The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាជ្ញាធរ​ខេត្ត​ពោធិ៍​សាត់ សម្រេច​បិទ​ទាំង​ស្រុង​ចំពោះ​ការ​ផលិត​ និង​ការលក់​ស្រាស បន្ទាប់​ពីមាន​អ្នក​ពុ​ល​ស្លាប់ ​១៣ ​​នាក់​




អាជ្ញាធរ​ខេត្ត​ពោធិ៍​សាត់ សម្រេច​បិទ​ទាំង​ស្រុង​ចំពោះ​ការ​ផលិត​ និង​ការលក់​ស្រាស បន្ទាប់​ពីមាន​អ្នក​ពុ​ល​ស្លាប់ ​១៣ ​​នាក់​

Content image - Phnom Penh Post
អ្នក​ពុល​ស្រា នៅ​ឃុំ​អន្សា​ចំបក់ ស្រុក​ក្រគរ កំពុង​សម្រាក​ព្យា​បាល​ កាល​ពី​ថ្ងៃ​ទី ២​ ខែ​ មិថុនា ឆ្នាំ ២០២១។ រូប​ថត រដ្ឋ​បាល​ខេត្ត​ពោធិ៍សាត់​

អាជ្ញាធរ​ខេត្ត​ពោធិ៍​សាត់ សម្រេច​បិទ​ទាំង​ស្រុង​ចំពោះ​ការ​ផលិត​ និង​ការលក់​ស្រាស បន្ទាប់​ពីមាន​អ្នក​ពុ​ល​ស្លាប់ ​១៣ ​​នាក់​

ពោធិ៍​សាត់ៈ អាជ្ញាធរខេត្ត​ពោធិ៍សាត់ បានសម្រេច​បិទ​ទាំងស្រុង ​នូវ​ការធ្វើ​អាជីវកម្ម​ផលិត និង​លក់ស្រាស និង ស្រា​ត្រាំ​ថ្នាំ ដើម្បី​បង្កា​ទប់ស្កាត់​ករណី​ពុល​ស្រា ដែល​បង្ក​ឲ្យ​ពលរដ្ឋ​ស្លាប់ និងធ្លាក់ខ្លួន​ឈឺ​រ៉ាំ​​រ៉ៃ បន្ទាប់​ពីមាន​ពល​រដ្ឋ​នៅ​ក្នុង​ឃុំ​អន្សា​ចំបក់​ រហូត​ដល់​ ១៣​ នាក់ ​បាន​ពុល​ស្រា​ស្លាប់​ជា​បន្ត​បន្ទាប់។

​លោក អ៊ឹង គឹម​លាង អភិបាលរង​ខេត្តពោធិ៍សាត់ ទទួលបន្ទុក​ផ្នែក​សុខភាព​សាធារណៈ ​បាន​ថ្លែងថា កាលពីដើម​ខែមិថុនា​ក​ន្ល​ង​ទៅថ្មីៗនេះ មាន​ករណី​ពុល​ស្រា ស និង ស្រាថ្នាំ ដែល​បង្ក​ឲ្យ​ពលរដ្ឋ​នៅក្នុង​ភូមិ​ចំនួន ៣ នៃ​ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ១៣នាក់​ស្លាប់និង​ជាង ១០០ នាក់​ធ្លាក់ខ្លួន​ឈឺ ហើយ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ ។

លោក​​បញ្ជាក់ថា៖ «ដូចដែល​ក្រសួងសុខាភិបាល បានប្រកាស​ហើយ​ថា ការបិត​ឬ​ផលិត​ស្រា ស ដែលមាន​លាយ​សារធាតុ​មេ​តា​ណុល និង​បង្ក​ឲ្យ​ពុល​ស្លាប់ ដូច្នេះ​ដើម្បី​ធានា​ដល់​សុ​វត្ថិ​ភាព សុខភាព​របស់​ប្រជាពលរដ្ឋ យើង​ចាំបាច់​ត្រូវ​បិទ​ទាំងស្រុង​នូវ​ការធ្វើ​អាជីវ​កម្មបិត ឬ ផលិត និង លក់ដូរ ស្រា ស និង​ស្រាថ្នាំ​នៅ​ទូទាំង​ខេត្ត ចាប់ពីពេលនេះ​តទៅ»។

បើតាម​លោក គឹម​លាង ​នៅពេលនេះ ក្រុមការងារ​គណៈកម្មកា​រ​ចម្រុះ​នៃ​រដ្ឋបាល​ខេត្តពោធិ៍សាត់ បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ អំពី​គ្រោះថ្នាក់​នៃ​ការ​ទទួលទាន​ស្រា ស និង ស្រា​ត្រាំ​ថ្នាំ ដែល​គ្មាន​ស្លាក​សញ្ញា​ត្រួតពិនិត្យ​គុណភាព ពី​មន្ទីរ​និង​អង្គភាព​ជំនាញ​របស់​រដ្ឋ នៅ​គ្រប់​បណ្ដា​មូលដ្ឋាន​ភូមិ ឃុំ-សង្កាត់ និងក្រុង-ស្រុក ទូទាំង​ខេត្ត ដោយបាន​បិទ​ប្រកាស ​ស្ដីពី​ការហាមឃាត់​ការបិត ឬ​ផលិត និង​លក់ដូរ ស្រា ស និង​ស្រាថ្នាំ នៅ​គ្រប់​ទីតាំង​ទាំងអស់​នៅក្នុង​ខេត្ត​នេះ ។

ជាមួយគ្នានេះ លោក​បាន​ព្រមាន​ថា៖ «ក្រុមការងារ​គណៈកម្មកា​រ​យើង ​នឹងធ្វើ​ការផាកពិន័យ​ពី ៥ លាន​រៀល ដល់ ១០ លាន​រៀល ឬ​នឹងត្រូវ​កសាង​សំណុំរឿង​បញ្ជូនទៅ​ឲ្យ​តុលាការ ​ចាត់វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់ ប្រសិនបើ​រកឃើញ​បុគ្គល​ណា​ម្នាក់ ​នៅតែ​បន្ត​លួច​ផលិត និងលក់ដូរ​ស្រាស និង ស្រាថ្នាំ ដោយ​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន និង មន្ត្រី​ជំនាញ​នៃ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ»។

ប៉ុន្តែ​លោក គុម ប៉េង អាយុ ៥៨ ឆ្នាំ ជា​អ្នក​បិតស្រា​អង្ករ (ស្រា ស) ​ម្នាក់​នៅក្នុង​ភូមិ​សាន​សរ ឃុំ​អ​ន្យា​ចំបក់​ ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា គ្រួសារ​របស់លោក​ បាន​ប្រកប​មុខ​របរ​បិត​ស្រា​​ច្រើន​តំណ​មកហើយ ដោយ​ប្រើ​អង្ករ​ផលិត​ស្រា និង​យក​បាយ​ស្រា​ចិញ្ចឹម​ជ្រូក មាន់ ទា ដើម្បី​ទ្រទ្រង់​ជីវភាព។ ដោយបាន​រៀន​ចេះ​ចាំ​រូបមន្ត ពី​ការ​ផ្សំ​មេដំបែរ និង វិធីសាស្ត្រ​ផលិត​ស្រា ដែល​ធ្វើ​ពី​អង្ករក្សាយ និង អង្ករ​ដំណើ​ប​ច្បាស់លាស់​តាមបែប​បុរាណ ពីឪ​ពុក​ម្ដាយ និង ជីតា​របស់លោក​ តាំងពី​អាយុ ១៣ ឆ្នាំ​មក​នោះ ផលិតផល​ស្រា ស របស់​លោក​​ មិនដែល​បង្ក​ផលប៉ះពាល់​ដល់​អ្នក​បរិ​ភោគ​នោះទេ។

លោក ប៉េង ​​អះ​អាង​ថា៖ «ការ​បិតស្រា​អង្ករ តាម​ក្បួន​បច្ចេកទេស​ពី​បុរាណ​ត្រឹមត្រូវ​នោះ គឺ​មិន​ប៉ះពាល់​ដល់​សុខភាព​​នោះទេ»។

លោក​ប៉េង​ បាន​គាំទ្រ​ឲ្យ​មានការ​ហាមឃាត់​ការផលិត​និង​លក់​ស្រា ស និង ស្រាថ្នាំ ដែលមាន​លាយ​សារធាតុ​មេ​តា​ណុល បង្ក​ឲ្យ​អ្នក​បរិភោគ​ពុល​ស្លាប់ និង ឈឺ​រ៉ាំរ៉ៃ ប៉ុន្តែ​លោក​មិន​សប្បាយចិត្ត​នោះទេ នៅពេលដែល​អាជ្ញាធរ ហាមឃាត់​អ្នក​ផលិត​និង​អ្នកលក់ដូរ នូវ​ផលិតផល​ស្រាស និង ស្រាថ្នាំ ដែល​សុទ្ធ​ល្អ និង​គ្មាន​លាយ​សារធាតុ​មេ​តា​ណុល​នោះ។

លោក​ថ្លែងថា៖ «នៅពេល​អាជ្ញាធរ​ដាក់​បំរាម ហាមឃាត់​ការផលិត និង លក់​ស្រាស និង ស្រាថ្នាំ​ទាំងអស់​បែបនេះ ខ្ញុំ​យល់ថា​ ហាក់ដូចជា​មិន​យុត្តិធម៌​សម្រាប់​យើងខ្ញុំ​នោះទេ ព្រោះ​បំរាម​នេះ​ វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឆ្នាំងបាយ​របស់​យើងខ្ញុំ ដែលជា​អ្នក​ប្រកបមុខរបរ​សុច​រឹត»។

ប៉ុន្តែ លោក​ អ៊ូ ម៉ាន​រិ​ន ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់ និង បង្ក្រាប​ការ​ក្លែងបន្លំ (កប​ប) ខេត្តពោធិ៍សាត់ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ការហាមឃាត់​របស់រ​ដ្ឋ​បាល​ខេត្តពោធិ៍សាត់ គឺធ្វើឡើង​ ចំពោះ​អ្នក​ផលិត​ស្រា​ដែល​គ្មាន​ការចុះបញ្ជី​ការ​ពាណិជ្ជកម្ម ឬ លិខិតអនុញ្ញាត ដែល​ទទួលស្គាល់ ដោយ​អាជ្ញាធរ​មូលដ្ឋាន ក្រសួង មន្ទីរ និង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ប៉ុណ្ណោះ។

លោក​ថ្លែងថា៖ «តាម​ការចុះ​ស្រាវជ្រាវ​របស់​មន្ទីរ និង អង្គភាព​ជំនាញ​នាពេល​កន្លងមកនេះ​បាន​រកឃើញថា គ្មាន​ពលរដ្ឋ​ណាមួយ​ដែល​បិត​ស្រា ស និង​ស្រាថ្នាំ មានច្បាប់​អនុញ្ញាត​ពី​ក្រសួង មន្ទីរ និង អង្គភាព​ជំនាញ​ពាក់ព័ន្ធ​នោះទេ ហើយក៏​គ្មាន​ការស្នើសុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន​នោះដែរ»។

បើតាម​លោក ម៉ាន​រិ​ន ប្រជាពលរដ្ឋ​ខ្មែរ ដែល​និយម​បិត​ឬ​ផលិត​ស្រាស និង ស្រាថ្នាំ គឺ ចេះតៗគ្នា ពី​ឪ​ពុក​ម្ដាយ គ្មាន​ក្បួន​ខ្នាត ឬ រង្វា​ស់​រំ​ង្វា​ល់​ច្បាស់លាស់​ត្រឹមត្រូវ​តាម​បច្ចេកទេស​នោះទេ។

មិនតែប៉ុណ្ណោះ​មាន​ពលរដ្ឋ​មួយចំនួន ដែល​ប្រក​បម​មុខរបរ​នេះ មាន​ភាព​ទុ​ច្ច​រឹត បាន​លួច​ក្លែងបន្លំ ម៉ាក និង​គុណភាព​ផលិតផល​របស់គេ ហើយ​ខ្លះទៀត​ព្រោះតែ​ចង់​មានបាន ខ្វះ​គុណធម៌ យក​សារធាតុ​មេ​តា​ណុ​លម​កលាយ​ស្រា បង្ក​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត និង​សុខភាព​របស់​អ្នក​បរិភោគ។

លោក​បាន​បន្ថែមថា ករណី​ពុល​ស្រា​ក្នុង​ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ នាពេល​កន្លងទៅថ្មីៗនេះ បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជា​បន្ដបន្ទាប់​រហូតដល់ ១៣ នាក់ និង​ធ្លាក់ខ្លួន​ឈឺ​ជាច្រើន​នាក់​ទៀត ។

ករណីនេះ សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​បានរួម​គ្នា​ស្រាវជ្រាវ រហូត​ឃាត់ខ្លួន​ប្ដី​ប្រពន្ធ ២ នាក់ បញ្ជូនទៅ​តុលាការ ហើយ​តុលាការ​បានសម្រេច​ឃុំខ្លួន​ប្ដី​ប្រពន្ធ​ទាំង ២ នាក់​នោះ​ជា​បណ្ដោះអាសន្ន ដោយ​ចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​អំពើ​មិន​សុចរិត​ទាក់ទង​នឹង​ទំនិញ សេវា ឬ​ការអះអាង​ដោយ​បំភាន់ មាន​ស្ថាន​ទម្ងន់ទោស តាម​ប​ញ្ញ​តិ​មាត្រា ៤៣ នៃ​ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់៕

អត្ថបទគួរចាប់អារម្មណ៍