ភ្នំពេញៈ រដ្ឋមន្ត្រី​ការបរទេស​លោក ប្រាក់ សុខុន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ រាជរដ្ឋាភិបាល​ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​ពិសេស​អាស៊ាន-ចិន និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​មេគង្គ - ឡានឆាង លើក​ទី​ ៦ នៅ​ថ្ងៃទី​ ៧ ​និង​ទី​ ៨ ​ខែមិថុនា នៅ​ទីក្រុង​ឆុងឈីង ប្រទេស​ចិន តាម​ជើងហោះហើរ​ពិសេស​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌាអ៊ែរវ៉េ កាលពី​ថ្ងៃទី​ ៦ ខែមិថុនា​។

ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌាអ៊ែរវ៉េ ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​ ៦ ខែមិថុនា​ថា​៖ «​នេះ​ជា​លើក​ទី​១ ហើយ​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌាអ៊ែរវ៉េ ដឹក​ប្រតិភូ​រដ្ឋាភិបាល​ជាន់ខ្ពស់​ទៅកាន់​ប្រទេស​ចិន ក៏ដូចជា​លើក​ទី​២ ផងដែរ ដែល​ក្រុមហ៊ុន​អាកាសចរណ៍​បានផ្តល់​ជើងហោះហើរ​ពិសេស សម្រាប់​ឯកឧត្ដម​ប្រាក់ សុខុន​និង​គណៈប្រតិភូ​របស់លោក​បន្ទាប់ពី​បានធ្វើ​ដំណើរ​ទៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី សម្រាប់​កិច្ចប្រជុំ​មេដឹកនាំ​អាស៊ាន កាលពី​ខែមេសា ឆ្នាំនេះ​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា ដោយ​ត្រូវបាន​រដ្ឋាភិបាល​ប្រគល់​តួនាទី​សំខាន់​បែបនេះ​ជា​លើក​ទី ២ ​ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌាអ៊ែរវ៉េ បានចាប់ផ្តើម​ការត្រៀម​រៀបចំ​ភ្លាមៗ និង​បានរៀបចំ​ការប្រជុំ​ពិសេស​ជាច្រើន​ដើម្បី​ពិភាក្សា​អំពី​កាលវិភាគ​នៃ​ការហោះហើរ ក៏ដូចជា​នីតិវិធី​យ៉ាង​លម្អិត​ដើម្បី​ធានាបាន​នូវ​ប្រតិបត្តិការ​ហោះហើរ «​ដោយ​រលូន​»​។ ​«​ជើង​ហោះហើរ​ពិសេស​បាន​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ថ្ងៃទី​ ៦ ​ខែ​មិថុនា ល្ងាច ហើយ​បាន​ចុះចត​យ៉ាង​រលូន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ឆុងឈីង ជាំងប៊ី តាម​ពេលវេលា​កំណត់​ម៉ោង ១៨: ១០ យប់​»​។

បច្ចុប្បន្ន​ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌាអ៊ែរវ៉េ កំពុង​ដំណើរការ​ជើងហោះហើរ​សម្រាប់​អ្នកដំណើរ​ជាប្រចាំ​រវាង​ភ្នំពេញ និង​ឆេង​ទូ​ប្រទេស​ចិន និង​ជើងហោះហើរ ដឹកទំនិញ​ជា​ទៀងទាត់ រវាង​ភ្នំពេញ​ និង​ហ្សិនជិន​ប្រទេស​ចិន​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល ក្រុមហ៊ុន​នេះ​នឹង​បើក​ដំណើរការ​ផ្លូវ​ថ្មីៗ​បន្ថែមទៀត រវាង​កម្ពុជា​ និង​ចិន ក៏ដូចជា​ផ្លូវ​រវាង​ប្រទេស​ចិន និង​អាស៊ាន ដើម្បី​ភ្ជាប់​ទីក្រុង​ទាំងនេះ ហើយ​ក្នុង​ពេល​តែមួយ​ ដើម្បី​ចូលរួមចំណែក​ក្នុង​ការស្តារ​សេដ្ឋកិច្ច​នៅក្នុង​តំបន់​។

លោកស្រី​ សុខ រ៉ាវី ប្រធាន​ផ្នែក​ទីផ្សារ និង​ម៉ាក​យីហោ​របស់​ក្រុមហ៊ុន Cambodia Airways ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៦ ខែមិថុនា​ថា​៖ «​នេះ​គឺជា​ការជឿជាក់​មួយ សម្រាប់​ខាង​ក្រុមហ៊ុន​យើង​លើ​ការផ្តល់​សេវាកម្ម ព្រោះ​អី​ឃើញថា ពីរ​បី​ជើង​ហើយ ដែល​ឯកឧត្តម ប្រាក់ សុខុន គាត់​បាន​អញ្ជើញ​ទៅ​ស្រុក​ក្រៅ​ដោយ​ប្រើប្រាស់​សេវាកម្ម​របស់​ខាងយើង​»​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កាលពី​ថ្ងៃទី​ ៤ ខែមិថុនា​ បាន​ឱ្យដឹងថា លោក ប្រាក់ សុខុន នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ទីប្រឹក្សា​រដ្ឋចិន លោក​ វ៉ាង យី ហើយ​នៅ​ចុងបញ្ចប់​នៃ​ជំនួប​នេះ​លោក​រដ្ឋមន្ត្រី​ការបរទេស​ទាំង​ ២ នឹង​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា លើ​ឯកសារ​ចំនួន​ ២ គឺ​អនុស្សរណៈ​យោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទូរគមនាគមន៍​ព័ត៌មាន និង​បច្ចេកវិទ្យា​ទំនាក់ទំនង​រវាង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា និង​ក្រសួង​ឧស្សាហកម្ម​ និង​ព័ត៌មានវិទ្យា​ចិន និង​គម្រោង​កម្មវិធី​ស្តីពី​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​វប្បធម៌​រវាង​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​កម្ពុជា​ និង​ក្រសួង​វប្បធម៌​ចិន​៕