កោះកុងៈ ​គម្រោង​រេដ​បូកតំប​ន់​ជួរ​ភ្នំក្រវាញ​តាម​រយៈ​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វ​ព្រៃ (Wildlife Alliance) ប្រកាស​ផ្តល់​ជំនួយ​ថវិកា​​ដែល​ជា​ការ​ឆ្លើយ​តប​បន្ទាន់​ ដើម្បី​​សាង​សង់​ផ្លូវ​ប្រវែង​ ៧ ​គីឡូម៉ែ​ត្រ និង​​ស្ពានមួយ​កន្លែង​​​​ជូន​ដល់​​ប្រជាជន​នៅ​​ភូមិ​ពោធិ៍បឹង ឃុំ​ដង​ពែង ស្រុក​ស្រែ​អំបិល ខេត្ត​កោះ​កុង ​ដែល​កំពុង​ជួប​នូវ​ការ​​ខ្វះខាត។

អង្គការ​សម្ព័ន្ធ​មិត្ត​សត្វ​ព្រៃបាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​ កាល​ពី​ថ្ងៃទី ​១៦ ខែ​មិថុ​នាថា៖ «គម្រោង​រេដបូក​តំបន់​ជួរ​ភ្នំ​ក្រវាញ តាម​រយៈអង្គការ​សម្ព័ន្ធ​មិត្ត​សត្វ​ព្រៃ កំពុង​ប្រកាស​ផ្ដល់​ជំនួយ​ហិរញ្ញ​វត្ថុ ដើម្បី​ឆ្លើយ​តប​​​ទៅ​នឹង​ការ​ប្រឈម​នានា ផ្នែក​ជីវភាព​រស់​នៅ​របស់​ប្រជាព​លរដ្ឋ​នៅភូមិ​ពោធិ៍​បឹង»។

សេចក្តី​ប្រកាស​ព័ត៌​មាន​បន្ត​ថា៖ «គម្រោង​រេដ​បូក​តំបន់​ជួរ​ភ្នំ​ក្រវាញ កំពុង​ឆ្លើយ​តប​ទៅនឹង​ការអំពាវ​នាវ​តាម​ទូរស័ព្ទ​​របស់​ប្រជាពលរ​ដ្ឋ​ភូមិ​ពោធី៍​បឹង (សារ​ព័ត៌​មាន​ស៊ីអិន​ស៊ី ចុះថ្ងៃ​ទី ១០ ខែ​មិថុនា ឆ្នាំ ២​០២១) ស្នើ​សុំ​ជំនួយ​ដើម្បី​សាង​សង់​ផ្លូវ​ប្រវែង ៧ គីឡូ​ម៉ែត្រ ដែល​នៅខ្វះ​ខាត និង​ស្ពាន​មួយ​កន្លែង​»។

ពិធី​ប្រគល់​ជំនួយ​នឹង​ប្រព្រឹត្តិ​ទៅនៅ​ថ្ងៃទី ​២១ ខែ​មិថុនា នៅសាលា​ឃុំដង​ពែង ស្រុក​ស្រែ​អំបិល​។

សេចក្តី​ប្រកាស​​ព័ត៌មាន​​បញ្ជាក់​ថា​៖ «អង្គកា​រ​សម្ព័ន្ធមិត្ដ​សត្វ​ព្រៃ តំណាង​ឲ្យគម្រោង​រេដ​បូក​តំបន់​ជួរ​ភ្នំក្រវា​ញ នឹង​ប្រគល់​ជំនួយ​ដោយ​ផ្ទាល់ ដើម្បី​ឲ្យ​ការ​សាងស​ង់ផ្លូវ​បាន​រួច​រាល់ ហើយ​នឹង​ពិភាក្សា​ជាមួយ​អាជ្ញាធរ​មូល​ដ្ឋាន ដើម្បី​រៀបចំ​កម្មវិ​ធីនៃ​​ផែនការ​កសាង​ស្ពាន សាលា​រៀន និង​មណ្ឌល​សុខ​ភាព​»។

អង្គការ​សម្ព័ន្ធ​មិត្ដ​សត្វ​ព្រៃ បាន​ចុះ​សិក្សា​ផ្នែក​សេដ្ឋ​កិច្ច-សង្គម​នៅភូមិពោធិ៍​បឹង កាល​ពីខែ​វិច្ឆិកា​ ឆ្នាំ ២០២០ ព្រម​ទាំង​បាន​រួម​គ្នា​ជាមួយ​មេភូ​មិ និង​មេឃុំ និងបាន​​ធ្វើការ​កំណត់ពី​​តម្រូវ​ការ ដែល​បន្ទាន់​ជាងគេ​ក្នុង​ការ​ជួយ​លើក​កំពស់​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ គឺការ​កសាង​បង្ហើយ​ផ្លូវពីពោ​ធិ៍បឹង​​​ ទៅកាន់​ទីរួម​ស្រុក​ស្រែ​អំបិល ដើម្បីឲ្យ​ប្រជាព​លរដ្ឋអាច​ដឹក​ជញ្ជូន​ផលិត​ផល​កសិកម្ម​របស់​ខ្លួន​ទៅ​កាន់​ផ្សារ​ស្រែ​អំបិល​បាន​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖ «ស្ថានភាព​បច្ចុប្បន្ន​នៃផ្លូវ​មាន​លក្ខណៈ​ពិបាក​ ដែល​ត្រូវ​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង ទើប​ទៅដល់​ទីរួម​ស្រុក​ស្រែ​អំបិល​» ។

គម្រោង​រេដ​បូក​តំបន់​ជួរ​ភ្នំក្រវា​ញ ត្រូវ​បាន​រៀបចំ​ឡើង ដោយ​ក្រសួង​បរិស្ថាន និង​អង្គការ​សម្ព័ន្ធ​មិត្ដ​សត្វ​ព្រៃ​មាន​គោល​បំណង​ដើម្បី​បាន​ជាប្រយោជន៍​សម្រាប់​ជួយ​លើក​កំពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​មូល​ដ្ឋាន​។

គម្រោង​នេះ​ ក៏​មាន​គោល​បំណង​ ដើម្បី​រក្សាការ​ពារ​ព្រៃឈើ​ឲ្យនៅ​គង់​វង្ស ដោយសារ​តែព្រៃ​ឈើ គឺជា​កន្លែង​ស្ដុក​កាបូន​​​សម្រាប់​លក់ និង​ដើម្បី​នាំប្រាក់​ចំណូល ជូ​ន​រាជ​រដ្ឋាភិបាល​កម្ពុជា​ ។

អ្នក​ទិញ​ឥណទាន​កាបូន​ព្រៃឈើ​ នៃតំបន់​ជួរភ្នំ​ក្រវាញ គឺមក​ពីទ្វីប​អឺរុប និង​អាមេរិក ហើយកា​រលក់​បាន​ចាប់​ផ្ដើម​តាំង​ពី​ខែម​ករា ឆ្នាំ​២០១៩។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា ជំនួយ​នាពេល​នេះ ជូន​ប្រជា​ពលរដ្ឋ​ភូមិពោធិ៍​បឹ​ង គឺជា​លទ្ធផល​ផ្ទាល់​នៃការ​លក់​ឥណ​ទាន​កាបូន​ព្រៃ​ឈើជួរ​ភ្នំ​ក្រវាញ​ ទៅ​ឲ្យ​ក្រុមហ៊ុន​អន្ដរ​ជាតិ ដែល​ទិញ​​ពិន្ទុឥណ​ទាន​ស្រូប​កាបូន ជាថ្នូរ​នឹង​ការ​បំភាយ​ឧស្ម័ន​កាបូ​និច។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​​ប្រជា​ពលរដ្ឋ​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ កំពុង​តែធ្វើ​ការ​ដោយ​មាន​ភ្ជាប់​ចំណង​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​នានា​ នៅ​ឯក្រៅ​ប្រទេស ដើម្បី​ទប់​ស្កាត់​ឥទ្ធិ​ពល​នៃការ​ប្រែប្រួលអា​កាស​ធាតុ​សកល។

លោក​ស្រី Claire Baker-Munton មន្ត្រី​ផ្នែកទំនាក់​ទំនង​ របស់​អង្គការ​សម្ព័ន្ធ​មិត្ដ​សត្វ​ព្រៃ មិន​អាច​ទាក់​ទង​​​ដើម្បី​សុំការ​បញ្ជាក់​បន្ថែម​បាន​ទេ​៕