ភ្នំពេញ៖ ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី ១១ ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​រយៈពេល ៤ ថ្ងៃ ចាប់ពី​ថ្ងៃទី ១៩ ដល់​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ រំពឹងថា​នឹង​ទាក់ទាញ​អ្នក​ចូលចិត្ត​អាន​សៀវភៅច្រើន​​​​។​

ក្រោម​ប្រធានបទ «អ្នកអានជាអ្នករៀនពេញមួយជីវិត» ពិព័រណ៍​នេះ​មាន​គោលបំណង​ដើម្បី​អបអរសាទរ​ដល់​វិស័យ​តែង​និពន្ធ​ ខណៈពេលដែល​បង្ហាញ​ពី​តួនាទី​សំខាន់​នៃ​ការអានដើម្បី​បង្កើន​ចំនេះដឹង​​ផ្ទាល់ខ្លួន និង​វិជ្ជាជីវៈ​។​

ដោយមាន​អ្នកចូលរួម​ជាង ២០ម៉ឺន​នាក់​នៅក្នុង​ព្រឹត្តិការណ៍​កាលពី​ឆ្នាំមុន ពិព័រណ៍​សៀវភៅ​កម្ពុជា​គឺជា​ព្រឹត្តិការណ៍​វប្បធម៌​ដ៏​សំខាន់​មួយ ប៉ុន្តែ​អ្នករៀបចំ​កំពុង​អំពាវនាវ​ឱ្យមាន​ការចូលរួម​កាន់​តែ​កាន់តែ​ច្រើន​​ពី​សំណាក់​​ប្រជាជនវណ្ណៈ​កណ្ដាល​ ពោលគឺ​អ្នកទិញ​សៀវភៅ​ពិត​។​

លោក ហុក សុទ្ធិ តំណាង​គណៈកម្មការ​ពិព័រណ៍​សៀវភៅ​កម្ពុជា បាន​ឱ្យដឹងថា ពិព័រណ៍​សៀវភៅ​កម្ពុជាឆ្នាំ​២០២៤ មាន​ស្ដង់​ចំនួន ២៩២ រួមទាំង​ស្ដង់​សម្ភារសិក្សា និង​ស្ដង់​អាហារ​មួយ​ចំនួន​។

លោកបាន​និយាយថា​៖ «​ការ​ចូលរួម​ពី​ព្រឹត្ដិការណ៍​ឆ្នាំ​ទៅ មាន​ចំនួន​ជាង ២០​ម៉ឺន​នាក់​ ជា​ចំនួន​ដ៏ច្រើន​ ដោយសារ​ពិព័រណ៍​នៅក​ម្ពុជា​មិន​ដែលមាន​អ្នក​ចូលរួម​ច្រើន​យ៉ាង​ដូច្នេះ​ទេ​»។

យ៉ាងណាមិញ លោក សុទ្ធិ ទទួល​ស្គាល់​ថា ថ្វីដ្បិតតែ​ពិព័រណ៍​សៀវភៅ​កម្ពុជាមាន​អ្នក​ចូលរួម​ច្រើន ជាពិសេស​សិស្ស​-​និស្សិត​យ៉ាង​ណាក៏ដោយ ក៏​ព្រឹត្ដិការណ៍​ប្រចាំ​ឆ្នាំ​នេះ​នៅ​ខ្វះ​អ្នក​ទិញ​សៀវភៅ​។

អ្នកនិពន្ធគាំទ្រអ្នកបោះពុម្ព ដោយលោក ឡឹក ជំនោរ ទៅទិញសៀវភៅនៅស្ដង់របស់អ្នកស្រី សុជាតា កាលពិព័រណ៍សៀវភៅកម្ពុជាលើកទី ១០។ រូបថត ហុង រស្មី

ការ​ចូលរួម​ពី​យុវជន សិស្ស​-និស្សិត​ដ៏​ច្រើន​មិន​ទាន់​មាន​ឯករាជ្យភាព​ហិរញ្ញវត្ថុ​ក្នុង​ការ​ចំណាយ​លើ​ការ​ទិញ​សៀវភៅ​ដែល​ពួកគេ​ចូលចិត្ដ​។ ដូច្នេះ លោក សុទ្ធិ អំពាវនាវ​ឱ្យ​មាន​ការ​ចូលរួម​ពី​អតិថិជន​វណ្ណៈ​កណ្ដាល​ ដែល​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុងការ​ចំណាយ​ប្រាក់​ទិញ​សៀវភៅ​ទាំង​សម្រាប់​ការ​អាន​ផ្ទាល់​ខ្លួន សម្រាប់​កូន​ចៅ និង​ការ​បរិច្ចាគ​ផ្សេងៗ​។

លោកបាន​ថ្លែងថា​៖ «​យើង​នៅ​ខ្វះ​វណ្ណៈកណ្ដាល ដូចជា មន្ដ្រី​រាជការ អ្នក​ចម្ការ ពិសេស​អ្នក​អាយុ​ចាប់​ពី ៤០​ឆ្នាំ​ឡើង ដែលមាន​ការងារ​មាំទាំ​ មិន​ទាន់​បាន​ចូលរួម​កុះករ​នោះទេ​»។

ពិព័រណ៍សៀវភៅកម្ពុជាលើកទី ១០ ឆ្នាំ២០២៣ ត្រូវបានប្រារឰឡើងជាលើកដំបូងនៅកោះពេជ្រ ក្រោយបណ្ណាល័យជាតិមិនអាចផ្ទុកអ្នកចូលរួមដ៏ច្រើនកុះករ។ រូបថត ហុង រស្មី

ពិធី​បើកសម្ពោធ​ពិព័រណ៍​សៀវភៅ​កម្ពុជា នឹងមាន​វត្ដមាន​លោករដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និងកីឡា ហង់ ជួនណារ៉ុន លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និងលោក ខៀវ កាញារីទ្ធ​ តំណាងរាស្ដ្រ​ខេត្ដកំពង់ចាម។

លោក គឹម ពីនន់ អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ឱ្យដឹងថា​ ការ​រៀបចំ​ពិព័រណ៍​សៀវភៅ​កម្ពុជា​មាន​គោលបំណងធំ​ចំនួន ៥ គឺ​ការ​ផ្សព្វផ្សាយ​ការ​បោះពុម្ព​សៀវភៅ​គ្រប់​ប្រភេទ ទាំង​ស្នាដៃ​ចាស់ និង​ស្នាដៃ​ថ្មី​ដើម្បី​ឱ្យ​មាន​​ទីផ្សារ​ទាំង​ក្នុង​ស្រុក​ និង​ក្រៅប្រទេស​។

លោក​បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​នៅ​សណ្ឋាគារ​ Sun & Moon កាល​ថ្ងៃទី​១១ ខែ​ធ្នូ​នេះថា៖ «​គោលបំណង​ទីពីរ​គឺ​ជំរុញ​ប្រជាជន​ខ្មែរ​ឱ្យ​មាន​ទម្លាប់​អាន​សៀវភៅ និង​ជា​សារ​មួយ​បញ្ជូន​ទៅកាន់​យុវជន​ឱ្យ​ស្គាល់​ពី​គុណ​តម្លៃ​នៃការ​អាន​ដើម្បី​អភិវឌ្ឍ​ចំណេះដឹង និង​បង្កើនគំនិត​សម្រាប់​ការ​សិក្សា​ និង​ការងារ​»។

លោក ពីនន់ បាន​បន្ដថា គោលបំណង​ទីបី គឺ​បង្កើន​កម្មវិធី​និទាន​រឿង និង​គំនូរ​រូបភាព​ផ្សេងៗ​ដល់​កុមារ​ដើម្បី​បណ្ដុះទឹក​ចិត្ដ​កុមារ​ឱ្យស្រឡាញ់​ និង​ចូល​ចិត្ដ​សៀវភៅ​តាំងពី​នៅ​តូចៗ​។

ពិព័រណ៍សៀវភៅកម្ពុជាលើកទី ១០ មានអ្នកចូលរួមជាង ២០ម៉ឺននាក់ ជាចំនួនដ៏ច្រើនបំផុត។ រូបថត ហុង រស្មី

លើសពីនេះ ការ​រៀបចំ​ពិព័រណ៍​សៀវភៅ​កម្ពុជា​បាន​គាំទ្រ​ដល់​ឧស្សាហកម្ម​បោះពុម្ព​ផ្សាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ពិភពលោក​ ហើយ​វាជាការ​លើក​ទឹកចិត្ដ​ដល់​កវីនិពន្ធ​ខ្មែរ​បន្ដ​ចង​ក្រង​ស្នាដៃ​បន្ថែម​ទៀត​។

ពិព័រណ៍​សៀវភៅ​កម្ពុជា នឹងមាន​សកម្មភាព​ចំនួន ៧ ការ​លក់សៀវភៅ​បញ្ចុះ​តម្លៃ វេទិកា​បោះពុម្ព​ផ្សាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ការ​ធ្វើ​បទបង្ហាញ​អំពី​អក្សរសាស្ដ្រ អក្សរសិល្ប៍ និង​វិទ្យាសាស្ដ្រ ការ​និពន្ធសៀវភៅ​ទៅជាខ្សែ​ភាពយន្ដ និងការអភិវឌ្ឍ​ជំនាញ​ការអានថ្នាក់​ដំបូង ការ​ជួប​ពិភាក្សា​ និងចែក​រំលែកបទពិសោធ​ពីអ្នក​និពន្ធល្បីៗ កម្មវិធីអានរឿង និងល្បែង​កុមារ ក៏ដូចជាកម្មវិធី​ប្រគំ​តន្ដ្រី​។

លោក ពីនន់​ បាន​ថ្លែងថា​៖ «​ពិព័រណ៍​សៀវភៅ​កម្ពុជាកាន់តែ​ទាញ​ចិត្ដ​យុវជន​ច្រើន​ឡើង​ៗ និងបាន​ក្លាយ​ជា​ព្រឹត្ដិការណ៍​វប្បធម៌​មួយ​ដ៏​សំខាន់​ក្នុងការ​ផ្សព្វផ្សាយ និងការ​ជំរុញ​លើក​ទឹកចិត្ដ​ឱ្យ​ប្រជាជន​ខ្មែរ​មាន​ទម្លាប់​ក្នុងការ​អាន​សៀវភៅ និង​ស្គាល់​ពីគុណ​តម្លៃ​នៃ​ការអាន ដើម្បី​អភិវឌ្ឍ​ចំណេះដឹង និងការងារ»៕