ភ្នំពេញៈ ទុយោ ឬ​បំពង់​បឺត​ដែល​គេ​និយម​ប្រើប្រាស់​ទៅលើ​ភេសជ្ជៈ​គ្រប់​ប្រភេទ ​គឺ​ទុយោ​ប្លា​ស្ទិ​ក​ដោយសារតែ​វា សាមញ្ញ ងាយស្រួល​ប្រើប្រាស់ តម្លៃថោក និង​រហ័ស ក៏ប៉ុន្តែ​ទុយោ​ប្លា​ស្ទិ​ក​ទំហំ​តូចៗ​ទាំងនេះ​បាន​បង្ក​ទៅជា​ផលវិបាក​ធំធេង​សម្រាប់​បរិស្ថាន​​។​

​ ទុយោ​ប្លា​ស្ទិ​ក ដែល​គេ​តែង​យល់ថា ​គ្មានអ្វី​ធំដុំ​នោះ បានក្លាយ​ទៅជា​សំណល់ ៨,៣​ពាន់​លាន​ដើម​កំពុងតែ​បំពុល​ឆ្នេរសមុទ្រ​នានា​នៅក្នុង​ពិភពលោក​។ នេះ​បើតាម​ការចុះផ្សាយ​របស់ National Geographic តាំងពី​ចុងឆ្នាំ​២០១៩​។ លើសពីនេះ ភាព​ស្រាល តូច និង​ទន់​របស់​វា​នេះ បានធ្វើ​ឱ្យ​ម៉ាស៊ីន​ញែក​កាកសំណល់​មួយចំនួន​ពិបាក​ក្នុង​ការញែក​វា​ចេញពី​កាកសំណល់​រឹងៗ​ដទៃទៀត​។​

​ទោះយ៉ាងណា នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ផលប៉ះពាល់​នៃ​ទុយោ​ប្លា​ស្ទិ​ក​នេះ​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍ និង​កត់សម្គាល់​ច្រើន​គួរសម​ទាំង​នៅ​បរទេស និង​នៅ​កម្ពុជា ដោយ​ភោជនីយដ្ឋាន ឬ​ហាង​កាហ្វេ​មួយចំនួន​បាន​ផ្លាស់ប្តូរ​ពី​ទម្លាប់​ប្រើប្រាស់​ទុយោ​ប្លា​ស្ទិ​ក​មកជា​ទុយោ​ដែលមាន​ការច្នៃ​ពី​ក្រដាស ឬ​ធនធានធម្មជាតិ​នានា ខណៈ​សិប្បកម្ម​កែច្នៃ​ទុយោ​បរិស្ថាន​ក៏ត្រូវ​បាន​បង្កើត​ឡើងជា​បន្តបន្ទាប់​ផងដែរ​។​

​ ជាក់ស្តែង សិប្បកម្ម​មួយ​ឈ្មោះថា អាទិករ បាន​ផលិត​បំពង់​បឺត​មេត្រី​បរិស្ថាន ផលិត​ពី​ស្មៅ​ចចូត​ដែលជា​វត្ថុធាតុដើម​ធម្ម​ជាតិ នៅក្នុង​ស្រុក​ដែល​រកបាន​មកពី​តាម​បណ្តា​ខេត្ត​មួយចំនួន​ដូចជា ក្រុងព្រះសីហនុ កោះកុង ជាដើម​។​

​កញ្ញា ហៃ សុជាតិ វ​ឌ្ឍ​នា ដែលជា​ម្ចាស់​អាជីវកម្ម​អាទិករ នេះ​បាន​ប្រាប់​ឱ្យ​ដឹងថា សិប្បកម្ម​ខ្នាតតូច​របស់​កញ្ញា ចាប់ផ្តើម​ដំណើរការ​ក្នុង​ខែមេសា ២០២២ និង​មាន​គោលដៅ​ចម្បង​មួយ​គឺ ចង់ឃើញ​ប្រជាជន​ខ្មែរ​ចូលរួមចំណែក​ការពារ​បរិស្ថាន ទីក្រុង រមណីយដ្ឋាន​ស្អាត ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យបាន​កាន់តែច្រើន​។​

​កញ្ញា បាន​ឱ្យដឹង​ពី​ចង្វាក់ផលិតកម្ម​របស់នាងថា៖ «​ទម្រាំ​បាន​បំពង់​បឺត​មួយៗ គឺ​ត្រូវ​ឆ្លងកាត់​ការលាង​សម្អាត​ទាំង​ផ្នែក​ក្រៅ ទាំង​ក្នុង​ឱ្យ​បាន​ស្អាត រួច​កាត់​ទៅតាម​ទំហំ​តម្រូវការ រួច​ស​ម្ងួ​ត​ដោយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ រយៈពេល ៣ ទៅ​៤​ម៉ោង បន្ទាប់មក​សម្លាប់​មេរោគ​ដោយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ UVC Sterilization និង​ចុងក្រោយ​គឺ​ការត្រួតពិនិត្យ​គុណភាព​ឡើងវិញ និង​វេច​ខ្ចប់​ទៅតាម​ស្តង់ដា​»​។​

​កញ្ញា ហៃ សុជាតិ វ​ឌ្ឍ​នា បានបញ្ជាក់​ទៀតថា ផលិតផល​របស់នាងជា​ផលិតផល​ផលិត​ដោយ​ដៃ​ស្ត្រី​ខ្មែរ​ក្នុងស្រុក និង​ប្រើប្រាស់​វត្ថុធាតុដើម​ពី​ធម្មជាតិ​នៅក្នុង​ស្រុក ពោលគឺ​ដើម្បី​លើក​កម្ពស់​ជីវភាព​ប្រជាជន​នៅក្នុង​សហគមន៍ ក៏ដូចជា​ធានា​នូវ​សុខុមាលភាព​អ្នកប្រើប្រាស់ និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន​។​

​បច្ចុប្បន្ន​សិប្បកម្ម​ដែលទើបបើកជាង ១​ឆ្នាំនេះ អាច​ផលិត​បាន​នូវ​បរិមាណ​តិច​នៅឡើយ និង​មាន​ដាក់លក់​ខ្លះៗ​នៅតាម សណ្ឋាគារ ភោជនីយដ្ឋាន និង​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​ដែលជា​ដៃគូ​ក្នុងតម្លៃ​ចន្លោះ​ពី ១០០ ទៅ ១៤០​រៀល ក្នុង​១​ដើម​។​

​ជាមួយគ្នានេះដែរ ម្ចាស់​អាជីវកម្ម​អាទិករ មួយ​នេះ​ចង់​សំណូមពរ​ដល់​រាជរដ្ឋាភិបាល បន្ត​គាំទ្រ​ដល់​អាជីវកម្ម​ខ្នាតតូច និង​បង្កើន​ការផ្សព្វផ្សាយ​ឱ្យកាន់តែ​ទូលំទូលាយ តាមរយៈ​វិទ្យុ ទូរទស្សន៍ ស្លាក​ប៉ាណូ នូវ​ផលិតផល​បរិស្ថាន​ជំនួស​ឱ្យ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ព្រមទាំង​អនុវត្តគោលការណ៍គ្រប់គ្រង​កាកសំណល់ តាម​ទីសាធារណៈ​ឱ្យមាន​ប្រសិទ្ធភាព​និង​និរន្តរភាព​៕