ភ្នំពេញៈ កម្ពុជា និង​វៀតណាម​ប្តេជ្ញាចិត្ត​បង្កើន​កិច្ចសហប្រតិបត្តិការ ដើម្បី​ស្តារ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រទេស​ទាំង​ ២ ​នៅ ក្រោយ​វិបត្តិ​កូវីដ​ ១៩​។ ការប្តេជ្ញា​ដូច្នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​រវាង​លោក​ ហេង សំរិន ប្រធាន​រដ្ឋសភា​កម្ពុជា និង​លោក វឿង ឌីញហ្វេ ប្រធាន រដ្ឋសភា​វៀតណាម នៅ​ថ្ងៃទី​ ៣ ខែមិថុនា តាម​ប្រព័ន្ធ​វីដេអូ​។

យោងតាម​ហ្វេសប៊ុក លោក ហេង សំរិន នៅ​ថ្ងៃទី​ ៣ ខែ​មិថុនា ​បាន​ឱ្យដឹងថា លោក​ ហេង សំរិន បាន​អបអរសាទរ លោក វឿង ឌីញហ្វេ ដែល​ត្រូវបាន​ជាប់ឆ្នោត​ជា​ប្រធាន​រដ្ឋសភា​វៀតណាម​សម្រាប់​អាណត្តិ​ឆ្នាំ​ ២០២១-២០២៦​។ លោក​បញ្ជាក់ថា ក្រោម​ការដឹកនាំ​របស់​លោក វឿង ឌីញហ្វេ នឹង​ធ្វើឱ្យ​ទំនាក់ទំនង ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ជាពិសេស​ក្នុង​ក្របខ័ណ្ឌ​នីតិប្បញ្ញត្តិ​កាន់តែ​មាន​លក្ខណៈ​ជិតស្និទ្ធ និង​ស្អិតល្មួត​ថែមទៀត​។

ហ្វេសប៊ុក​ដដែល​បញ្ជាក់ថា​៖ «​ឯកឧត្តម វឿង ឌីញ ហ្វេ បាន​សន្យាថា នៅក្នុង​អាណត្តិ​ជា​ប្រធាន​រដ្ឋសភា​ដែល​ទើប​ទទួល​បាន​ការគាំទ្រ​ពី​បក្ស និង​រដ្ឋ​វៀតណាម​នឹង​ខិតខំ​ពង្រឹងពង្រីក​ចំណងមិត្តភាព​នៃ​ប្រទេស​ទាំង​ ២ ឱ្យ​កាន់តែ​រឹងមាំ និង​ប្រសើរឡើង​ថែមទៀត សំដៅ​ស្តារ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រទេស​ទាំង​ ២ ​ឱ្យ​កាន់តែ​រីកចម្រើន​ឡើង នៅក្រោយ​ពី​វិបត្តិ​កូវីដ​ ១៩ បាន​បញ្ចប់ទៅ​»​។

បើតាម​ហ៊េ្វសប៊ុក​លោក​ ហេង សំរិន រដ្ឋសភា​ប្រទេស​ទាំង​ ២ បាន​រក្សា និង​អនុវត្ត​នូវ​ស្មារតី​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​គ្នា​ឱ្យបាន​យ៉ាង​ល្អប្រសើរ និង​បាន​ធ្វើ​បច្ចុប្បន្នភាព​កិច្ចព្រមព្រៀង​នេះ​ជា​បន្តបន្ទាប់ សំដៅ​ឱ្យ​កិច្ចសហប្រតិបត្តិការ​វិស័យ​ការទូត​សភា ឆ្លើយតប​ទៅនឹង​ការវិវឌ្ឍ​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​សមស្រប​តាម​បរិបទ​សកល​ថែមទៀត​។

ប្រភព​ដដែល​បាន​បញ្ជាក់ថា ថ្នាក់ដឹកនាំ​រដ្ឋសភា​នៃ​ប្រទេស​ទាំង​ ២ សន្យា​រួមគ្នា បន្ត​ជំរុញ​ឱ្យសម្រេចបាន​នូវ​គ្រប់​ចំណុច​អាទិភាព​នៅក្នុង​កិច្ចព្រមព្រៀង​ដែល​រដ្ឋសភា​ប្រទេស​ទាំង​ ២ បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​ ២០១៩ ​ក្នុងនោះ​មានការ​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​គ្នា​ទៅវិញ​ទៅមក នៅ​គ្រប់​កម្រិត ពិសេស​ជំរុញ​សកម្មភាព​ក្រុម​មិត្តភាព​សមាជិកសភា​វ័យក្មេង និង​សមាជិកសភា​ជា​ស្ត្រី ឱ្យមាន​សកម្មភាព​ឡើងវិញ​។ ភាគី​ទាំង​ ២ សន្យា​បន្ត​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​នៅលើ​វេទិកា​អន្តរសភា​ទាំង​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​សកលលោក​។

ជាមួយ​គ្នា​នេះ លោក ហេង សំរិន និង​លោក វឿង ឌីញហ្វេ បាន​អបអរសាទរ​ចំពោះ​លទ្ធផល​នៃ​ការបោះបង្គោល​ព្រំដែន​ប្រទេស​ទាំង​ ២ ដោយ​សម្រេចបាន​ ៨៤ ​ភាគរយ ហើយ​សង្ឃឹមថា រដ្ឋាភិបាល​ទាំង​ ២ ​នឹង​បញ្ចប់​ការងារ​ដែល​នៅ​សេសសល់​ប្រមាណ​ ១៦ ​ភាគរយ​ទៀត​ក្នុងពេល​ឆាប់ៗ ដើម្បី​ប្រែក្លាយ​ខ្សែ​ព្រំដែន​កម្ពុជា-វៀតណាម ជា​ព្រំដែន​សន្តិភាព មិត្តភាព​សហប្រតិបត្តិការ និង​ការអភិវឌ្ឍ ដើម្បី​ភាពសុខសាន្ត និង​វឌ្ឍនភាព​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២​។

លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា​កម្ពុជា ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៣ ខែមិថុនា ថា ភាគី​ទាំង​ ២ នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​រវាង​សភា​ទាំង​ ២ នៅក្នុង​កិច្ចព្រមព្រៀង​មិត្តភាព​កិច្ចសហប្រតិបត្តិការ​ដែល​ចុះហត្ថលេខា​កាលពី​ឆ្នាំ​ ២០១៩​។

លោក​បាន​ថ្លែងថា​៖ «​សភា​ទាំង​ ២ ​សុំ​ឱ្យ​ជំរុញ​កិច្ចព្រមព្រៀង​ដែល​ប្រទេស​ទាំង​ ២ បាន​ចុះហត្ថលេខា​ជាមួយ​គ្នា ឧទាហរណ៍ ដូចជា កិច្ចព្រមព្រៀង​ព្រំដែន​ហ្នឹង យើង​ធ្វើ​បាន​ ៨៤ ​ភាគរយ វា​នៅសល់​ ១៦ ​ភាគរយ​ទៀត ​សុំឱ្យ​ជំរុញ​ភាគី​ទាំង​ ២ ​ដោះស្រាយ​បញ្ហា​ព្រំដែន​ឱ្យបាន​ ១០០ ​ភាគរយ​ក្នុង​ស្មារតី​មិត្តភាព​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣ ខែ​មិថុនា ថា​ទំនាក់ទំនង​កម្ពុជា និង​វៀតណាម​ជា​ទំនាក់ទំនង​ជា​ប្រពៃណី​។ ជាទូទៅ រាល់ពេល​ជំនួប​រវាង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង ២ គឺ​តែងតែ​មាន​ការប្តេជ្ញាចិត្ត​ពី​ការពង្រឹង​មិត្តភាព និង​កិច្ចសហប្រត្តិការ​។

លោក​ថ្លែងថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ក៏​មិនមាន​សញ្ញា​ណាមួយ​ថា ធ្លាក់ចុះ​នោះទេ​។ វា​ជា​ទំនាក់ទំនង​ដែល​ល្អ និង​មាន​ការយល់​គ្នា​។

លោក ភា បន្តថា​៖ «​ជារួម កម្ពុជា និង​វៀតណាម​នេះ ទំនាក់ទំនង​ហ្នឹង វា​ជា​ទំនាក់ទំនង​មួយ​ដែលមាន​ភាពចាំបាច់​។ ទី​១ គឺ​ប្រទេស​ទាំង​ ២ នៅ​ព្រំដែន​ភូមិ​ផង​របង​ជាមួយ​។ ទោះ​ជាមាន​បញ្ហា​អី ក៏​មិនអាច​ចាកចេញ​ពីគ្នា​បានដែរ​។ ទី​២ គឺ​បើ​យើង​និយាយ​ពី​មរតក​នៃ​ទំនាក់ទំនង​កម្ពុជា វៀតណាម ជាពិសេស​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ហ្នឹង​គឺ​ទំនាក់ទំនង​រវាង​បក្ស និង​បក្ស​ហ្នឹង​វា​មាន​លក្ខណៈ​ស៊ីជម្រៅ​ខ្លាំង​»៕