ភ្នំពេញៈការជួយ​សង្គម​អាច​ធ្វើ​ឡើង​បាន​ច្រើន​រូបភាព ដោ​យ​តិច ឬ​ច្រើន​ក៏បានផ្ដ​ល់​ផល​ប្រយោជន៍​ណា​មួយ​ដល់​មនុស្ស​ ១ក្រុម​ដែរ ​ដោយ​ឡែ​ក បច្ចុប្បន្ន​នេះ ការ​ជួយ​សង្គម​ភាគ​ច្រើន​គឺមាន​នៅ​ក្នុង​ការធ្វើ​អាជីវ​កម្ម​។​

​ស្របនឹ​ង​ទឹកចិត្ត​ដែល​ចង់​រួម​ចំណែក​ជួយ​ដល់​សង្គម ​សហគ្រា​ស​មួយ​ ត្រូវបាន​បង្កើត​ឡើង​ដោយ​ផ្ដោត​លើ​ការ​ផ្គត់​ផ្គង់​ទឹកឃ្មុំ​ស្តង់​ដា ចេញពី​ខេត្ត​ប៉ែក​ឦសាន​នៃ​ប្រទេស​កម្ពុជា​។ បើ​មើល​១ជ្រុង ​គេ​ប្រហែល​អាច​ត្រឹម​តែឃើញ​ថា​នេះ​ជា​អាជីវ​កម្ម​ដែល​ផ្ដល់​ផល​ចំណេញ​ដល់​បុគ្គល​ផ្ទាល់ ប៉ុ​ន្តែ​មែន​ទែន​ទៅ​ វា​បាន​ជួយ​រក្សា​ព្រៃឈើ​ឱ្យ​គង់​វង្ស​នៅ​តាម​តំបន់​អភិរក្ស​នានា​ទៀត​ផង។​

សហ​គ្រាស​នេះ​មាន​ឈ្មោះ​ថា សហ​គ្រាស​សង្គម ​អ៊ី​ភី​អិ​ល ផូ​លី​នែ​ត (EPL Pollinate) ដែល​បង្កើត​ឡើង​នៅក្នុ​ង​ឆ្នាំ​២០១៩។​សហ​គ្រាស​មួយ​នេះ​មាន​ការ​ចូល​រួម​ពី​អ្នក​ជំនាញ​ជាច្រើន​រូប​ដូច​ជា ​អ្នក​ជំនាញ​បរិស្ថាន ​អ្នក​ជំនាញ​ឃ្មុំ អ្នក​ជំនាញ​គ្រប់​គ្រង​ចំណី​អាហារ​និង​អ្នក​ជំនាញ​មន្ទី​រពិសោធន៍​ដែល​ការ​ចូល​រួម​នេះ​ដើម្បី​ធ្វើ​សកម្ម​ភាព​អភិរក្ស​ធន​ធានធម្ម​ជាតិ​ក៏​ដូចជា​បង្កើត​ផលិត​ផល​ធម្ម​ជាតិ​ដែរ​។​

​អ្នកស្រី ​សែម ស្រី​តូច ដែល​ជា​សហ​ស្ថាប​និក និង​ជា​នាយិកា​ប្រតិ​បត្តិ​ស្តីទី​នៃ​សហ​គ្រាស​សង្គម​អ៊ីភី​អិ​ល ផូ​លី​នែ​ត បាន​ឱ្យ​ដឹង​ថា សហ​គ្រាស​អ្នកស្រី​មាន​បំណង​ក្នុង​ការ​ពង្រឹង​ការ​អភិរក្ស​ព្រៃ​ឈើនិ​ង​រក្សា​ស្ថិ​រភាព​ចំណីអា​ហារ​ តាម​រយៈ​ការ​ផលិត និង​ចែក​ចាយ​ទឹក​ឃ្មុំ​ព្រៃ​ដែល​មាន​គុណ​ភាព ​គោរ​ព​តាម​ស្តង់​ដា អនា​ម័យ​។​

​ម្យ៉ាង​ទៀត​ដោយ​សារ​តែ​អ្នក​ស្រី និង​ក្រុម​ការ​ងារ​បាន​មើល​ឃើញ​ពី​កង្វះ​ខាត​នៃ​ការផ្គត់​ផ្គង់​ទឹក​ឃ្មុំ ​ការផលិត​និង​ចែក​ចាយ​ទឹក​ឃ្មុំ​គ្មាន​ស្តង់​ដា ​ចរាចរណ៍​ទឹកឃ្មុំ​ក្លែ​ងក្លាយ​នៅលើ​ទីផ្សារ ​និង​ការ​ជិត​ផុត​ពូជ​ឃ្មុំ​ព្រៃ​តាមរយៈ​ការ​ប្រមូល​ផល​មិន​ត្រូវ​ស្តង់​ដា​ជា​ដើម​។​

​អ្នកស្រី សែម ​ស្រី​តូច បាន​បញ្ជា​ក់ថា ៖ «​តាម​រយៈ​សក​ម្មភាព​ដែល​សហ​គ្រាស​យើង​បាន​ធ្វើ​កន្លង​មក​គឺ​យើង​បាន​ចូលរួម​កាត់​បន្ថយ​អត្រា​មរណៈ​ពី​សំណាក់​អ្នក​យក​ឃ្មុំ រក្សា​បាន​នូវ​ដើម​ឈើ​ព្រៃ​ខ្ពស់ៗ ​ចូលរួម​ក្នុងការ​បង្កើត​អាជីវ​កម្ម​ឃ្មុំ​ទៅ​ដល់​ស្ត្រី​មេផ្ទះ និង​លើក​ស្ទួយ​ជីវ​ភាព​សេដ្ឋ​កិច្ច​គ្រប់​ភាគី​ពាក់​ព័ន្ធ​»​។​

​នៅក្នុង​រ​យៈពេ​ល​ប្រមាណ​ជា៣​ឆ្នាំ​មកនេះ​ ក្រុម​ហ៊ុន​អ្នកស្រី​បាន​សហកា​រជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ​ជា ច្រើន​ដូច​ជា ​អង្គការ WWF​អង្គការ​WCFអង្គការ​ពន្លក​បៃតង សហ​គ្រិន​ខ្មែរ និង​អង្គការ​ផ្សេង​ទៀត​នៅក្នុ​ង​គម្រោង​អភិ​រក្ស​ព្រៃ​ឈើ ការ​អភិ​រក្ស​ឃ្មុំ ក៏ដូច​ជា​ការ​ចង​ក្រង​ជា​សហ​គមន៍​ផងដែរ។

​អ្នកស្រី​បាន​បញ្ជាក់​ថា៖ «​តាមរយៈ​កិច្ចខិ​តខំ​ប្រឹង​ប្រែង​ទាំង​នេះ ​ជា​លទ្ធ​ផល​គឺ​យើង​ជួយ​បាន​៤៦​សហ​គមន៍ និង​ប្រជា​សហ​គមន៍​៧០០​ហើយ​ បាន​បង្កើត​អាជីវ​កម្ម​ឃ្មុំ​ទៅ​ដល់​ស្ត្រី​មេផ្ទះ​ដល់​ស្ត្រី​ចំនួន​៦០​នាក់​ផង​ដែរ​»​។​

​ដើម្បី​បន្ត​ឈាន​ទៅ​ទទួល​បាន​គុណ​ភាព​ស្តង់​ដា សហ​គ្រាស​អ្នកស្រី​បាន​បែង​ចែក​ជា ​៤​បេសក​កម្ម ក្នុង​នោះ​មាន​ផលិត និង​ចែក​ចាយ​ទឹកឃ្មុំ​ព្រៃ​,ផ្ដល់​សេវា​កម្ម​បច្ចេក​ទេស​,ផ្ដល់​សេវា​កម្ម​ដំណើរ​លម្អងនិ​ង​ការ​ផលិត​នូវ​ផលិត​ផល​ផ្សេងៗ​ចេញ​ពី​ទឹកឃ្មុំ​។

​កន្លង​មក​ក្រុម​ហ៊ុន​មួយ​នេះ​ទទួល​បាន​ការ​អនុញ្ញាត​និង​គាំទ្រ​ពី​នាយក​ដ្ឋាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម​ក្នុង​ការបន្ត​គាំពារ​ព្រៃ​ឈើ និង​សេដ្ឋ​កិច្ច​ប្រជា​សហ​គមន៍​នៅ​តាម​តំបន់​អភិរក្ស ​ព្រៃឈើ ​ជាពិសេស​គឺ​នៅ​តំបន់​ប៉ែក​ឦ​សាន​តែ​ម្ដង​។

​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​អ្នក​ស្រី សែម ​ស្រី​តូច អ្នក​ស្រី​មាន​ការ​ជឿ​ជាក់​ចំពោះ​ការ​បន្ត​ជួយ​ប្រជា​សហ​គមន៍​បាន​កាន់​តែ​ច្រើន ដោយ​ហេតុ​ថា ​សហ​គ្រាស​អ្នក​ស្រី​មាន​ក្រុម​បច្ចេក​ទេស​គ្រប់​គ្រាន់​ ព្រម​ទាំង​មាន​សមត្ថ​ភាព​ក្នុង​ការ​បង្កើត​បច្ចេក​ទេស​ថ្មីៗ​ដែល​ធានា​បាន​នូវ​ការ​ផ្គត់​ផ្គង់​គ្រប់​តម្រូវ​ការ​និង​ទន្ទឹម​នឹង​នោះ​ នៅអាច​រក្សា​បាន​នូវ​ឃ្មុំ​ព្រៃ​កុំឱ្យ​ផុត​ពូជទៀតផង​។ ម្យ៉ាង​ទៀត សហ​គ្រាស​អ្នក​ស្រី​មាន​ទស្សន​វិស័យ រឹ​ង​មាំ និង​ច្បាស់​លាស់​ក្នុង​ការជួ​យ​ជា​ប្រយោជ​ន៍​ធំធេង​ដល់​សង្គម​។​

​ជាង​នេះ​​ទៅទៀត តាម​រយៈការ​ស​ហកា​ជា​មួយ​អង្គការ WWF ជារឿយៗ​ក្រុម​ការងា​រ​តែង​ចុះទៅ​ដល់ស​ហគមន៍​ផ្ទាល់​ដើម្បី​បង្រៀន​បច្ចេក​ទេសដ​ល់ប្រជា​សហ​គមន៍​បន្ថែម​ពីលើ​អ្វីដែល​ពួកគេ​មាន​ស្រាប់ ​ដើម្បី​ធានា​និរន្តរ​ភាព​នៃ​ការប្រ​មូល​ផល​ឃ្មុំ ​និង​មាន​អនាម័យ​​ល្អ​។

​សម្រាប់​អ្នក​ស្រី ​សែម ស្រី​តូច ផ្ទាល់ ​ព្រម​ទាំង​ក្រុម​អ្នក​បច្ចេក​ទេស​នៃ​សហ​គ្រាស មា​នការ​សប្បាយ​ចិត្ត​ចំពោះ​លទ្ធផល​នៃ​ការ​ខិតខំ​ប្រឹង​ប្រែង​រប​ស់​ពួកគេ​ប៉ុន្មាន​ឆ្នាំ​មក​នេះនិ​ង​ប្ដេជ្ញា​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ក្នុងការ​រក្សា​ព្រៃឈើ​ បង្កើត​ចំណូល​ជូន​ប្រជា​សហ​គមន៍​ធ្វើ​ឱ្យ​ទីផ្សារ​ទឹក​ឃ្មុំ​មាន​ស្ថិរភាព និង​លទ្ធ​ភាព​ដែល​អាច​នាំចេញ​ទឹកឃ្មុំ​ទៅ​ក្រៅ​ប្រទេស​ឱ្យ​កាន់​តែ​ទូលំ​ទូលាយ​ទៀត​ផង​៕