ភ្នំពេញៈ ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២១ ក្រុមបង្ក្រាបបទល្មើសសត្វព្រៃបន្ទាន់ (WRRT) នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា (Wildlife Alliance Cambodia) បានរឹបអូសសត្វអណ្តើក និងកន្ធាយចំនួន ៧៩ ក្បាលពីការជួញដូរខុសច្បាប់ ក្នុងនោះមានសត្វអណ្តើករស់ចំនួន ៣៤ ក្បាល។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានបញ្ជាក់ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី ៥ ខែមិថុនាថា៖ «ភាគច្រើននៃសត្វអណ្តើកទាំងនោះត្រូវបានធ្វើការដោះលែងចូលទៅក្នុងទីជម្រកសមស្រប ឬត្រូវបានបន្ថែមទៅក្នុងកម្មវិធីបង្កាត់ពូជ ដើម្បីជួយដល់ការស្តារចំនួនសត្វឡើងវិញ ដោយមន្ត្រីរដ្ឋបាលជលផលរបស់ WRRT»។
ជាមួយគ្នានេះអង្គការនេះបានអំពាវនាវដល់សាធារណជន ប្រសិនបើប្រទះឃើញសត្វព្រៃត្រូវបានគេដាក់លក់ ឬរក្សាទុកជាសត្វចិញ្ចឹមដោយរួមទាំងសត្វអណ្តើកសូមហៅទូរស័ព្ទទៅក្រុមបង្ក្រាបបទល្មើសសត្វព្រៃបន្ទាន់ តាមរយៈលេខទូរស័ព្ទប្រចាំការ ០១២ ៥០០ ០៩៤។
លោក DarianThackwell ទីប្រឹក្សាបច្ចេកទេសនៃក្រុម WRRT របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៦ ខែមិថុនាថា សត្វអណ្តើកទាំងនោះត្រូវបានក្រុម WRRT ជួយសង្គ្រោះ ដោយសហការរវាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កងរាជអាវុធហត្ថ រដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផល។ ក្រុមនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០១ ហើយចាប់តាំងពីពេលនោះមកបានជួយសង្គ្រោះសត្វព្រៃរស់បានជិត ៨០ ០០០ ក្បាលមកហើយ។
លោកបានបន្តថា៖ «សត្វអណ្តើក និងកន្ធាយចំនួន ៧៩ ក្បាល ដែលរឹបអូសបានដោយ WRRT ដែលក្នុងនោះមាន ៣៤ ក្បាល នៅមានជីវិតនោះគឺចាប់ពីខែមករា ដល់ខែឧសភាឆ្នាំ ២០២១»។ «សត្វអណ្តើកទាំងនោះត្រូវបានជួយសង្គ្រោះជាចម្បងក្នុងអំឡុងពេលឆ្មក់ចូលភោជនីយដ្ឋាន ផ្សារ និងឈ្មួញ។ វាត្រូវបានឈ្មួញជួញដូរសត្វព្រៃយកទៅធ្វើជាចំណីអាហារ ឬប្រើប្រាស់ជាឱសថបុរាណនៅតាមភោជនីយដ្ឋាន និងផ្សារ»។
លោក Darian បានថ្លែងថា ក្នុងការទប់ស្កាត់សត្វអណ្តើកពីការប្រមាញ់ និងជួញដូរ អង្គការសម្ព័ន្ធមិត្តសត្វព្រៃអនុវត្តគម្រោងអប់រំមួយដែលមានឈ្មោះថា «គោព្រៃ (Kouprey Express)» ដែលធ្វើការដោយផ្ទាល់ជាមួយសាលារៀន និងសហគមន៍ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីច្បាប់ស្តីពីប្រភេទសត្វដែលត្រូវបានការពារ និងហានិភ័យខ្ពស់នៃការផុតពូជនៃសត្វទាំងនោះ។
លោកបន្តទៀតថា ដើម្បីការពារសត្វអណ្តើកដោយផ្ទាល់ ក្រុម WRRT បានវាយឆ្មក់ទីផ្សារភោជនីយដ្ឋាន និងឈ្មួញ និងអនុវត្តការដាក់ទណ្ឌកម្មតាមផ្លូវច្បាប់យ៉ាងខ្លាំងក្លាចំពោះអ្នកប្រមាញ់ និងឈ្មួញ។
មន្ត្រីឧទ្យានុរក្សនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃសហការជាមួយក្រសួងបរិស្ថានបានការពារតំបន់ជួរភ្នំក្រវាញដែលជាជម្រករបស់សត្វអណ្តើកជាច្រើនប្រភេទ រួមទាំងអណ្តើកហ្លួងផងដែរ ដែលជាសត្វជាតិរបស់ប្រទេសកម្ពុជា។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៦ ខែមិថុនាថា ក្រសួងបរិស្ថានបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ក្រាបបទល្មើសជួញដូរសត្វព្រៃទាំងក្នុងប្រទេស និងឆ្លងដែន។
ក្នុងសមត្ថកិច្ចជាអ្នកគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះលើផ្ទៃដី ៧,៣ លានហិកតា មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានដែលជាមន្ត្រីនគរបាលយុត្តិធម៌បានអនុវត្តច្បាប់ចំពោះបទល្មើសជួញដូរសត្វព្រៃ ដោយក្នុងនោះមានការបង្កើតក្រុមការងារអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសសត្វព្រៃដោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ។
លោកថ្លែងថា៖ «សត្វព្រៃជាច្រើនពាន់ក្បាលត្រូវបានជួយសង្គ្រោះជីវិត និងត្រូវបានថែទាំសុខភាពសម្រាប់ប្រភេទសត្វដែលមានបញ្ហាសុខភាពទន់ខ្សោយ និងចំពោះសត្វមួយចំនួនត្រូវបានយកទៅលែងក្នុងព្រៃធម្មជាតិ។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការការពារ និងអភិរក្សជីវចម្រុះសត្វព្រៃ»។
លោក ភក្ត្រា បន្តថា ក្នុងកិច្ចខិតខំសង្គ្រោះសត្វព្រៃមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានសហការជាមួយប្រជាសហគមន៍ តំបន់ការពារធម្មជាតិ និងអង្គការដៃគូដោះអន្ទាក់ចេញពីតំបន់ការពារធម្មជាតិ។
លោកថ្លែងថា៖ «រាជរដ្ឋាភិបាលកម្ពុជាមានការតាំងចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់ និងលើកឡើងថា គ្រប់ភាគីពាក់ព័ន្ធត្រូវធ្វើការងាររួមគ្នា ដើម្បីលុបបំបាត់ការជួញដូរខុសច្បាប់នេះ។ កម្ពុជាបានរៀបចំយន្តការក៏ដូចជា មានច្បាប់ និងអនុវត្តជាប្រចាំ ដើម្បីបង្ការទប់ស្កាត់ និងប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់នេះ ហើយបានបង្ក្រាបលើបទល្មើសជាច្រើន ហើយរំដោះសត្វព្រៃជាច្រើនពីក្រញាំដៃនៃក្រុមជនល្មើសព្រមទាំងបានចាប់ខ្លួនបញ្ជូនសំណុំរឿងទៅតុលាការផ្តន្ទាទោសតាមច្បាប់ ក៏ដូចជា ការផាកពិន័យជាប្រាក់ជាដើម»។
លោក ភក្ត្រា ថ្លែងថា នៅក្នុងរយៈពេល ១៥ ខែមកនេះ ពីខែមករាឆ្នាំ ២០២០ ដល់ខែមីនា ឆ្នាំ ២០២១ អន្ទាក់ប្រមាណ ៧០ ០០០ ត្រូវបានដោះចេញពីតំបន់អភិរក្សជួយសង្គ្រោះសត្វព្រៃជាច្រើនពីការជាប់អន្ទាក់ងាប់។ លោកថា អន្ទាក់គឺជាឃាតករលាក់មុខដែលបន្តសម្លាប់សត្វព្រៃកម្ពុជា ហើយអន្ទាក់ដែលគ្រោះថ្នាក់ជាងគេផលិតចុងក្រោយគឺអន្ទាក់ឆក់ចរន្តអគ្គិសនី។
លោក សួន សុវណ្ណ អ្នកនាំពាក្យរដ្ឋបាលព្រៃឈើមិនអាចទាក់ទងសុំការបញ្ជាក់បានទេកាលពីថ្ងៃទី ៧ ខែមិថុនា៕