ភ្នំពេញៈ ក្នុងជំនួប​ទ្វេភាគី​រវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ និង​ចិន នាពេល​កន្លងមកនេះ ប្រទេស​ទាំង​ ២ បានបញ្ជាក់​ជាថ្មី​អំពី​ជំហរ​នៃ​ការពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាជន និង​កសាង​សហគមន៍​វាសនា​រួមគ្នា​។

លោក ប្រាក់ សុខុន ​រដ្ឋមន្ត្រី​ការបរទេស​បាន​ជួបពិភាក្សា​ជាមួយ​លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​រដ្ឋមន្ត្រី​ការបរទេស​ចិន​ក្នុង​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​ ២ ​ថ្ងៃ ទៅកាន់​ក្រុង​ឆុងឈីង​កាលពី​ថ្ងៃទី​ ៧ ដល់​ថ្ងៃទី​ ៨ ខែមិថុនា ដើម្បី​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​ពិសេស​អាស៊ាន​-​ចិន និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ-ឡានឆាង​លើក​ទី​៦​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ៨ ខែមិថុនា បាន​ឱ្យ​ដឹងថា​៖ «​ភាគី​ទាំង​ ២ (​កម្ពុជា​-​ចិន​) បានបញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការពង្រឹង និង​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ចំណង​មិត្តភាព​ដូច​ដែកថែប​ព្រមទាំង​ពង្រីក​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​លើ​វិស័យ​ជាច្រើន ​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២ និង​សំដៅ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា-ចិន​»​។

លោក​ ប្រាក់ សុខុន បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ចិន​ដែល​បាន​ផ្តល់ជំនួយ​ដែល​លោក​អះអាងថា ជា​ជំនួយ​ដ៏សប្បុរស និង​ទាន់​ពេលវេលា​រួមមាន​ឧបករណ៍​វេជ្ជសាស្ត្រ​ និង​វ៉ាក់សាំង ដើម្បី​ជួយ​កម្ពុជា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​ ១៩​។

បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​លោក​ វ៉ាង យី ថ្លែង​ថា ចិន​នឹង​បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា និង​ការពារ​ឯករាជ្យ អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​។

ដើម្បី​បន្ត​ជួយ​កម្ពុជា​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត សកល​កូវីដ​ ១៩ រដ្ឋាភិបាល​ចិន​នឹង​បរិច្ចាគ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ ចំនួន ៥០ ម៉ឺនដូស​ហើយ​វ៉ាក់សាំង ៤,៥ លាន​ដូស​ទៀត​នឹង​ដឹក​ដល់​កម្ពុជា​ក្នុង​ខែមិថុនា​នេះ​។ ក្រៅពីនេះ​រដ្ឋបាល​ក្រុង​ឆុងឈីង​ក៏បាន​បរិច្ចាគ​សម្ភារ​វេជ្ជសាស្ត្រ​ដែលមាន​តម្លៃ​ ១,១ ​លាន​យ័ន (១៧២ ០០០ ដុល្លារ​) ផងដែរ​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​រដ្ឋមន្ត្រី​ការបរទេស​ទាំង​ ២ ​ក៏បាន​ឯកភាព​ពន្លឿន​នីតិវិធី​ផ្ទៃក្នុង​សម្រាប់​ការផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​វិនិយោគ​ក៏ដូចជា​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ ២ ​។ ចិន​ក៏បាន​សន្យាថា​នឹង​នាំចូល​ផលិតផល​កសិកម្ម​បន្ថែម​ទៀត​ពី​កម្ពុជា​ជាពិសេស​អង្ករ​ និង​ស្វាយ​។

បន្ទាប់ពី​ជំនួប​ទ្វេភាគី​រវាង​រដ្ឋមន្ត្រី​ការបរទេស​ទាំង​ ២ កម្ពុជា​ និង​ចិន​ក៏បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន និង​គម្រោង​កម្មវិធី​ស្តីពី​​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌ សម្រាប់​ឆ្នាំ​ ២០២១-២០២៥ ក៏ដូចជា​ការសម្ពោធ​នូវ​ការបើក​ការិយាល័យ​កុងស៊ុល​ចិន​នៅ​ខេត្ត​ព្រះសីហនុ​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៩ ខែមិថុនា ថា ទំនាក់ទំនង​កម្ពុជា-ចិន​ពី​ពេលនេះ​ទៅ​ថ្ងៃមុខ​គឺ​មិនមាន​សញ្ញា​ណាមួយ​បង្ហាញថា​មាន​ការធ្លាក់ចុះ​នោះទេ ហើយ​ការប្តេជ្ញាចិត្ត​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ ២ ​តែងតែ​ធ្វើ​ឡើង​ជា​ញឹកញាប់​។

ប្រទេស​ទាំង​ ២ ​មាន​កម្រិត​ទំនាក់ទំនង​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ការកសាង​សហគមន៍​ដែល​មាន​វាសនា​រួមគ្នា​ក្នុង​ឆ្នាំ​ ២០១៩ ដែល​នឹង​បន្ត​ផ្តល់​ផលប្រយោជន៍​ទៅវិញ-ទៅមក​ដល់​ប្រទេស​ទាំង​ ២​។

លោក​ ភា ថ្លែង​៖ «​ក៏ប៉ុន្តែ អ្វីដែល​កង្វល់​សម្រាប់​យើង​ដែល​អ្នកមើល​ខាងក្រៅ​គឺ​ការប្រកួតប្រជែង​គ្នា​រវាង​ឥទ្ធិពល​របស់​ចិន និង​សហរដ្ឋអាមេរិក វា​អាច​នឹងមាន​ការប៉ះពាល់​ដល់​ប្រទេស​យើង​ដែរ ដោយសារ​តែ​ទំនាក់ទំនង​យើង​ល្អ​ជាមួយ​ចិន ហើយ​សហរដ្ឋអាមេរិក​ពិត​ហើយ​មិនជា​សប្បាយ​ចិត្តនឹង​ឥទ្ធិពល​ចិន​នៅ​អាស៊ីអាគ្នេយ៍​និយាយ​ជារួម និង​នៅ​កម្ពុជា​និយាយ​ដោយឡែក​»​។

លោក​ថ្លែងថា កម្ពុជា​ចាំបាច់​ត្រូវតែ​ប្រើ​នូវ​គោលនយោបាយ​ការបរទេស​មួយ​ដ៏ឆ្លាត​វៃ​ ដើម្បី​ទាញ​ផលប្រយោជន៍​ពី​ការប្រកួតប្រជែង​នៃ​ប្រទេស​មហាអំណាច​។

ដោយឡែក​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​ពិសេស​អាស៊ាន-ចិន លោក ប្រាក់ សុខុន បាន​ថ្លែង​ពី​សមិទ្ធផល​សំខាន់ៗ ក្រោម​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-ចិន ​ក្នុង​វិស័យ​ជាច្រើន​ដែល​រួមមាន​កិច្ចសហប្រតិបត្តិការ​នយោបាយ សន្តិសុខ​រហូតដល់​ពាណិជ្ជកម្ម និង​ការវិនិយោគ​ព្រមទាំង​ការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​ដែល​បាន​នាំមក​នូវ​ផលប្រយោជន៍​ទៅវិញទៅមក​ជាច្រើន​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​។

ប្រភព​ដដែល​នេះ​បានឱ្យ​ដឹងថា​៖ «​ដោយ​កត់សម្គាល់​ពី​ការរីកចម្រើន​យ៉ាងខ្លាំង​ពី​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​ចិន​ក្នុង​រយៈពេល​ជាង​ ៣០ ​ឆ្នាំ​ចុងក្រោយ​នេះ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់​ជាថ្មី​នូវ​ការគាំទ្រ​របស់​កម្ពុជា​ចំពោះ ការដំឡើង​ទំនាក់ទំនង​អាស៊ាន-ចិន​ទៅជា «​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​»​។

លោក សុខុន បាន​ថ្លែង​កោតសរសើរ​ប្រទេស​ចិន​ចំពោះ​ការគាំទ្រ​ដល់​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ទូទាំង​ពិភពលោក​ និង​ក្នុង​តំបន់​អាស៊ាន​តាមរយៈ​ការផ្តល់​វ៉ាក់សាំង និង​ការផ្គត់ផ្គង់​សម្ភារ​សុខាភិបាល​។

ពាក់ព័ន្ធ​នឹង​ការធ្វើ​សមាហរណកម្ម​ក្នុង​តំបន់ លោក សុខុន បាន​អំពាវនាវ​ឱ្យមាន​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​លើកកម្ពស់​ការតភ្ជាប់ និង​សង្កត់ធ្ងន់​លើ​តម្រូវ​ការចាំបាច់​ក្នុង​ការអនុវត្ត​សេចក្តី​ប្រកាស​រួម​អាស៊ាន-ចិន​ ស្តីពី​ផែនការមេ​ស្តីពី​ការតភ្ជាប់​អាស៊ាន ២០២៥ និង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​ និង​ផ្លូវ​៕