ឧត្តរមានជ័យ៖ អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ប៉ែន កុសល្យ បាន​សម្រេច​អនុញ្ញាត​ឱ្យ​អាជីវកម្ម​ចំនួន ២ គឺ​ផ្ទះ​សំណាក់ ទី លីហ្វុង និង​កន្លែង​លក់​ស៊ុប ឈ្មោះ ភេម រ៉ា ដែល​ទីតាំង​ទាំង ២ នេះ ស្ថិត​នៅ​ក្នុង​ភូមិ​ឈូក សង្កាត់/ក្រុង​សំរោង បើក​ដំណើរការ​ឡើង​វិញ ក្រោយ​ពី​បាន​ផ្អាក​កាល​ពី​ចុង​ខែ​មុន។

យោង​តាម​សេចក្តី​សម្រច​ចំនួន ២ ដាច់​ដោយ​ឡែក​ពី​គ្នា​ដែល​ចុះហត្ថលេខា​ដោយ​ លោក ប៉ែន កុសល្យ កាល​ពី​ម្សិលមិញ បាន​ឱ្យ​ដឹង​ថា ការ​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើង​វិញ​នូវ​អាជីវកម្ម​ទាំង ២ នេះ គឺ​យោង​លើ​ការ​ចាំបាច់​របស់​រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ​ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃទី ១១ ខែ​មិថុនា តទៅ។

កាល​ពី​ថ្ងៃ​ទី ២៩ ខែ ឧសភា ឆ្នាំ ២០២១ កន្លង​ទៅ អាជ្ញាធរ​ខេត្ត​នេះ​បាន​ចាត់​វិធានការ​រដ្ឋបាល​ដោយ​សម្រេច​ផ្អាក​អាជីវកម្ម​ទាំង ២ ខាង​លើ​ដើម្បី​ចូលរួម​អនុវត្ត​វិធានការ​របស់​ក្រសួង​សុខាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត។

ជាមួយ​គ្នា​នេះ អាជ្ញាធរ​ខេត្ត​ក៏​បាន​តម្រូវ​ឱ្យ​មាន​ការ​ចូលរួម​អនុវត្ត​សេចក្ដី​សម្រេច​នេះ​ពី​សំណាក់​រដ្ឋបាល​ខេត្ត-ស្រុក មន្ទីរ-អង្គភាព ជំនាញ​ពាក់ព័ន្ធ​ និង​ម្ចាស់​ទីតាំង​ទាំង ២ ផង​ដែរ ដើម្បី​ឱ្យ​មាន​ប្រសិទ្ធភាព៕