ភ្នំពេញៈ កម្ពុជា​-ស៊ុយអ៊ែត​ ប្តេជ្ញា​បន្ត​រួមគ្នា​សម្រេចឱ្យ​បាន​នូវ​គោលដៅ​ទាំងឡាយ​ ដែល​បាន​ចែង​ក្នុង​គំនិត​ផ្តួច​ផ្តើម​កិច្ចព្រម​ព្រៀង​សកល​ (Global Deal Initiative) ​ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើងនូវ​លក្ខខណ្ឌ ​និង​សិទ្ធិ​ការងារ ​និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​ឱ្យ​កាន់តែ​ប្រសើរ។

ការប្តេជ្ញា​នេះ​ត្រូវបាន​លើកឡើង​ក្នុង​ឱកាស ​ដែល​រដ្ឋមន្រ្តី​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ លោក ​អ៊ិត សំហេង ​បាន​អនុញ្ញាត​ឱ្យ​លោក​ Björn Häggmark ​ឯកអគ្គ​រាជទូត​ស៊ុយអ៊ែត​ប្រចាំ​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ចូល​ជួប​សំដែង​ការគួរសម​ និង​ជំរាបលា ​នៅ​ថ្ងៃទី ២២ ​ខែមិថុនា។

ក្នុង​ជំនួបនោះ​ភាគី​ទាំង ២​ បាន​សំដែង​នូវ​ការពេញ​ចិត្ត​ និង​វាយ​តម្លៃ​ខ្ពស់​លើ​កិច្ចសហ​ប្រតិបត្តិការ​យ៉ាង​ល្អ ​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង២​លើ​គ្រប់​វិស័យ។ ជាពិសេស ​លើ​វិស័យ​ការងារ ​និង​បណ្តុះបណ្តាល​បច្ចេកទេស ​និង​វិជ្ជា​ជីវៈ ​ខណៈ​ភាគី​ទាំង ២​ ក៏មាន​គម្រោង​លើ​កិច្ច​សហប្រតិបត្តិការ​ជាច្រើន​ដែល​កំពុង​បន្ត ​និង​សមិទ្ធផល​ជាច្រើន​ដែល​សម្រេច​បាន។

ភាគី​ទាំង ២​ ក៏បាន​ពិភាក្សា​គ្នា​ទៅលើ​ប្រធានបទ​សំខាន់ៗ​ដែល​កម្ពុជា​-ស៊ុយអ៊ែត ​បាននិង​កំពុង​បន្ត​អនុវត្ត​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​រួម​ទាំង​កម្រិត​ជាតិ ​និង​ពិភពលោក ​រួមមាន​ការអនុវត្ត​គំនិត​ផ្តួច​ផ្តើម​កិច្ចព្រមព្រៀង​សកល ​សិទ្ធិ​ការងារ ​និង​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ផង​ដែរ។

លោក​ អ៊ិត សំហេង ​បញ្ជាក់ថា​៖ «ក្រោយ​ពី​បានផ្តល់​ការគាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​សកល ​ជាយន្តការ​ថ្នាក់​ជាតិ​មក​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​បង្កើត​គណៈកម្មការ​អន្តរក្រសួង ​សម្រាប់​គាំ​ទ្រ​គំនិត​ផ្តួចផ្តើម​កិច្ចព្រមព្រៀង​សកល ​និង​កំពុង​បន្ត​អនុវត្ត​បាន​យ៉ាង​ល្អ​នូវ​ការប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ផង​ដែរ»។

គំនិត​ផ្តួចផ្តើម​កិច្ចព្រមព្រៀង​សកល ​ដែល​កម្ពុជា​កំពុង​អនុវត្ត​នោះ ​រួមមាន ​បន្តពង្រឹង​ការអនុវត្ត​ឱ្យ​កាន់​តែមាន​ប្រសិទ្ធ​ភាព ​និង​ធ្វើវិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​នៃ​ការធានា​បាន​នូវ​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ ​និង​ភាពសុខដុម​ក្នុង​ទំនាក់​ទំនង​វិជ្ជាជីវៈ។ ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​សហជីព ​ដើម្បី​ធានាបាន​នូវ​សិទ្ធិ​សេរីភាព​អង្គការ​វិជ្ជាជីវៈ ​និង​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា ​ជាក្របខ័ណ្ឌ​គតិយុត្ត​រឹងមាំ​ក្នុងការ​ការពារ​ប្រកប​ដោយ​និរន្តរភាព​នូវ​ប្រាក់​ឈ្នួល​របស់​កម្មករ​និយោជិត។

ការអនុវត្ត​គំនិត​ផ្តួចផ្តើម​នេះ ​ធានា​នូវ​ការប្រើប្រាស់​យន្តការ​ចរចា​ត្រីភាគី ​តាមបែប​ប្រជាធិបតេយ្យ​ ក្នុង​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា ​របស់​កម្មករ​និយោជិត ​ដោយ​ឈរ​លើ​លក្ខណៈ​វិនិច្ឆ័យ​បែប​វិទ្យាសាស្រ្ត។​ ពង្រឹង​យន្តការ​ដោះ​ស្រាយ​វិវាទ​ការងារ ​ទាំងនៅ​ដំណាក់កាល​ផ្សះផ្សា​នៃ​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​និង​ក្រៅ​ប្រព័ន្ធ​តុលាការ​ដោយ​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល។ ជំរុញ​ការអនុវត្ត​គោល​នយោបាយ​គាំពារ​សិទ្ធិ ​និង​ផល​ប្រយោជន៍​របស់​ពលករ​ទេសន្ត​ប្រវេសន៍​ទាំង​ក្នុង​ក្របខ័ណ្ឌ​ជាតិ ​ក៏ដូចជា​តំបន់ ​និង​ជាមួយ​ប្រទេស​ពាក់ព័ន្ធ។

លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ប្រទេស​ស៊ុយអ៊ែត​ជួយ​គាំទ្រ​ដល់​វិស័យ​ការងារ​របស់​កម្ពុជា​បន្ត​ទៀត​ ជាពិសេស​ការអភិវឌ្ឍ​ធនធាន​មនុស្ស ​និង​ការកសាង​សមត្ថភាព ​ដើម្បីឱ្យ​កម្ពុជា​មានលទ្ធភាព​អភិវឌ្ឍ​ប្រទេស​ឱ្យ​កាន់តែ​រីក​ចម្រើន។

ឯកអគ្គ​រាជទូត​ស៊ុយអ៊ែត​ប្រចាំ​នៅ​កម្ពុជា ​លោក ​Björn Häggmark​ ថ្លែងថា​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ដែល​លោក​បាន​មក​បំពេញ​បេសកកម្ម​ការទូត​នៅ​ទីនេះ ​ឃើញថា ​ទំនាក់​ទំនង​កម្ពុជា​-ស៊ុយអ៊ែត ​មាន​ការរីក​ចម្រើន​រឹងមាំ​ជា​លំដាប់ ​ទាំងផ្នែក​ការទូត ​សេដ្ឋកិច្ច ​និង​ពាណិជ្ជកម្ម។ វិស័យ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក៏ជា​សមិទ្ធ​ផល​មួយ​ដែល​ភាគី​ស៊ុយអ៊ែត​បាននិង​កំពុង​ជួយ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ផង​ដែរ។

ប្រទេស​ស៊ុយអ៊ែត ​អរគុណ​ចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា ​ដែលបាន​ផ្តល់​ការគំាទ្រ​គំនិត​ផ្តួចផ្តើម​កិច្ចព្រមព្រៀង​សកល​ដំបូង​គេ​បង្អស់​ក្នុង​ពិធី​ដាក់​ឱ្យ​ដំណើរ​ការ​គំនិត​ផ្តួចផ្តើម​នេះ ​កាលពី​ថ្ងៃទី ២១ ​ខែ កញ្ញា ​ឆ្នាំ ២០១៦ ​ក្នុង​ឱកាស​សម័យ​ប្រជុំ​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ ​នៅទី​ក្រុង​ញ៉ូវ​យ៉ក។

លោក​ថ្លែងថា​៖ «កម្ពុជា​ជាប្រទេស​ទី១ ​បានគាំទ្រ​គំនិត​ផ្តួច​ផ្តើម​ជាសកល ​(Global Deal Initiative) ​ដែលជា​គម្រោង​មួយ​បង្កើត​ឱ្យមាន​បរិយាកាស​នូវ​កិច្ចសន្ទនា​សង្គម​ដើម្បី​ដោះស្រាយ​បញ្ហា​នានា»។

ឯកអគ្គ​រាជទូត​បន្តថា ​លោក​នឹង​នាំយក​នូវ​ព័ត៌មាន​ល្អៗ​និង​សមិទ្ធផល​ដែល​ភាគី​ទាំង ២​ ខិតខំ​សម្រេចបាន​ជម្រាប​ជូន​ទៅ​រាជរដ្ឋាភិបាល​ស៊ុយអ៊ែត ​ដើម្បី​ទទួលបាន​នូវ​ការគាំទ្រ​បន្ត​ដល់​រាជរដ្ឋាភិបាល​កម្ពុជា៕