ភ្នំពេញ: ក្រុម​យុវ​ទូត​នៃ​គម្រោង​សហគ្រិន​នារី​សកម្ម (WE Act Youth Ambassadors) ត្រៀម​រៀបចំ​វេទិកា​យុវជន​ «WE Light Up Talk» បំណង​​លើកកម្ពស់​ការយល់ដឹង និង​ផ្តល់​លទ្ធភាព​ដល់​យុវជន​ជាពិសេស​ក្រុមយុវជន​​​មាន​ពិការភាព អ្នក​​​មកពី​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា និង​យុវជន​ជា​ជនជាតិដើម​ភាគ​តិច ក្នុងការ​បង្ហាញ​ភាពជា​អ្នកដឹកនាំ និង​ការចូលរួម​​ក្នុង​សង្គម​។

ក្រោម​ប្រធាន​បទ «ភាព​ជា​អ្នក​ដឹក​នាំ និង​ការ​ចូល​រួម​របស់​យុវជន​នៅ​ក្នុង​សង្គម» វេទិកា «WE Light Up Talk» នឹង​ប្រារឰ​ឡើង​នៅ​ថ្ងៃទី ២៨ ខែ​មករា ឆ្នាំ​ ២០២៣ នៅ The Kampus Building ក្រោម​អធិបតីភាពលោក​ សំហេង បុរស ​រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​លេខា​ធិការ​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា។

«WE Light Up Talk» ជា​វេទិកា​ចែករំលែក​បទពិសោធន៍​ចម្រុះ និង​ការ​ផ្សារ​ភ្ជាប់​បណ្ដាញ​យុវជន ដែល​បាន​រៀបចំ​ឡើង​ក្នុង​គោល​បំណង​ផ្ដល់​នូវ​កន្លែង​សុវត្ថិភាព​ដល់​យុវជន ជាពិសេស អ្ន​កមាន​ពិការភាព អ្ន​កមកពី​សហគមន៍​ស្រឡាញ់​ភេទ​ដូច​គ្នា និង​ជនជាតិ​ដើម​ភាគតិច​ដើម្បី​ចែករំលែក​អំពី​ដំណើរ​ជីវិត​របស់​ពួកគេ​ឱ្យ​បាន​ដឹង និង​ស្ដាប់​ជា​សាធារណៈ​។

យុវតី ណាន់ ពេជ្រភារី ជាសមាជិក ​យុវ​ទូត​នៃ​គម្រោង​សហគ្រិន​នារី​សកម្ម បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​យើង​មាន​គោល​បំណង​លើកទឹកចិត្ត​យុវជន​ដែលជា​អ្នកចូលរួម​ក្នុង​កម្មវិធី តាមរយៈ​ការចែករំលែក​បទពិសោធ​ន៍​ពី​សំណាក់​វាគ្មិន​កិត្តិយស និង​សកម្មភាព​នានា​ដែល​អាច​ជំរុញ​ឱ្យ​​ពួកគាត់​ពង្រឹង​បន្ថែម​នូវ​ភាពជា​អ្នក​ដឹក​នាំ និង​ពេញចិត្ត​នូវ​អ្វីដែល​គាត់​បានជ្រើសរើស​សម្រាប់​ការរស់នៅ​»។

កញ្ញា ពេជ្រភារី ជា​និស្សិត​ឆ្នាំ​ទី៤ នៅ​វិទ្យាស្ថាន​ភាសា​បរទេស (IFL) នៃ​​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​ (RUPP) មុខ​ជំនាញ​ទំនាក់​ទំនង​អន្តរ​ជាតិ បាន​ចូលរួម​ជា​មួយ​និស្សិត​មកពី​សាកលវិទ្យាល័យ​ផ្សេងៗ​ទៀត​ក្នុង​នាម​ជា​បុគ្គលិក​ហាត់​ការ​ក្រោម​គម្រោង​សហគ្រិននារីសកម្ម។

យុវតីចំនួន ៦ នាក់ បាន​ចង​ក្រង និង​បង្កើត​ជា​ក្រុម​យុវ​ទូត​នៃ​គម្រោង​សហគ្រិន​នារី​សកម្ម ក្រោម​ការ​ដឹកនាំរបស់​យុវតី ធន់ រិទ្ធី​សុចេន ជា​ប្រធានក្រុម​។

កញ្ញា រិទ្ធី​ សុចេន ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ ​​ពី​សាកលវិទ្យាល័យ​កម្ពុជាបាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​យើង​​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​បង្កើតនិង​អនុវត្ត​សកម្មភាព​នានាដែល​បាន​ផ្សារភ្ជាប់​ការចូលរួម​ដោយផ្ទាល់​ជាមួយ​យុវជន និង​សហគ្រិន​ស្ត្រី​វ័យក្មេងដើម្បី​ពង្រីក​សំឡេង​របស់​ពួកគាត់​ក្នុងការ​ស្វែងរក​បញ្ហា​ចម្បង​រួម​ដែល​ពួកគាត់​បាន​ជួបប្រទះរួច​លើក​ឡើងជា​សំណើទៅកាន់​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​ទទួលបាន​នូវ​ដំ​ណោះ​ស្រាយ​រួម ១ ​សម្រាប់​បញ្ហា​នោះ»។

កញ្ញា​បន្ដថា​៖ «​តាមរយៈ​ដំណើរ​នៃ​ការធ្វើការងារ​ស្ម័គ្រចិត្ត​ជាមួយនឹង​គម្រោង​របស់​យើងក្រុម​យុវ​ទូត​មិន​ត្រឹមតែ​ទទួល​បាន​​នូវ​ឱកាស​ក្នុង​ការកសាង​សមត្ថភាព​ប៉ុណ្ណោះ​ទេ ពួកគេ​ថែមទាំង​ទទួលបាន​នូវ​ការណែនាំក៏ដូចជា​ការ​បង្ហាត់​បង្រៀន​​​ផ្សេងៗ ​ដើម្បី​ធានាថា ​ពួកគេ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ដឹកនាំនិង​អនុវត្ត​គម្រោង ​១ ដែល​ប្រកបដោយ​ចីរភាពនិង​វឌ្ឍនភាព»។​

កញ្ញា ពេជ្រ​ភារី បាន​ឱ្យ​ដឹងថា តាមរយៈ​ការចូលរួម​ក្នុង​កម្មវិធី​នេះ យុវជន​នឹង​ទទួលបាន​ឱកាស​​បង្កើត​បណ្តាញ​ជាមួយ​​ក្រុមយុវជន​ស្វែងយល់​អំពី​ដំណើរ​ជីវិត​របស់​វាគ្មិន​ដែល​មកពី​សហគមន៍​ចម្រុះ និង​បង្កើន​ចំណេះដឹង លើ​ប្រធានបទ​ជុំវិញ​​ភាពជា​អ្នកដឹកនាំ និង​ការចូលរួម​របស់​យុវជន​នៅក្នុង​សង្គម។

កញ្ញា​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​នៅពេលដែល​យើង​មាន​ភាពជា​អ្នកដឹកនាំ គឺ​យើង​អាច​ទទួលស្គាល់​ការពិតជា​ខ្លួនឯង មាន​​ភាព​ក្លា​ហានក្នុងការ​សម្រេចចិត្ត និង​អាចជួយ​លើកទឹកចិត្ត និង​ផ្សារភ្ជាប់​យុវជន​អ្នកដទៃ​ឱ្យ​​ចូលរួម​ជាមួយគ្នា​​អភិវឌ្ឍ​​​សង្គម​​ប្រកបទៅដោយ​ភាព​វិជ្ជមាន និង​និរន្តរភាព»​។

វាគ្មិន​ ៤ នាក់ ជា​ជន​មានពិការភាព ជនជាតិដើម​ភាគតិច និង​​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ ដែលនឹង​ឡើង​ចែករំលែក​បទ​ពិសោធន៍ជីវិត​របស់​ពួកគេ​ មាន​ដូចជា រចំ មុន្នី, តុល ឈួគឹមហេង, ស សាន និងអ៊ុល សាឡាវ​។

រចំ មុន្នី ជា​ក្មេង​ស្រី​ជនជាតិដើម​ភាគតិច​មកពី​ខេត្ដ​រតនគិរី​ ដែល​បាន​ពុះពារ​គ្រប់​ឧបសគ្គ​ដើម្បី​សម្រេច​បំណង​សិក្សា​នៅ​សាកលវិទ្យាល័យ​។ ឈួគឹមហេង ជា​យុវជន​ម្នាក់​ដែល​បាន​ឆ្លង​កាត់​រឿងរ៉ាវ​ជាច្រើន ជាពិសេស ធ្លាប់​រង​នូវ​គំនាប​សង្គម​ច្រើន​រាប់​មិន​អស់​តាំងពី​ការ​រើស​អើង​នៅ​ក្នុង​សាលា​ កន្លែង​ការងារ​ដោយសារ ​ឈួគឹមហេង ជា​បុគ្គល​ស្រឡាញ់​ភេទ​ដូចគ្នា​។

ស សាន ជា​ស្ដ្រី​មាន​ពិការភាព​តាំងពី​កំណើត​។ ដំណើរ​ជីវិត និង​ការ​រស់​នៅ​របស់​ សាន ពិត​ជា​មាន​ឧបសគ្គ​ច្រើន​ខុស​ពី​មនុស្ស​ទូទៅ​។ តែ​ សាន មិន​ដែល​បោះ​បង់​ចោល​ក្ដី​ស្រមៃ​ និង​ទទួល​ការ​រស់​នៅ​ប្រកប​ដោយ​ភាព​ជឿជាក់​នៅ​ក្នុង​សង្គម។

ចំណែក​ អ៊ុល សាឡាវ គឺជា​យុវជន​ម្នាក់​ដែល​មកពី​ភូមិ​តូច​១​នៃ​តំបន់​ជនបទ​ដើម្បី​បន្ដ​ការសិក្សា​ក្នុង​រាជ​ធានី​ភ្នំពេញ​ បំណង​ប្រាថ្នា​ជីវិត​មួយ​ប្រកប​ដោយ​ភាព​ល្អ​ប្រសើរ​។

​​កម្មវិធីនេះ​ «WE Light Up Talk» ក្រោម​ប្រធាន​បទ «ភាព​ជា​អ្នក​ដឹក​នាំ និង​ការ​ចូល​រួម​របស់​យុវជន​នៅ​ក្នុង​សង្គម» ទទួល​បាន​ការ​គាំទ្រពី​ USAID ក្រោម​គម្រោង​សហគ្រិន​នារី​សកម្ម​ WE Act នៃ​អង្គការ​ផេក​កម្ពុជា៕ ​