ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឆែក​ថ្មី​ប្រចាំ​កម្ពុជា​ជំរុញ​បន្ថែម​លើ​កិច្ចសហប្រតិបត្តិការ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​ការអភិវឌ្ឍ​ធនធាន​មនុស្ស​រវាង​ប្រទេស​ទាំង​ ២​។

ការស្នើ​របស់​លោក​ ហ៊ុន សែន ធ្វើឡើង​ក្នុងជំនួប​រវាង​លោក និង​លោក Martin Vavra ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ឆែក​ថ្មី​ប្រចាំ​កម្ពុជា​នៅ​វិមាន​សន្តិភាព នា​ថ្ងៃទី​ ១៤ ខែ​មិថុនា​។

ហ្វេសប៊ុក​លោក ហ៊ុន សែន បញ្ជាក់ពី​ម្សិលមិញ​ថា លោក​បាន​ស្នើឱ្យ​លោក Martin Vavra យកចិត្ត​ទុកដាក់​ទៅលើ​ការជំរុញ​សហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​ការអភិវឌ្ឍ​ធនធាន​មនុស្ស​។

បើតាម​ហ្វេសប៊ុក​ដដែល​ក្នុង​ជំនួប​នោះ​លោក Martin Vavra បាន​ប្រាប់​លោក ហ៊ុន សែន ថា​បេសកកម្ម​របស់លោក​មក​កម្ពុជា​នាពេល​នេះ គឺ​ដើម្បី​ពង្រឹង​ និង​ពង្រីក ទំនាក់ទំនង​ប្រទេស​ទាំង​ ២ ឱ្យ​កាន់តែ​ធំធាត់​ឡើង​បន្ថែមទៀត​។

ប្រភព​បញ្ជាក់ថា​៖ «​ឯកឧត្តម [Martin Vavra] ​បាន​បន្ថែមទៀតថា សាធារណរដ្ឋ​ឆែក​មាន​មនោសញ្ចេត​នា​ចំពោះ​កម្ពុជា​។ ឈរលើ​មូលដ្ឋាន​នេះ ឯកឧត្តម​បាន​សន្យា​ចំពោះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ [​ហ៊ុន សែន​] ​ថា​នឹង​ប្រឹងប្រែង ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច វិស័យ​ពាណិជ្ជកម្ម និង​វិស័យ​វិនិយោគ​។ ជាមួយគ្នា​នោះ ឯកឧត្តម​ក៏​បាន​គោរព​ជម្រាបជូន​សម្ដេចតេជោ​ថា សាធារណរដ្ឋ​ឆែក​នឹង​ជួយ​ដល់​កម្ពុជា ជាពិសេស​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស​»​។

ហ្វេសប៊ុក​ដដែល​បន្តថា លោក ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​ប្រជាជន និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឆែក​ដែល​បាន​ជួយ​កម្ពុជា​ពី​អតីតកាល​លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​សង្គមកិច្ច​។ លើសពីនេះ​ក៏បាន​លុប​បំណុល​មួយចំនួនធំ ហើយ​បំណុល​នៅ​សល់​បាន​យកមក​ជួយ​កម្ពុជា​វិញ តាមរយៈ​ការសាងសង់​សាលារៀន​ និង​វិស័យ​សង្គមកិច្ច​ជាដើម​។

លោក​ ហ៊ុន សែន ស្វាគមន៍ និង​អបអរសាទរ​ចំពោះ​លោក Martin Vavra ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ និង ពេញ​សមត្ថភាព​ប្រចាំ​នៅ​កម្ពុជា​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ជាធម្មតា​ជំនួប​រវាង​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​ជាមួយ​មន្ត្រី​ទូត​បរទេស​តែងតែ​មាន​ការជំរុញ​ឱ្យ​មាន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា ដូចជា​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម សេដ្ឋកិច្ច ឬ​ទេសចរណ៍​ជាដើម​។ កន្លងមក​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ឆែក​នៅមាន​កម្រិត​តិចតួច​នៅឡើយ​។

លោក​ថ្លែងថា​៖ «​គប្បី​យើង​ឱ្យមាន​ការជំរុញ​បន្ថែម​ទៅលើ​វិស័យ​ទាំងអស់​ហ្នឹង​ដើម្បី​ឱ្យ​ទំនាក់ទំនង​វា​កាន់តែ​មាន​ភាពស៊ីជម្រៅ និង​មាន​សារៈសំខាន់​ថែមទៀត​»​។

រដ្ឋាភិបាល​ឆែក​បាន​រក្សាទុក​ប្រទេស​កម្ពុជា​ក្នុង​ចំណោម​ប្រទេស​អាទិភាព​ចំនួន ៦ ​សម្រាប់​ជា​ដៃគូ​អភិវឌ្ឍន៍​៕