The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក ស៊ុយ សែម ប្រគល់​កែវ​ផ្ទុក​តំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​ជូន​លោក ទៀ បាញ់ ដោយ​ប្រសិទ្ធ​នាម​ថា​ «​បឋម​តេល​ពិន្ទុ​កម្ពុជា​»




លោក ស៊ុយ សែម ប្រគល់​កែវ​ផ្ទុក​តំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​ជូន​លោក ទៀ បាញ់ ដោយ​ប្រសិទ្ធ​នាម​ថា​ «​បឋម​តេល​ពិន្ទុ​កម្ពុជា​»

Content image - Phnom Penh Post
លោក ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារជាតិ​ និង​លោក ស៊ុយ សែម រដ្ឋ​មន្ត្រី​ក្រសួងរ៉ែ​ និង​ថាមពល នៅ​ក្នុង​ពិធី​ប្រគល់​ទទួល​កែវ​តំណក់​ប្រេង​ដំបូង​​របស់​កម្ពុជា​។ ហុង មិនា

លោក ស៊ុយ សែម ប្រគល់​កែវ​ផ្ទុក​តំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​ជូន​លោក ទៀ បាញ់ ដោយ​ប្រសិទ្ធ​នាម​ថា​ «​បឋម​តេល​ពិន្ទុ​កម្ពុជា​»

ភ្នំពេញៈ កែវ​ផ្ទុក​តំណក់​ប្រេង​លើក​ដំបូង​របស់​កម្ពុជា​ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ប្រគល់ជូន​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​គណៈកម្មការ​សាងសង់​វិមាន​ឈ្នះ ឈ្នះ លោក ទៀ បាញ់ ដោយ​ត្រូវបាន​ប្រសិទ្ធ​នាម​ថា​ «​បឋម​តេលពិន្ទុ​កម្ពុជា​» នា​ព្រឹក​ថ្ងៃទី​ ៩ ខែ មិថុនា​ ឆ្នាំ​ ២០២១​។

នៅក្នុង​ពិធី​ប្រគល់​ទទួល កែវ​ផ្ទុក​តំណក់​ប្រេង​លើកដំបូង​របស់​កម្ពុជា​​នៅ​វិមាន​ឈ្នះ ឈ្នះ​ក្នុង​សារមន្ទីរ​មគ្គុទ្ទេសក៍​តេជោ​សែន លោក ទៀ បាញ់​បាន​អំពាវនាវ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​បន្ត​ចូលរួម​គាំទ្រ​អភិវឌ្ឍ​សារមន្ទីរ​មគ្គុទ្ទេសក៍​តេជោសែន​នេះ​តាមរយៈ​ការផ្តល់​វត្ថុ​តឹកតាង និង​ឯកសារ​ពាក់ព័ន្ធ ដែល​ជា​សមិទ្ធផល​សំខាន់ៗ​សម្រេច​បាន​ជា​ប្រវត្តិសាស្ត្រ​ ដើម្បី​ឱ្យ​ក្រុម​ការងារ​តម្កល់​ក្នុង​សារមន្ទីរ​វិមាន​ឈ្នះ ឈ្នះ ទុក​ជូន​មនុស្ស​ជំនាន់​ក្រោយ​បាន​សិក្សា​រៀនសូត្រ​។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «​តំណក់ប្រេង​ដំបូង​ដែល​កម្ពុជា​ទទួល​បាន​កាលពី​ថ្ងៃទី​ ២៩ ខែ ធ្នូ ឆ្នាំ​ ២០២០ គឺជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ និង​ជា​និមិត្តរូប​នៃ​ភាពជោគជ័យ​របស់​កម្ពុជា​ទាំងមូល​ដែល​មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ទន្ទឹងរង់ចាំ​ជាច្រើន​ជំនាន់​មកហើយ​»​។

លោក ទៀ បាញ់ បាន​ថ្លែង​បន្តថា ការទទួល​បាន​នូវ​តំណក់​ប្រេង​ដំបូង​នេះ គឺជា​ការចាប់ផ្តើម​ជំហាន​ដំបូង​មួយ​ដ៏សំខាន់​សម្រាប់​កម្ពុជា​ឆ្ពោះ​ទៅ​បង្កើត​បាន​នូវ​សមត្ថភាព​ជាតិ និង​ខឿន​ឧស្សាហកម្ម​ប្រេងកាត ឧស្ម័ន និង​ថាមពល​នៅ​កម្ពុជា​។

ផលប្រយោជន៍​សំខាន់ៗ​នៃ​ឧស្សាហកម្ម​ប្រេងកាត​ឧស្ម័ន និង​ថាមពល​នេះ​បាន​នាំមក​នូវ​ចំណូល​ថវិកាជាតិ​ហើយ​ផល​សេដ្ឋកិច្ច​ទទួល​បាន​ពី​ការបង្កើត​នូវ​ពិពិធកម្ម​ខឿន​ឧស្សាហកម្ម​ក្នុង​វិស័យ​ប្រេងកាត​នឹង​កសាង​សមត្ថភាព​ជាតិ​ក្នុង​វិស័យនេះ​​ថែម​ទៀតផង​។

ចំណែក​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​បាន​លើកឡើង​នៅ​​ក្នុង​ពិធី​នេះ​ដែរ​ថា តំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​ដ៏លំបាក​ដែល​គំរាមកំហែង​ដោយ​មេរោគ​រាតត្បាត​កូវីដ​ ១៩ ​គឺជា​សក្ខីភាព​នៃ​ការខិតខំ​ប្រឹងប្រែង អំណត់​ព្យាយាម និង​ពុះពារ​សម្រេច​ជោគជ័យ​របស់​រាជរដ្ឋាភិបាល និង​វិនិយោគិន​។

Content image - Phnom Penh Post
ពិធី​ប្រគល់​កែវ​ផ្ទុក​តំណក់​ប្រេង​ដំបូង​នៅ​វិមាន​ឈ្នះ​ឈ្នះ​កាលពី​ម្សិលមិញ​។ ហុង មិនា

លោក​បាន​បញ្ជាក់ថា​៖ «​កែវ​តំណក់​ប្រេង​ដំបូង​នេះ គឺជា​និមិត្តរូប​នៃ​ធនធាន​ប្រេងកាត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ត្រូវបាន​រៀបចំ​ឡើង​តាម​រចនាប័ទ្ម​ខ្មែរ និង​សូម​ប្រគល់​ជូន​សម្តេច​ពិជ័យ​សេនា​ ដើម្បី​តម្កល់​ទុកជា​ប្រវត្តិសាស្ត្រ​»​។

លោក ស៊ុយ សែម បាន​បញ្ជាក់​ពី​អត្ថន័យ​សំខាន់ៗ​នៃ​កែវ​តំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​នេះ​ថា កែវ​តំណក់​ប្រេង​មាន​ទម្រង់​ក្រពុំ​ឈូក ឬ​ស្លឹកពោធិ៍ តំណាង​ឱ្យ​ភាពរុងរឿង បរិសុទ្ធ ការចម្រើន​លូតលាស់ ដែល​ជា​កំណប់ទ្រព្យ​របស់​កម្ពុជា​។ ​កែវ​តំណក់​ប្រេង​មាន​កម្ពស់ ២៩ ​សង់ទីម៉ែត្រ តំណាង​ឱ្យ​ថ្ងៃទី​ ២៩ ដែល​ទទួលបាន​តំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​។

លោក​បាន​បន្តថា ជើងពាន​ត្របកឈូក តំណាង​ឱ្យ​សេចក្តី​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​រហូត​ទទួល​បាន​នូវ​លទ្ធផល​ផ្លែផ្កា គឺ​ការទទួល​បាន​នូវ​ធនធាន​ប្រេងកាត​សម្រាប់​អភិវឌ្ឍ​ជាតិ​មាតុភូមិ​កម្ពុជា​។ ​ជើងពាន​ត្របកឈូក​មាន​កម្ពស់​ ១២ ​សង់ទីម៉ែត្រ​​តំណាង​ឱ្យ​ខែ​ ១២ ​ឬ​ខែធ្នូ ដែល​ទទួល​បាន​តំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​។

ចំណែក​ពាន​ជើង​សិង្ហ និង​ឋាន​ជើង​បាត តំណាង​ឱ្យ​ការជ្រោមជ្រែង​របស់​ប្រជាជន​កម្ពុជា និង​មន្ត្រីរាជការ​ដែលជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល និង​មន្ត្រី​ពាក់ព័ន្ធ​នានា​ក្នុង​ការខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​ទាញ​យក​ភោគផល​នៃ​ធនធាន​ធម្មជាតិ ដើម្បី​យកមក​អភិវឌ្ឍ​សង្គមជាតិ​។

លោក ស៊ុយ សែម បាន​បន្ថែមថា​៖ «​ពាន​ជើង​សិង្ហ និង​ឋាន​ជើង​បាត​មាន​កម្ពស់ ២០ ​សង់ទីម៉ែត្រ តំណាង​ឱ្យ​ឆ្នាំ​ ២០២០ ​ដែល​ទទួលបាន​តំណក់​ប្រេង​ដំបូង​របស់​កម្ពុជា ឯ​ក្បាច់​កញ្ចាំង​ភ្ញីភ្លើង​លម្អ​ដោយ​នាគ​ក្បាល​ ៣ តំណាង​ឱ្យ​តេជៈ ភាពចម្រុងចម្រើន សម្បូរ​សប្បាយ និង​តំណាង​ឱ្យ​ឆ្នាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ជា​សម័យកាល​ដែល​ទទួល​បាន​នូវ​តំណក់​ប្រេងដំបូង​របស់​កម្ពុជា​»​។

លោក​បាន​បន្តថា និមិត្តរូប​រួម​នៃ​តំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​ត្រូវបាន​ប្រសិទ្ធ​នាម​ថា «​បឋម​តេល​ពិន្ទុ​កម្ពុជា​»​។ បឋម​តេលពិន្ទុ​កម្ពុជា (​ភាសាបាលី មកពី​ពាក្យ បឋម ប្រែ​ថា​ដំបូង+តេល ប្រែ​ថា​ប្រេង + ​ពិន្ទុ​ប្រែ​ថា តំណក់ + កម្ពុជា​គឺ​ប្រទេស​កម្ពុជា​។ ​ប្រែ​ជា​រួម​ថា​ «​តំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​»៕

អត្ថបទគួរចាប់អារម្មណ៍