The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក ស ខេង ណែនាំ​មន្ត្រី​ពាក់ព័ន្ធ​ផ្ដល់​ការគាំទ្រ​បង្ការ​ការឆ្លង​កូវីដ​ ១៩ ​ក្នុង​ពន្ធនាគារ




លោក ស ខេង ណែនាំ​មន្ត្រី​ពាក់ព័ន្ធ​ផ្ដល់​ការគាំទ្រ​បង្ការ​ការឆ្លង​កូវីដ​ ១៩ ​ក្នុង​ពន្ធនាគារ

Content image - Phnom Penh Post
លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​។ រូបថត ហ្វេសប៊ុក

លោក ស ខេង ណែនាំ​មន្ត្រី​ពាក់ព័ន្ធ​ផ្ដល់​ការគាំទ្រ​បង្ការ​ការឆ្លង​កូវីដ​ ១៩ ​ក្នុង​ពន្ធនាគារ

ភ្នំពេញៈ លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​អង្គារ បាន​ណែនាំ និង​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​នៃ​រាជធានី-ខេត្ត​នៅ​ទូទាំង​ប្រទេស ផ្ដល់​ការគាំទ្រ​ដល់​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ ដែល​មាន​ទីតាំង​ស្ថិតក្នុង​រាជធានី-ខេត្ត​សាមី​របស់ខ្លួន​ក្នុង​ការបង្ការ​ទប់ស្កាត់​ការឆ្លង​រាលដាល បន្ថែមទៀត​នូវ​ជំងឺ​កូវីដ​ ១៩ មកលើ​មន្ត្រី​អនុរក្ស​ពន្ធនាគារ និង​ជន​ជាប់ឃុំ ព្រមទាំង​បង្កើន​ការរក្សាសន្តិសុខ និង​សុវត្ថិភាព​នៅតាម​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​ទាំងនោះ​ឱ្យបាន​ល្អ​។

យោងតាម​លិខិត​ជូនដំណឹង​ស្ដីពី​ការចាត់វិធានការ​បង្ការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ​១៩ នៅតាម​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​រាជធានី ខេត្ត​ចុះ​ថ្ងៃទី​ ៩ ខែ មិថុនា ឆ្នាំ​ ២០២១ លោក ឧបនាយក​រដ្ឋមន្ត្រី ស ខេង បាន​គូសបញ្ជាក់​ថា​៖ «​ជំងឺ​កូវីដ​ ១៩ បាននិង​កំពុង​ឆ្លង​ចូលក្នុង​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​រាជធានី-ខេត្ត​មួយចំនួន​តាមរយៈ​ការរកឃើញ​ករណី​វិជ្ជមាន​ជំងឺ​នេះ​លើ​មន្ត្រី​អនុរក្ស​ពន្ធនាគារ និង​ជន​ជាប់ឃុំ​មួយចំនួន​»​។

លោក ស ខេង បាន​ធ្វើការ​ណែនាំ និង​ជំរុញ អភិបាល​រាជធានី-ខេត្ត​នៅ​ទូទាំង​ប្រទេស​ត្រូវ​យកចិត្ត​ទុកដាក់​ដឹកនាំ​សម្របសម្រួល​ជាមួយ​មន្ទីរ​សុខាភិបាល និង​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ផ្តល់​ការគាំទ្រ​ដល់​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ ក្នុង​ការគ្រប់គ្រង​ចាត់ចែង​ព្យាបាល​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩ និង​ការពង្រឹង​ការអនុវត្ត វិធានការ​សុខាភិបាល​នៅតាម​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ ដើម្បី​បង្ការ​ទប់ស្កាត់​ការឆ្លង​រាលដាល​បន្ថែមទៀត​នូវ​ជំងឺ​នេះ​មកលើ​មន្ត្រី​អនុរក្ស​ពន្ធនាគារ និង ជនជាប់ឃុំ និង​បង្កើន​ការរក្សាសន្តិសុខ និង​សុវត្ថិភាព​នៅតាម​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​ទាំងនោះ​ឱ្យបាន​ល្អ​។

លោក​បាន​បន្តថា ចំពោះ​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​ខេត្ត ដែល​មិនទាន់​មាន​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ត្រូវ​ពង្រឹង​ការអនុវត្ត​វិធានការ​សុខាភិបាល ការធ្វើ​អនាម័យ​ជាប្រចាំ​នៅតាម​ទីកន្លែង​បំពេញការងារ និង​តាម​បន្ទប់​ឃុំឃាំង​នានា ការពាក់​ម៉ាស់ ការលាង​សម្អាត​ដៃ​ដោយ​សាប៊ូ ទឹក​អាល់កុល ការវាស់​កម្ដៅ​លើ​មន្ត្រី​អនុរក្ស​ពន្ធនាគារ និង​ជន​ជាប់ឃុំ ព្រមទាំង​ត្រួតពិនិត្យ​សុខភាព​អ្នក​ដែល​បានអនុញ្ញាត​ឱ្យចេញ-ចូល​ក្នុង​ពន្ធនាគារ តាម​គោលការណ៍​កំណត់ សំដៅ​បង្ការ​ទប់ស្កាត់​ការចម្លង​ជំងឺ​កូវីដ ១៩ ចូល​ក្នុង​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​ទាំងនោះ​។

លោក​បាន​គូសបញ្ជាក់​ទៀតថា​៖ «​ក្នុង​ករណី​មាន​ការឆ្លង​ជំងឺ​កូវីដ​ ១៩ នៅ​មណ្ឌល​អប់រំ​កែប្រែ ឬ​ពន្ធនាគារ​ណាមួយ អភិបាល​រាជធានី-ខេត្ត​ត្រូវ​សហការ​ជួយ​ធ្វើ​អន្តរាគមន៍​ឆ្លើយតប និង​ត្រូវ​រាយការណ៍​ជាបន្ទាន់​មក​ក្រសួង​មហាផ្ទៃ​»​។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ថា មកទល់​ពេល​នេះ រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​បាន​និងកំពុង​បន្ត​ជួយ​អន្តរាគមន៍ បញ្ជូន​កម្លាំង​គ្រូពេទ្យ​ជំនាញ និង សម្ភារ​បរិក្ខារ​ពេទ្យ ព្រមទាំង​ថ្នាំ​ព្យាបាល​ទៅ​ជួយ​ព្យាបាល​មន្ត្រី​ពន្ធនាគារ និង​ជន​ជាប់ឃុំ​ទាំង​អ្នកមាន​វិជ្ជមាន​កូវីដ​ ១៩ និង​អ្នក​គ្មាន​វិជ្ជមាន​ជំងឺ​នេះ​បាន​ធូរស្រាល​ជា​បណ្ដើរៗ​ហើយ​។

លោក សំណាង បាន​ថ្លែង​ថា​៖ «​ទន្ទឹមនឹង​ការជួយ​អន្តរាគមន៍ ពន្លឿន​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ និង​ការផ្ដល់​ស្បៀងអាហារ ដែលជា​ជំនួយ​សង្គ្រោះ​បឋម​ដល់​បងប្អូន​កម្មករ ដែល​ប្រឈម​កង្វះ​ជីវភាព​ដោយ​ជំងឺ​កូវីដ​ ១៩ រដ្ឋបាលខេត្ត​កំពង់ស្ពឺ​យើង ក៏បាន​ជួយ​អន្តរាគមន៍ ព្យាបាល​ជំងឺ​ដល់​មន្ត្រី​ពន្ធនាគារ និង​​ជន​ជាប់ឃុំ​ផងដែរ តាមរយៈ​ការបញ្ជូន​នូវ​ក្រុមគ្រូពេទ្យ​ជំនាញ និង​ថ្នាំ​ព្យាបាល ចុះ​ពិនិត្យ​ព្យាបាល​ដល់​ទីតាំង​ពន្ធនាគារ​ផ្ទាល់ និង​បាន​ញែក​អ្នក​ជាប់ឃុំ​ដែល​​មាន​វិជ្ជមាន​​កូវីដ ​១៩ ឱ្យនៅ​ដាច់ដោយឡែក​ពី​អ្នក​អវិជ្ជមាន​ផងដែរ​»​។

បើតាម​លោក​ សំណាង ចាប់ពី​ដើមខែ​មិថុនា ឆ្នាំ​ ២០២១ កន្លងមកនេះ អ្នក​ជាប់ឃុំ​ជាង​ ១០០ ​នាក់ ក្នុង​ចំណោម​អ្នកជាប់ឃុំ​សរុប ១ ៨០២ ​នាក់​ បាន​ឆ្លង​ជំងឺ​កូវីដ​ ១៩ ក្នុងនោះ​មាន​ជន​ជាប់ឃុំ​ជា​ស្ត្រី​ម្នាក់​វ័យ​ ៦៦ ​ឆ្នាំ​បាន​ស្លាប់​។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល​ក៏​បាន​លើកឡើង​ស្រដៀង​គ្នា​នេះ​ថា នៅពេលនេះ មន្ត្រី​ពន្ធនាគារ​ខេត្តកណ្ដាល​ ៣ ​នាក់​ដែល​រកឃើញ​មាន​វិជ្ជមាន​កូវីដ​ ១៩ នាពេល​កន្លងមកនេះ​ត្រូវ​បាន​ក្រុមគ្រូពេទ្យ​ជំនាញ ព្យាបាល​ជាសះស្បើយ​អស់ហើយ ចំណែក​ជន​ជាប់ឃុំ​មួយចំនួន​ទៀត ដែល​មាន​វិជ្ជមាន​កូវីដ​ ១៩ ​ដែរនោះ​ក៏​បាន​ជា​សះស្បើយ​ជា​បន្តបន្ទាប់​ដែរ​។

លោក សោភ័ណ្ឌ បាន​បញ្ជាក់ថា​៖ «​នៅពេល​នេះ យើង​បាន​គ្រប់គ្រង​ស្ថានភាព​នៃ​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ក្នុង​ពន្ធនាគារ ឬ មណ្ឌល​អប់រំ​កែប្រែ​ក្នុង​ខេត្ត​របស់​យើងខ្ញុំ​បាន​ទាំងស្រុង​ហើយ​ និង​កំពុង​បន្ត​ជួយ​ពិនិត្យ​ព្យាបាល និង​ផ្គត់ផ្គង់​នូវ​របប​អាហារ​បន្ថែម​ដល់​អ្នក​ជាប់ឃុំ ដើម្បី​ជួយ​ពង្រឹង​សុខភាព​របស់​ពួកគេ និង​បាន​ញែក​អ្នក​វិជ្ជមាន​កូវីដ-១៩ ឱ្យនៅ​ដាច់​ដោយឡែក​ពី​អ្នក​ជាប់ឃុំ​ដទៃទៀត​»​។

លោក សោភ័ណ្ឌ មិនបាន​បញ្ជាក់​អំពី​ចំនួន​ជាក់លាក់​នៃ​អ្នក​ជាប់ឃុំ ដែល​មាន​វិជ្ជមាន​កូវីដ​ ១៩ ក្នុងចំណោម​អ្នកជាប់ឃុំ​សរុប​ក្នុង​ពន្ធនាគារ ខេត្តកណ្ដាល នោះទេ​។

លោក​បាន​ថ្លែងថា​៖ «​វា​មាន​ចំនួន​ច្រើន​គួរសម​ដែរ តែ​យើង​អាច​គ្រប់គ្រង និង​ព្យាបាល​បាន មិនមាន​ឆ្លង​រីក​រាលដាល​ថ្មី​ទៀត​នោះទេ​»​។

លោក នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ និង មណ្ឌល​អប់រំ​កែប្រែ​បាន​ឱ្យដឹងថា ក្នុង​រាជធានី​ខេត្ត​ចំនួន​ ៤ រួមមាន រាជធានី​ភ្នំពេញ កណ្ដាល កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ ដែល​មាន​ករណី​ផ្ទុះ​ឆ្លង​ជំងឺ​កូវីដ​ ១៩ ដល់​មន្ត្រី​ពន្ធនាគារ និង​ជន​ជាប់ឃុំ ខណៈ​ខេត្ត​ប៉ៃលិន និង​ខេត្តស្វាយរៀង មាន​មន្ត្រី​ពន្ធនាគារ​ខ្លះ​បាន​ឆ្លង​ជំងឺ​កូវីដ-១៩ ប៉ុន្តែ​មិន​រីករាលដាល​ចូល​ទៅក្នុង​ពន្ធនាគារ​នោះទេ​។

លោក​បាន​ថ្លែងថា​៖ «​បច្ចុប្បន្ន មន្ត្រី​ពន្ធនាគារ និង​ជន​ជាប់ឃុំ​ទាំងនោះ ខ្លះ​បានជា​សះស្បើយ ខ្លះទៀត​កំពុង​ស្ថិត​នៅក្រោម​ការព្យាបាល និង​ធ្វើ​ចត្តាឡីស័ក​នៅក្នុង​បន្ទាយ អង្គភាព និង​ក្នុង​បន្ទប់​ពន្ធនាគារ​ដាច់ដោយឡែក​»​។

លោក​ សវនា ថា បញ្ហា​ប្រឈម​មួយចំនួន​ដែល​បាន​កើតឡើង​នាពេល​កន្លងមក​គឺ ដោយសារ​តែ​ការអនុវត្ត​វិធានការ​បង្ការ​ទប់ស្កាត់​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ របស់​រដ្ឋបាល​រាជធានី-ខេត្ត​មួយចំនួន​មាន​ភាពចន្លោះ​ប្រហោង ដោយ​មិនបាន​ដាក់បញ្ចូល​វិស័យ​ពន្ធនាគារ នៅក្នុង​ធាតុ​ផ្សំ​នៃ​គណៈកម្មការ​ទប់ស្កាត់​ការឆ្លង​រីករាល​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក​ថា បើទោះ​ជា​មាន​ការស្នើ​សុំឱ្យ​មាន​ការត្រួតពិនិត្យ​ដោយ​ឧបករណ៍​តេស្តកូវីដ​ ១៩ ​រហ័ស​ជាង​មុន​ក៏ដោយ ក៏​នីតិវិធី​ខ្លះ​របស់​មន្ត្រីនគរបាល​យុត្តិធម៌ និង​តុលាការ​តម្រូវ​ឱ្យ​មាន​ការបញ្ជូន​ជនជាប់ចោទ​ក្នុង​បទល្មើស​ណាមួយ​នោះ​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ដោយ​គ្មាន​លទ្ធផល​នៃ​ការធ្វើ​តេស្ត​កូវីដ​ ១៩ ផងដែរ​៕

អត្ថបទគួរចាប់អារម្មណ៍