បន្ទាយមានជ័យៈ អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃទី​ ១៤ ខែមិថុនា បានសម្រេច​ចោទ​បុរស​ ២ ​នាក់​ជា​មេខ្យល់ ដែល​បម្រុង​នាំ​មនុស្ស​ឆ្លងដែន​ទៅកាន់​ប្រទេស​ថៃ ក្រោម​ច្បាប់​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​។

ជនសង្ស័យ​ទាំង​ ២ ​នាក់​ឈ្មោះ ម៉ាន គន្ធា ហៅ​ សុធា ភេទ​ប្រុស អាយុ ៤២ ​ឆ្នាំ ស្នាក់នៅ​ភូមិ​បាលិលេយ្យ​ ២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត និង​ឈ្មោះ សេង ហ៊ុយ ភេទ​ប្រុស អាយុ​ ៣១ ​ឆ្នាំ រស់នៅ​ភូមិ​ភ្នំជញ្ជាំង ឃុំ​ជប់វារី ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​។ នគរបាល​បាន​ចាប់ខ្លួន​ពួកគេ​ពី​កន្លែង​ផ្សេងគ្នា​កាលពី​ថ្ងៃ​ទី​ ១២ ខែមិថុនា ដោយ​ជនសង្ស័យ​ទាំង​ ២ ​នាក់​បម្រុង​នាំ​មនុស្ស​ ២៥ ​នាក់​ចេញ​ទៅ​កាន់​ប្រទេស​ថៃ តាម​បណ្ដោយ​ព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ​។

ព្រះរាជអាជ្ញារង លោក សំរិទ្ធ សុខុន និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​នៅ​ថ្ងៃទី​ ១៤ ​មិថុនា​ថា​៖ «​ជន​ទាំង​ ២ ​នាក់​ត្រូវបាន​តំណាង​អយ្យការ​ចោទបទ​ការនាំចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​នាំ​ឆ្លងដែន​តាម​មាត្រា​ ១១ ​នៃ​ច្បាប់​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​»​។

ពាក់ព័ន្ធ​បទចោទ​តាម​មាត្រា​ ១១ ​នៃ​ច្បាប់​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​នេះ ជនសង្ស័យ​ប្រឈម​នឹង​ការផ្តន្ទាទោស​ជាប់ពន្ធនាគារ​ពី​ ៧ ​ទៅ​ ១៥ ​ឆ្នាំ បើ​រកឃើញ​ថា មានទោស​តាម​បទចោទ​។

លោកស្រី​ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ប្រាប់​នៅ​រសៀល​ថ្ងៃទី​ ១៤ ​មិថុនា​ថា ជន​ត្រូវ​ចោទ​ទាំង​ ២ ​នាក់​ត្រូវបាន​នគរបាល​ឃាត់ខ្លួន​ក្នុង​ ២ ​គោលដៅ​ផ្សេងគ្នា​។

ជន​ឈ្មោះ សេង ហ៊ុយ ភេទ​ប្រុស​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន​នៅវេលា​ម៉ោងជាង​ ៤ ​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​ ១២ ​មិថុនា​ចំណុច​ភូមិ​តេជោភ្នំឆ័ត្រ​ឃុំ-ស្រុក​ស្វាយចេក ជាមួយ​រថយន្ត​ ១ ​គ្រឿង​ម៉ាក​ HIGHLANDER ពណ៌​ស ពាក់​ស្លាកលេខ ភ្នំពេញ 2AH-3897 និង​ទប់ស្កាត់បាន​បុរស​ជា​ពលករ​ចំនួន​ ១០ ​នាក់​ដែល​មេខ្យល់​បម្រុង​នាំ​ឆ្លងដែន​។ ​ពួកគេ​រស់នៅ​ខេត្តព្រៃវែង​។

ចំណែក​បុរស​ជា​មេខ្យល់​ម្នាក់ទៀត​ត្រូវ​សមត្ថកិច្ច​ឃាត់ ពេល​កំពុង​បើករថយន្ត​ ១ ​គ្រឿង​ម៉ាក​សាំយ៉ុង​ដឹក​មនុស្ស​ប្រុស ស្រី ចំនួន​ ១៥ ​នាក់ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​ ៦ ត្រង់ចំណុច​ស្ពាន​ទី​ ១ ស្ថិតក្នុង​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​កាលពី​វេលា​ម៉ោងជាង​ ៥ ល្ងាច​ថ្ងៃទី​ ១២ ខែមិថុនា​។

លោក គក់ សុភ័ក្តិ អធិការរង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក​ដែល​ប្រចាំការ​នៅ​ប៉ុស្តិ៍​របស់​គណៈកម្មការ​ទប់ស្កាត់​ពលករ​ដែលមាន​ទីតាំង​សាលាឃុំ​ស្វាយចេក​ជិត​ព្រំដែន​កម្ពុជា-ថៃ​ បាន​ប្រាប់​នៅ​ថ្ងៃទី​ ១៤ ​មិថុនា​ដែរ​ថា ក្នុង​ភូមិសាស្ត្រ​ឃុំ​ស្វាយចេក​នៅ​ថ្ងៃទី​ ១១ ​មិថុនា សមត្ថកិច្ច​ទប់ស្កាត់​ពលករ​បាន​ចំនួន ៤៥ ​នាក់​ក្នុង​នោះ​មាន​ស្រី​ ៣២ ​នាក់​តែ​មេខ្យល់​គេចខ្លួន​។

ចំណែកថ្ងៃទី​ ១២ ​មិថុនា​ទប់ស្កាត់​ពលករ ប្រុស​បាន​ ១០ ​នាក់ និង​ឃាត់​មេខ្យល់​បាន​ម្នាក់​។ សរុប​គឺ​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​ទប់ស្កាត់​ពលករ​ប្រុស​ស្រី​បាន​ចំនួន​ ៥៥ ​នាក់​ក្នុងនោះ​មាន​ស្រី​ ២៣​ នាក់​។

លោក​បញ្ជាក់ថា​៖ «​ក្រោយ​សមត្ថកិច្ច​ទប់ស្កាត់​បាន​ពលករ​ហើយ​គឺ​ត្រូវបញ្ជូន​ពួកគេ​ទៅ​មណ្ឌល​សំចត​អូរបីជាន់ ព្រោះ​កន្លែង​នោះ​ជា​កន្លែង​បែងចែក​ពលករ​បើ​គាត់​រស់នៅ​ខេត្ត​ណា​គេ​ឱ្យ​គាត់​ទៅធ្វើ​ចត្តាឡីស័ក​នៅ​ខេត្ត​នោះ​វិញ​»៕