The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - នាយករដ្ឋមន្ត្រី​ដាក់​ផែនការ​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ទៅ​តំបន់​ហានិភ័យ​នៃ​ខេត្ត​មួយចំនួន




នាយករដ្ឋមន្ត្រី​ដាក់​ផែនការ​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ទៅ​តំបន់​ហានិភ័យ​នៃ​ខេត្ត​មួយចំនួន

Content image - Phnom Penh Post
វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ពេល​ដឹក​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​កាលពី​ថ្ងៃទី​ ៨ មិថុនា​។ ហេង ជីវ័ន

នាយករដ្ឋមន្ត្រី​ដាក់​ផែនការ​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ទៅ​តំបន់​ហានិភ័យ​នៃ​ខេត្ត​មួយចំនួន

ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន សម្រេច​ដាក់​ផែនការ​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស​កូវីដ​ ១៩ ​របស់​ក្រសួង​សុខាភិបាល និង​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស ទៅកាន់​តំបន់​នៃ​ខេត្ត​មួយចំនួន ដែលមាន​ហានិភ័យ និង​មាន​កម្មករ កម្មការិនី​ច្រើន​ក្នុង​ខេត្ត​ចំនួន​ ៦ បន្ទាប់ពី​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​មន្ត្រី​នាំពាក្យ​សុខាភិបាល​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​បាន​និយាយ​កាលពី​ថ្ងៃទី​ ៨ ខែមិថុនា ក្នុងពេល​ផ្តល់​អំណោយ​ថេប្ល៊ិត និង​បរិក្ខារ​ពេទ្យ​ជូន​គ្រូពេទ្យ​ចាក់​វ៉ាក់សាំង​ក្នុង​ខេត្ត​ចំនួន​ ៥ ​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ក្នុង​រាជធានី​ភ្នំពេញ​ទូទាំង​ខណ្ឌ​ទាំង​ ១៤ ​ទៅលើ​គ្រប់​បុគ្គល​គ្រប់រូប​ដែលមាន​អាយុ​ចាប់ពី ១៨ ​ឆ្នាំ​ឡើងទៅ​នឹងត្រូវ​បញ្ចប់​ជា​ស្ថាពរ​ក្នុង​ខែកក្កដា​។

លោកស្រី​ថ្លែងថា​៖ «​ខណ្ឌ​ចំនួន​ ៣ មាន​ខណ្ឌដូនពេញ ព្រែកព្នៅ និង​ខណ្ឌ​ជ្រោយចង្វារ ក្នុង​រាជធានី​ភ្នំពេញ​ដែលជា​ខណ្ឌ​ចុងក្រោយ​គេ​ក្នុង​ចំណោម​ ១៤ ​ខណ្ឌ និង​ទីក្រុង​តាខ្មៅ​ក្នុង​ខេត្តកណ្តាល​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃទី​ ១០ ខែ​មិថុនា​នេះ បន្ទាប់ពី​យើង​ទទួលបាន​វ៉ាក់សាំង​បន្ថែម​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃទី​ ៨ ខែមិថុនា​»​។

លោកស្រី​បាន​បន្ថែមថា បន្ទាប់ពី​ទីក្រុង​តាខ្មៅ និង​តំបន់​ហានិភ័យ​នៃ​ខេត្តកណ្តាល​ហើយ​គណៈកម្មការ​ចំពោះ​កិច្ច​នឹង​បញ្ជូន​វ៉ាក់សាំង​មួយចំនួន​ប្រសិនបើ​មាន​គ្រប់ ទៅ​ខេត្ត​ព្រះសីហនុ ហើយ​បន្ទាប់មកទៀត​នឹង​បន្តទៅ​ខេត្ត​មួយចំនួន​ដូចជា​ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ខេត្ត​ស្វាយរៀង និង​ខេត្តកំពង់ចាម​។

លោកស្រី ឱ វណ្ណឌីន បាន​ថ្លែងថា ការចាក់​វ៉ាក់សាំង​មិនមែន​នៅ​ទូទាំង​ខេត្ត​ទាំងអស់​ទេ គឺ​ក្រសួង​នឹង​រើស​អាទិភាព​ទៅតាម​ទីតាំង ដែលជា​ទីតាំង​មាន​ការផ្ទុះ​ច្រើន ហើយ​ក៏​ជាទី​តាំង​ដែលមាន​ហានិភ័យ និង​ជា​ខេត្ត​ដែលមាន​កម្មករ កម្មការិនី​រស់នៅ​ទីនោះ​ច្រើន​ដែរ​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​ផែនការ​នេះ ទទួល​បាន​ការឯកភាព​ដ៏ខ្ពង់ខ្ពស់​ពី​សម្តេចតេជោ​នាយករដ្ឋមន្ត្រី​ [​ហ៊ុន សែន​] ​រួចហើយ​។ អ៊ីចឹង​យើង​នៅ​ចាំតែ​វ៉ាក់សាំង​មកដល់ យើង​នឹងធ្វើ​ទៅតាម​ផែនការ​ដែល​បានដាក់​ចេញ​ដោយ​សម្តេច​តេជោ​ ហ៊ុន សែន រួចហើយ​មកនេះ​»​។

ជាមួយ​គ្នា​នេះ លោកស្រី ឱ វណ្ណឌីន ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ណា ដែល​មិនទាន់​ដល់​វេន​ចាក់​វ៉ាក់សាំង សូម​រង់ចាំ​បន្តិចទៀត​។ ការចាក់​វ៉ាក់សាំង​នេះ​នឹង​ទៅដល់​នៅពេល​ក្រោយ​ជា​បន្តបន្ទាប់​ទៀត ដោយ​ធ្វើ​ទៅតាម​យុទ្ធសាស្ត្រ​ផ្ការីក និង​ទៅតាម​គោលដៅ​នៃ​ការផ្ទុះ​ជំងឺ​កូវីដ​ ១៩ ​នេះ​។

គិត​ត្រឹម​ថ្ងៃទី​ ៨ ខែមិថុនា កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​បាន​ចំនួន​ ២,៧ ​លាន​នាក់​ហើយ ឬ​ស្មើនឹង​ ២៧,៧០% ធៀប​នឹង​ចំនួន​ប្រជាពលរដ្ឋ ដែល​នឹងត្រូវ​ចាក់​តាម​គោលដៅ​ចំនួន​ ១០ ​លាន​នាក់​។

ជាមួយ​គ្នា​នេះ អភិបាលខេត្ត​កណ្តាល លោក គង់ សោភ័ណ្ឌ បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខេត្តកណ្តាល​កាលពី​រសៀល​ថ្ងៃទី​ ៨ ខែមិថុនា ថា ខេត្តកណ្តាល​នឹង​ចាប់ផ្តើម​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ ​ទ្រង់ទ្រាយ​ធំ​ជូន​ដល់​ប្រជាពលរដ្ឋ​ទូទៅ និង​កម្មករ កម្មការិនី​ទាំង​ ១១ ​ក្រុង-ស្រុក​នា​ថ្ងៃទី​ ១០ ខែមិថុនា​នេះ​។

ចំពោះ​ដំណើរ​ការចាក់​វ៉ាក់សាំង​នេះ លោក​ គង់ សោភ័ណ្ឌ បាន​ស្នើឱ្យ​អាជ្ញាធរ​ក្រុង-ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​រៀបចំ​ទីតាំង​សម្រាប់​ធ្វើជា​កន្លែង​ចាក់​វ៉ាក់សាំង​ឱ្យបាន​សមស្រប និង​ត្រូវធ្វើ​បណ្ណ​អញ្ជើញ​ប្រជាពលរដ្ឋ​មក​ចាក់​វ៉ាក់សាំង​ឱ្យបាន​ទាន់ពេលវេលា​។

អ្វីដែល​ជាការ​សំខាន់ គឺ​អាជ្ញាធរ​ត្រូវ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុង​ពេល​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​ល្អប្រសើរ​។ ត្រូវ​រៀបចំ​កន្លែង​ស្នាក់នៅ និង​ម្ហូបអាហារ​ជូន​ដល់​ក្រុមគ្រូពេទ្យ​ឱ្យបាន​ល្អ ជាពិសេស​អាជ្ញាធរ​ត្រូវយក​ចិត្ត​ទុកដាក់​ថែរក្សា​សន្តិសុខ​ជូន​ដល់​ក្រុមគ្រូពេទ្យ​ក៏​ដូចជា​ឧបករណ៍​សម្ភារពេទ្យ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទាំង​ ១១ ​ក្រុង-ស្រុក​នាពេល​ខាងមុខនេះ រដ្ឋបាលខេត្ត​បាន​ត្រៀម​ក្រុម​គ្រូពេទ្យ​ចំនួន​ ៧០០ ​នាក់​ ស្មើនឹង​ ៧០ ​ក្រុម ហើយ​រដ្ឋបាល​ខេត្ត​គ្រោង​នឹង​បន្ថែម​គ្រូពេទ្យ​ចំនួន​ ១ ៨០០ ​នាក់​ទៀតផង​ដែរ​ ដើម្បី​ធ្វើឱ្យ​យុទ្ធនាការ​នេះ​ប្រព្រឹត្តទៅ​ប្រកប​ដោយ​ភាពរលូន និង​អាច​ចាក់​វ៉ាក់សាំង​បាន​ឆាប់រហ័ស​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្តកណ្តាល​»​។

ដោយឡែក​នៅក្នុង​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃទី​ ៨ ខែមិថុនា លោក​ វ៉ាង យី ដែលជា​ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​សម្រេច​ផ្តល់ និង​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ដល់​កម្ពុជា​ចំនួន​ ៥ ​លានដូស​ទៀត​ក្នុង​ខែមិថុនា​នេះ ដោយ​ក្នុងនោះ​មាន​ ៥០ ​ម៉ឺនដូស​ជា​ជំនួយ និង​ ៤,៥ ​លានដូស​ជា​ការបញ្ជាទិញ​។

យោងតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បញ្ជាក់ថា​៖ «​ដើម្បី​បន្ត​ជួយ​កម្ពុជា​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​សកល​កូវីដ​ ១៩ រដ្ឋាភិបាល​ចិន​នឹង​បរិច្ចាគ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ ចំនួន​ ៥០ ​ម៉ឺនដូស ហើយ​វ៉ាក់សាំង ៤,៥ ​លានដូស​ទៀត​នឹង​ដឹក​ដល់​កម្ពុជា​ក្នុង​ខែមិថុនា​នេះ​»​។

ប្រភព​ដដែល​បន្តទៀត​ថា ក្រៅពីនេះ រដ្ឋបាល​ក្រុង​ឆុងឈីង ក៏​បាន​បរិច្ចាគ​សម្ភារ​វេជ្ជសាស្ត្រ​ដែលមាន​តម្លៃ​ ១,១ លាន​យន់ ឬ​ ១៧២ ០០០ ​ដុល្លារ​សហរដ្ឋអាមេរិក​ផងដែរ​ដល់​ប្រទេស​កម្ពុជា​។

គួរបញ្ជាក់​ផងដែរ​ថា មកដល់​ពេល​នេះ​ប្រទេស​កម្ពុជា​បាន​ទទួល​វ៉ាក់សាំង​ការពារ​វីរុស​កូវីដ​ ១៩ ​មាន​ចំនួន​សរុប​ជាង​ ៧ ​លានដូស​ហើយ ដែល​វ៉ាក់សាំង​ភាគច្រើន​ជា​វ៉ាក់សាំង​មកពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ទាំង​ការបញ្ជាទិញ និង​ការផ្តល់​ជា​ជំនួយ​សប្បុរស​មកដល់​រដ្ឋាភិបាល​កម្ពុជា​៕

អត្ថបទគួរចាប់អារម្មណ៍