ភ្នំពេញៈ ​មហោ​ស្រពភាពយន្តខ្លី​លើក​ទី​១១​ បញ្ចប់​​ដោយភាព​ជោគជ័យ​ក្នុង​រយៈពេល​ ​៤ ​ថ្ងៃ​ ​ហើយ​ខ្សែ​​​​​​ភាព​យន្ត​ខ្លី ក្នុង​ស្រុក​​រឿង​ «សំឡេងរាត្រី» បាន​ជាប់​​ជយ​​​​​​លាភី​​​ភាពយន្ត​ល្អបំផុត​​​ប្រចាំ​ឆ្នាំ ​២០២២ ជា​​មួយ​​​​​​ប្រាក់​រង្វាន់​​​ចំនួន ១ ០០០ ​ដុល្លារ​។​ នេះ​បើ​តាម​​​ការ​បញ្ជាក់​​ពី​​​ប្រធាន​មហោ​ស្រព​ឆ្នាំ​​ ២០២២ កាល​​​ពី​រាត្រី​​ថ្ងៃទី ​២៨ ខែ​​​វិច្ឆិកា។​

លោក ស៊ុំ ស៊ីថែន ប្រធាន​មហោស្រពភាពយន្ត​ឆ្នាំនេះ​​ ​​​បាន​ប្រាប់​​​ថា ចំនួន​​​​ទស្ស​​និក​ជន​​​​ចូល​មក​​​មើល​ភាព​​យន្ត​ខ្លី​​​​​នៅ​សាល​មហោ​ស្រព​ចតុមុខ រោង​ភាព​យន្ត Legend និង​រោង​ភាព​​យន្ត Major Cineplex ​ ​ដែល​​​មាន​​​ខ្សែភាព​យន្ត​​ចាក់​បញ្ចាំង​សរុប​​​ចំនួន​ ៥៥​​​ រឿង នោះ​​សរុប ៥០០ ​នាក់​​។​

លោក​​​បញ្ជាក់​ថា៖ «ចំនួន​ ៤ ​ថ្ងៃ​​ មានអ្នក​​ទស្សនា​ចំនួន ៥០០ ​នាក់ និងការ​ផ្សព្វ​ផ្សាយ តាមរយៈ​បណ្តាញ​​​​​​សង្គម ​ដែល​ទទួល​បានការ​ចូលចិត្ត (Likes) បន្ថែម​មាន​ ១ ៣៤៩ ​នាក់ អ្នកចាប់អារម្មណ៍ (Reaches) ចំនួន ១៦៣ ​៧២៧ នាក់ ដែល​គិត​ពីថ្ងៃទី​ ៨ ខែមីនា ឆ្នាំ​ ២០២២ (ថ្ងៃបើកទទួល​រឿង​ប្រកួត) រហូតដល់ថ្ងៃទី ២៨ ខែ​វិច្ឆិកា ឆ្នាំ ២០២២»។

ភាព​យន្តខ្លី​កម្ពុជា​​​​ល្អបំផុត​ប្រចាំ​​មហោស្រព​ឆ្នាំ​នេះ​ បាន​​​ទៅ​លើ​រឿង «សំឡេង​រាត្រី» របស់​សមិទ្ធករ សុខ ច័ន្ទរ៉ាដូ និង​វ៉ាន់ គង់ហា ​ដែល​​ទទួល​​បាន​ប្រាក់​​រង្វាន់ចំនួន​ ៤​ លានរៀល។ ឯភាព​យន្ត​ខ្លី​កម្ពុជា​រឿង «ថ្ងៃ​​រះ​ក្នុង​ចិត្ត» របស់​សមិទ្ធករ សាន ដានិច ​​ជាប់​រង្វាន់ឆ្នើម​បន្ទាប់​ ទទួល​បាន​​ប្រាក់​រង្វាន់​ ២​ លាន​រៀល។

ភាពយន្ត​ខ្លី​រឿង ​«កញ្ញាអតិថិជន» របស់​សមិទ្ធករ​ ទី ទេព​និមល ជាប់​ពាន​​រង្វាន់​​ពី​ទស្សនិក​ជន​​​ក្នុង​ស្រុក​ បាន​​ប្រាក់​​​ ១,២ លាន​រៀល ហើយ​រឿង​ «ពលី» របស់​សមិទ្ធករ ថោង សារ៉េត ​​ជាប់​រង្វាន់​​លើក​ទឹក​​ចិត្ត​ពី​​​​មេ​ប្រយោគ​ ​ទទួល​បាន​បណ្ណសរសើរពី​កម្ម​វិធី​។ ​

​​ឯ​ភាព​យន្ត​ខ្លី​អន្តរជាតិ​ល្អ​បំផុត​វិញ ​បាន​​​លើ​​រឿង «Curupira and the Machine of Destiny» របស់​​​​សមិទ្ធករ Janaina Wangner ​ជាមួយ​ប្រាក់​រង្វាន់ ​១,២ លាន​រៀល។​ ភាព​យន្ត​ខ្លី​អន្តរជាតិ​រឿង «Domar» របស់​សមិទ្ធករ Alcibiade Cohen ជាប់​រង្វាន់​លើក​ទឹក​​ចិត្ត​ពី​មេប្រយោគ ឯ​ភាព​យន្ត​ខ្លី​អន្តរ​ជាតិ​​​​រឿង «Lili Alone» របស់​​សមិទ្ធករ Zou Jing ជាប់​ពាន​​រង្វាន់​ពី​ទស្សនិកជន​​ ដោយ​ទទួល​បាន​បណ្ណ​​​​​សរសើរ​ពី​កម្ម​វិធី​។​

​ថ្លែង​​​ក្នុង​​ថ្ងៃបិទ​​មហោស្រព​ភាពយន្ត​ខ្លី​នោះ​ដែរ លោក ​ស៊ុំ ស៊ីថែ​ន បានកត់សម្គាល់​ពី​ចំណុច​សំខាន់​សម្រាប់​​កម្ម​វិធី​​​​មហោ​ស្រព​​​ភាពយន្ត​ខ្លី​​ឆ្នាំ​ ២០២២​ នេះ មាន​លក្ខណពិសេសប្លែក​ជាង​លើក​មុនៗ​ មាន​​​​​ចំនួន ​​​៦ ចំណុច​​​​​​​។ ​​​ចំណុចទី​១​ ​ជំនាន់​ទី១១ នេះ ​ភាព​យន្ត​​ខ្លី​​​​​ដែល​មានគុណភាព​ និង​​ទទួល​​​ស្គាល់​​​ពី​មហោ​ស្រព​ក្រៅ​ស្រុករួចហើយ​ ​ក៏​​កម្មវិធី​នៅ​​តែ​បើក​ឱកាស​​ដ​ល់​យុវ​សមិទ្ធ​ករ​ជំនាន់ថ្មី ​មក​​ពី​សាលា PSE ​មាន​​ ៦ រឿង ដាក់បន្ត​​​ឆ្នាំ​នេះ។ 

ចំណុច​ទី​២​ ភាព​យន្តឯកសារ​នៅតែ​បន្ត​ទទួល​ទាំង​ក្នុង​ស្រុក និងក្រៅស្រុក ជាពិសេស​ពី​​គម្រោង​ ២ គឺ «តោះ​ថត​ឯកសារ​នៅកម្ពុជា» កាល​​ពីឆ្នាំ ២០២១ និង​ឆ្នាំ ២០២២ ​ថ្មីៗនេះ​ មាន​​វគ្គ Docu Collab​ ដែល​រៀបចំ​​​ដោយ​អង្គការ​ភាពយន្ត​ឈូករ័ត្ន​បាន​បណ្តុះបណ្តាល​យុវជន ជា​​ជនជាតិ​ដើម​​​ភាគ​តិច​ ៦ ​រូប​ មក​​ពី​ខេត្ត​រតន​គិរី ​ក្រចេះ កំពង់ធំ​ និង​ពោធិ៍សាត់។

ចំណុច​ទី​៣​​ កម្ម​វិធី​មហោស្រព​​ នឹងមិន​អាច​ដំណើរ​ការតទៅ​បានទេ ​បើគ្មាន​ក្រុម​ស្ម័គ្រ​ចិត្ត​ដូចរាល់​ដង គ្រាន់​​តែ​​​លើក​នេះ ​ហាក់​ឃើញ​មានភាព​រអាក់​រអួលខ្លះ។

លោក ស៊ុំ ស៊ីថែន សង្កត់ធ្ងន់​ថា៖ «​ខ្ញុំ​សូម​ស​រសើរ​​ទឹក​​ចិត្ត​ដល់​អ្នកស្ម័គ្រចិត្ត​ ដែលនៅ​បន្ត​ការងារ​ក្នុង​មហោ​ស្រព ​តាំងពីខែ ៣ ​មក​ដល់​បច្ចុ​ប្បន្ន (ទី ​២៨ វិច្ឆិកា)​។​ ចំណុច​នេះ​​បញ្ជាក់​ពី​ការរក្សានូវ​ចំណាប់​អារម្មណ៍ និង​ការបត់បែន ​ពី​សំណាក់​យុវ​ជន​​​ខ្មែរ​​​​ ក្នុង​ការ​កសាង​ចលនារស់រវើក​​ដល់វិស័យ​ភាព​យន្ត។​ ពិតណាស់​​ការងារ​ចាត់​ចែង និង​អន្តរ​​​បុគ្គល​​របស់​ពួកគេ ​បង្ហាញពី​គោលដៅ​មួយទៀត​​ ក្នុង​ការរួមចំណែក​ដល់​ធន​ធាន​មនុស្ស​ក្នុង​ស្រុក​​ លើ​​ផ្នែក​អ្នក​ដឹកនាំ​គម្រោងភាពយន្ត​ ហើយ​មិន​ត្រឹមតែ​អ្នក​ធ្វើភាព​យន្ត ឬសមិទ្ធិករ​ទេ!»។​

ចំណុ​ច​​ទី​៤ នៅ​តែ​មាន​ការ​អនុញ្ញាត និង​គាំទ្រ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ និង​ក្រសួង​ព័ត៌​មាន។​​ ចំណុច​ទី​៥ ដើម្បីធានា​ដល់ស្ថានភាពហិរញ្ញវត្ថុ ​និងប្រតិបត្តិការគឺ​មហោស្រព ​ក៏​ទទួល​បាន​​​​​ការ​ចូលរួ​ម​ពី​​​មូ​លនិធិកុមារ​កម្ពុជា (CCF) មូលនិធិ Purin Pictures និង​អ្នក​វិភាគ​ទាន​ តាម​ការ​អំពាវ​​នាវ​អន​​ឡាញ​ជាច្រើន​ទៀត​។

ចំណុច​ទី​៦ ឆ្នាំនេះ​កម្ម​វិធី​សម្រេច​​រើស​ជយលាភីពី​ឆ្នាំ​មុនៗ​ ដូចជាលោក​ លី ប៉ូឡែន និង​លោក​​​​ចាប សោម​ច័ន្ទរិទ្ធិ​ មកធ្វើជា​មេ​ប្រយោគ សម្រាប់​ភាពយន្ត​ក្នុង​ស្រុក ដើម្បី​​បញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​​​​ផ្សារ​​​​​​​ភ្ជាប់​​​ពី​​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ​តាម​រយៈ​ការ​ឱ្យ​យោ​បល់ និង​​វាយ​តម្លៃ​​ស្ថាបនា​​ទៅ​វិញ​ទៅ​​មក។​ ​

លោក ​ស៊ុំ ស៊ីថែន​ លើកឡើង​សរុប​ថា៖ «ចំណុច​លេច​ធ្លោ​ទាំង​នេះ ​នាំមក​នូវ​អារម្មណ៍​ពិសេស​នៅ​ឆ្នាំ​ ២០២២ តាមរយៈ​ការផ្តល់​ប្រយោជន៍​​ដល់​សហគមន៍​ភាពយន្ត​របស់​យើង​។ ទោះ​ពេល​ខ្លះ មាន​ការ​​យ៉ាប់​យឺន​យ៉ាង​ណាក្តី​ ក៏ស្មារតី​ស្នូល​របស់​យើង​នៅ​មិន​ប្រែ​ប្រួល ​ព្រោះខ្ញុំ​ជឿថា​ គ្រាប់​ពូជ​ល្អៗ នឹង​​ត្រូវ​បាន​បណ្តុះ​ចេញ​មក​បន្ថែម​តាមរយៈ​មហោ​ស្រព​យើង​នៅ​រាល់​ឆ្នាំទៅ​មុខ​ទៀត​»។

ចក្ខុ​​វិស័យ​នេះ​ កាន់តែ​ក្លាយ​ជាការ​ពិត ខណៈដែល​អង្គការ និង​ក្រុម​ភាព​យន្ត​ឈូក​រ័ត្ន បន្ត​ពង្រីក​សម្ព័ន្ធ​កិច្ច​ និង​ភាព​ជាដៃគូ​រប​ស់ខ្លួន​ពេញ​ផ្ទៃ​​ប្រទេស និង​លើឆាក​អន្តរ​ជាតិ។

ទោះជា​យ៉ាង​ណា មហោ​ស្រព​យើង​នៅ​តែ​បន្ត ទទួល​ការចូល​រួមជា​​ថវិកាបន្ថែ​ម ​​ដើម្បីទ្រ​ទ្រង់​ជំនាន់ទី១២ ​នៅ​​​ឆ្នាំ​ ២០២៣​ ឱ្យ​មាន​ភាព​រលូន​តាម​រយៈ​គណនី​ ​ABA -SUNFLOWER FILM ORGANIZATION-000 804 814៕​