៍​» សហការ​ជាមួយ​ស៊ីម៉ាក់​បាន​ចុះទៅ​ប្រតិបត្តិ​ការដោះមីន​នៅក្នុង​ឆ្នាំ​ ២០០៥ ​ក្នុង​គម្រោង​សាកល្បង​។ ​ស្របពេល​កំពុង​បំពេញការងារ​បោសសម្អាត​គ្រាប់មីន​លោក TakayamaRyoji​ បាន​សង្កេតឃើញថា ប្រជាកសិករ​នៅ​តំបន់​នោះ​នាំគ្នា​ដាំ​ដំណាំ​ហូប​ផ្លែ​បានល្អ​ហើយ​ពួកគាត់​បាន​ពង្រីក​ការដាំដុះ​ដំណាំ​កសិកម្ម​បន្ថែមទៀត​នៅលើ​ផ្ទៃដី​ដែល​បាន​បោសសម្អាត​មីន​រួច​និង​ទទួលផល​បាន​កាន់តែ​ច្រើនជាង​មុន​ទៀតផង​។

លោក​បន្តថា​ជនជាតិ​ជប៉ុន​ម្នាក់នេះ​មើលឃើញថា​ប្រជាកសិករ​នៅក្នុង​តំបន់​នោះ​ដាំ​ដំណាំ​បាន​ច្រើន​មែន​តែ​ពួកគាត់​យក​ផលដំណាំ​ទៅ​លក់​នៅ​ប្រទេស​ថៃ​បាន​តម្លៃថោក​ហើយ​ជួន​កាលបើ​រដូវភ្លៀង​វិញ​ធ្វើឱ្យ​កសិផល​របស់​ពួកគាត់​ត្រូវ​ខូចខាត​ធ្លាក់​តម្លៃ​កាន់តែខ្លាំង​ដូចជា​ដំឡូង​មី ពោត​ និង​គ្រាប់សណ្តែក​ជាដើម​ដែល​ធ្វើឱ្យ​ពួកគាត់​ជួបប្រទះ​នូវ​ហានិភ័យ​យ៉ាងខ្លាំង​។​ ដោយសារតែ​មានបំណង​ជួយ​ប្រជាកសិករ​ ដើម្បី​ទិញ​កសិផល​របស់​ពួកគាត់​ក្នុងតម្លៃ​មួយ​សមរម្យ​ផង​នោះ​លោក TakayamaRyoji​ រួម​នឹង​រូបលោក​ផ្ទាល់ បាន​គិតថា​នឹងធ្វើ​ការកែច្នៃ​ផលិតផល​ដំណាំ​កសិកម្ម​ទាំងនេះ​ឱ្យទៅជា​ស្រា​វិញ​។​

បើតាម​លោក សុខ មាន នៅ​អំឡុង​ឆ្នាំ ​២០០៨ ក្រុមការងារ​របស់លោក​បានចាប់ផ្តើម​ជ្រើស​រើសយក​មើមដំឡូង​មី​មុនគេ ក្នុងការ​កែច្នៃ​ជា​ស្រា​ដំឡូង​មី​ទាំង​ខ្លួន​លោក​នៅ​មិនទាន់មាន​ជំនាញ​ផ្នែក​បិទស្រា​នៅឡើយ​ផង​ ប៉ុន្តែ​លោក​បាន​សិក្សា​ស្វែងយល់​ពី​ការផលិត​ស្រា​ជា​បណ្តើរៗ​ហើយ​បាន​រើសយក​អ្នកភូមិ​ម្នាក់​ដែលមាន​ជំនាញ​ចេះ​បិទស្រា​អង្ករ​ឱ្យ​គាត់​មក​បិទស្រា​ដំឡូង​មី​តែ​មិន​ទទួលបាន​ជោគជ័យ​ឡើយ​។ ​ព្រោះ​ស្រា​ដែល​បិទ​នោះ​គ្មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ដែល​មិនអាច​យកទៅ​ប្រកួតប្រជែង​ជាមួយ​ផលិតផល​ស្រា​នៅ​បរទេស​បានឡើយ​។​បន្ទាប់មក​លោក TakayamaRyoji បាន​ត្រឡប់​ទៅ​ប្រទេស​ជប៉ុន​ហើយ​បាន​នាំយក​មេស្រា​ពី​ប្រទេស​ជប៉ុន​យកមក​ឱ្យ​លោក​បិត ផ្សំ​ជាមួយ​មើមដំឡូង​មី ហើយក៏​ទទួលបាន​ស្រា​ដែលមាន​រសជាតិ​ល្អ​ឈ្ងុយឆ្ងាញ់​និង​បាន​នាំ​ចេញទៅ​ប្រទេស​ជប៉ុន​ទៀតផង​។​

លោក សុខ​មាន បាន​រៀបរាប់​ទៀតថា ស្រា​ដំឡូង​មី​របស់លោក​ត្រូវ​បានទទួល​ការសរសើរ​ពី​អ្នកជំនាញ​ផលិត​ស្រា​នៅ​ប្រទេស​ជប៉ុន​ហើយ​អ្នកជំនាញ​ជប៉ុន​គេ​ពិនិត្យ​គុណភាព​បញ្ជាក់ថា​ស្រា​មានគុណ​ភាពល្អ​។ ​នៅពេលនោះ​ក្នុងអំឡុង​ឆ្នាំ​ ២០១៣ ​ក្រុមការងារ​របស់លោក​បាន​បង្កើត​ទៅជា​សហគ្រាស​ឈ្មោះថា ​«​សុរា​ខ្មែរ​» ​ហើយ​ក៏មាន​អ្នកបញ្ជា​ទិញ​ពី​ប្រទេស​ជប៉ុន​ជា​បណ្តើរៗ​ដែរ​។​ ដោយសារ​អាជីវកម្ម​ផលិត​ស្រា​ពី​ដំណាំ​កសិកម្ម​មានការ​គាំទ្រ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ជាពិសេស​ប្រទេស​ជប៉ុន​ផង​នោះ លោក​ក៏​ចាប់ផ្តើម​រុះរើ​រោង​បិទស្រា​តូច​មួយ​នោះ ពង្រីក​ទៅជា​រោង​ធំ​ល្មម​១​ជាទី​តាំង​សម្រាប់​ផលិត​ស្រា​និង​ស្រាវជ្រាវ​បន្តទៀត​។​ ចំពោះ​ផលិតផល​បច្ចុប្បន្ន​មានដូចជា ស្រា​អង្ករ ស្រា​អំពៅ ស្រា​ខ្នុរ និង​ស្រា​ស្វាយ​ជាដើម​។

លោក​ថ្លែងថា​៖ «​ដើម្បីឱ្យ​យល់ដឹង​ពី​បច្ចេកទេស​ផលិត​ស្រា​ខ្ញុំ​បាន​ទៅ​សិក្សា​ស្វែងយល់​ខ្លះៗ​តាមរយៈ​ការ​ទៅធ្វើ​ទស្សនកិច្ច​នៅ​ជប៉ុន​នៅ​កន្លែង​រោងចក្រ​ផលិត​ស្រា​ជប៉ុន​ផ្ទាល់​។​ មាន​ឯកសារ​មក​រៀន​បន្ថែម​ទៀត​រហូត​ខ្ញុំ​យល់បាន​ច្រើន និង​ចេះ​ជំនាញ​នេះ​រហូតដល់​បច្ចុប្បន្ន និង​ធ្វើឱ្យ​គុណភាព​ស្រា​កាន់តែ​ប្រសើរឡើង​»​។​

លោក​បន្ថែមថា​ចាប់តាំងពី​ពង្រីក​ខ្លួន​ទៅជា​សហគ្រាស​មក​លោក​បាន​សំណូមពរ​ដល់​ប្រជាកសិករ​ឱ្យដាំ​ដំណាំ​ដែលជា​វត្ថុធាតុដើម​សម្រាប់​ផលិត​ស្រា​។​ ជាមួយគ្នានេះដែរ​លោក​ក៏មាន​ចម្ការ​ផ្ទាល់ខ្លួន​ខ្លះ​ដែរ​ដើម្បី​ដាំ​ដំណាំ​កសិកម្ម​ទុក​បម្រុង​ដើម្បី​បម្រើ​ដល់​ការផលិត​ស្រា​។​ ចំពោះ​ផលិតផល​ស្រា​ធ្វើ​ពី​ដំណាំ​កសិកម្ម​នេះ​ក៏មាន​ការទទួលស្គាល់​ស្នាដៃ​ពី​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស​បាន​មួយចំនួនធំ​ដែរ​។​ លើសពីនេះ​មានការ​ចាប់អារម្មណ៍​ពី​ភ្ញៀវទេសចរ​បរទេស​ដែល​មក​ទេសចរ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​។ នៅពេល​ភ្ញៀវទេសចរ​បរទេស​មក​ដល់​ប្រទេស​កម្ពុជា​យើង​គេច​ង់​ភ្លក្ស​ផលិតផល​របស់​ខ្មែរ​ដែលមាន​ស្រា​ខ្មែរ​ជាដើម​។​ ពេល​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​វិញ​គេ​ទិញ​ផលិតផល​ពី​ស្រុក​ខ្មែរ​។ ​ដូច្នេះហើយ​ផលិតផល​ស្រា​របស់លោក​ក៏​ទទួលបាន​ការគាំទ្រ​ពី​ភ្ញៀវ​បរទេស​ច្រើន​។​

លោក​ សុខ​មាន ​លើកឡើងថា ការផលិត​ស្រា​របស់លោក​មាន​លក់​នៅ​លើ​ទីផ្សារ​ក្នុងស្រុក​ដែរ មានដូចជា​ផ្សារ​ទំនើប ផ្សារ​ទំនើប​បាយ័ន ផ្សារ​ទំនើប​អ៊ី​អន​និង​តាម​ហាង​លក់ទំនិញ​ក្នុង​ព្រលានយន្តហោះ​ភ្នំពេញ ព្រលានយន្តហោះ​ខេត្តសៀមរាប ព្រលានយន្តហោះ​ខេត្ត​ព្រះសីហនុ និង​តាម​ហ្វេ​ស​ប៊ុ​ក​ជាដើម​។​អ្វីដែល​សំខាន់​នោះ​គឺ ផលិតផល​របស់លោក​ត្រូវបាន​ផ្តោតទៅលើ​គុណភាព អត្ថប្រយោជន៍​ដល់​សុខភាព ហើយ​លោក​ព្យាយាម​ផលិត​ស្រា​តាម​លក្ខណៈ​សរីរាង្គ ដើម្បី​ជួយ​លើកតម្កើង​សុខភាព​អ្នកប្រើប្រាស់​។ ​ចំពោះ​មេស្រា​គឺ​លោក​បានធ្វើ​មេស្រា​ (​ដំបែ​)​ ដោយ​ខ្លួនឯង ហើយ​លោក​នាំចូល​ពូជ​ដំបែ​ពី​ជប៉ុន​មក​បង្កាត់​ទៅជា​ដំបែ​របស់​ខ្លួនឯង​។

លោក ​សុខ​មាន​ បញ្ជាក់ថា​៖ «​មិន​ថា​ស្ថាប័នឯកជន ស្ថាប័នរដ្ឋ​ ឬក៏​ស្ថាប័ន​អង្គការ​ផ្សេងៗ​ទេ​មានការ​គាំទ្រ​ស្រា​ផលិត​​ពី​ដំណាំ​កសិកម្ម​នេះ​កាន់តែច្រើន​។​ ចំពោះ​ទីផ្សារ​ក្នុងស្រុក​លក់ដាច់​មធ្យម​ដែរ​ហើយ​ឥឡូវនេះ​អ្នកបញ្ជា​ទិញ​នៅ​ប្រទេស​ជប៉ុន​កំពុង​ធ្វើ​អាជ្ញាប័ណ្ណ​នៅ​ប្រទេស​ជប៉ុន​ទើប​អាច​ទិញ​ស្រា​ពី​យើង​បាន​។​ខ្ញុំ កំពុង​កែច្នៃ​ផលិត​ស្រា​ទៅតាម​អ្នកទិញ​ហើយ​ខាង​អ្នកទិញ​ជប៉ុន​គេ​កុម្ម៉ង់​ឱ្យ​ឌី​ហ្សា​ញ​ដប ប្រអប់​សម្រាប់​ដាក់​ដប និង​គ្រោង​នាំទៅ​ពេល​ឆាប់ៗ​នេះ​»៕