The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​សាធារណការ​បង្ហាញ​លទ្ធផល​ធំៗ​ចំនួន ៤​ ក្រោយ​កិច្ចប្រជុំ​ឧត្តម​មន្ត្រី​ដឺកជញ្ជូន​អាស៊ាន




ក្រសួង​សាធារណការ​បង្ហាញ​លទ្ធផល​ធំៗ​ចំនួន ៤​ ក្រោយ​កិច្ចប្រជុំ​ឧត្តម​មន្ត្រី​ដឺកជញ្ជូន​អាស៊ាន

Content image - Phnom Penh Post
មន្ត្រីក្រសួងសាធារណការចូលរួមក្នុងកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ានតាមវីដេអូ ពីថ្ងៃទី ៨ ខែមិថុនា។ រូបថត ក្រសួងសាធារណការ

ក្រសួង​សាធារណការ​បង្ហាញ​លទ្ធផល​ធំៗ​ចំនួន ៤​ ក្រោយ​កិច្ចប្រជុំ​ឧត្តម​មន្ត្រី​ដឺកជញ្ជូន​អាស៊ាន

ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ បង្ហាញ​លទ្ធផល​ធំៗ​ចំនួន ៤​ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ឧត្តម​មន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី៥១ ​និង​កិច្ចប្រជុំ​ដៃគូ​សន្ទនា​ពាក់ព័ន្ធ ​បន្ទាប់ពី​កម្ពុជា​បាន​ដឹកនាំ​ធ្វើជា​ម្ចាស់​ផ្ទះ​រយៈពេល ​២ ថ្ងៃ ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ។

កិច្ចប្រជុំ​នេះ​ធ្វើឡើង ​កាលពី​ថ្ងៃទី ៨ ​ដល់​ថ្ងៃទី ៩ ​ខែ មិថុនា​ ឆ្នាំ ២០២១ ​ដើម្បី​ពិនិត្យ ​និង​ពិភាក្សា​លើ​សកម្មភាព​គម្រោង​ និង​កម្មវិធី​នានា​របស់​អាស៊ាន​ ដែល​បាន​ដាក់ចេញ​នៅក្នុង​ឆមាស​ទី១ ​នៃ​ឆ្នាំ ២០២១ ​និង​ពិនិត្យ​ពិភាក្សា​អំពី​ផែនការ​សកម្មភាព​គម្រោង ​និង​កម្មវិធី​ដែល​ត្រូវ​អនុវត្ត​នៅ​ឆមាស​ទី២ ​ឆ្នាំ ២០២១។

លោក​ ឈៀង ពេជ្រ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភ័ស្តុភារកម្ម​នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ​និង​ជា​ប្រធាន​ឧត្តម​មន្ត្រី​ដឹកជញ្ជូន​អាស៊ាន​ (ASEAN STOM CHAIR)​ ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​ទាំង ២​ នេះ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១០​ មិថុនា​ថា ​កិច្ច​ប្រជុំបាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។ ក្នុងនោះ​ លោក​បាន​បញ្ជាក់ថា ​កិច្ចប្រជុំ ​ក៏បាន​សម្រេច​លទ្ធ​ផល​ធំៗ ​ចំនួន ៤​ ជាមួយ​ប្រទេស​ដែលជា​សមាជិក ​និង​ដៃគូ​អភិវឌ្ឍន៍​ផង​ដែរ។

លោកបាន​រៀប​រាប់​ថា ​លទ្ធផល​ទី១ ​គឺ​អាស៊ាន​ជាមួយ​ចិន​ ដោយភាគី​ចិន​បានធ្វើ​បច្ចុប្បន្នភាព​ការរៀបចំ​កែសម្រួល​នូវ​ផែនការ​យុទ្ធសាស្ត្រ​សហប្រតិបត្តិការ ​ក្នុង​វិស័យ​ដឹកជញ្ជូន​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ចិន ​២០២១-២០២៥។

លោកថា ​ផែន​ការ​យុទ្ធសាស្ត្រ​នេះ បាន​បែង​ចែកជា ​២​ ផ្នែក​ធំៗ ​ហើយ​គ្រោង​បញ្ចប់​នៅ​ចុងខែ​កក្កដា​ ឆ្នាំ ២០២១ ខាង​មុខ។ បន្ទាប់​មក​នឹង​ដាក់ជូន​បណ្តា​ប្រទេស​អាស៊ាន ​ដើម្បី​ផ្តល់​នូវ​ធាតុ​ចូល ​និង​ដាក់ជូន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន ​ពិនិត្យ​ និង​សម្រេច​នៅ​ដើមខែ​វិច្ឆិកា ​ឆ្នាំ ២០២១។

ចំពោះ​លទ្ធផល​ទី២ ​លោក​ ឈៀង ពេជ្រ ​និយាយថា ​គឺ​រវាង​អាស៊ាន ​និង​ជប៉ុន។ ​យោងតាម​ផែនការ​ភាពជា​ដៃគូ​ក្នុង​វិស័យ​ដឹកជញ្ជូន​អាស៊ាន-​ជប៉ុន ​២០២០-២០២១ ​គឺ​មាន​គំនិត​ផ្តួចផ្តើម​ ២ ​ដែល​ត្រូវ​អនុវត្ត​ក្នុង​ត្រី​មាស​ទី៣​និង​ទី៤​ នៃ​ឆ្នាំ ២០២១ ​ជុំវិញ​ការរៀបចំ​ការសិក្សា​អំពី​ដំណោះស្រាយ​ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​ ដើម្បី​ត្រួតពិនិត្យ​យាន​យន្ត​ដឹកទំនិញ​លើស​ទម្ងន់ ​និង​ការរៀបចំ​សេ​ក្តី​ណែនាំ​អំពី​ការចេញ​វិញ្ញាបន​បត្រ​ពិនិត្យ​ខ្សែ​ច្រវ៉ាក់​ត្រជាក់​ឡូ​ជី​ស្ទីក។

បន្ថែម​ពីនេះ ​ភាគី​ជប៉ុន ​ក៏បាន​ស្នើឡើង​នូវ​គំនិត​ផ្តួចផ្តើម​ថ្មី​មួយទៀត​សម្រាប់​អនុវត្ត​ការប្រើប្រាស់​នូវ​ទិន្នន័យ​ធំ ​សម្រាប់​ធ្វើ​ឱ្យ​ប្រសើ​ឡើង​នូវ​បំផ្លាស់​ទី ​និង​ធ្វើ​បច្ចុប្បន្នភាព​អំពី​វឌ្ឍនភាព​ នៃ​ការចរចា​កិច្ចព្រមព្រៀង​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​ក្នុង​តំបន់​ រវាង​អាស៊ាន​-ជប៉ុន​ជាដើម។

លោក​បញ្ជាក់ថា​៖«តាម​ការគ្រោង​ទុក​ គំនិត​ផ្តួចផ្តើម​ទាំង២នេះ​ នឹងត្រូវ​រៀបចំ​ឱ្យបាន​ចប់​សព្វគ្រប់ ​និង​ដាក់ជូន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន ​ពិនិត្យ​និង​សម្រេច​នៅ​ដើមខែ​វិច្ឆិកា​ នៅពេល​ដែល​ប្រទស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ច​ប្រជុំ​នេះ​ដែរ»។

ចំណែក​លទ្ធផល​ទី៣​ វិញ លោក​ ឈៀង ពេជ្រ​ បាន​ឲ្យ​ដឹងថា ​គឺ​រវាង​អាស៊ាន ​និង​សាធារណរដ្ឋ​កូរ៉េ ​ដោយ​ក្នុងនោះ​ភាគី​សាធារណរដ្ឋ​កូរ៉េ បាន​បញ្ចប់​នូវ​ការធ្វើ​ផែនទី​បង្ហាញ​ផ្លូវ​ក្នុង​កិច្ចសហ​ប្រតិបត្តិការ​ក្នុង​វិស័យ​ដឹកជញ្ជូន​ ២០២១-២០២៥​ រវាង​អាស៊ាន-​សាធារណរដ្ឋ​កូរ៉េ ​រួមទាំង​បង្ហាញ​គម្រោង​ផែនទី​បង្ហាញ​ផ្លូវ​ចំនួន​ ៣៨ ខ្សែ ​សម្រាប់​រៀបចំ​ឡើង ក្នុង​រយៈពេល​ ៥ ឆ្នាំ​ខាងមុខ​នេះ​ផង​ដែរ។

លោក​អះអាងថា​ សម្រាប់​គម្រោង​ផ្លូវ​ទាំង​៣៨ខ្សែ​ របស់​កូរ៉េ​នោះ ​ក៏មាន​គម្រោង​ចំនួន ២ ​ពី​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​កម្ពុជា​ផង​ដែរ។ ​ភាគី​សាធារណរដ្ឋ​កូរ៉េ ​បាន​ជំរុញឱ្យ​បណ្តា​ប្រទេស​អាស៊ាន​បន្ត​លើក​គម្រោង​ទាំងនេះ​បន្ថែម​ទៀត ​ទៅតាម​ការចាំបាច់​របស់​បណ្តា​ប្រទេស​នីមួយៗ ​ដើម្បី​អនុវត្ត​គម្រោង​ទាំង ​៣៨ នោះ​ឱ្យ​ទទួលបាន​ជោគជ័យ។

ដោយ​ឡែក​ចំពោះ​លទ្ធផល​ទី៤ ​បើតាម​លោក​ ឈៀង ពេជ្រ ​គឺ​រវាង​អាស៊ាន ​និង​សហរដ្ឋអាមេរិក។ ភាគី​ទាំង​ ២ បាន​ឯកភាព​គ្នា​ទៅនឹង​សំណើ​របស់​ក្រសួង​ដឹកជញ្ជូន​របស់​សហរដ្ឋ​អាមេរិក ​USDOT ​ដែលមាន​បំណង​ចង់​បង្កើន​កិច្ចសហ​ប្រតិ​បត្តិការ​ក្នុង​វិស័យ​ដឹកជញ្ជូន​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន។

លោក​បញ្ជាក់ថា​៖ «កិច្ចសហ​ប្រតិបត្តិការ​នេះ ​គឺមាន​បំណង​ចាប់ផ្តើម​ចេញពី​កម្រិត​ឧត្តម​មន្ត្រី​ដឹកជញ្ជូន​អាស៊ាន​ជាមុន​សិន ​ហើយ​ក្រោយមក​គឺ​អាច​លើក​កម្រិត​ទៅ​ថ្នាក់​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន»។

បន្ថែម​ពីនេះ ​លោក​ឈៀង ពេជ្រ ​ក៏បាន​បញ្ជាក់ថា ​អាស៊ាន និង​សហរដ្ឋអាមេរិក ​ក៏បាន​ឯកភាពគ្នា​ពិនិត្យ​ទៅលើ​បណ្តា​វិស័យ​នានា​ក្នុង​ក្របខ័ណ្ឌ​ដឹកជញ្ជូន ​ដែល​ភាគីទាំង ​២ អាច​ធ្វើ​សហប្រតិបត្តិការ​ជាមួយគ្នា​កន្លងមក ​ហើយ​បាន​ឯកភាព​គ្នា​បង្កើត​ផែនការ ​៥ ឆ្នាំ ​ក្នុង​វិស័យ​ដឹកជញ្ជូន​ រវាង​អាស៊ាន-​សហរដ្ឋអាមេរិក ​និង​ការរៀបចំ​នូវ​លក្ខ​ខណ្ឌ​ប្រតិបត្តិ ​ToR (Terms of Reference) ​ដើម្បី​កំណត់​អំពី​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ ​(Cooperation Framework)​ ក្នុង​វិស័យ​ដឹកជញ្ជូន​ទៀត​ផង។

សូម​ជម្រាបថា ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន ​ប្រទេស​កម្ពុជា ​បានទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ឧត្តម​មន្ត្រី​ដឹក​ជញ្ជូន​អាស៊ាន​លើក​ទី៥១ ​និង​កិច្ចប្រជុំ​ដៃគូ​សន្ទនា​ពាក់ព័ន្ធ​នេះ ​ដោយ​សហការ​ជាមួយ​លេខាធិការដ្ឋាន​អាស៊ាន ​និង​មានការ​អញ្ជើញ​ចូលរួម​ដោយ​ផ្ទាល់​ពី​ថ្នាក់​ដឹកនាំ​ក្រសួង ​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ រួមទាំង​តំណាង​គណៈប្រតិភូ​នៃ​បណ្ដា​ប្រទេស​អាស៊ាន​ទាំងអស់ ​និង​ដៃគូ​អភិវឌ្ឍន៍​នានា៕

អត្ថបទគួរចាប់អារម្មណ៍