ភ្នំពេញៈ កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP) ​សហការ​ជាមួយ​ក្រសួង​សុខាភិបាល​ចាប់ផ្ដើម​អនុវត្ត​គម្រោង​ថ្មី​មួយ​ ដើម្បី​ជួយ​ដល់​រដ្ឋាភិបាល​ក្នុង​ការគ្រប់គ្រង​សំណល់​វេជ្ជសាស្ត្រ​ឱ្យមាន​ប្រសិទ្ធភាព​ក្នុង​អំឡុងពេល​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩​។

គម្រោង​នេះ​មាន​ការគាំទ្រ​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ពី​ប្រទេស​ចិន​តាមរយៈ​មូលនិធិ​ជំនួយ​សហប្រតិបត្តិការ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​។

UNDP ​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ម្សិលមិញ​ថា ខណៈពេល​ដែល​កម្ពុជា​​កំពុង​ប្រឈម​នឹង​ការឆ្លង​រីករាលដាល​ក្នុង​សហគមន៍​នៃ​ជំងឺ​កូវីដ​ ១៩ ក្នុង​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់មាន ការធ្វើ​ប្រព្រឹត្តិកម្ម​ឱ្យបាន​ត្រឹមត្រូវ​ និង​ប្រកប​ដោយ​សុវត្ថិភាព​នូវ​សំណល់​វេជ្ជសាស្ត្រ​ដែល​អាច​បង្ក​ការឆ្លង​រោគ​គឺជា​បញ្ហា​ប្រឈម​។ ​

បច្ចុប្បន្ន​​នេះ​កម្ពុជា​មាន​ឧបករណ៍​ការពារ​ខ្លួន និង​បរិក្ខារ​ផ្សេងៗ​ក្នុង​ការគ្រប់គ្រង​សំណល់​រឹង និង​រាវ​ក៏ដូចជា​ជំនាញ និង​បទពិសោធ​ដែល​ចាំបាច់​សម្រាប់​គ្រប់គ្រង​សំណល់​ដែល​អាច​​បង្ក​ការឆ្លង​រោគ​នៅ​មាន​កម្រិត​នៅឡើយ​។

UNDP ​បញ្ជាក់ថា​៖ «​ជា​ការឆ្លើយតប​ចំពោះ​តម្រូវការ​ទាំងនេះ​មូលនិធិ​ជំនួយ​សហប្រតិបត្តិការ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​បាន​ផ្តល់​ថវិកា​គាំទ្រ​ដល់​គម្រោង​ដែលមាន​ឈ្មោះថា ការរៀនសូត្រ​ពី​បទពិសោធ​របស់​ប្រទេស​ចិន ដើម្បី​បង្កើន​សមត្ថភាព​ឆ្លើយតប​នឹង​ជំងឺ​កូវីដ​ ១៩ នៅក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​ផ្ដោតលើ​ការគ្រប់គ្រង​សំណល់​វេជ្ជសាស្ត្រ និង​ផ្តល់​ការគាំទ្រ​ដល់​មូលដ្ឋាន​សុខាភិបាល​ចំនួន​ ៣ ដែល​ត្រូវបាន​ជ្រើសរើស​ពី​ដំបូង​សម្រាប់​ផ្ដល់​សេវា​ព្យាបាល​ជំងឺ​កូវីដ ១៩ ​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​គោលបំណង​ផ្ដល់ឱ្យ​មូលដ្ឋាន​សុខាភិបាល​ទាំងនេះ​នូវ​បរិក្ខារ​វេជ្ជសាស្ត្រ ក៏ដូចជា​កសាង​សមត្ថភាព​បុគ្គលិក​សុខាភិបាល និង​អ្នកផ្ដល់​សេវា​អំពី​ការធ្វើ​ប្រព្រឹត្តិកម្ម​សំណល់​រឹង និង​រាវ​»​។

គម្រោង​នេះ​ UNDP ​នឹង​ធ្វើការ​ជាមួយ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត មណ្ឌល​សុខភាព​ចាក់អង្រែ និង​មន្ទីរពេទ្យ​កុមារ​ជាតិ ដោយ​សហការ​ជាមួយ​ក្រសួងសុខាភិបាល អង្គការ​សុខភាព​ពិភពលោក និង​អ្នកជំនាញ​ខាង​គ្រប់គ្រង​សំណល់​វេជ្ជសាស្ត្រ​ពី​ប្រទេស​ចិន​។

UNDP បញ្ជាក់ថា​៖ «​គម្រោង​នេះ​នឹង​បន្ត​ជំរុញ​ឱ្យ​មាន​ការសហការ​ពី​សហគមន៍​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ទីក្រុង​​ដើម្បី​ធានា​ឱ្យ​មាន​ការគ្រប់គ្រង​សំណល់​ដែល​អាច​បង្ក​ការឆ្លង​រោគ​ឱ្យបាន​ត្រឹមត្រូវ សំដៅ​បង្ការ និង​កាត់បន្ថយ​គ្រោះថ្នាក់​មកលើ​សុខភាព​សាធារណៈ និង​បរិស្ថាន​ឱ្យនៅ​តិច​បំផុត​»​។

លោក Nick Beresford នាយក UNDP ប្រចាំ​កម្ពុជា​បាន​លើកឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ថា​គម្រោង​នេះ ចាប់ផ្តើម​អនុវត្ត​ស្របពេល​ដ៏សំខាន់​ចំពោះ​ប្រទេស​កម្ពុជា​។

លោក​បាន​បញ្ជាក់ថា​៖ «​ការធានា​ឱ្យ​តំបន់​ប្រជុំជន​របស់​ប្រទេស​នេះ​អាចធ្វើ​ប្រព្រឹត្តិកម្ម​សំណល់​វេជ្ជសាស្ត្រ​ប្រកប​ដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព​ក្នុងអំឡុង​ពេល​ដែលមាន​ការរាតត្បាត​ជា​សកល គឺជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​ការបន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ក៏ដូចជា​​ផលប៉ះពាល់​ដែល​បង្កដោយ​វីរុស​នេះ​ទៅលើ​ប្រទេស​ទាំងមូល និង​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​នេះ​»​។

លោកស្រី ឱ វណ្ណឌីន និង​លោកស្រី យក់ សម្បត្តិ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល មិន​​អាចទាក់ទង សុំ​ការបញ្ជាក់​បាន​ទេ​កាលពី​ម្សិលមិញ​។

ក៏ប៉ុន្តែ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បានលើកឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ថា ពិធី​ប្រកាស​ដាក់ឱ្យ​អនុវត្ត​គម្រោង និង​ការប្រគល់​នូវ​ឧបករណ៍​បរិក្ខារ​វេជ្ជសាស្ត្រ​នាពេលនេះ​ជា​ការរួមចំណែក​យ៉ាងសំខាន់​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​បាន​ឆាប់រហ័ស​។

លោក​ថា​៖ «​ថ្ងៃនេះ​ជា​មោទនភាព​ថ្មី​មួយទៀត​តាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ផ្តល់​នូវ​ឧបករណ៍​​បរិក្ខារ​វេជ្ជសាស្ត្រ​សម្រាប់​ការគ្រប់គ្រង​សំណល់​វេជ្ជសាស្ត្រ​ចំនួន​ ១២ ​មុខ ដើម្បី​ពង្រឹងសមត្ថភាព​ការគ្រប់គ្រង​សំណល់​​វេជ្ជសាស្ត្រ​។

លោក ញឹប អង្គាបុស្ស ប្រធាន​​មន្ទីរពេទ្យ​កុមារ​ជាតិ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា តាមរយៈ​គម្រោង​នេះ UNDP ​ផ្តល់​សម្ភារ​មួយចំនួន​សម្រាប់​ប្រើប្រាស់​ក្នុង​ការគ្រប់គ្រង​សំណល់​វេជ្ជសាស្ត្រ​នេះ ក៏ប៉ុន្តែ​លោក​មិនទាន់​បានដឹង​ពី​ចំនួន​ជាក់លាក់​នៃ​សម្ភារ​នេះ​នៅឡើយ​ទេ​។

លោក​ថ្លែងថា​៖ «​ហើយ​វា​ទាក់ទង​ទៅនឹង​ឡ​ចំហុយ​សម្លាប់​មេរោគ​ហ្នឹង​មួយ​ដែរ​»​។

លោក ងី មានហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ និង​លោក​ ងី ម៉េង ប្រធាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត មិនអាច​ទាក់ទង​ដើម្បី​សុំ​ការបញ្ជាក់បន្ថែម​បានទេ កាលពី​ថ្ងៃ​ម្សិលមិញ​៕