កណ្តាលៈ នៅពេល​នេះ​កម្លាំង​បញ្ជាការ​កងឯកភាព​ខេត្តកណ្ដាល​កំពុង​បន្ត​ឃ្លាំមើល និង​ហាមឃាត់ ជា​ដាច់ខាត​ការចូល​ឈប់​សំចត​របស់​ក្រុម​និគមជន​ជាតិ​វៀតណាម​រស់​នៅលើ​ទូក ផ្ទះ​បណ្ដែត​ទឹក និង​បែ​ចិញ្ចឹម​ត្រី ដែល​កំពុង​ចល័ត​ចេញពី​ផ្ទៃ​ទន្លេ​នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក្រោយពី​អាជ្ញាធរ​រាជធានី​បាន​ចាត់វិធានការ​ក្ដៅ​តាមច្បាប់​រដ្ឋបាល ដើម្បី​លុបបំបាត់ និង​រំដោះ​ទន្លេ​ពី​សំណង់​មិន​រៀបរយ​ទាំងនោះ​។

លោក​ គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល​បាន​ណែនាំ​ដល់​គ្រប់ គណៈបញ្ជាការ​ឯកភាព​ក្រុង-ស្រុក​ទាំងអស់​ក្រោម​រដ្ឋបាល​ខេត្តកណ្ដាល ដែល​មាន​ទីតាំង​ស្ថិតនៅ​តាម​ដង​ទន្លេ ត្រូវ​ឃ្លាំមើល​ជាប្រចាំ និង​ហាមឃាត់​ជាដាច់ខាត​ការចូល​ឈប់​សំចត​របស់​អ្នករស់នៅ​សំណង់​មិន​រៀបរយ​លើ​ទូក ផ្ទះ​បណ្ដែត​ទឹក និង បែ​ចិញ្ចឹម​ត្រី ដែល​កំពុង​ចល័ត​ចេញ​មកពី​រាជធានី​ភ្នំពេញ​។

លោក​បញ្ជាក់ថា​៖ «​នៅពេលនេះ រដ្ឋបាលខេត្ត​កណ្ដាល​យើង​នៅ​មិនទាន់​មាន​ផែនការ​រុះរើ ឬ​ចល័ត​សំណង់​មិន​រៀបរយ​លើ​ទូក ផ្ទះ​បណ្ដែត​ទឹក និង​បែ​ចិញ្ចឹម​ត្រី​ពី​ផ្ទៃ​ទន្លេ​ទេ​។ ប៉ុន្តែ​យើង​ក៏​មិន​អនុញ្ញាត​ឱ្យ​អ្នក​ដែល​កំពុង​ចល័ត​ចេញពី​ផ្ទៃ​ទន្លេ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​មក​ចូល​សំចត​នៅលើ​ផ្ទៃ​ទន្លេ​នៃ​ភូមិសាស្ត្រ​ខេត្តកណ្ដាល​របស់​យើងខ្ញុំ​នោះដែរ​»​។

ក្នុង​រយៈពេល​ ២ ​ថ្ងៃ​កន្លងមកនេះ ជាពិសេស​នៅ​ថ្ងៃទី​ ១៣ ខែមិថុនា សំណង់​មិន​រៀបរយ​លើ​ទូក ផ្ទះបណ្ដែត​ទឹក និង​បែ​ចិញ្ចឹម​ត្រី​របស់​និគម​ជនជាតិ​វៀតណាម​សរុប​ជាង​ ១០០ បាន​ចល័ត​ចេញពី​ភូមិសាស្ត្រ ខណ្ឌ​ច្បារអំពៅ ខណ្ឌ​ជ្រោយចង្វារ ខណ្ឌ​ដូនពេញ នៃ​រាជធានី​ភ្នំពេញ​ឆ្ពោះទៅកាន់​តំបន់​ក្អម​សំណ ដោយ​ឆ្លងកាត់​ស្រុក​កៀនស្វាយ និង​ស្រុក​ល្វាឯម​នៃ​ខេត្តកណ្ដាល​។ នេះ​បើតាម​ការអះអាង​របស់​លោក​ ហេង សុផល អធិការ​ស្រុក​ល្វាឯម​កាលពី​ថ្ងៃទី​ ១៤ ខែមិថុនា​។

លោក​ថ្លែងថា​៖ «​ពួកគេ​ [​ម្ចាស់ផ្ទះ​បណ្ដែត​ទឹក និង​បែ​ចិញ្ចឹម​ត្រី​] មួយ​ចំនួន​បាន​ព្យាយាម​ចូល​ឈប់សំចត​នៅ​ចំណុច​ពយ​កោះ​ទឹកឃ្លាំង​នៃ​ភូមិសាស្ត្រ​ស្រុក​កៀនស្វាយ និង​ស្រុក​ល្វាឯម​។ ប៉ុន្តែ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​យើង​មិន​អនុញ្ញាត​ឡើយ ហើយ​បាន​ជំរុញ​ឱ្យ​ពួកគេ​បន្តដំណើរ​តាម​ខ្សែទឹក​ទៅកាន់​តំបន់​ក្អម​សំណ​»​។

អភិបាលស្រុក​កៀនស្វាយ​លោក អ៊ូ ឈាង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅពេល​នេះ លោក​កំពុង​ដឹកនាំ​កម្លាំង​បញ្ជាការ​ឯកភាព​ស្រុក​ចុះ​ត្រួតពិនិត្យ​តាម​ដងទន្លេ ដើម្បី​ការពារ​ការលួច​ឆ្មក់​ចូល​សំចត​ដោយ​ខុសច្បាប់​នូវ​សំណង់​មិន​រៀបរយ​លើ​ទូក ផ្ទះ​បណ្ដែត​ទឹក និង​បែ​ចិញ្ចឹម​ត្រី​របស់​និគម​ជនជាតិ​វៀតណាម ដែល​កំពុង​ចល័ត​ចេញពី​ផ្ទៃ​ទន្លេ​នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។

លោក​ថ្លែងថា​៖ «​យើង​អនុញ្ញាត​ឱ្យ​ឆ្លងកាត់ ប៉ុន្តែ​មិន​អនុញ្ញាត​ឱ្យចូល​ឈប់​សំចត​នោះទេ​។ កម្លាំង​យើង​កំពុង​បន្ត​តាមឃ្លាំមើល និង​កៀង​ពួកគេ​មិនឱ្យ​ចូល​អែប​ច្រាំងទន្លេ​ឡើយ ហើយ​នៅពេលនេះ ពួកគេ​ភាគច្រើន​បាន​ចាក​ផុត​ពី​តំបន់​គ្រប់គ្រង​របស់​យើងខ្ញុំ​ហើយ​»​។

ជាមួយ​គ្នានេះ លោក​ឱ្យដឹង​ដែរ​ថា ក្នុង​ភូមិសាស្ត្រ​ស្រុក​កៀនស្វាយ​ក៏​មាន​សំណង់​មិន​រៀបរយ​លើ​ទូក ផ្ទះ​បណ្ដែត​ទឹក និង​បែ​ចិញ្ចឹម​ត្រី​របស់​វៀតណាម​ជាច្រើន​ផងដែរ​។ ប៉ុន្តែ​លោក​នៅ​មិនទាន់​ទទួល​បាន​គោលការណ៍​ពី​រដ្ឋបាលខេត្ត​ឱ្យ​រុះរើ ឬ​តម្រូវឱ្យ​ចល័ត​ចេញ​នោះទេ​។

គិត​ត្រឹម​ថ្ងៃទី​ ១៤ មិថុនា ឆ្នាំ​ ២០២១ សំណង់​មិន​រៀបរយ​លើ​ទូក ផ្ទះ​បណ្ដែត​ទឹក និង​បែ​ចិញ្ចឹមត្រី​ប្រមាណ​ជាង​ ៨០ ​ភាគរយ​បាន​រុះរើ​ដោយ​ស្ម័គ្រចិត្ត និង​ចល័ត​ចេញពី​ផ្ទៃ​ទន្លេ​នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។

នៅសល់​ប្រមាណ​ជាង​ ១០ ​ភាគរយ​ទៀត ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​ណែនាំ​ឱ្យធ្វើ​កិច្ចសន្យា ដោយ​ទុក​រយៈពេល​ចន្លោះ​ពី​ ៣ ​ទៅ​ ៥ ​ថ្ងៃ​បន្ថែមទៀត អាស្រ័យ​លើ​ទំហំ និង​ប្រភេទ​នៃ​សំណង់ផ្ទះ​បណ្ដែត​ទឹក និង​បែ​ចិញ្ចឹម​ត្រី​ដែល​នៅ​សេសសល់​ទាំងនោះ​។ នេះ​បើតាម​មន្ត្រី​មូលដ្ឋាន​ដែល​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​រំដោះ​ទន្លេ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

កាលពី​ថ្ងៃទី​ ២ មិថុនា ឆ្នាំ​ ២០២១ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានចេញ​សេចក្តី​ជូនដំណឹង​មួយ​តម្រូវ​ឱ្យ​មាន​ការរុះរើ ឬ​ចល័ត​ចេញ​ជាបន្ទាន់ នូវ​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្ដែត​ទឹក ផ្ទះ​ទូក​តូចៗ និង​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទន្លេ នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។

អាជ្ញាធរ​អះអាង​ថា បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្ដែត​ទឹក ផ្ទះ​ទូក​តូចៗ និង​សំណង់​អនាធិបតេយ្យ​ទាំងនោះ​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ ផ្លូវ​នាវាចរណ៍ ប្រព័ន្ធ​អេកូឡូស៊ី ចរន្តទឹក​ហូរ គោក​រាក់​។ ពិសេស​ការប្រើប្រាស់​ចំណី​សម្រាប់​ចិញ្ចឹមត្រី និង​ការបញ្ចេញ​កាកសំណល់ ការបន្ទោបង់ ធ្វើឱ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវចម្រុះ​ក្នុង​ទឹក ខូច​គុណភាព​ទឹក បំពុល​បរិស្ថាន និង​ប៉ះពាល់​ដល់​សោភណភាព​រាជធានី​ភ្នំពេញ ព្រមទាំង​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​ដែល​ប្រើប្រាស់​ទឹក​នោះ​ផងដែរ​។

សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល រាជធានី​ភ្នំពេញ​ទុក​រយៈពេល​ ១ ​សប្ដាហ៍ ដើម្បី​ឱ្យ​អ្នករស់នៅ​រុះរើ​ដោយ​ស្ម័គ្រចិត្ត​។ ប៉ុន្តែ​បាន​ព្រមាន​ចាត់វិធានការ​រដ្ឋបាល​ដោយ​ពុំ​ទទួល​ខុសត្រូវ​រាល់​ការខូចខាត ឬ​ការបាត់បង់​ណាមួយ​ឡើយ ក្នុង​ករណី​មិន​អនុវត្ត​តាម​សេចក្ដី​ជូនដំណឹង​នេះ​។ សេចក្តី​ជូនដំណឹង​បញ្ជាក់ថា​ «​ក្នុងករណី​រឹងរូស អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​នឹង​កសាង​សំណុំរឿង​បញ្ជូន ទៅ​តុលាការ​តាមផ្លូវ​ច្បាប់​»​។

ចំណាត់ការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ទទួល​ការគាំទ្រ​យ៉ាង​ទូលំទូលាយ​ពី​ប្រជាពលរដ្ឋ​ខ្មែរ និង​គ្រប់​និន្នាការ​នយោបាយ​។ ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋ​ខ្មែរ​ជំរុញ​ឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព​បំផុត ដោយ​មិន​គួរ​អនុញ្ញាត​ឱ្យ​មាន​ការតាំង​ទីលំនៅ​ដោយ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​តាម​ដង​ទន្លេ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដែលជា​បេះដូង​នៃ​ប្រទេស​កម្ពុជា​តទៅទៀត​ទេ​៕

វីដេអូ៖