The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាជ្ញាធរ​ខេត្តរតនគិរី បាន​ចងក្រង​ឯកសារ​ទីតាំង​ដី​ដែល​ពលរដ្ឋ​ប្រើប្រាស់ ក្នុង​តំបន់​ការពារ​ធម្មជាតិ​បាន​ ៧០ ​ភាគរយ




អាជ្ញាធរ​ខេត្តរតនគិរី បាន​ចងក្រង​ឯកសារ​ទីតាំង​ដី​ដែល​ពលរដ្ឋ​ប្រើប្រាស់ ក្នុង​តំបន់​ការពារ​ធម្មជាតិ​បាន​ ៧០ ​ភាគរយ

Content image - Phnom Penh Post

អាជ្ញាធរ​ខេត្តរតនគិរី បាន​ចងក្រង​ឯកសារ​ទីតាំង​ដី​ដែល​ពលរដ្ឋ​ប្រើប្រាស់ ក្នុង​តំបន់​ការពារ​ធម្មជាតិ​បាន​ ៧០ ​ភាគរយ

រតនគិរីៈ ទោះបី​មាន​ការរំខាន​ពី​វិបត្តិ​ជំងឺ​កូវីដ ១៩ ក៏ដោយ ក៏​អាជ្ញាធរ​ខេត្តរតនគិរី​បាន​ចងក្រង​ឯកសារ​ទីតាំង​ដី​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់ និង​អាស្រ័យផល​ជាក់ស្ដែង នៅ​តំបន់​ការពារ​ធម្មជាតិ ខេត្តរតនគិរី សម្រេចបាន​ប្រមាណ​ ៧០% ​ហើយ ដែល​គ្រោង​នឹង​បញ្ចប់​ជា​ស្ថាពរ​នៅក្នុង​រយៈពេល ២ ខែ​ទៀត​។

លោក សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​លោក លន់ សុភាព អភិបាលរង​ខេត្ត​កាលពី​ម្សិលមិញ​បាន​ឱ្យដឹងថា ទោះបី​មាន​ផល​រំខាន​ក្នុង​ការធ្វើការ​ក្នុង​បរិបទ​កូវីដ ១៩ ប៉ុន្តែ​សម្រាប់​ខេត្តរតនគិរី សម្រេច​ការងារ​នេះ​ប្រមាណ​ ៧០ ​ភាគរយ ហើយ​។

លោក ស្នើឱ្យ​មន្ត្រី​ទាំងអស់​ខិតខំ​ប្រឹងប្រែង​បន្ដ​ទៀត​ឱ្យបាន​ល្អ ដើម្បី​សម្រេច​ការងារ​នេះ​បាន​ជោគជ័យ​ក្នុង​រយៈពេល​ ២ ​ខែ​ខាងមុខនេះ​។

លោក សូ ខនឫទ្ធីគុណ ក៏បាន​ស្នើឱ្យ​មន្ដ្រី​ភូមិ​ឃុំ មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ សហការ​គ្នា​ឱ្យបាន​ល្អ ដើម្បី​សម្រួល​ការងារ​នេះ​ឱ្យមាន​ភាពងាយស្រួល និង​សម្រេចបាន​ជោគជ័យ​។

លោក លន់ សុភាព អភិបាលរង​ខេត្តរតនគិរី​ថ្លែងថា ទោះបី​ជា​មិនទាន់បាន​សម្រេច​ការងារ​នេះ​បាន​ ១០០% ពាក់ព័ន្ធ​នឹង​ការធ្វើ​ការសិក្សា ចងក្រង​ឯកសារ​ក្ដី តែ​បាន​បំពេញ​ការងារ​បាន យ៉ាង​ល្អប្រសើរ និង​បន្ដ​ការខិតខំ​ប្រឹងប្រែង​បន្ដទៀត​។

លោក លន់ សុភាព​ថ្លែងថា​៖ «​ថ្ងៃនេះ​ជា​ឱកាស​ដ៏ល្អ​សម្រាប់​ក្រុមការងារ​របស់​យើង ក្នុង​ការទទួល​បាន​អនុសាសន៍​ល្អៗ​ពី​ឯកឧត្តម​រដ្ឋលេខាធិការ ក្រសួង​បរិស្ថាន​ផ្ទាល់ យក​មក​អនុវត្ត​ក្នុង​ការងារ​របស់​យើង ដើម្បី​បង្កើន​ភាពងាយស្រួល និង​សម្រេច​ការងារ​របស់​យើង​បាន​ជោគជ័យ​»​។

បើតាម​លោក លន់ សុភាព ការធ្វើ​ប្រទានកម្ម​ដី​រដ្ឋ​ជូន​ប្រជាពលរដ្ឋ គឺជា​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ដើម្បី​រួមចំណែក​ដោះស្រាយ និង​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន និង​គ្រប់គ្រង​បាន​នូវ​ផ្ទៃដី​របស់​រដ្ឋ ព្រម​ទាំង​កាត់បន្ថយ​បាន​នូវ​ការទន្ទ្រាន កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​ដោយ​ខុសច្បាប់ ដោយ​មិនត្រូវ​ជឿ​តាម​ការញុះញង់ អូសទាញ​របស់​មេខ្យល់ ឬ​ជនខិលខូច​មួយចំនួន ដែល​ឆ្លៀតឱកាស​កេង​យក​ផលប្រយោជន៍ ឬ​កេងចំណេញ​ពី​បញ្ហាដីធ្លី​នេះឡើយ​។

លោក កុល ផាន់ណា អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​រតនគិរី​ឱ្យដឹង​នៅ​ថ្ងៃទី ១១ ខែមិថុនា​នេះ ថា​ចំពោះ​ការសម្រេច​បាន​នៃ​ការសិក្សា​ និង​ចងក្រង​ឯកសារ​របស់​ពលរដ្ឋ​ដែល​អាស្រ័យផល​ជាក់ស្តែង សម្រេច​បាន​ប្រមាណ ៧០ ​ភាគរយ​នេះ​ស្ថិត​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​ចំនួន ៤ រួមមាន ស្រុក​លំផាត់ ស្រុក​តាវែង ស្រុក​វើនសៃ និង​កូនមុំ​ក្នុង​ចំណោម​ស្រុក និង​ក្រុង​ទាំង ៩ ​នៅ​ទូទាំង​ខេត្ត​៕

អត្ថបទគួរចាប់អារម្មណ៍