ភ្នំពេញ: ស្ថាបនិកនៃគម្រោង Local4Local ដែលត្រូវបានបង្កើតឡើងក្នុងបំណងផ្ដល់កញ្ចប់អាហារ និងគ្រឿងឧបភោគបរិភោគដល់ជនអនាថា ជាពិសេស តាស៊ីក្លូ អំឡុងពេលបិទខ្ទប់នៃការរាតត្បាតជំងឺកូវីដ ១៩ លោក តាំង ហួងហាវ បានផ្ដួចផ្ដើមផលិតស៊ីក្លូយក្ស បំបែកកំណត់ត្រាហ្គីណេសពិភពលោក។
ហួងហាវ បានបង្កើតគម្រោង Local4Local កាលពីខែមេសាឆ្នាំ ២០២០ ដោយចាប់ផ្ដើមការងារតែម្នាក់ឯងបំណងផ្ដល់កញ្ចប់អាហារក៏ដូចជាគាំទ្រដល់អ្នកធាក់ស៊ីក្លូភាគច្រើនដែលជាជនវ័យចំណាស់ និងផ្តល់ជំនួយទៅដល់ក្រុមគ្រួសាររស់នៅតាមដងផ្លូវ។
ជាមួយការកសាងស៊ីក្លូយក្ស បំណងបំបែកកំណត់ត្រាបច្ចុប្បន្នដែលគ្រងដោយត្រីចក្រយានរបស់ឥណ្ឌានេះលោក ហួងហាវមានបំណងផ្សព្វផ្សាយវិស័យទេសចរណ៍នៅកម្ពុជា ក៏ដូចជាគាំទ្រ និងលើកស្ទួយជីវភាពអ្នកធាក់ស៊ីក្លូ ព្រមទាំងការអភិរក្សត្រីចក្រយានដ៏ចំណាស់នេះផង។
លោក ហួងហាវ ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ការផលិតស៊ីក្លូយក្ស បំបែកកំណត់ត្រាហ្គីណេសពិភពលោកមានគោលដៅដើម្បីលើកស្ទួយវិស័យស៊ីក្លូ ជាពិសេសការលើកស្ទួយវិស័យទេសចរណ៍ដោយចីរភាពនៅប្រទេសកម្ពុជា»។
យុវជនរូបនេះបានសរសេរលើបណ្ដាញសង្គមថា លោកទទួលបានដំណឹងល្អពី Guiness World Record ដើម្បីទទួលសិទ្ធិក្នុងការបំបែកកំណត់ត្រាពិភពលោកក្រោមប្រធានបទ«ត្រីចក្រយានជំជាងគេនៅលើលោក»។
ស៊ីក្លូយក្សដែលលោកហួងហាវមានបំណងចង់ផលិតនោះមានកម្ពស់ ១៣,២ ម៉ែត្រ បណ្ដោយ ១២,២ ម៉ែត្រ និងទំហំកង់ ៥,៥ ម៉ែត្រ។ ពេលនេះលោកមានបំណងចង់ដាក់កាលបរិច្ឆេទដល់ប្រជាជន និងក្រុមហ៊ុនទាំងអស់ដែលមានបំណងចូលរួម នៅថ្ងៃ ទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដោយមាន ៣ ទីតាំង ដែលគ្រោងជ្រើសរើស គឺភ្នំពេញ សៀមរាប ឬបាត់ដំបង។
លោកសរសេរបន្ដថា៖ «យើងខ្ញុំសង្ឃឹមថា នឹងអាចអញ្ជើញបងប្អូនមកចូលរួមទាំងអស់គ្នានាចុងឆ្នាំនេះនៅឯទីក្រុងភ្នំពេញ ឬអាចធ្វើនៅខេត្តសៀមរាប ឬខេត្តបាត់ដំបង។ នៅពេលអនាគតយើងខ្ញុំសង្ឃឹមថា ស៊ីក្លូយក្សនេះអាចក្លាយជាសារមន្ទីរស៊ីក្លូនិងយានជំនិះ ដែលមានជាការតាំងពិព័រណ៍អំពីមធ្យោបាយយានជំនិះផ្សេងៗតាមសម័យនីមួយៗនៅប្រទេសកម្ពុជា»។
និស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យ University of St. Thomas សហរដ្ឋអាមេរិកលើមុខវិជ្ជា Supply Chain and Operation Management បានឱ្យដឹងថា ការជ្រើសរើសនៅភ្នំពេញដោយសារវាជាទីកន្លែងអ្នកប្រកបរបរធាក់ស៊ីក្លូប្រមូលផ្ដុំគ្នាដែលមានចំនួនចន្លោះពី ២៥០ ទៅ ២៨០ ស៊ីក្លូ។
យុវជនអាយុ ២៣ ឆ្នាំរូបនេះនិយាយថា ប៉ុន្ដែក្រុមសិល្បករដែលសហការគម្រោងនេះ ក៏បានស្នើឱ្យរៀបចំធ្វើនៅខេត្ដបាត់ដំបង ឬសៀមរាបដែលសុទ្ធតែជាទីតាំងល្អៗដូចគ្នា។ ស្ថាបនិក Local4Local រូបនេះថ្លែងថា៖ «ទីតាំងសៀមរាប ក៏ល្អដែរដោយនៅខេត្ដនេះក៏មានស៊ីក្លូ និងមានតំបន់ទេសចរណ៍អង្គរគួរត្រូវលើកស្ទួយផងដែរ»។
យោងតាមសៀវភៅកំណត់ត្រាហ្គីណេសពិភពលោកបានបង្ហាញថា អង្គភាពនេះតម្រូវឱ្យមានបែបបទជាក់ស្ដែងដូចជាទំហំត្រូវតែធំជាងទោចក្រយានធំជាងគេនៅប្រទេសឥណ្ឌាផលិតក្នុងឆ្នាំ ២០០៥។ ចំណុចមួយទៀតសម្រាប់គម្រោងសាងសង់ទោចក្រយាននេះ ត្រូវមានទំហំកង់ធំជាងទំហំកង់គ្រងកំណត់ត្រាបច្ចុប្បន្នហើយត្រូវអាចជិះបានទៅមុខក្នុងចម្ងាយលើសពី ១០០ ម៉ែត្រ។ លោកហួងហាវបានឱ្យដឹងថា នៅថ្ងៃកម្មវិធីសម្ពោធស៊ីក្លូយក្ស លោកចង់រៀបចំឱ្យមានជាការប្រគំតន្ដ្រី ដោយមានការអញ្ជើញសិល្បករសិល្បការិនីបង្ហាញការសម្ដែង និងការតាំងបង្ហាញស្នាដៃគំនូរផ្សេងៗដោយមានសកម្មភាពគគ្រឹកគគ្រេងដែលអាចទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្ដរជាតិ។
យុវជនស៊ីក្លូនេះ បានពិភាក្សាជាមួយសិល្បករជើងចាស់ម្នាក់នៅខេត្ដបាត់ដំបងចំពោះការរៀបចំផលិតស៊ីក្លូ និងបង្កើតកម្មវិធីអបអរផ្សេងៗ។ លោកប្រាប់ថា៖ «នៅថ្ងៃកម្មវិធីនេះយើងនឹងមានការជិះស៊ីក្លូមើលគំនូរ និងចង់ឱ្យអ៊ំស៊ីក្លូមើលឃើញស៊ីក្លូយក្សពីព្រោះវាជាគម្រោងមួយ ដែលមិនធ្លាប់មាននៅប្រទេសកម្ពុជា និងផ្ដួចផ្ដើមឱ្យយុវជនជួយជំរុញដល់វិស័យទេស ចរណ៍ផងដែរ»។
លោក ហួងហាវ និយាយថា នៅពេលអនាគត លោកមានគម្រោងបង្កើត «សារមន្ទីរស៊ីក្លូនិងយានជំនិះ» ដែលដាក់តាំងស៊ីក្លូយក្ស និងយានជំនិះផ្សេងៗ ដូចជារថយន្ដសម័យបារាំងរ៉ឺម៉កខ្មែរយើងម៉ូតូ រទេះគោ ពោលគឺយានជំនិះដែលធ្លាប់ត្រូវបានប្រើប្រាស់ក្នុងប្រទេសកម្ពុជាទៅតាមសម័យកាលនីមួយៗ។ ទីកន្លែងស៊ីក្លូយក្សនឹងក្លាយជាសារមន្ទីរដែលពោរពេញដោយស៊ីក្លូ និងយានជំនិះគ្រប់ប្រភេទដែលភ្ញៀវអាចទស្សនាចូលរួម និងដឹងឮអំពីការវិវឌ្ឍយានជំនិះ ព្រមទាំងឱ្យភ្ញៀវជិះស៊ីក្លូលេង។
យុវជនរូបនេះបានឱ្យដឹងទៀតថា៖ «ចំពោះការសាងសង់ស៊ីក្លូយក្សនេះខ្ញុំកំពុងតែពិភាក្សាជាមួយបងសម្បត្ដិ ជាប្រធានសមាគមស៊ីក្លូហើយគាត់បានបន្ដទៅពិភាក្សាជាមួយជាងដែកដែលបានធ្វើស៊ីក្លូនៅកម្ពុជាយើងក៏ដូចជាប្រឹក្សាជាមួយរោងចក្រនៅវៀតណាមដែលផលិតគ្រឿងជ័រ និងសម្បកកង់ ដើម្បីសិក្សាស្រាវជ្រាវពីលទ្ធភាពនៃការផលិតស៊ីក្លូយក្សនេះ»។
ថ្វីដ្បិតតែគម្រោងស៊ីក្លូយក្សស្ថិតក្នុងដំណាក់កាលផែនការដំបូងយ៉ាងណាក៏ដោយ ក៏ស្ថាបនិក Local4Local រូបនេះ រំពឹងថា តាមរយៈការបង្ហោះ និងផ្សព្វផ្សាយនេះអាចជំរុញឱ្យអ្នកដទៃចូលរួម និងដឹងឮថា ជាគម្រោងមួយដ៏ប្លែក ក៏ដូចជាពួតដៃគ្នាបំបែកកំណត់ត្រាមួយនេះ។
ដៃគូដែលលោក ហាវ រំពឹងថានឹងមានការចូលរួមជាមួយគ្នានោះ មានដូចជា អង្គការហ្វារពន្លឺសិល្បៈ យូណេស្កូ សាលារាជធានីភ្នំពេញ និងក្រសួងទេសចរណ៍ ដែលលោកសង្ឃឹមថា ស្ថាប័នទាំងនេះនឹងចូលរួមទាំងអស់ដើម្បីធ្វើគម្រោងនេះឡើង ពីព្រោះគម្រោងនេះពិតជាធំសម្រាប់លើកមុខមាត់ប្រទេសកម្ពុជា និងលើកស្ទួយវិស័យស៊ីក្លូ។
លោក ហួងហាវ បាននិងកំពុងដំណើរការគម្រោងជាច្រើនដើម្បីលើកស្ទួយជីវភាពអ្នកប្រកបរបរធាក់ស៊ីក្លូ ដែលជួបការលំបាកជាពិសេសអំឡុងពេលបិទខ្ទប់ ដែលមិនអាចរកចំណូលពីវិស័យទេសចរណ៍។
លោកបានប្រាប់អំពីមូលហេតុ ដែលលោកផ្ដោតចម្បងលើអ្នកប្រកបរបរធាក់ស៊ីក្លូថា៖ «ស៊ីក្លូគឺជាអនុស្សាវរីយ៍មួយរបស់ខ្ញុំជាមួយលោកយាយដែលគាត់បានចែកឋានកាលពី ៣ ឆ្នាំមុន។ គឺមានអនុស្សាវរីយ៍ច្រើន ដូចជាពេលជិះស៊ីក្លូទៅមាត់ទន្លេ ឬទៅសាលារៀនហើយដូចដែលបានឃើញថា ចំនួនស៊ីក្លូបានថយចុះពី ១ ឆ្នាំទៅ ១ ឆ្នាំដោយសារអត់ចង់ឱ្យវាបាត់បង់ ដូច្នេះទើបរកវិធីធ្វើយ៉ាងណាដើម្បីបង្ហាញឱ្យគេឃើញថា ស៊ីក្លូមានភាពឡូយដែលវាជាគំនិតវិជ្ជមានមួយ»។
បច្ចុប្បន្ននេះម៉ូតូកង់ ៣ ធំបំផុតរបស់ឥណ្ឌាដែលគ្រងកំណត់ត្រាពិភពលោកហ្គីណេស ត្រូវបានផលិតឡើង និងជិះនៅទីក្រុង Hyderabad ក្នុងឆ្នាំ ២០០៥។ ម៉ូតូកង់ ៣ នេះ សាងសង់ឡើងដោយ Kanyaboyina Sudhakar មានកម្ពស់ ១២,៦៧ ម៉ែត្រ និងប្រវែង ១១,៣៧ ម៉ែត្រ និងទំហំកង់ ៥,១៨ ម៉ែត្រ៕