ភ្នំពេញៈ ប្រជា​ពលរដ្ឋ ​កម្មករ-កម្មការិនី​ប្រមាណ​ជាង ​១,២ លាន​នាក់​ ក្នុង​ខេត្ត​ចំនួន ៥ ​នឹង​ត្រូវ​ទទួលបាន​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ ​បន្ទាប់ពី​រាជធានី​ភ្នំពេញ ​និង​ខេត្ត​កណ្តាល ​ដែល​នឹង​ត្រូវ​ចាប់ផ្តើម​ចាក់ជូន​ពួកគេ ​នាពេល​ខាង​មុខ​នេះ។ នេះ​បើ​តាម​ លោក​ ឥត សារ៉ាត់ ​អគ្គមេបញ្ជា​ការ​រង ​នាយសេនាធិការ​ចម្រុះ ​នៃ​កង​យោធពល​ខេមរភូមិន្ទ ​និង​ជាប្រធាន​ប្រតិបត្តិ​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង។

ការអះ​អាង​បែបនេះ ​នៅពេល​លោក​ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩​ ជូន​ប្រជា​ពល​រដ្ឋ ​កម្មករ​ និយោជិត ​និង​ជន​បរទេស​ដែល​មាន​អាយុ ​១៨ ឆ្នាំ​ឡើង ​ក្នុង​ខណ្ឌ​ទាំង ៦ ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ​នាព្រឹក​ថ្ងៃទី ១៤ ​ខែមិថុនា​។

លោក​បញ្ជាក់ថា​៖ «ផែនការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ​តាម​បណ្ដា​ខេត្ត​ខាង​មុខនេះ ​មាន​ចំនួន​ ៥ ខេត្ត​ ដើម្បី​បង្កើន​ភាព​ស៊ាំ​ក្នុង​ប្រជាពលរដ្ឋ​ ឈាន​ទៅ​ទប់ស្កាត់​ការឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ ១៩ ​ក្នុង​នោះ​មាន​ខេត្ត​ព្រះសីហនុ​ ខេត្ត​កំពង់ស្ពឺ ​ខេត្ត​តាកែវ​ ខេត្ត​កំពង់ចាម ​និង​ខេត្ត​ស្វាយ​រៀង»។

លោក​ ឥត សារ៉ាត់ ​បាន​បន្ថែម​ថា ​សរុប​ចំនួន​ប្រជាពលរដ្ឋ ​កម្មករ​-កម្មការិនី ​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ក្នុង​ខេត្ត​ទាំង​ ៥ នេះ ​មាន​ចំនួន​ ១០ ២៤ ៤១២​ នាក់ ​ក្នុង​នោះ​កងទ័ព​ទទួល​ខុសត្រូវ​ចាក់​ចំនួន​ ៨៣៩ ២៩៤ នាក់ ​សុខាភិបាល​បណ្ដា​ខេត្ត​ទទួល​ខុស​ត្រូវ​ចាក់​ចំនួន ​៤០០ ៧២៧​ នាក់។

ជាមួយ​គ្នា​នោះ ​លោក ​ទៀ បាញ់ ​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ ​ក៏បាន​ប្រាប់​អ្នកសារព័ត៌មាន​ បន្ទាប់ពី​បញ្ចប់​កិច្ច​ប្រជុំ​នេះ​ថា​ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ​នៅ​បណ្តា​ខេត្ត​ទាំង ៥​ នាពេល​ខាងមុខ​នេះ ​ខេត្ត​ដែល​នឹង​ត្រូវ​ចាប់ផ្តើម​ចាក់​មុន​ដំបូង​គេ​ គឺ​នៅ​ខេត្ត​ព្រះសីហនុ ​នា​ថ្ងៃទី ២១ ​ខែមិថុនា​តទៅ។

គួរ​បញ្ជាក់​ផងដែរ​ មន្រ្តី​រាជការ ​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ​និង​ក្រុម​គ្រូពេទ្យ​ជួរមុខ ​បាន​ទទួលការ​ចាក់វ៉ាក់​សាំង​រួច​រាល់​មុន​ពេល​មាន​យុទ្ធនាការ​ចាក់​វ៉ាក់សំាង​ជូន​ប្រជាពលរដ្ឋ​ និង​កម្មករ​-កម្មការិនី។

លោកស្រី​ ឱ វណ្ណឌីន ​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល ​ធ្លាប់បាន​លើកឡើង​កាលពី​ថ្ងៃទី ៨ ​ខែមិថុនា​ថា ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​សម្រេច​ដាក់​ផែនការ​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស​កូវីដ ១៩​ របស់​ក្រសួង​សុខាភិបាល​ និង​គណៈកម្មការ​ចំពោះ​កិច្ច ​ទៅកាន់​តំបន់​នៃ​ខេត្ត​មួយចំនួន ​ដែល​មាន​ហានិភ័យ ​និង​មាន​កម្មករ-​កម្មការិនី​ច្រើន​ បន្ទាប់ពី​រាជធានី​ភ្នំពេញ។

លោក​ស្រីថា​៖ «ការចាក់​វ៉ាក់សាំង​ទៅតាម​បណ្តា​ខេត្ត​នេះ​ដែរ ​មិនមែន​នៅ​ទូទាំង​ខេត្តទាំង​អស់ទេ ​គឺ​ក្រសួង​នឹង​រើស​អាទិភាព​ទៅតាម​ទីតាំង ​ដែល​ជាទីតាំង​មាន​ការផ្ទុះ​ច្រើន​ ហើយ​ក៏ជា​ទីតាំង​ដែល​មាន​ហានិភ័យ ​និង​ជា​ខេត្ត​ដែល​មាន​កម្មករ​ កម្មការិនី​រស់នៅ​ទីនោះ​ច្រើន​ដែរ»៕