កំពង់ឆ្នាំងៈ អភិបាលខេត្តកំពង់ឆ្នាំងបានសម្រេចអនុញ្ញាតឱ្យបើកដំណើរការរោងចក្រហឺរ៉ាយហ្សិន អៅដរ ខេមបូឌា (HORIZON OUTDOOR CAMBODIA) CO.,LTD ដែលមានទីតាំងនៅក្នុងភូមិផ្សារក្រោម ឃុំកំពង់លែង ស្រុកកំពង់ត្រឡាច ឡើងវិញ ចាប់ពីថ្ងៃទី ៥ មិថុនានេះតទៅ។
ការសម្រេចនេះបានធ្វើឡើងតាមរយៈលិខិតចុះថ្ងៃទី ៤ ខែមិថុនារបស់អភិបាលខេត្ត លោក ឈួរ ច័ន្ទឌឿន ដោយផ្អែកលើកំណត់ហេតុចុះថ្ងៃទី ៣ មិថុនា របស់ក្រុមបច្ចេកទេសចម្រុះថ្នាក់ខេត្តសម្រាប់វិនិច្ឆ័យក្នុងការផ្អាក និងបើកឡើងវិញនូវសកម្មភាពអាជីវកម្ម ផលិតកម្ម ដោយវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។
យ៉ាងណាក្ដី ការសម្រេចឱ្យបើកដំណើរការរោងចក្រឡើងវិញនេះរដ្ឋបាលខេត្តបានតម្រូវឱ្យម្ចាស់រោងចក្រសហការអនុវត្តនូវវិធានការនានា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។
នៅក្នុងសេចក្ដីសម្រេចនេះបានបញ្ជាក់ថា «សូមឱ្យម្ចាស់រោងចក្រ កម្មករ កម្មការិនីទាំងអស់បន្តចូលរួមជាមួយអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយ និងចូលរួមអនុវត្តវិធានការសុខាភិបាលគឺ ៣ការពារ ៣កុំឱ្យបានខ្ជាប់ខ្ជួន»។
ជាមួយគ្នានេះរដ្ឋបាលខេត្តក៏បាននិរាករណ៍នូវលិខិតលេខ ១៨៣/២១ ស.ស.រ ចុះថ្ងៃទី ២២ ឧសភាដែលផ្ទុយនឹងសេចក្ដីសម្រេចនេះផងដែរហើយបានតម្រូវឱ្យនាយករដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងឃុំ ចៅសង្កាត់ ពាក់ព័ន្ធត្រូវទទួលបន្ទុកអនុវត្តសេចក្ដីសម្រេចនេះ៕