ត្បូងឃ្មុំៈ ក្រសួងបរិស្ថាន​ និង​រដ្ឋបាល​ក្រុងសួង​នៃ​ខេត្ត​ត្បូងឃ្មុំ​នៅ​ថ្ងៃទី ​៥​ មិថុនា​នេះ​បាន​សហការ​ដាំ​ដើម​កូនឈើ​ប្រភេទ​ប្រណីត​ និង​ដើម​ផ្កា​សរុប​ជាង​ ១ ៥០០ ​ដើម​ ​ដើម្បី​បង្កើន​ភាព​បៃតង​សម្រាប់​ក្រុង​ និង​ជា​ការបណ្តុះ​ស្មារតី​ពលរដ្ឋ​ឱ្យ​ស្រឡាញ់​ និង​ចូលរួម​ការពារ​បរិស្ថាន​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ និង​ជីវចម្រុះ​។​

ពិធី​ដាំ​កូនឈើ​នេះ​ធ្វើឡើង​ដោយ​មាន​ការចូលរួម​ពី​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ និង​​ពី​មន្ត្រីរាជការ​ ព្រះសង្ឃ សិស្សានុសិស្ស និង​ពលរដ្ឋ​ជិត​ ១០០ ​នាក់ ចំពេល​នៃ​ការ​ប្រារព្ធ​ទិវា​​បរិស្ថាន​ឆ្នាំ​ ២០២១ ​នេះ​ក្រោម​ប្រធានបទ​ «​ជីវចម្រុះ​ និង​សុខភាព​មនុស្ស​»​។

បើតាម​ក្រសួង​បរិស្ថាន​ដើមឈើ​ទាំងនេះ​រួមមាន​កូនឈើ​គ្រញូង​ចំនួន​ ៤០០ ​ដើម ដើម​ធ្នង់​ជាង​ ២០០ ​ដើម និង​ដើម​ផ្កាក្ងោក​ពូជ​ផ្កា​ពណ៌​លឿង​ចំនួន ៥០០ ​ដើម និង​ផ្កា​អន្ធនេល​ចំនួន ៤០០ ​ដើម ដោយ​ត្រូវបាន​ដាំ​នៅតាម​ផ្លូវ​សាធារណៈ​ក្នុងភូមិសាស្ត្រ​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​។​

ថ្លែង​នៅក្នុង​ពិធី​នោះ​លោក​រដ្ឋលេខាធិការ នេត្រ ភក្ត្រា បានលើកឡើង​ថា​សកម្មភាព​នៃ​ការដាំ​ដើមឈើ​ និង​ដើម​ផ្កា​ប្រភេទ​កម្រ​នៅថ្ងៃនេះ​គឺជា​សកម្មភាព​មួយ​ដ៏ល្អ​ប្រពៃ​ដែល​ត្រូវ​បាន​ឱ្យ​តម្លៃ​ថា​ជា​ការលើកកម្ពស់​ការយល់ដឹង​ពី​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ ហើយ​រួមគ្នា​ដាំ​ដើមឈើ​បន្ថែម​នៅក្នុង​សហគមន៍​​ និង​ចូលរួម​ការពារ​ និង​អភិរក្ស​ធនធានធម្មជាតិ​ព្រៃឈើ​សត្វព្រៃ​ជីវចម្រុះ​គ្រប់​ប្រភេទ​។

លោក​បាន​ថ្លែងថា​៖ «​ការរួម​គ្នា​ដាំ​ដើមឈើ​តាម​សហគមន៍ និង​ទីប្រជុំជន មិនមែន​ត្រឹមតែ​បង្កើត​ភាពបៃតង​ជា​ម្លប់​ និង​ការកាត់បន្ថយ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​ប៉ុណ្ណោះ​ទេ តែ​បាន​ចូលរួម​ថែរក្សា​ និង​អភិរក្ស​ប្រភេទ​ឈើ​ប្រណីត​​សំខាន់​នៅក្នុង​សហគមន៍​ និង​ចូលរួម​បង្កើន​វត្តមាន​ឈើ​ប្រណីត​ក្នុងប្រទេស​​កម្ពុជា និង​ជា​ការបន្សល់​ទុកជា​កេរដំណែល​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​»​។

លោក​បានឱ្យដឹង​ដែរ​ថា រៀងរាល់​ឆ្នាំ កូនឈើ​ប្រណីត​ជាច្រើន​សែន​ដើម​ត្រូវ​បាន​អាជ្ញាធរ ប្រជាពលរដ្ឋ​ដាំ​នៅតាម​តំបន់​នានា​ក្នុងប្រទេស​កម្ពុជា​ទាំង​តាមផ្លូវ​សាធារណៈ តាម​សាលារៀន វត្ត​អារាម និង​នៅតាម​តំបន់​ព្រៃ​រេចរឹល​នានា​។

លោក នេត្រ ភក្ត្រា បាន​ហៅ​សកម្មភាព​យ៉ាង​ផុសផុល​នៃ​ការដាំ​ដើមឈើ​នៅ​ទូទាំងប្រទេស​នេះ​ថា​ជា​ចលនា​ស្រឡាញ់​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​ដែលជា​កាយវិកា​នៃ​ការគោរព​ស្រឡាញ់​ និង​ចូលរួម​ការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ និង​ជីវចម្រុះ​ឱ្យបាន​គង់វង្ស​សម្រាប់​ប្រយោជន៍​មនុស្ស​រាប់​ជំនាន់​តទៅ​មុខទៀត​។

ជាមួយ​គ្នា​នេះ​លោក​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​រូបនេះ​ក៏បាន​អំពាវនាវ​ដល់​​ពលរដ្ឋ​ទូទាំង​ប្រទេស​ថា​៖ «​សូម​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ចូលរួម​ដាំ​ដើមឈើ​ទាំងអស់គ្នា ដើម្បី​បង្កើត​ភាពបៃតង បង្កើន​គម្រប​ព្រៃឈើ​បន្ថែម និង​ការពារ​ធនធានធម្មជាតិ ព្រៃឈើ​របស់​កម្ពុជា​»​។

បើតាម​លោក នេត្រ ភក្ត្រា ប្រទេស​កម្ពុជា​បាននិង​កំពុង​ខិតខំ​ប្រឹងប្រែង​ការពារ​ធនធាន​ធម្មជាតិ ដែល​ខ្លួន​មាន​ដោយ​បង្កើត​តំបន់​ការពារ​ធម្មជាតិ និង​តំបន់​អភិរក្ស​ជាច្រើន​កន្លែង​ដែល​រហូត​មកទល់​ពេលនេះ​មាន​ប្រព័ន្ធ​តំបន់​ការពារ​ធម្មជាតិ​ និង​របៀង​អភិរក្ស​ជីវចម្រុះ​ជាង​ ៧០ ​កន្លែង​មាន​ផ្ទៃដី​ជាង​ ៧,៣ ​លាន​ហិកតា​ស្មើ​ប្រមាណ​ជាង​ ៤១ ​ភាគរយ​នៃ​ផ្ទៃដី​សរុប​របស់​កម្ពុជា​កំពុងស្ថិត​ក្រោម​យុត្តាធិការ​គ្រប់គ្រង និង​អភិរក្ស​ដោយ​ក្រសួងបរិស្ថាន​។

លោក​បាន​បញ្ជាក់ទៀតថា ផ្ទៃដី​តំបន់​ធម្មជាតិ​ដែល​កម្ពុជា​ដាក់​ជា​តំបន់​អភិរក្ស​នេះ​គឺមាន​ច្រើនជាង​ ២ ​ដង​នៃ​គោលការណ៍​ជីវចម្រុះ​អាឈី​ (Archi) ដែល​កំណត់ថា​ប្រទេស​នីមួយៗ​ត្រូវ​រក្សា​ដី​អភិរក្ស ១៧ ​ភាគរយ​នៃ​ផ្ទៃដី​ប្រទេស​។

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានលើកឡើង​ដែរ​ថា សារៈសំខាន់​នៃ​ការដាំដុះ​ព្រៃឈើ​បន្ថែម​ថ្មី​នេះ​គឺ​បាន​ដើរតួនាទី​សំខាន់​ដើម្បី​បង្កើត​បរិស្ថាន​បៃតង​សម្រាប់​ភូមិ​ឃុំ សហគមន៍ និង​ដើម្បី​ជា​ដំណោះស្រាយ​ចំពោះ​បញ្ហា​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​។

លោក​បាន​បន្ថែមថា​ការប្រែប្រួល​អាកាសធាតុ​ដែល​បាននិង​កំពុង​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ពិភពលោក​នេះ​គឺ​កម្ពុជា​មិនមែន​ជា​ប្រទេស​ដែល​បង្ក​នោះទេ​តែ​ជា​ប្រទេស​ដែល​បាននិង​កំពុង​រង​នូវ​ផលប៉ះពាល់​ដោយ​ការប្រែប្រួល​អាកាសធាតុ​នេះ​។ ជាក់ស្តែង​ដូចជា​រដូវវស្សា​ចាប់ផ្តើម​យឺត ភ្លៀង​មិន​ទៀងទាត់ ភាពរាំងស្ងួត ឬ​ទឹកជំនន់ ធ្វើឱ្យ​មាន​ការប្រែប្រួល​នៃ​របប​ទឹក​នៃ​ទន្លេមេគង្គ និង​ទន្លេសាប និង​ធ្វើឱ្យ​ខូច​ផលដំណាំ​ប្រជាពលរដ្ឋ​ជាដើម​។

បើតាម​ការបញ្ជាក់​ពី​លោក ជា ណារ៉ុន អភិបាលក្រុង​សួង​រហូត​មកទល់​ពេលនេះ​គឺមាន​ដើមឈើ​ប្រណីត​រួមមាន​ដើម​គ្រញូង ធ្នង់ នាងនួន​​រួម​នឹង​ដើម​ផ្កាក្ងោក​លឿង​ និង​ដើម​អន្ធនេល​ជាង​ ៣ ០០០ ​ដើម​ហើយ​ដែល​ត្រូវបាន​ដាំ​នៅតាម​ដងផ្លូវ​ក្នុង​ក្រុង​សួង ខណៈ​ការដាំ​នឹង​នៅ​បន្ត​បន្ថែមទៀត​នៅ​ឆ្នាំ​ខាង​​មុខ​៕