The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អភិបាល​រាជធានី​ភ្នំពេញ សន្យា​នឹង​រៀបចំ​ផែនការ ដើម្បី​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ​នៅ​តាម​រោងចក្រ




អភិបាល​រាជធានី​ភ្នំពេញ សន្យា​នឹង​រៀបចំ​ផែនការ ដើម្បី​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ​នៅ​តាម​រោងចក្រ

Content image - Phnom Penh Post
នៅក្នុង​កិច្ចប្រជុំ​ជាមួយ​តំណាង​ក្រសួង​សុខាភិបាល ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញាវត្ថុ អភិបាល​រាជធានី​ភ្នំពេញ លោក​ ឃួង ស្រេង បាន​សន្យា​នឹង​រៀបចំ​ផែនការ​គ្រប់គ្រង​ ដើម្បី​ទប់ស្កាត់ ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ នៅតាម​រោងចក្រ។ រូបថត រដ្ឋបាលរាជធានីភ្នំពេញ

អភិបាល​រាជធានី​ភ្នំពេញ សន្យា​នឹង​រៀបចំ​ផែនការ ដើម្បី​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ​នៅ​តាម​រោងចក្រ

នៅក្នុង​កិច្ចប្រជុំ​ជាមួយ​តំណាង​ក្រសួង​សុខាភិបាល ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញាវត្ថុ អភិបាល​រាជធានី​ភ្នំពេញ លោក​ ឃួង ស្រេង បាន​សន្យា​នឹង​រៀបចំ​ផែនការ​គ្រប់គ្រង​ ដើម្បី​ទប់ស្កាត់ ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ នៅតាម​រោងចក្រ ដើម្បី​ធានា​សុខុមាលភាព សុវត្ថិភាព និង​ជីវភាព​បុគ្គលិក កម្មករ-និយោជិត​នៅតាម​រោងចក្រ​សហគ្រាស​នានា​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​តាមរយៈ​ការបញ្ជូន​រូបភាព និង​សំឡេង ( Video Conference ) ស្ដីពី​ការរៀបចំ​ផែនការ​វិធានការ​គ្រប់គ្រង​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ តាម​បណ្ដា​រោងចក្រ​សហគ្រាស​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​ ១០ ខែមិថុនា​ម្សិលមិញ​។

យោងតាម​ក្រសួង​ព័ត៌មាន​បាន​ឱ្យ​ដឹងថា រដ្ឋបាល​រាជធានី​ភ្នំពេញ​រៀបចំ​ផែនការ​នេះ គឺ​ក្នុង​គោលបំណង​ធានា​ឱ្យបាន​នូវ​សុខុមាលភាព សុវត្ថិភាព និង​ជីវភាព​របស់​បុគ្គលិក កម្មករ -​និយោជិត ព្រមទាំង​និរន្តរភាព​ផលិតកម្ម​របស់​រោងចក្រ​សហគ្រាស​ក្នុង​រាជធានី​ភ្នំពេញ​។

ផែនការ​នេះ​ត្រូវ​បាន​កំណត់​នូវ​វិធានការ​ចាំបាច់ ដោយ​បែង​ចែកជា​ ៣ ​ដំណាក់កាល គឺ​ទី​ ១ វិធានការ​ចំពោះមុខ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ក្នុង​រោងចក្រ-សហគ្រាស​។

ទី​ ២ វិធានការ​រយៈពេល​មធ្យម ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល ជំងឺ​កូវីដ​ ១៩ ក្នុង​រោងចក្រ-សហគ្រាស និង​ទី​ ៣ វិធានការ​រយៈពេល​វែង ដើម្បី​គ្រប់គ្រង​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ក្នុង​រោងចក្រ-សហគ្រាស​។

លោក ឃួង ស្រេង មាន​ប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​នោះ​ថា៖ «​រាជធានី​ភ្នំពេញ ជា​បេះដូង​នៃ​ប្រទេស​កម្ពុជា ដែលជា​មជ្ឈមណ្ឌល​ប្រមូលផ្តុំ លើ​គ្រប់​វិស័យ ដែល​ក្នុង​នោះ​រោងចក្រ-សហគ្រាស​ប្រមាណ ៦០ ​ភាគរយ​បាន​បោះទីតាំង​ក្នុង​មូលដា្ឋន​រាជធានី​ភ្នំពេញ​»​។

បើ​តាម​សាលា​រាជធានី​ភ្នំពេញ គិត​ត្រឹម​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២១ នៅ​រាជធានី​ភ្នំពេញ​មាន​រោងចក្រ​ចំនួន ៧៤៦ និង​ឧស្សាហកម្ម​ខ្នាតតូច-សិប្បកម្ម​មាន​ចំនួន ៤ ៩៨៥ បាន​បង្កើត​ការងារ​ដោយផ្ទាល់​ចំនួន ៤៧៦ ៣៥៩ ​នាក់ និង​ដោយ​ប្រយោល​ជាច្រើន​សែន​នាក់​ផ្សេងទៀត​។

ប្រភព​ដដែល​បាន​បន្តថា ការឆ្លង​បន្ត​រាយប៉ាយ​នូវ​ជំងឺ​កូវីដ​ ១៩ ទៅក្នុង​រោងចក្រ-សហគ្រាស​មួយចំនួន​គឺ​បណ្តាល​មកពី​មូលហេតុ​ចម្បងៗ​ដូចជា ការស្នាក់​នៅក្នុង​ផ្ទះជួល ឬ​អគារ​ជួល​រួម​គា្ន ការធ្វើ​ដំណើរ​ដោយ​មធ្យោបាយ​រួម ការទិញ​ម្ហូបអាហារ​ពី​កន្លែង​លក់ដូរ​មិន​រៀបរយ ការមិន​អនុវត្ត ឬ​អនុវត្ត​មិនបាន​ត្រឹមត្រូវ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។

គួរ​បញ្ជាក់ថា ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​ម្សិលមិញ​បាន​ណែនាំ​ទៅដល់​ម្ចាស់​ ឬ​នាយក​រោងចក្រ សហគ្រាស និង​កម្មករនិយោជិត​ទាំងអស់ ក្នុង​ប្រទេស​កម្ពុជា ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​អាសយដ្ឋាន​ស្នាក់នៅ​បច្ចុប្បន្ន​របស់​កម្មករ និយោជិត​ទៅឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដើម្បី​ងាយស្រួល​គ្រប់គ្រង​ទៅលើ​កម្មករ​ក្នុង​អំឡុងពេល​ឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩៕

អត្ថបទគួរចាប់អារម្មណ៍