ភ្នំពេញៈ ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ប្រកាស​បញ្ចប់​ការផ្តល់​ជំនួយ​ដល់​ស្ថាប័ន​រាជរដ្ឋាភិបាល ក្រោម​គម្រោង​ព្រៃឡង់​បៃតង ដោយ​បង្វែរ​ជំនួយ​នេះ​ទៅ​ជួយ​ដល់​សង្គម​ស៊ីវិល វិស័យ​ឯកជន និង​សហគមន៍​មូលដ្ឋាន ដើម្បី​លើកកម្ពស់​ជីវភាព​រស់នៅ​វិញ ខណៈ​មន្ត្រី​ក្រសួង​បរិស្ថាន​បាន​អះអាងថា បទល្មើស​ធនធាន​ធម្មជាតិ​ធំៗ​នៅ​តំបន់​ព្រៃឡង់ លែង​កើតមាន​ទៀតហើយ​។

ស្ថានទូត​អាមេរិក​ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​ ១៧ ខែមិថុនា​ថា ថ្វីបើ​ប្រទេស​កម្ពុជា​សម្រេចបាន​នូវ​ដំណើរការ​រីកចម្រើន​ទៅមុខ​ខ្លះ នៅក្នុង​ការការពារ​បរិស្ថាន​ក្តី តែ​អាមេរិក​បាន​សម្តែង​នូវ​កង្វល់​ម្តង​ហើយ​ម្តងទៀត លើ​ការកាប់បំផ្លាញ​ព្រៃឈើ ដែល​នៅតែ​មាន​ច្រើន​នៅក្នុង​តំបន់​ការពារ ពិសេស​នៅ​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់​ជា​ទី​ដែល​ទីភ្នាក់ងារ USAID របស់​អាមេរិក​បាន​ចំណាយ​ធនធាន​ជាច្រើន​។

សេចក្តី​ថ្លែងការណ៍​បញ្ជាក់ថា​៖ «​យើង​បាន​អំពាវនាវ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​ច្រើន​ថែមទៀត​រវាង​រដ្ឋាភិបាល​កម្ពុជា​សហគមន៍​មូលដ្ឋាន និង​សង្គមស៊ីវិល ដើម្បី​រក​ដំណោះស្រាយ ដើម្បី​ការពារ​ព្រៃឡង់ និង​បេតិកភណ្ឌ​ធម្មជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជា​ប្រយោជន៍​របស់​ប្រជាជន​កម្ពុជា​ទាំងអស់ និង​ពិភពលោក​»​។

សេចក្តី​ថ្លែងការណ៍​បន្ត​ថា វា​ជា​ការគួរ​ឱ្យ​សោកស្តាយ​ដែល​ស្ថានភាព​កំពុង​កាន់តែ​អាក្រក់​ទៅ​។ តាំងពី​ឆ្នាំ​ ២០១៦ ​មក ទោះបីជា​មាន​ការគាំទ្រ​របស់​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID ដើម្បីឱ្យ​មាន​ការដើរល្បាត​ការបណ្តុះបណ្តាល​ដល់​ផ្នែក​អនុវត្ត​ច្បាប់​ច្រើន​ថែមទៀត និង​ការរៀបចំ​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​តំបន់​ការពារ​ថ្នាក់ជាតិ​ក៏ដោយ ក៏​តំបន់​ដែនជម្រក​សត្វព្រៃ​នៅ​ព្រៃឡង់ នៅតែ​បាន​បាត់បង់​ដដែល​នូវ​ផ្ទៃ​ដីព្រៃ​ប្រមាណ ៣៨ ០០០ ហិកតា គឺ​ជិត​ ៩ ​ភាគរយ​នៃ​គម្រប​ព្រៃឈើ​នៅ​ទីនោះ​។

ស្ថានទូត​អាមេរិក​បញ្ជាក់ថា ការកាប់​ឈើ​ខុសច្បាប់​ដែល​ត្រូវបាន​បញ្ជាក់​ច្បាស់ នៅតែ​បន្ត​មាននៅ​ក្នុង​និង​ជុំវិញ​ដែនជម្រក​សត្វព្រៃ​នៅ​ព្រៃឡង់ ហើយ​អាជ្ញាធរ​កម្ពុជា​មិន​បាន​ធ្វើការ​កាត់ទោស​បាន​សមល្មម ចំពោះ​បទល្មើស​សត្វព្រៃ ឬ​បញ្ឈប់​សកម្មភាព​ខុសច្បាប់​ទាំង​នេះឡើយ​។ លើសពីនេះ​ទៀត «​អាជ្ញាធរ​បាន​បន្ត​បំបិទ​សំឡេង​ហើយ​ធ្វើទុក្ខ​សហគមន៍​មូលដ្ឋាន និង​សង្គម​ស៊ីវិល ដែល​ជា​ដៃគូ​របស់​ពួកគេ ដែល​បង្ហាញ​កង្វល់​ដ៏សម​ហេតុផល​លើ​ការបាត់បង់​ធនធាន​ធម្មជាតិ​របស់​គេ​»​។

សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា​៖ «​ដោយសារ​មាន​បញ្ហា​ទាំងនេះ​ដែល​មិន​ត្រូវបាន​ដោះស្រាយ​សហរដ្ឋអាមេរិក​សូម​បញ្ចប់​ជំនួយ​ដល់​ស្ថាប័ន​រដ្ឋាភិបាល នៅក្រោម​គម្រោង​ព្រៃឡង់​បៃតង ដែល​ទ្រទ្រង់​ដោយ​ទីភ្នាក់ងារ USAID​។ ជំនួយ​របស់​សហរដ្ឋ​អាមេរិក​នេះ​នឹង​ត្រូវ​បង្វែរ​ទៅ​ជួយ​វិស័យ​ឯកជន សង្គម​ស៊ីវិល និង​ការងារ​របស់​សហគមន៍​មូលដ្ឋាន ដើម្បី​កែលម្អ​មុខរបរ​ប្រកប​ជីវភាព​រស់នៅ និង​ពង្រីក​កសិកម្ម​ដែល​មិន​ប៉ះពាល់​បរិស្ថាន​»​។

សហរដ្ឋអាមេរិក​នឹង​បន្ត​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​លើ​បញ្ហា​បរិស្ថាន និង​បម្រែបម្រួល​អាកាសធាតុ​ដែលជា​កង្វល់​រួម​របស់​ភាគី​ទាំង​ ២ និង​របស់​ពិភពលោក ដោយ​រួមទាំង​ការធ្វើការ​តាមរយៈ​កិច្ចសហការ​ជា​ដៃគូ​រវាង​សហរដ្ឋ-អាមេរិក និង​តំបន់​ទន្លេមេគង្គ​។

សេចក្តី​ថ្លែងការណ៍​បន្ថែម​ថា​៖ «​ក្នុងពេលដែល​យើង​ធ្វើការ​អបអរ​ទិវា​បរិស្ថាន​ពិភពលោក​នៅ​ខែ​នេះ យើង​ដឹងថា​ការគ្រប់គ្រង​បរិស្ថាន​ដែលមាន​ប្រសិទ្ធភាព​ទាមទារ​ឱ្យមាន​អភិបាលកិច្ច​ប្រកប​ដោយ​តម្លាភាព​ និង​គណនេយ្យភាព​។ សហរដ្ឋអាមេរិក​សូមបញ្ជាក់​ពី​តួនាទី​ចាំបាច់​នៃ​សេរីភាព​នៃ​ការបញ្ចេញមតិ ការតវ៉ា​ដោយ​សន្តិភាព​ និង​ការទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល​ចំពោះ​ពលរដ្ឋ នៅក្នុង​ការរក្សា​ឱ្យមាន​ការអនុវត្ត​រឹងមាំ​តាម​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​គ្រប់​វិស័យ​ទាំងអស់​នៃ​ការអភិវឌ្ឍ ដែល​រួមមាន​ផងដែរ​នូវ​ការការពារ​ធនធាន​ធម្មជាតិ​ដ៏មាន​តម្លៃ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​»​។

យ៉ាងណាក្តី​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៧ ខែមិថុនា​ថា ការបញ្ចប់​គម្រោង​ព្រៃឡង់​បៃតង​ដែលជា​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា​ និង​សហរដ្ឋអាមេរិក​នៅ​តំបន់​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ នៅពេល​នេះ​បានបង្ហាញ​ថា ក្រសួង​បរិស្ថាន​ក្នុងនាម​សេនាធិការ​នៃ​រាជរដ្ឋាភិបាល​ និង​មន្ត្រី​របស់ខ្លួន​មាន​ការទទួល​ខុសត្រូវ និង​មាន​ភាពរឹងមាំ​គ្រប់គ្រាន់​ក្នុង​ភាពជា​ម្ចាស់​ក្នុង​ការបំពេញ​តួនាទី និង​ភារកិច្ច​របស់ខ្លួន​លើ​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ ដោយ​ឈរ​នៅលើ​មូលដ្ឋាន​ច្បាប់​ជា​ធរមាន​។

ក្រសួង​បរិស្ថាន​នឹង​បន្ត​បេសកកម្ម​របស់ខ្លួន​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​ខ្ពស់ និង​វិជ្ជាជីវៈ​ក្នុង​ការគ្រប់គ្រង និង​អភិរក្ស​តំបន់​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់ ក៏ដូចជា​តំបន់​ការពារ​ធម្មជាតិ​នៅក្នុង​ប្រទេស​កម្ពុជា សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅមុខ​ទៀត​។

លោក ភក្ត្រា ថ្លែងថា​៖ «​យើងខ្ញុំ​គោរព​ចំពោះ​ការសម្រេចចិត្ត​របស់​ដៃគូ​អភិវឌ្ឍន៍ និង​អរគុណ​ចំពោះ​ការចូលរួម​ចំណែក​ជាមួយ​កម្ពុជា ផ្តល់ជំនួយ​បច្ចេកទេស​នាពេល​កន្លងមក​ក្នុង​កិច្ចការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​តំបន់​ព្រៃឡង់​។ ភាគី​ទាំង​ ២ ​បាន​ឯកភាព​គ្នា​បង្វែរ​លើ​កិច្ចសហប្រតិបត្តិការ​ផ្សេងទៀត ដែល​បន្ត​បម្រើឱ្យ​ឧត្តមប្រយោជន៍​របស់​ប្រជាជន​កម្ពុជា​»​។

លោក​អះអាងថា បទល្មើស​ធនធាន​ធម្មជាតិ​ទ្រង់ទ្រាយ​ធំ​នៅក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់ និង​នៅ​តំបន់​ការពារ​ធម្មជាតិ​ផ្សេងទៀត លែងកើត​មាន​ទៀត ហើយ​តែ​នៅមាន​បទល្មើស​ទ្រង់ទ្រាយ​តូចៗ​កើតឡើង​។ នេះ​គឺជា​ក្តី​ព្រួយបារម្ភ ដែល​នៅ​សេសសល់​តិចតួច ដែល​ក្រសួងបរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាននិង​កំពុង​បន្ត​អនុវត្ត​ច្បាប់​ដោយ​ការទទួល​ខុសត្រូវ​។

លោក ភក្ត្រា ថ្លែងថា​៖ «​ក្រោម​សុខសន្តិភាព​ពេញលេញ​កម្ពុជា​មាន​ឱកាស​ពេញលេញ​ក្នុង​ការគិតគូរ​រៀបចំ​ការអភិរក្ស​ធនធាន​ធម្មជាតិ​របស់ខ្លួន​»​។ លោក​លើកឡើង​ថា ដោយសារ​តែ​ការការពារ​ និង​អភិរក្ស​មាន​ភាពល្អប្រសើរ​កម្ពុជា​បាន​ទទួល​ជោគជ័យ​លើ​ការលក់​ឥណទាន​កាបូន​នៅលើ​ទីផ្សារ​ស្ម័គ្រចិត្ត​អន្តរជាតិ ស្ថានភាព​ជីវភាព​ពលរដ្ឋ​នៅតាម​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ចាប់ផ្តើម​មាន​ភាពល្អប្រសើរ ផ្សារភ្ជាប់​នឹង​ទេសចរណ៍​ធម្មជាតិ​ និង​ជម្រើស​ថ្មី​ក្នុង​មុខរបរ​របស់​ខ្លួន​។

លោក សាន់ ម៉ាឡា មន្ត្រី​តស៊ូមតិ​នៃ​គម្រោង​អ្នកការពារ​ព្រៃឈើ​នៃ​បណ្តាញ​យុវជន​កម្ពុជា និង​ជា​សកម្មជន​បរិស្ថាន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១៧ ខែមិថុនា​ថា ការសម្រេចចិត្ត​បញ្ចប់​ជំនួយ​របស់​ស្ថានទូត​អាមេរិក ​គឺជា​ជម្រើស​ដ៏លំបាក​មួយ​ក៏ប៉ុន្ដែ​ស្ថានទូត​នេះ​ត្រូវធ្វើ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ ឬក៏​ការលើក​ឡើង​របស់​សហគមន៍​សកម្មជន​ និង​អង្គការ​សង្គម​ស៊ីវិល ក្នុងប្រទេស​កម្ពុជា ដែល​លោក​អះអាង​ថា ត្រូវបាន​ក្រសួងបរិស្ថាន​ធ្វើការ​រឹតត្បិត និង​រារាំង​មិនឱ្យ​ក្រុម​របស់លោក​ចូល​ទៅ​បំពេញ​ការងារ​នៅតាម​តំបន់​ព្រៃឈើ​។

លោក​ថា​៖ «​គម្រោង Greening Prey Lang នេះ​កន្លងមក គឺ​គេ​អនុវត្ត​រួមគ្នា តែ​ក្រសួង​ហើយ​និង​បុគ្គលិក​នៃ USAID ទេ ដោយ​ផាត់​សហគមន៍​ក៏ដូចជា​សកម្មជន​ចោល​។ ដូច្នេះ​ក្រសួង​បរិស្ថាន គួរតែ​ធ្វើការ​ពិចារណា​ឡើងវិញ ដោយ​ព្រម​អនុញ្ញាត​ឱ្យ​សកម្មជន​សហគមន៍​ និង​សង្គម​ស៊ីវិល​ត្រឡប់​ទៅ​បំពេញ​ការងារ​នៅ​តំបន់​ព្រៃឈើ​ឡើងវិញ ដើម្បី​អាច​ឱ្យ​ក្រសួង​មានលទ្ធភាព​ទទួលបាន​ជំនួយ​ពី​ដៃគូ​អភិវឌ្ឍន៍ មិន​ថា តែ​អាមេរិក​ទេ​សូម្បីតែ​ប្រទេស​លោក​សេរី​ផ្សេងៗ​ទៀត​»៕