បាត់ដំបងៈ សមត្ថកិច្ច​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង​ និង​បង្ក្រាប​ការក្លែងបន្លំ​ (​ក.ប.ប.) និង​មន្ត្រី​គយ​ចល័ត​ខេត្ត​បាត់ដំបង​កាលពី​ថ្ងៃទី​ ៧ ខែមិថុនា បាន​ស្ទាក់​ចាប់បាន និង​ដុត​បំផ្លាញចោល​សាច់​ចម្រុះ​ខូច​គុណភាព​ជាង​ ៥ ​តោន​ នៅ​តំបន់​​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដូង​នៃ​ស្រុក​កំរៀង ។

យោងតាម​ហ្វេសប៊ុក​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​​បង្ក្រាប​ការក្លែងបន្លំ​ (​ក.ប.ប.) ​នៃ​ក្រសួង​ពាណិជ្ជកម្ម​បានឱ្យ​ដឹង​​ថា​៖ «​ប្រហិត​ចម្រុះ​សាច់មាន់​ និង​ជើងមាន់​ខូចគុណភាព​ចំនួន ៥ ០៣៦ ​គីឡូក្រាម ត្រូវ​​បាន​មន្ត្រី​សាខា​ (​ក.ប.ប.) ខេត្ត​​បាត់ដំបង និង​មន្ត្រី​គយ​ចល័ត​តំបន់​ ៤ ស្ទាក់​ចាប់បាន​នៅ​តំបន់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដូង​»​។

ប្រភព​ដដែល​បញ្ជាក់ថា ក្រោយពី​ត្រួតពិនិត្យ​ចប់​សព្វគ្រប់​រួចមក​ទំនិញ​ខូចគុណភាព​ និង​វត្ថុតាង​ទាំងនេះ​ត្រូវ​បានឱ្យ​សាខា ក.ប.ប. ខេត្តបាត់ដំបង​ដើម្បី​បញ្ជូន​ទៅ​អយ្យការ​អមសាលាដំបូង​ខេត្ត​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​។

លោក ហាក់ សុខរិន ប្រធាន​សាខា ក.ប.ប. ខេត្ត​បាត់ដំបង​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា​៖ «(​សមត្ថកិច្ច​) ​បាន​ដុត​កម្ទេចចោល​ហើយ​។ ខាង​គយ​គាត់​ចាប់បាន​ហើយ​គាត់​ប្រគល់​មក​ខាង​ខ្ញុំ​ដើម្បី​ដុត​កម្ទេចចោល​»​។

លោក​ថ្លែងថា សាខា​ (ក.ប.ប.) ​របស់​លោក​បាន​បញ្ជូន​ករណី​​នេះ​ទៅ​តុលាការខេត្ត​បាត់ដំបង​ហើយ​។ «​ការងារ​ហ្នឹង​ខ្ញុំ​កំពុង​ធ្វើ​ជាមួយ​ព្រះរាជអាជ្ញា​»​។

លោក ហាក់ សុខរិន បាន​ថា សាខា​ (​ក.ប.ប.) របស់លោក​តែង​ស៊ើបអង្កេត​ និង​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​លើ​ករណី​ទំនិញ​ខូចគុណភាព​កន្លងមក​។

លោក ផាន រតនា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ដ​បាត់ដំបង​មិនអាច​ទាក់ទង​​ដើម្បី​សុំ​ការបញ្ជាក់​បានទេ​កាលពី​ម្សិលមិញ​។

លោក ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ កបប ​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ការនាំចូល​ផលិតផល​ខូចគុណភាព​​គឺ​ត្រូវ​ទទួលបាន​ការចាត់​វិធានការ​នៅ​គ្រប់​រាជធានី​ខេត្ត ក៏ប៉ុន្តែ​យុទ្ធនាការ​ក្តៅ​សម្រាប់​អគ្គនាយកដ្ឋាន​ (​ក.ប.ប.) ​សម្រាប់​ខែ​នេះ គឺ​ផ្តោតលើ​ករណី​ពុល​ស្រា​ដែល​ជា​វិធានការ​បន្ថែម​​លើ​ការងារ​ដែល​អគ្គនាយកដ្ឋាន​របស់លោក​ធ្វើជា​ប្រចាំ​។

លោក​បាន​ថ្លែងថា​៖ «​គឺ​យើង​ស្រាវជ្រាវ​ធ្វើ​ម៉េច ធ្វើការ​ជូន​ដំណឹង ធ្វើការ​ទប់ស្កាត់ និង​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ពី​បញ្ហា​ផលិត​ស្រាស ស្រាថ្នាំ​នេះ​​ឯង នៅ​គ្រប់​រាជធានី​ខេត្ត​»​។

កាលពី​ចុងខែ​ឧសភា មន្ត្រី​អគ្គនាយកដ្ឋាន​ (​ក.ប.ប.) បាន​នាំយក​អាល់កុល​ក្លែងក្លាយ ឬ​មេតាណុល​ប្រមាណ​ជិត​ ១៨ ​តោន​ ទៅ​បំផ្លាញចោល​នៅ​ទីលាន​ចាក់សំរាម​នៅក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បន្ទាប់ពី​រឹបអូស​ពី​តាម​បណ្តា​ឃ្លាំង​ស្តុក​មធ្យោបាយ​ដឹកជញ្ជូន​ និង​បណ្តា​ឱសថស្ថាន​នានា​ក្នុង​រាជធានី​ភ្នំពេញ​៕

វីដេអូ៖