ភ្នំពេញៈ ​ស៊ី​ប៉ា​ដែល​ជា​អង្គ​ការ​ក្រៅរដ្ឋាភិ​បាល​ឈាន​មុខ​គេក្នុង​វិស័យ​អំ​ណាន​ និង​អក្ខ​រកម្ម​ប្រារព្ធ​ខួប​ ៤០​ ឆ្នាំ ​នៃ​ការ​បម្រើ​តម្រូវការ​អប់រំ​របស់​ប្រជា​ជន​កម្ពុជា ​នៅ​ថ្ងៃទី​ ៣ ​ខែ​ធ្នូ ឆ្នាំ​ ២០២២​ ដោយ​មាន​ការតាំង​ពិព័រណ៍​សៀវភៅ​ដែល​មានប​ញ្ចុះតម្លៃ​រហូត​ ៣០ ​ភាគ​រយ ​និង​កម្ម​វិធី​ផ្សេងៗ​ទៀត​រយៈ​ពេល​ ១ ថ្ងៃ​ពេញ​ នៅ​ទីស្នាក់​ការ​ក្នុង​រាជ​ធានី​ភ្នំពេញដោយ​បើក​ឱ្យ​ចូល​រួម​ដោយ​សេរី​។​

​អង្គការ​ស៊ី​ប៉ា បាន​ចាប់​ផ្តើម​ដំណើរ​មនុស្ស​ធម៌​របស់​ខ្លួន​នៅ​ទីក្រុង Versailles របស់​បារាំង ​ក្នុង​ឆ្នាំ ​១៩៨២ ​និង​បាន​បើក​ថ្នាក់​រៀន​ដំបូង​របស់​ខ្លួន​នៅ​ជំរំ​ជន​ភៀស​ខ្លួន ​Phanat Nikhom ក្នុង​ប្រទេស​ថៃដើម្បី​ទទួលនិ​ង​ធ្វើ​សមា​ហរណ​កម្ម​ជន​ភៀស​ខ្លួន​នៅ​កម្ពុជា ​វៀត​ណាម និង​ឡាវ ទៅ​ប្រទេស​បារាំង បន្ទាប់​ពី​មាន​សង្គ្រាម​។

នៅ​ឆ្នាំ​ ១៩៩១​ អង្គការ​ស៊ី​ប៉ា បាន​បោះ​ជំហាន​ដំបូង​របស់​ខ្លួននៅ​ក្នុង​ប្រទេស​កម្ពុជា ​ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក អង្គការ​បាន​ជួយ​កសាង​ប្រទេស​ឡើង​វិញ​តាម​រយៈ​កម្មវិធី​អប់រំ​ផ្សេងៗ​។​

​កញ្ញា ​សុខ ម៉ូ​លីកា ជំនួយ​ការ​ផ្នែក​ទំនាក់​ទំនង និង​ទីផ្សារ​ឌីជី​ថល​នៃ​អង្គការ​ស៊ី​ប៉ា បាន​ឱ្យដឹង​ថា ការ​ប្រារព្ធ​ខួប ៤០ ​ឆ្នាំ នៃ​អង្គការ​ស៊ី​ប៉ា នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ៣ ​ខែធ្នូ ឆ្នាំ​ ២០២២ នៅ​ទីស្នាក់​ការ​ខ្លួន​ដែល​ស្ថិត​នៅ​លើ​អគារ​លេខ​១៤៨ ​នៃ​មហា​វិធី​ព្រះ​ន​រោ​ត្ដម ​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន ​រាជធានី​ភ្នំពេញ​ ចាប់ពី​ពេល​ព្រឹក​រហូត​ដល់​ពេល​ល្ងាច​។

​កញ្ញា​បាន​បញ្ជាក់​ថា​៖ «​ស៊ី​ប៉ា​នឹង​បើក​ទ្វារ​ទទួល​សម្រាប់​សា​ធារណ​ជន​ចូល​ទស្សនា​ស្វែង​យល់​ពី​គម្រោង ​និង​ក្រុមការងារ​តាម​រយៈ​ស្តង់​ពិព័រណ៍​សៀវ​ភៅ​ផ្សេងៗ​​ជា​មួយ​នឹង​ការបញ្ចុះ​តម្លៃ​ពិសេស ​៣០ ​ភាគរយ​ នៃ​ការ​ជាវ​សៀវភៅ​នានា​។ យើង​ក៏​មាន​កម្មវិធី​ជួប​ជា​មួយ ​DJ Nana ដែលជា​ទូត​សុច្ឆន្ទៈ​របស់​អង្គការ​ស៊ី​ប៉ាដែល​ជា​ភ្ញៀវ​កិត្តិ​យស​របស់​យើង​នៅ​ក្នុង​កម្មវិធី «​ស៊ី​ប៉ា​ ៤០ ​ឆ្នាំ​» ឬ Dj NanaTips​»។​

DJ Nana គឺជា​បុគ្គល​ល្បី​ម្នាក់​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​មាន​អ្នក​តាម​ដាន​ដល់​ទៅ​ ១,៥​ លាន​នាក់​។ ក្នុង​នាម​ជា​ទូត​សុច្ឆន្ទៈ​របស់​ស៊ី​ប៉ា ​DJ Nana តែង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ និង​ចំណេះដឹង​ជាប្រចាំ​អំពី​អំ​ណាន ​សម្រាប់​កុមារ ក៏ដូចជា​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​សារៈ​សំខាន់​នៃ​ការ​អាន​ផង​ដែរ​។ កម្មវិធី ​ស៊ី​ប៉ា ៤០ ឆ្នាំ​ខាង​មុខ​នេះ DJ Nana ក៏​នឹង​មាន​សកម្ម​ភាព​អំ​ណាន​សប្បាយៗ​ជា​មួយ​កុមារ​ទៀត​ផង​។​

​កញ្ញា ​សុខ ម៉ូ​លីកា ​បន្តថា​៖ «​លើស​ពីនេះ ​ក៏មាន​ការប្រ​កាស​លទ្ធ​ផល​ជយ​លាភី​នៃ​កម្ម​វិធី​ប្រកួត​អ្នក​និពន្ធ ​និង​អ្នក​គំនូរ​សៀវភៅ​កុមារ​ផងដែរ​។ ក្នុងនោះ​មាន​ការ​ជ្រើស​រើស​អ្នក​ឆ្នើម ៣​រូប ផ្នែក​គំនូរ​សម្រាប់​ការ​រចនា​សៀវភៅ​រឿង«​សាលា​អូន​កា​»​។ អ្នក​ឆ្នើម​៣​រូប ផ្នែក​និពន្ធ​សរសេរ​រឿង​ជា​ភាសា​ខ្មែរ ​ក្នុង​ចំណោម​ប្រធាន​បទ​មួយ​ចំនួន​ដូច​ជា ​ជីវភាព​ប្រចាំថ្ងៃ​ក្នុង​សម័យ​ក្រោយ​អង្គរ(​ឧដុង្គ​ឬ​លង្វែក​) បែប​ស៊ើប​អង្កេត ក្តី​ស្រមៃ​ទៅ​អនា​គត​និង​ខ្មោច​»​។​

​បើ​តាម​សេចក្តី​ជូន​ដំណឹង​នោះ ​ជយ​លាភី​ឆ្នើម​លេខ ​១ ទទួល​បាន​ប្រាក់​រង្វាន់​ ៣០០ ​ដុល្លារ ​លេខ​ ២ បាន​ប្រាក់​រង្វាន់​ ២០០ ​ដុល្លារ និង​លេខ​ ៣ បាន​ប្រាក់​រង្វាន់ ១០០ ​ដុល្លារ​ សម្រាប់​ទាំង ២ ​ផ្នែក​។

​អង្គ​ការ​ស៊ី​ប៉ា ជា​អង្គការ​ឈាន​មុខ​គេ​ក្នុង​វិស័យ​ការ​អាន និង​អក្ខ​រក​ម្ម នៃ​ការ​បម្រើ​តម្រូវការ​អប់រំ​របស់​ប្រជា​ជន​កម្ពុជា ដែល​បាន​និង​កំពុង​ធ្វើ​សកម្ម​ភាព​ទូទាំង​ប្រទេស​តាម​រយៈ​កម្មវិធី​សំខាន់ៗ​ចំនួន​ ៤ គឺ​ បណ្ណា​ល័យ​សាលា​រៀន កា​រអាន​សម្រាប់​ទាំង​អស់​គ្នា អភិ​វឌ្ឍ​យុវ​ជន និង​កម្ម​វិធី​បោះពុម្ព​ផ្សាយ​។

​បច្ចុប្បន្ន​នេះ ក្រោម​ភាពជា​ដៃគូ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង​អប់រំ​ យុវជន និង​កីឡា និង​ស្ថា​ប័​នានា ​បេសក​កម្ម និង​គម្រោង​កម្ម​វិធីរបស់​ស៊ី​ប៉ា​បាន​ពង្រីង​វិសាល​ភាព​ដល់​អ្នក​ទទួល​ផល​ផ្ទាល់​ជាង​ ៣០​ ម៉ឺន​នាក់​ជា​រៀង​រាល់ឆ្នាំ​នៅ​ទូទាំង​ប្រទេស​ដោយ​ផ្តោត​ទៅ​លើ​សហ​គមន៍​និង​សាលា​រៀ​នៅតាម​ទីជន​បទ​ គឺ​សហ​គមន៍​ងាយ​រងគ្រោះ(​ជន​ជាតិភាគ​តិច តំបន់​រស់នៅបណ្តោះអាសន្ន ភូ​មិ​បណ្តែត​ទឹក ​ឡឥដ្ឋ​) រោង​ចក្រ​កាត់​ដេរ និង​មណ្ឌល​កែប្រែ​។ ក្នុង​នាម​ជា​តួអង្គ​សំខាន់​នៅ​ក្នុង​វិស័យ​បោះ​ពុម្ព​នោះ ​ស៊ី​ប៉ា ក៏បាន​បោះពុម្ព​ជាង ​២៥០ ​ចំណង​ជើង និង​មាន​ចំនួន​៣,៥លាន​ច្បាប់​ ចាប់​តាំងពី​ឆ្នាំ​ ២០០២ ​មក​។​

​នាយក​អង្គការ​ស៊ី​ប៉ា លោក ហុក សុទ្ធិ មាន​ប្រសាសន៍​ថា ៖ «​វា​ជាការ​ពិត​ណាស់ វិស័យ​អក្ខរ​កម្ម និង​បោះពុ​ម្ព​នៅ​កម្ពុជា ​បាន​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ​ក្នុង​នោះ​មាន​ការ​កើន​ឡើង​នូវ​អ្នក​និពន្ធ ​និង​វិចិត្រករ​វ័យ​ក្មេង​នា​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ និង​មាន​ការ​ចាប់​អារម្ម​ណ៍​លើ​ការ​អាន​សៀវ​ភៅ​កាន់​តែ​កើន​ឡើង​»។​

​ជាក់​ស្តែង​ដូចជា ​ពិព័រណ៍​សៀវ​ភៅ​ថ្នាក់​ជាតិ​លើក​ទី​៨ បាន​ក្លាយ​ជា​កម្មវិធី​ពិព័រណ៍​ដ៏​ពេញនិ​យម​មួយ​ដែល​មាន​អ្នក​ទស្សនា​យ៉ាង​ច្រើន​ប្រមាណ​ ១៨ ​ម៉ឺន​នាក់ ក្នុង​រយៈ​ពេល​ត្រឹមតែ ​៣ ​ថ្ងៃ​ប៉ុណ្ណោះ​។ទោះបី​ជា​មាន​ការវិវឌ្ឍ​វិជ្ជមាន​បែប​នេះ​ក្តី ក៏ស៊ី​ប៉ានៅ​តែ​រក្សា​បេសក​កម្ម​រប​ស់ខ្លួន​បន្ត​អភិវឌ្ឍ​កម្ម​វិធី​នានា​ដើម្បី​រួម​ចំណែក​ជាមួយ​រាជ​រដ្ឋាភិ​បាល​ក្នុងការ​លើក​កម្ពស់​ការ​អប់រំ និង​ធន​ធាន​មនុស្ស​នៅ​កម្ពុជា​៕