ភ្នំពេញៈ ដូនតា​ខ្មែរ​បាន​បន្សល់ទុក​មរ​តក​ជាច្រើន​សម្រាប់​កូន​ខ្មែរ​ត​ជំនាន់ ដែល​មរតក​ដូនតា​ខ្មែរ​ទាំងនោះ​សុទ្ធតែ​បង្កប់​នូវ​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​បង្ហាញ​ពី​ការរីក​ច​ម្រើ​នៃ​សង្គម​ខ្មែរ​ទាំង​សីលធម៌ គុណធម៌ ចំណេះដឹង និង​ភាពរុងរឿង​គ្រប់​វិស័យ​នៃ​សង្គមជាតិ​។

មរតក​វប្បធម៌​សិល្បៈ​ជាច្រើន​បាន​ឆ្លាក់​ចារ​ជាប់​នឹង​ជញ្ជាំង​ប្រាសាទ​សិលាចារឹក​ផ្សេងៗ​ពាសពេញ​ផ្ទៃ​ប្រទេស ក្នុងនោះ​ល្ខោនខោល​គេ​ឃើញ​មាន​ឆ្លាក់​ចារ​ជាប់​នឹង​សិលាចារឹក​ផងដែរ​។ ល្ខោនខោល ជា​ល្ខោន​ពាក់​របាំងមុខ​របស់​ក​ម្ពុ​ជា ដែលមាន​ដើមកំណើត​នៃ​ការសម្តែង​ក្នុងអំឡុង​ស​.​វ​ទី​១០ ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៥ (​គ​.​ស ៩៦៨-១០០១)​។ រហូតមកដល់​សព្វថ្ងៃ​នេះ ល្ខោនខោល​នៅតែមាន​ប្រជាប្រិយភាព និង​ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ ក៏ដូចជា​ពិភពលោក​។

យុវ​សិស្ស អ៊ុង​ ឈួន​មន្នី ដែលមាន​ស្រុកកំណើត​ក្នុងស្រុក​រមាសហែក ខេត្តស្វាយរៀង បាន​ចាប់យក​ជំនាញ​ល្ខោនខោល​មក​សិក្សា ដែល​យុវ​សិស្ស​រូបនេះ​ជា​សិស្សសាលា​មធ្យម​វិចិត្រសិល្បៈ​ផ្នែក​ល្ខោនខោល ប៉ុន្តែ​លោក​មិនទាន់មាន​បរិញ្ញាបត្រ​នៅឡើយ​ទេ​។

ទាក់ទិន​នឹង​ការចាប់​ជំនាញ​សិល្បៈ​មួយ​នេះ អ៊ុង ឈួន​មន្នី បានឱ្យដឹងថា​៖ «​ខ្ញុំ​ចាប់​ជំនាញ​យក​ផ្នែក​ល្ខោនខោល ពីព្រោះ​ខ្ញុំ​យល់ថា​ល្ខោនខោល​មាន​ចំណុច​គួរឱ្យ​ចាប់អារម្មណ៍​ច្រើន​ក្នុងនោះ​មាន​ទាំង​ការជួយ​រក្សា​វប្បធម៌​ឱ្យ​គង់វង្ស​និង​ការបន្ត​ឱ្យ​ក្មេង​ជំនាន់​ជួយ​ថែរក្សា​វប្បធម៌​កេរ​មរតក​ពី​ដូនតា​មក​ផងដែរ​»​។​

សេចក្ដីស្រឡាញ់​ពេញចិត្ត​ពិតជា​ធ្វើឱ្យ​យុវ​សិស្ស​រូបនេះ​មានបំណង​ស្នង​សិល្បៈ​ល្ខោ​លខោន​ទៅមុខទៀត ដើម្បីឱ្យ​សិល្បៈ​នេះ​បាន​គង់វង្ស ស្រប​ពេលដែល​ទម្រង់​សិល្បៈ​និង​បច្ចេកវិទ្យា​កំពុង​វិ​វ​ឌ្ឍ​តាម​សង្គម​សម័យថ្មី​។

​យុវ​សិស្ស​រូបនេះ​បាន​អះអាង​ពី​បំណង​ខ្លួន​ថា​៖ «​ខ្ញុំ​ចង់​ក្លាយជា​គ្រូបង្ហាត់​ល្ខោនខោល​ពីព្រោះ​ខ្ញុំ​ចង់​បង្ហា​ត់ដល់​ក្មេងជំនាន់ក្រោយ​ឱ្យជួយ​ថែរក្សា​ល្ខោនខោល​ឱ្យបាន​គង់វង្ស​។ ខ្ញុំ​នឹង​ខិតខំ​ហាត់​ហើយ​និង​សម្រេច​ក្តី​ស្រមៃ​របស់ខ្ញុំ​ឱ្យបាន​។ កាលពី​ខ្ញុំ​នៅ​ក្មេង​ខ្ញុំ​ចូលចិត្ត​ល្ខោនខោល​ណាស់​ព្រោះ​មាន​ក្បាច់​ល្អៗ​ច្រើន​ទើបបានជា​ខ្ញុំ​សុំ​ម៉ាក់​ប៉ា​ចូលមក​រៀន​នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ​នេះ​”​។​

ក្នុងនាម​ជា​អ្នក​ស្រឡាញ់​ពេញចិត្ត និង​ជា​សិស្សសិល្បៈ​ល្ខោនខោល អ៊ុង ឈួន​មន្នី មាន​សំណូមពរ​ខ្លី​ថា ៖ «​ជា​ចុងក្រោយ​ខ្ញុំ​សូម​ផ្ដាំ​ទៅ​ក្មេងៗ ឬ​យុវជន​ជំនាន់​ក្រោយ​ឱ្យជួយ​ថែរក្សា​វប្បធម៌​ដែលជា​កេរ​ពី​ដូនតា​របស់​យើង​ដែល​បាន​បន្សល់ទុក​មកនេះ​ផង​»​។​

​បើ​យោងតាម​សៀវភៅ​ល្ខោនខោល​របស់​ព្រឹទ្ធាចារ្យ​ផ្នែក​វប្បធម៌​ខ្មែរ និង​តែង​និពន្ធ​ដោយ ពេ​ជ្យ ទុំ​ក្រ​វ៉ិ​ល បានសរសេរថា នៅលើ​សិលាចារឹក K.99 ប្រាសាទសំបូរព្រៃគុក នា​សតវត្សរ៍​ទី​១០ គេ​ឃើញ​មាន​ទម្រង់​ល្ខោន​មួយ​ឈ្មោះ «​ភា​ណី​» រ្មាំ ឬរ​មាំ​ភា​ណី គឺជា​អ្នករាំ​ភា​ណី សុទ្ធតែជា​ប្រុស ហើយ​ត្មឹ​នភា​ណី គឺ​តន្ត្រីករ​សម្រាប់​ល្ខោន​នេះ ក៏​សុទ្ធតែជា​ប្រុស​ផងដែរ យ៉ាងណា​វិញ​អ្នក​ប្រវត្តិវិទូ​ផ្នែក​វប្បធម៌​ប្រវត្តិសាស្ត្រ​ផ្សេងៗ​ទៀត មិនទាន់​ទទួលស្គាល់ថា​ល្ខោនខោល ដាច់ខាត​ត្រូវតែ​សម្ដែង​តែ​បុរស​នោះទេ ព្រោះ​មិនទាន់មាន​ប្រភព​ជាក់លាក់​ណាមួយ​អំពី​ការលើកឡើង​នេះ​នៅឡើយ​។

ល្ខោនខោល គេ​ជឿថា ជា​ល្ខោន​ដែល​បំប្លែង​ចេញពី​ល្ខោនស្បែក​ធំ​។ ពាក្យ​ខោល​ក្នុង​វចនានុក្រម​ខ្មែរ សម្ដេច​សង្ឃរាជ ជួន ណាត ជា​នាម​ស័ព្ទ​ដែល​មានន័យថា​ពួក​ល្ខោន​ប្រុស​, ( រាំ​រឿង​រាមកេរ្តិ៍ )​។​គេ​ប្រទះ​ពាក្យ ខោល ក្នុង​សិលា​ច​រឹក​មួយចំនួនទៀត​ដូចជា សិលាចារឹក​នៅ​វត្ត​ប្រមា ខេត្តសៀមរាប K.1229C, សិលាចារឹក​នៅ ស​.​វ​ទី​៩ គ​.​សករាជ ៩៧៩ និយាយ​ពី​ព្រាហ្មណ៍​បុរោហិត​ម្នាក់ នៅ​វ្យា​ធៈ​បុ​រៈ បាន​បញ្ជូន​មនុស្ស​ឱ្យទៅ​បម្រើ​ក្នុង​រាជវាំង ក្នុងនោះ​តម្រូវឱ្យ «​វាប​» (​អាន​ថា​៖ វា​ប៉ៈ​) មានន័យថា សាក ឬ​មក​សម មនុស្ស​៦​នាក់​ត្រូវ​ទៅផ្ទះ​នាដ​ខោល (​ផ្ទះ​អ្នករាំ​របាំ​ខោល​)៕