The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​សុខាភិបាល​អំពាវនាវ​ឱ្យ​ចូលរួម​ទប់ស្កាត់​ជំងឺ​គ្រុនឈីក ខណៈ​រកឃើញ​អ្នក​កើត​ជំងឺ​នេះ​ជាង​ ៥០០ ​នាក់




ក្រសួង​សុខាភិបាល​អំពាវនាវ​ឱ្យ​ចូលរួម​ទប់ស្កាត់​ជំងឺ​គ្រុនឈីក ខណៈ​រកឃើញ​អ្នក​កើត​ជំងឺ​នេះ​ជាង​ ៥០០ ​នាក់

Content image - Phnom Penh Post
កុមារទទួលការព្យាបាលជំងឺគ្រុនឈីក នាពេលកន្លងទៅ។​ រូបថត ហ្វេសប៊ុក

ក្រសួង​សុខាភិបាល​អំពាវនាវ​ឱ្យ​ចូលរួម​ទប់ស្កាត់​ជំងឺ​គ្រុនឈីក ខណៈ​រកឃើញ​អ្នក​កើត​ជំងឺ​នេះ​ជាង​ ៥០០ ​នាក់

ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​អំពាវនាវ​ទៅដល់​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ដៃគូ និង​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ទប់ស្កាត់​ជំងឺ​គ្រុនឈីក ដែល​នឹង​ផ្ទុះឡើង​នាពេល​ខាងមុខនេះ ខណៈ​គិត​ត្រឹម​ថ្ងៃទី​ ០៩ ខែមិថុនា​នេះ កម្ពុជា​រកឃើញ​មាន​អ្នកជំងឺ​គ្រុនឈីក​រហូត​ជាង​ ៥០០ ​នាក់ ប៉ុន្តែ​អ្នកជំងឺ ១០០% ក្នុងចំណោម​អ្នកជំងឺ​សរុប​ទាំងអស់​បាន​ជា​សះស្បើយ និង​មិនមាន​ករណី​ស្លាប់​ទេ​។

ក្រសួង​សុខាភិបាល​បាន​ធ្វើការ​ជូនដំណឹង​ស្តីពី​ការកើនឡើង​នៃ​ជំងឺ​គ្រុនឈីក ដោយ​យោងតាម​ប្រព័ន្ធ​អង្កេត​តាមដាន​ជំងឺគ្រុនឈាម​ថ្នាក់ជាតិ​បាន​បញ្ជាក់ថា ជំងឺ​គ្រុនឈីក គិត​ត្រឹម​ថ្ងៃទី​ ៩ ខែ មិថុនា មាន​ករណី​សង្ស័យ​ជំងឺ​គ្រុនឈីក ៥១៤ ​នាក់​ ត្រូវ​បាន​រាយការណ៍​តាមរយៈ​ប្រព័ន្ធ​ឃ្លាំមើល​ជំងឺ​គ្រុនឈាម​ចំនួន​ ១៣​។

ក្រសួង​បាន​បញ្ជាក់ថា​ក្នុង​នោះ ៨៦% នៃ​ករណី​រកឃើញ​នេះ​មាន​នៅ​ខេត្ត​រតនគិរី មណ្ឌលគិរី បាត់ដំបង និង​ខេត្ត​ក្រចេះ​។

ការចម្លង​ជំងឺ​គ្រុនឈីក​មាន​សមាមាត្រ​ខុសគ្នា តាម​ក្រុម​អាយុ និង​យោងតាម​របាយការណ៍​បាន​បញ្ជាក់ថា ៦៤,៥២% (៣៣១ ​នាក់​) ជា​មនុស្សពេញវ័យ ២៦,៧១% (១៣៧ ​នាក់​) ជា​កុមារ និង​ ៨,៧៧% (៤៥ ​នាក់​) ជា​កុមារ​អាយុ​ក្រោម​ ៥ ​ឆ្នាំ​។

ក្រសួង​បាន​បន្ត​ទៀត​ថា ក្នុងចំណោម​មនុស្ស​ធំ អ្នកជំងឺ​ភេទ​ស្រី​មាន ៤៩,៤២% (២៦០ នាក់​) និង​ភេទ​ប្រុស​មាន ៥០,៥៨% (២៥៤ ​នាក់​)​។

យោងតាម​លទ្ធផល​នៃ​ការសិក្សា​បាណក​សាស្ត្រ​បាន​បង្ហាញ​ថា នៅក្នុង​និង​ជុំវិញ​ផ្ទះ​ត្រូវ​បាន​គេ​ពិនិត្យមើល​វត្តមាន​របស់​ដង្កូវទឹក បង្កើត​ជា​មូស ដែល​ជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈីក និង​គ្រុនឈាម​មាន ៣២ % ក្នុង​ពាង​មូល និង ៦៨% ក្នុង កំប៉ុង ត្រឡោក​ដូង ចានបាយ​សម្លជ័រ កែវជ័រ សម្បក​កង់ឡាន និង​កង់​ម៉ូតូ​ដែល​ទុកចោល​ដក់​ទឹក​។

ដើម្បី​ការពារ​សុខភាព​ចៀសផុត​ពី​ការឆ្លង​ជំងឺ​គ្រុនឈីក ដោយសារ​សត្វ​មូស​ខ្លាញី​ខាំ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​នោះ លោក ម៉ម ប៊ុនហេង បាន​ធ្វើការ​ក្រើនរំឭក ជំរុញ និង​ផ្តល់​អនុសាសន៍​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប និង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បង្កើន​ការចូលរួម​ចលនា​កាត់បន្ថយ និង ទប់ស្កាត់​ការកកើត​សត្វ​មូស​។

លោក​មានប្រសាសន៍​ថា៖ «​អាណាព្យាបាល មាតាបិតា កុមារា​កុមារី គ្រប់រូប​រួមទាំង​អាជ្ញាធរ មូលដ្ឋាន​ត្រូវ​កម្ចាត់​ដង្កូវទឹក​នៅតាម​ទីកន្លែង​ដែលមាន​ទឹក​ដក់ ដូចជា​សម្បក​កង់ឡាន ម៉ូតូ សម្បក​ដប កំប៉ុង​…​ និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ទម្លាប់​រស់នៅ​ស្អាត ធ្វើ​អនាម័យ​ផ្ទះសម្បែង ផ្ទះ​មាន​ពន្លឺ​ចេញចូល ដើម្បី​កាត់បន្ថយ​ជម្រក​សត្វ​មូស​»​។

ក្នុង​ករណី​មាន​រោគសញ្ញា​ក្តៅខ្លួន​លើសពី ៣៨ អង្សាសេ ត្រូវ​ប្រញាប់​នាំ​អ្នកជំងឺ​ទៅរក សេវា​ពិនិត្យ និង​ព្យាបាល​របស់​រដ្ឋ​ដែល​នៅ​ជិត​បំផុត ហើយ​មិនត្រូវ​សាកល្បង​ព្យាបាល​អ្នកជំងឺ​គ្រុនក្តៅ​ខ្លាំង ភ្លាមៗ​នេះ​ដោយ​ខ្លួនឯង ឬ​ពន្យារពេល​តាមដាន​ព្យាបាល​ជំងឺ​ក្នុង​សេវា​ឯកជន​ដែល​គ្មាន​សមត្ថភាព ផ្នែក​ជំងឺ​គ្រុនឈីក​នេះ​ឱ្យសោះ​។

ទន្ទឹមនឹងនោះ លោក​ ម៉ម ប៊ុនហេង បាន​អំពាវនាវ​ដល់​ក្រសួង មន្ទីរ ឬ​អង្គភាព​ពាក់ព័ន្ធ អង្គការ​សុខភាព​ពិភពលោក អង្គការ​មិនមែន​រដ្ឋាភិបាល សហគមន៍ជាតិ និង​អន្តរជាតិ​ទាំងអស់​ចូលរួម​ជួយ​អន្តរាគមន៍ និង​សហការ​ឱ្យបាន​ពេញលេញ ដើម្បី​ទប់ស្កាត់​ការចម្លង​ជំងឺ​គ្រុនឈីក​នៅ​តាម​សហគមន៍ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ចៀស​ផុតពី​ជំងឺ​គ្រុនឈីក​កុំឱ្យ​មាន​ការផ្ទុះឡើង​ពេល​ខាងមុខ​នេះ​៕

អត្ថបទគួរចាប់អារម្មណ៍