​ភ្នំពេញៈ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន ​ផ្ញើ​លិ​ខិត​អបអរ​សាទរ​ទៅ​កាន់​នាយក​រដ្ឋ​មន្ត្រី​ឡាវ​ លោក​ ​ផាន់​ខាំ ​វិផា​វ៉ាន់​ ​(Phankham Viphavanh) ​ក្នុង​ឱកាស​ខួប​លើក​ទី​៦៥​នៃ​ការ​បង្កើត​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ ២​។​

លោក ​ហ៊ុន​ សែន​ បាន​សរសេរ​ក្នុង​លិខិត​ចុះ​ថ្ងៃទី​ ១៤​ ខែមិថុនា​ថា​៖ «​ក្នុង​នាម​រដ្ឋាភិ​បាល ​និង​ប្រជាជន​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ខ្ញុំ​សូម​សម្តែង​ការ​អប​អរសាទរ​អស់​ពី​ដួង​ចិត្ត​ និង​សូម​ជូនពរ​ដល់​ឯក​ឧត្តម​រដ្ឋាភិ​បាល ​និង​ប្រជា​ជន​ជា​មិត្ត​នៃ​សាធារ​ណ​រដ្ឋ​ប្រជា​ធិប​តេយ្យ​ប្រជា​មានិត​ឡាវ​ក្នុង​ឱកាស​ដ៏​សំខាន់​នៃ​ខួប​លើក​ទី​៦៥​ នៃ​ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​រវាង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​និង​សាធារ​ណ​រដ្ឋ​ប្រជា​ធិប​តេយ្យ​ប្រជា​មានិត​ឡាវ​។​

លោក​ ​ហ៊ុន​ ​សែន​ ​បញ្ជាក់​ថា​ក្នុង​រយៈ​ពេល ​៦៥​ ឆ្នាំ​កន្លង​មក​នេះ​ប្រទេស​កម្ពុជា​ និង​ឡាវ​ បាន​ទទួល​នូវ​ចំណង​មិត្ត​ភាព​ប្រពៃ​ណី​ដ៏​រឹង​មាំ​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដ៏​ល្អ​ប្រសើរ​ដោយ​ឈរ​លើ​ស្មារតី​នៃ​ភាព​ជា​អ្នក​ជិត​ខាង​ល្អ​សាម​គ្គី​ភាព​ និង​ការ​យោគ​យល់​គ្នា​ទៅ​វិញ​ទៅ​មក​។​​

លោក ​ហ៊ុន​ ​សែន​ ​មា​ន​ប្រ​សាសន៍​ក្នុង​លិខិត​នោះ​ថា​៖ «​ខ្ញុំ​សូម​ឆ្លៀត​ឱកាស​នេះ​ធានា​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុត​មាំ​របស់​ខ្ញុំ​ក្នុង​ការ​បន្ត​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ឯក​ឧត្តម​ ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ និង​យូរ​អង្វែង​របស់​យើង​ឱ្យ​កាន់​តែ​ស៊ីជម្រៅ​ថែម​ទៀត​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ជាតិ​របស់​យើង​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់​និង​ពិភព​លោក​បច្ចុប្បន្ន​ជា​ពិសេស​ជំងឺ​កូ​វីដ ​១៩ ​និង​រួមគ្នា​លើក​កម្ពស់​សន្តិភាព​ស្ថិរភាព​វិបុល​ភាព​និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​សម្រាប់​​​ប្រ​ជា​ជន​របស់​យើង​ ​ក៏​ដូច​ជា​សហ​គមន៍​អាស៊ាន ​និង​ប្រទេស​ផ្សេងៗ​ទៀត​»​។​

ក្នុង​ឱកាស​ខួប​លើក​ទី​៦៥​ នៃ​ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ ២ ​លោក​ ផាន់ខាំ ​ក៏​បាន​ផ្ញើ​លិខិត​អបអរ​សាទរ​ទៅ​កាន់​ ​លោក​ ហ៊ុន​ សែន​ ផង​ដែរ​។​​

​លោក​ ផាន់ខាំ បញ្ជាក់​ក្នុង​លិខិត​ចុះ​ថ្ងៃទី​ ១១​ ​ខែ​មិថុនា​ថា ​ក្នុង​រយៈ​ពេល​ ​៦៥​ ​ឆ្នាំ​កន្លង​មក​នេះ​ ចំណង​មិត្ត​ភាព​ជា​ប្រពៃណី​នៃ​ទំនាក់​ទំនង​មិត្ត​ភាព​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ល្អ​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ ២ ​ត្រូវ​បាន​ពង្រីក​ថែម​ទៀត​។ ​ការ​ជឿ​ទុ​ក​ចិត្ត​គ្នា​រវាង​រដ្ឋាភិ​បាល ​និង​ប្រជា​ជន​របស់​ប្រទេស​ទាំង​ ២ ​ត្រូវ​បាន​ពង្រឹង​បន្ថែម​ទៀត​។​​

​លោក​ថ្លែង​ថា​៖ «​​ជា​ពិសេស​ដោយ​មាន​បំណង​ប្រាថ្នា​យ៉ាង​មុតមាំ​ចំពោះ​ប្រជា​ជន​យើង​ទាំង​ ២ ​យើង​បាន​ព្រម​ព្រៀង​គ្នា​បង្កើន​ទំនាក់​ទំនង​របស់​យើង​ឱ្យ​ក្លាយ​ជា​ដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ និង​យូរ​អង្វែង​ក្នុង​ឆ្នាំ ២០​១៩​»​​។​​

លោក ផាន់ខាំ ​បន្ត​ថា​៖ «​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា​ដោយ​មាន​កិច្ច​សហ​ប្រតិ​បត្តិការ​ជិត​ស្និទ្ធ​របស់​យើង​ចំណង​មិត្ត​ភាព​ជា​ប្រពៃ​ណី​ដែល​មាន​ស្រាប់​នឹង​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ​។ ​ដូច្នេះ​យើង​អាច​នាំមក​នូវ​ផល​ប្រ​យោជន៍​ទៅ​វិញ​ទៅ​មក​ដល់​ប្រជា​ជាតិ​យើង​ទាំង ២ ​ក៏ដូច​ជា​បន្ត​សន្តិភាព​ស្ថិរភាព​ និង​កិច្ច​សហ​ប្រតិ​បត្តិការ​ស​ម្រា​ប់​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​ និង​ពិភព​លោក​ទាំង​មូល​»​។​

លោក ​គិ​ន​ ភា​ ​ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រា​ជប​ណិ្ឌ​ត្យ​សភា​កម្ពុជា​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​១៥​ ​ខែ​មិថុនា​ថា ​កម្ពុជា​-​ឡាវ​មាន​​ជា​ទំនាក់​ទំនង​កា​ទូត​ល្អ​ដែល​មាន​ស្ថេរ​ភាព​ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង​ល្អ​។​ ​ប្រទេស​កម្ពុជា​ មើល​ឃើញ​ប្រទេស​ឡាវ ​ក្នុង​ផ្លូវ​សន្តិភាព ចំណែក​ឯ​ប្រទេស​ឡាវ​ ក៏​មើល​ឃើញ​ប្រទេស​កម្ពុជា ​ក្នុង​ផ្លូវ​សន្តិភាព​ដូចគ្នា​ដែរ​។​

លោក​ថ្លែង​ថា​៖ «​កិច្ច​សហ​ប្រតិ​បត្តិការ​រវាង​ថ្នាក់​ដឹកនាំ​ក៏​ដូចជា​ប្រជាជន​និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២ ​ហ្នឹង​ក៏​ល្អ​។ ​យើង​កម្រ​ឮ​សូរ​ពាក្យ​ពេ​ច​ចេញ​ពី​ប្រជា​ជន​ខ្មែរ​ដែល​និយាយ​មិនល្អ​ប្រទេស​ឡាវ​ក្នុង​ទំនាក់​ទំនង​របស់​ខ្លួន​។​ រីឯ​ថ្នាក់​ដឹក​នាំ​យើង​ឃើញ​ថា​តែង​តែ​ផ្តល់​ការ​គាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​រហូត​មក​ហើយ​មក​ដល់​ពេល​នេះ​យើង​ឃើញ​ទំនាក់​ទំនង​វា​នៅ​មាន​ស្ថេរភាព​ថ្វីបើ​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង ២ ​វា​មិន​មាន​ទំហំ​ធំ​ ​បើ​ធៀប​នឹង​ថៃ ​និង​វៀត​ណាម​ជា​មួយ​នឹង​ក​ម្ព​ជា​»​​៕