The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តំណាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​កម្ពុជា សម្តែង​ការ​ព្រួយ​បារម្ភ​ទាក់ទង​នឹង​ការ​ឆ្លង​វីរុស​កូវីដ តាមរយៈ​ការ​ជក់​បារី




តំណាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​កម្ពុជា សម្តែង​ការ​ព្រួយ​បារម្ភ​ទាក់ទង​នឹង​ការ​ឆ្លង​វីរុស​កូវីដ តាមរយៈ​ការ​ជក់​បារី

Content image - Phnom Penh Post
បុរសម្នាក់ជក់បារីនាពេលកន្លងទៅ។ ហុង មិនា

តំណាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​កម្ពុជា សម្តែង​ការ​ព្រួយ​បារម្ភ​ទាក់ទង​នឹង​ការ​ឆ្លង​វីរុស​កូវីដ តាមរយៈ​ការ​ជក់​បារី

ភ្នំពេញ៖ តំណាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​កម្ពុជា លោកស្រី លី អៃឡែន បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ទាក់ទង​នឹង​ការ​ឆ្លង​វីរុស​កូវីដ ១៩ តាមរយៈ​ការ​ជក់​បារី ដែល​នេះ​ជា​កត្តា​ហានិភ័យ​មួយ​ដែល​ធ្វើ​ឱ្យ​អ្នក​ជក់​កាន់​តែ​ប្រឈម​ខ្លាំង​លើ​សុខភាព។

លោកស្រី​តំណាង​អង្គការ WHO រូប​នេះ បាន​ថ្លែង​នា​ព្រឹក​ថ្ងៃទី ១១ ខែ​មិថុនា​នេះ ក្នុង​ពិធី​ផ្ដល់​ពាន​រង្វាន់​ទិវា​ពិភព​លោក​គ្មាន​ថ្នាក់​ថ្នាំ​ជក់​ឆ្នាំ ២០២១ ជូន​កម្ពុជា នា​ក្រសួង​សុខាភិបាល ក្រោម​អធិបតីភាព លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា៖ «កត្តា​ហានិភ័យ​មួយ​ទៀត គឺ​អ្នក​ជក់​បារី​កាន់​បារី​ដែល​ដៃ​របស់​គាត់​កាន់​បារី​នោះ នឹង​ទៅ​ប៉ះ​ជាមួយ​នឹង​មាត់​របស់​គាត់​ញឹកញាប់ ហើយ​នៅ​ពេល​ដែល​បារី និង​ដៃ​របស់​អ្នក​ជក់​នោះ​មាន​វីរុស​កូវីដ នោះ​ឱកាស​នៃ​ការ​នាំ​យក​មេរោគ​ទៅ​ប៉ះ​នឹង​មាត់ គឺ​ច្រើន​ជាង​មនុស្ស​ធម្មតា»។

លោកស្រី លី អៃឡែន បាន​បន្ថែម​ថា សួត​របស់​អ្នក​ជក់​បារី ក៏​មិន​ល្អ​ដូច​អ្នក​មិន​ជក់​បារី ដែល​ធ្វើ​ឱ្យ​ឱកាស​នៃ​ការ​ឆ្លង និង​កើត​ជំងឺ​កូវីដ ១៩ ច្រើន​ជាង ហើយ​នៅ​ពេល​ដែល​អ្នក​នោះ​កើត​ជំងឺ​នេះ គឺ​ធ្វើ​ឱ្យ​អ្នក​ជំងឺ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ជាង​មនុស្ស​មិន​ជក់​បារី។

ជាមួយ​គ្នា​នេះ​ដែរ តំណាង​អង្គការ​សុខភាព​ពិភព​លោក​រូប​នេះ ក៏​បាន​សរសើរ​ទៅ​ដល់​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល ដែល​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​ការងារ​ត្រួត​ពិនិត្យ​ថ្នាំ​ជក់​នេះ ដើម្បី​ការពារ​សុខភាព​ប្រជាជន និង​ពិសេស​ជំរុញ​ឱ្យ​អ្នក​ជក់​បារី​លះបង់​ទម្លាប់​នៃ​ការ​រស់នៅ​ដោយ​គ្មាន​ថ្នាំ​ជក់​ផង​ដែរ។

លោកស្រី​បញ្ជាក់​ថា៖ «ការ​ដែល​យើង​ជួយ​ប្រជាពលរដ្ឋ​ឱ្យ​លះបង់​ទម្លាប់​ប្រើប្រាស់​ថ្នាំ​ជក់​នេះ នឹង​ជួយ​ឱ្យ​គាត់​កាត់​បន្ថយ​នូវ​ហានិភ័យ​ការ​ឆ្លង​ជំងឺ​កូវីដ​នេះ​ផង​ដែរ ដែល​មាន​សារៈសំខាន់​បំផុត​ក្នុង​បរិបទ​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ ១៩ នៅ​ក្នុង​ពិភព​លោក​នេះ»។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​បាន​ឱ្យ​ដឹង​ថា នៅ​កម្ពុជា​ករណី​សិក្សា​មួយ​របស់​ការ​អង្គការ​សហប្រជាជាតិ ស្ដីពី​ការ​វិនិយោគ​លើ​ការ​ត្រួត​ពិនិត្យ​ផលិតផល​ថ្នាំ​ជក់​ឆ្នាំ ២០១៩ បង្ហាញ​ថា កម្ពុជា​នឹង​ទទួល​ចំណូល​ពន្ធ​បន្ថែម ២៣៥ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​រយៈពេល ៥ ឆ្នាំ​ខាង​មុខ និង ៩៣៣ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​រយៈពេល ១៥ ឆ្នាំ​ខាង​មុខ បើ​ប្រទេស​កម្ពុជា ដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំ​ជក់​រហូត​ដល់ ៧៥% នៃ​តម្លៃ​បារី​លក់​រាយ។

អង្គការ​ដដែល​បាន​បន្ថែម​ថា ទូទាំង​ពិភព​លោក​ថ្នាំ​ជក់​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​ប្រមាណ ៨ លាន​នាក់​រៀង​រាល់​ឆ្នាំ ដោយសារ​ជំងឺ​សរសៃ​ឈាម​បេះដូង សួត មហារីក ទឹក​នោម​ផ្អែម លើស​សម្ពាធឈាម និង​ជំងឺ ជាច្រើន​មុខ​ផ្សេង​ទៀត ដែល​ក្នុង​នោះ​ប្រជាពលរដ្ឋ​កម្ពុជា​មាន​ប្រមាណ ១៥ ០០០ នាក់។ ថវិកា​ប្រមាណ ១,៤ ទ្រីលាន​ដុល្លារ​អាមេរិក​ត្រូវ​បាន​ខាតបង់៕

អត្ថបទគួរចាប់អារម្មណ៍