ភ្នំពេញៈ​ តំណាង​កម្ពុជា​នឹង​ដឹកនាំ​ប្រតិភូ​សិល្ប​ករ​ សិល្ប​ការិនី​កម្ពុជា ​ទៅ​ចូលរួម​ព្រឹត្តិ​ការណ៍​ក្បួន​ដង្ហែ «​ឈី​ង​ហ្គេ ឆ្នាំ​ ២០២៣»នៅ​ប្រទេស​សិង្ហ​បុរីនា​ខែកុម្ភៈ​ខាង​មុខ ​ដើម្បី​បង្ហាញ​វប្បធម៌​ខ្មែរ​ដ៏​ស្រស់​បំព្រង​នៅលើ​ឆាក​អន្តរ​ជាតិ​ ដែល​កម្ម​វិធី​នេះ​គឺជា​ព្រឹត្តិ​ការណ៍​ក្បួន​ព្យុហ​យាត្រា​សិល្បៈ​សម្តែង​ដ៏​ធំ​មួយ​នៅ​អាស៊ី​។​

​ក្រោម​កិច្ច​សហ​ការ​រវា​ង​សហ​ភា​ព​សហ​ព័ន្ធ​យុវជន​កម្ពុជា ​(​ស​.​ស​.​យ​.​ក​.) ​និង​សមា​គម​ប្រជា​ជន​សា​ធារណរដ្ឋ​សិង្ហ​បុរី​ លោក​ស្រី ដាំ​ដា​រិ​នី អនុ​ប្រធាន​ស​.​ស​.​យ​.​ក​.​នឹង​ដឹកនាំ​គណៈ​ប្រតិភូសិ​ល្បករ សិល្ប​ការិនី​កម្ពុជា​ រួមជាមួយ​លោក​គ្រូ អ្នកគ្រូ ជា​សាស្ត្រា​ចារ្យ​ដឹកនាំ​ការ​សម្ដែង និង​ក្រុម​ការងារ​ប្រតិ​បត្តិ​សរុប​ចំនួន ៣៥នា​ក់ ទៅ​ចូល​រួម​សម្ដែង​ក្នុង​ព្រឹត្តិ​ការណ៍​ក្បួន​ដង្ហែ«​ឈី​ង​ហ្គេ ឆ្នាំ​២០២៣» ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​៣-៤​ខែកុម្ភៈ​ឆ្នាំ​២០២៣ នៅ​ទីតាំង​ F1 Pit Building,​សា​ធារណ​រដ្ឋ​សិង្ហ​បុរី​។​

​សេចក្តី​ជូន​ដំណឹង​រប​ស់ស​.​ស​.​យ​.​ក​. ចុះ​ថ្ងៃទី​២៨​ ខែមករា​ បា​នឱ្យដឹង​ថា ក្បួន​ដង្ហែ​ឈី​ង​ហ្គេគឺ​ជា​ក្បួន​ព្យុហ​យាត្រា​សិល្បៈ​សម្តែង​ដ៏​ធំ​មួយ​នៅ​អាស៊ី ដែល​ត្រូវ​បាន​រៀបចំ​ឡើង​រៀង​រាល់​ឆ្នាំ​ដោយ​សមា​គម​ប្រជា​ជន​ នៃ​សា​ធារណ​រដ្ឋ​សិង្ហ​បុរី​។ កម្មវិធី​នេះ​ត្រូវបាន​ផ្តួច​ផ្តើម​ដោយ​អតីត​នាយក ​រដ្ឋមន្ត្រី លី ក្វាន់​យូ ក្នុង​គោល​បំណង​បង្ហាញ​ពី​ភាព​អស្ចារ្យ ​ភាព​ស្រស់​បំព្រង ​និង​ភាព​សម្បូរ​បែប​នៃ​វប្ប​ធម៌​ចម្រុះ​។

ដោយ​ឡែក​នៅ​ក្នុង​ឆ្នាំ​នេះ​ ព្រឹត្តិ​ការណ៍​ក្បួន​ដង្ហែ​ឈី​ង​ហ្គេ នឹង​រៀប​ចំឡើង​ដោយ​មាន​ការរំពឹង​ទុក​អ្នក​ចូលរួម​ជាង ១​ម៉ឺន​នាក់​ រួម​ទាំង​អ្នក​សិល្បៈ​ជាតិ និង​អន្តរ​ជាតិ ​ដើម្បី​បង្ហាញ​ពី​សិល្បៈ​វប្ប​ធម៌​នៃ​ជាតិ​សាសន៍​រៀងៗ​ខ្លួន ។​

​សម្រាប់​ព្រឹត្តិ​ការណ៍​ក្បួន​ដង្ហែ“​ឈី​ង​ហ្គេ​ឆ្នាំ​២០២៣»នឹង​ប្រារព្ធ​ឡើង​ក្រោម​ប្រធាន​បទ​៖«Embrace Tomorrow» ហើយ​ប្រទេស​កម្ពុជា​បាន​ត្រៀម​នូវ​ការ​សម្ដែង​ដ៏​ពិសេស​មួយ​ក្រោម​ប្រធាន​បទ​៖ «​ក្តីសង្ឃឹម​របស់​យើង​(Our Hopes)»ដែល​មាន​រួ​មបញ្ចូល​គ្នា​នូវ​របាំ​បុរាណ ​របាំ​សហ​សម័យ ​ក្បាច់​ផ្កា​រំដួល និង​សៀក​ដើម្បី​បង្ហាញ​ជូន​ភ្ញៀវ​អន្តរ​ជាតិ​ដែល​បាន​ចូល​រួម​ព្រឹត្តិ​ការណ៍​ក្បួន​ដង្ហែ​ដោយ​ផ្ទាល់​ឬ​ទស្សនា​តាម​ការ​ផ្សព្វ​ផ្សាយ​នានា​។ ប្រភព​ដ​ដែរ​បញ្ជាក់​ថា ​ការ​សម្ដែង​ទាំង​មូល​នឹង​បង្ហាញ​ក្តី​សង្ឃឹម​និង​ភាព​សុខដុម​របស់​ប្រជា​ជាតិ​ខ្មែរ ក៏ដូច​ជា​ភាព​ស្រស់​ត្រកាល​ក្នុងការ​រស់នៅ​ប្រទេស​ដែល​មាន​សុខ​សន្តិ​ភាព និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរ​ភាព​។​

​នៅ​ក្នុង​សន្និ​សីទ​កាសែត​កាល​ពីពេល​កន្លង​ទៅ លោក​ សុខ​សប្បាយ​ណា សមា​ជិក​អចិន្ដ្រៃយ៍​របស់ ស​.​ស​.​យ​.​ក​. បាន​ថ្លែង​ថា ការចូលរួម​របស់​ក​ម្ពុ​ជា​នៅ​ព្រឹត្តិ​ការណ៍​អន្តរជាតិ​បែប​នេះ ​គឺជា​ការ​ចាប់​យក​ឱកាស​ ដើម្បី​បង្ហាញ​ពី​វប្ប​ធម៌​ដ៏​ប្រពៃ​របស់​ខ្មែរ​ទៅ​កាន់​ពិភព​លោក​តាម​រយៈ​ការ​សម្តែង​របស់​សិល្បក​រ សិល្ប​ការិនី ​។

លោក​បន្ត​ថា​៖«​ក្រៅពី​ការ​សម្តែង​សិល្បៈ​វប្បធម៌​ខ្មែរ លើ​ឆាក​អន្តរជាតិ​ក្នុង​ព្រឹត្តិ​ការណ៍​ឈី​ង​ហ្គេ ​កម្ពុជា​ចង់​បង្ហាញ​ពី​ការ​ចូល​រួម​យ៉ាង​សកម្ម​របស់​យុវជន​ខ្មែរ​ក្នុង​ការ​រួប​រួមគ្នា​ថែរក្សា​វប្ប​ធម៌ អរិយ​ធម៌​ខ្មែរ ដែល​ដូនតា​បន្សល់​ទុក ក៏​ដូច​ជា​ការ​ចូល​រួម​ជំរុញ​ផ្សព្វ​ផ្សាយ តាម​លទ្ធ​ភាព​ផ្សេងៗ ដែល​អាច​ធ្វើ​បាន​»​។​

​សូម​ជម្រាប​ថា តប​តាម​ការ​អញ្ជើញ​ពីស​មា​គម​ប្រជាជន​នៃ​សា​ធារណរដ្ឋ​សិង្ហ​បុរី ស​.​ស​.​យ​.​ក​.ធ្លាប់បាន​ដឹក​នាំ​ប្រតិភូ​កម្ពុជា ​ចូលរួម​សម្ដែង​ក្នុង​ព្រឹត្តិ​ការណ៍នេះ​២លើក​រួច​មក​ហើយ​។ ក្នុង​នោះ​ឆ្នាំ​២០១៧ ​ប្រធាន​ស​.​ស​.​យ​.​ក លោក ហ៊ុន ម៉ា​នី បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា សិល្ប​ករ និង​សិល្ប​ការិ​នី​សរុប​ចំនួន​៧៥​រូប​ចូលរួម​សម្ដែង​ទស្ស​នីយភា​ព​សិល្បៈ​ខ្មែរក្រោម​ប្រធាន​បទ​៖«​សុខដុ​ម​ក្នុង​ភាព​ចម្រុះ​នៃ​វប្បធម៌​» (Unity in Cultural Diversity)»​។ ព្រឹត្តិ​ការណ៍​នា​ពេល​នោះ ​កម្ពុជា​បាន​សម្តែង​សិល្បៈ​ប្រពៃ​ណី​ក្រោម​ទម្រង់​ជា​របាំ​អប្សរា​ ល្ខោន​ស្បែកធំ គុន​ល្បុក្ក​តោនិង​ការ​ដាក់​តាំង​បង្ហាញ​សម្ភា​រក​ញ្ចែ​ផងដែរ​។ រីឯនៅក្នុ​ង​ឆ្នាំ​២០១៩ ​កម្ពុជា ក៏បាន​នាំ​យក​សិល្បៈ​ប្រពៃណី​និងរបាំ​រហ័ស​សម័យ​ចំនួន​៥​ទម្រង់​រួមប​ញ្ចូល​គ្នា​ទៅ​សម្ដែង​ក្រោម​ប្រធាន​បទ​៖«​ភាព​សុខ​ដុម (HARMONY)»​។​សិល្បៈ​៥​ទម្រង់​ពេល​នោះ​រួមមាន ទី​១ របាំ​មករ ​ទី​២ ឈុត​ព្រះ​ថោង​នាង​នាគ​ទី​៣ ឈុត​កូរ​សមុទ្រ​ទឹកដោះ ​ទី​៤ របាំ​ក្រមា ​និង​ក្បាច់​ក្រមា​នៃ​គុន​ល្បុក្ក​តោ និង​ទី​៥​ក្បាច់​ផ្កា​រំដួល​៕