The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី​ថា ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន​កំពុង​ស្វែងរក​អ្នក​ផលិត​គ្រឿងញៀន ​ដើម្បី​ចាត់ការ​តាម​នីតិវិធី




មន្ត្រី​ថា ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន​កំពុង​ស្វែងរក​អ្នក​ផលិត​គ្រឿងញៀន ​ដើម្បី​ចាត់ការ​តាម​នីតិវិធី

Content image - Phnom Penh Post
វគ្គសិក្សាស្តីពីការអប់រំ ទប់ស្កាត់គ្រោះថ្នាក់បង្កដោយការប្រើប្រាស់គ្រឿងញៀន​ តាមអនឡាយ ពីថ្ងៃទី៩ មិថុនា។ រូបថត អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន

មន្ត្រី​ថា ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន​កំពុង​ស្វែងរក​អ្នក​ផលិត​គ្រឿងញៀន ​ដើម្បី​ចាត់ការ​តាម​នីតិវិធី

ភ្នំពេញៈ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ​កំពុង​ស្រាវជ្រាវ​រក​អ្នក​ផលិត​គ្រឿងញៀន ​យក​មក​ចាត់ការ​តាម​នីតិវិធី ​បន្ទាប់​ពី​មន្ត្រី​ជំនាញ​បាន​កត់​សម្គាល់​ឃើញថា ​អាច​មាន​ករណី​លួច​ផលិត​កែច្នៃ​ដើម្បី​ចរាចរណ៍​នៅ​កម្ពុជា។

លោក​ មាស វិរិទ្ធ ​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ថ្លែងថា ​ការចាប់​បង្ក្រាប​ករណី​គ្រឿងញៀន​ទាំង​មេ​ខ្លោង ​និងអ្នក​ពាក់​ព័ន្ធ​ជួញដូរ ​ជាបន្តបន្ទាប់​ នៅតែ​កើត​មាន​មិនចេះ​អស់​ដោយសារតែ​ទីផ្សារ​គ្រឿងញៀន​មានច្រើន ​ទាំង​ការផលិត ​ការជួញដូរ ​និង​ទីផ្សារ​ប្រើ​ប្រាស់។

លោក​ថា ​សកម្មភាព​នៃ​ការផលិត​អាច​មាន​ការកើន​ឡើង ​ដោយ​សារ​អ្នកប្រើ​ប្រាស់​ងាក​មក​ប្រើ​គ្រឿងញៀន​សំយោគ ​ដែល​គ្រឿងញៀន​សំយោគ​នោះ​មាន​គ្រោះថ្នាក់​និង​ឥទ្ធិពល​ដូចគ្នា ​ប៉ុន្តែ​ផលិត​ក្នុង​រយៈពេល​ខ្លី​ហើយ​មាន​តម្លៃ​ថោក។

លោកថ្លែងថា​៖ «ពីមុន​យើង​រកឃើញ​មាន​ការប៉ុន​ប៉ង​ផលិត ​ឥឡូវ​យើង​កត់សម្គាល់​ឃើញថា ​មាន​ការលួច​ផលិត​កែច្នៃ។ អ៊ីចឹង​យើង​កំពុង​ធ្វើការ​ស្រាវ​ជ្រាវថា ​តើ​អ្នកណា​ជាអ្នក​ផលិត។ ពីព្រោះ​អាហ្នឹង​វា​ត្រូវការ​អ្នកចេះ​ជំនាញ​គីមី ​ហើយ​ជនជាតិ​ខ្មែរ​យើង​អត់​មាន​ពីណា​មាន​ជំនាញ​គីមី​ផលិត​គ្រឿង​ញៀន​ទេ​អ៊ីចឹង​យើង​ត្រូវ​រក​អ្នក​ជំនាញ​ហ្នឹង​ឲ្យ​ឃើញ»។

លោក​បន្តថា ​កន្លងមក ​ដើម្បី​រក​អ្នក​ផលិត ​ត្រូវតែ​ប្រើ​វិធី​ប្រឡាយ​ខ្សែ ​ប្រៀប​ដូចជា​ការប្រើប្រាស់​ត្រី​តូច​ធ្វើ​នុយ​ស្ទូច​យក​ត្រីធំ។ ​ ប៉ុន្តែ​ការងារ​នេះ​ទាមទារ​ពេល​វេលា​ច្រើន​ដំណាក់​កាល ​ហើយ​ត្រូវការ​ទាំង​សមត្ថភាព ​ពី​ព្រោះ​ឧក្រិដ្ឋ​ជន​មិន​អន់​ជាង​សមត្ថកិច្ច​ទេ។

លោក​ថ្លែងថា​៖ «ដំណាក់កាល​នៃ​ការផលិត​ភាគច្រើន​សមត្ថកិច្ច​មិនបាន​ដឹង​ទេ។ កន្លង​មក​ការស្វែង​រក​មុខ​សញ្ញា​ត្រូវ​បន្ត​ច្រើន​តង់​ទម្រាំតែ​ធ្លាក់​ពី​កន្លែង​ផលិត​មកដល់​ដៃ​អ្នក​ជូញដូរ​ វា​មាន​ដំណាក់កាល​របស់​វា​ទៀត។ ដល់​យើង​យើង​ស្រាវជ្រាវ​ទីផ្សារ​នៃ​ការប្រើប្រាស់ ​បង្ក្រាប​អ្នក​ជួញ​ដូរ​តូច​តាច ​ទើប​បាន​ឈាន​ទៅ​រក​អ្នក​ជួញ​ដូរ​ធំ ​ហើយ​ចប់​ត្រឹម​ហ្នឹង។​ភាគច្រើន​តែង​ចប់​ត្រឹម​ហ្នឹង​ហ្មង ​អ៊ីចឹង​យើង​រកអ្នក​ផលិត​អត់​ឃើញ»។​

ដើម្បី​បញ្ជ្រាប​ការយល់​ដឹង​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ចេះ​ការពារ​ខ្លួន​នៅ​ឆ្ងាយ​ពី​គ្រឿងញៀន​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ សហការ​ជា​មួយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ គាំទ្រ​ថវិកា​ដោយ​អង្គការភ្លែន​អន្តរជាតិ​កម្ពុជា ​បើក​វគ្គ​បំប៉ន​ស្ដីពី​ការប្រើ​ប្រាស់​សម្ភារ​ឧបទេស​ក្នុងការ​បង្រៀន​ “ការអប់រំ ​បង្ការ ​ការទប់​ស្កាត់​គ្រោះ​ថ្នាក់​បង្ក​ដោយការ​ប្រើប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់​” ដល់​គ្រូឧទ្ទេស​នៅតាម​គ្រឹះ​ស្ថាន​បណ្ដុះ​បណ្ដាល​គ្រូ​គោល​ដៅ ​និង​គរុសិស្ស​នៅ​សាលា​គរុកោសល្យ ​និង​វិក្រឹតការ​ខេត្ត​ចំនួន ១០​ រាជធានី​-ខេត្ត។

វគ្គ​នេះ​ត្រូវ​ធ្វើ​ទៅដល់​រាជ​ធានី​ភ្នំពេញ​ ខេត្ត​កំពង់​ចាម​ បាត់ដំបង​ បន្ទាយ​មានជ័យ​ សៀមរាប​ តាកែវ ​កំពត​ ព្រៃវែង​ កំពង់ស្ពឺ​ និង​ខេត្ត​ព្រះសីហនុ​ តាម​ប្រព័ន្ធ​អនឡាញ ​ពីថ្ងៃទី ៩ ​ដល់​ថ្ងៃទី​ ១១​ ខែ​មិថុនា។

លោក​ មាស វិរិទ្ធ ​ថ្លែងថា​៖ «វគ្គ​សិក្សា​នេះ​ជាជ្រុង​មួយ​នៃ​ការចាប់ផ្តើម​នូវ​ការកាត់​បន្ថយ​បញ្ហា​គ្រឿងញៀន​ព្រោះ​បឋមសិក្សា ​និង​មធ្យម​សិក្សា ​ជា​យុវជន​និង​កុមារា​កុមារី ​ដែល​អនាគត​ទៅ​គាត់​នឹង​ក្លាយ​ជាមុខ​សញ្ញា​នៃ​ការប្រើប្រាស់ ​អ៊ីចឹង​បើ​គាត់​យល់ដឹង​មុន​ គឺជា​ការទប់​ស្កាត់​ពី​ចម្ងាយ»។

លោក​ រស់ សុវាចា ​អ្នកនាំ​ពាក្យ​ក្រសួង​អប់រំ​យុវជន​ និង​កីឡាថ្លែងថា ​អវត្តមាន​គ្រឿងញៀន​ខុស​ច្បាប់​នៅ​គ្រឹះស្ថាន​សិក្សា ​ជាការចូល​រួម​លើក​កម្ពស់​គុណភាព​អប់រំ​នៃ​កម្ពុជា។

លោក​ថា ​ការអភិវឌ្ឍ​សម្ភារ​ឧបទេស​សម្រាប់​ការអប់រំ​បង្ការ ​ទប់ស្កាត់​ការប្រើ​ប្រាស់​គ្រឿងញៀន​ខុសច្បាប់​នៅ​តាម​គ្រឹះស្ថាន​សិក្សា​មាន​គោលដៅ​ធ្វើឲ្យ​លែង​មាន​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​នៅ​គ្រឹះស្ថាន​សិក្សា​ដោយ​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​បង្ការ ​ទប់ស្កាត់​ការប្រើ​ប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់។

លោក​ថ្លែងថា​៖ «ជារួម​ការងារ​នេះ ​ស្ថិត​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ​ឆ្នាំ ២០១៩​-២០២៣ ​និង​ឆ្ពោះទៅ​ឆ្នាំ​ ២០៣០ ​ដែល​ក្រសួង​អប់រំ យុវជន ​និង​កីឡា​ប្តេជ្ញា​សម្រេច​ឲ្យបាន​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ទី៤ ​ស្តីពី​ការអប់រំ ​ដោយ​ឈរ​លើ​គោលការណ៍​គុណភាព​ សមធម៌​ បរិយាបន្ន ​ការសិក្សា​ពេញ​មួយ​ជីវិត​សម្រាប់​ទាំង​អស់​គ្នា»។

លោក​បញ្ជាក់ថា ​ឯកសារ​អប់រំ​នេះ​ដើរ​តួនាទី​សំខាន់​ក្នុង​ការចូល​រួម​អប់រំ​សិស្សា​នុសិស្ស ​លោកគ្រូ ​អ្នកគ្រូ ​និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ឲ្យមាន​ការយល់​ដឹង​បន្ថែម​លើ​ហានិភ័យ​បង្ក​ដោយ​ការប្រើប្រាស់​គ្រឿងញៀន​ខុស​ច្បាប់​ ដើម្បី​លើក​កម្ពស់​ការចូលរួម​បង្ការ​ទប់ស្កាត់​ការប្រើ​ប្រាស់​គ្រឿងញៀន​ខុស​ច្បាប់​នៅតាម​គ្រឹះស្ថាន​សិក្សា៕

អត្ថបទគួរចាប់អារម្មណ៍