ភ្នំពេញៈ ខេត្ត​ចំនួន​ ២១ ​ក្នុង​ចំណោម​ខេត្ត​ទាំង​ ២៤ ​នៅ​ទូទាំង​ប្រទេស ​បាន​ទទួល​ថវិកា​សរុប​ជិត ​៣ ០០០ លាន​រៀល​ ពី​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន​ ​សែន​ ​សម្រាប់​ជួយ​ក្នុង​ការ​រៀប​ចំ​និង​​ផ្គត់ផ្គង់​ទៅ​ដល់​អ្នក​កំពុង​ធ្វើ​ចត្តាឡី​ស័ក​ជិត​ ១ សែន​នាក់​។​

យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី​ ២២​ ខែ​មិថុនា​ បាន​ឱ្យ​ដឹង​ថា ​លោក​នាយក​រដ្ឋ​មន្រ្តី​បាន​​ផ្តល់​ថវិកា​បន្ថែម​ទៅ​ដល់​បណ្តា​ខេត្ត​សម្រាប់​ត្រៀម​ពី​ថ្ងៃទី​ ២១ ​ដល់​ថ្ងៃ​ទី ​២៧ ​ខែ​មិថុនា​ ដែល​មាន​ថវិកា​សរុប​ចំនួន​ ២ ៧២០​ លាន​​រៀល ដើម្បី​ធ្វើ​ការ​ផ្គត់​ផ្គង់​អ្នក​កំពុង​ធ្វើ​ចត្តាឡី​ស័ក​ចំនួន​ ​៩៥ ​១៦៣​ នាក់​​។​

នៅ​ក្នុង​ខេត្ត​ចំនួន​ ២៤​ នេះ ​មាន​ខេត្ត​ចំនួន​ ៣ ​ដែល​មិន​ត្រូវ​បាន​ផ្តល់​ថវិកា​បន្ថែម​ដោយ​សារ​អ្នក​កំពុង​ធ្វើ​ចត្តាឡី​ស័ក​នៅ​មាន​ចំនួន​តិច ​និង​មាន​សល់​ថវិកា​ច្រើន​សម្រាប់​​ចាត់ចែង​ដែល​ក្នុង​នោះ​មាន​ខេត្ត​កោះកុង ​ដែល​មាន​អ្នក​កំពុង​ធ្វើ​ចត្តា​ឡីស័ក​ចំនួន ​៤៥​ នាក់​ ​ខេត្ត​ស្ទឹង​ត្រែង​មាន​ចំនួន​ ៤៥ នាក់​ ​និង​ខេត្ត​មណ្ឌល​គិរី​ ​មិន​មាន​អ្នក​កំពុង​ធ្វើ​ចត្តាឡី​ស័ក​ទេ។​

លោក​នាយក​រដ្ឋ​មន្រ្តី​ផ្តល់​ថវិ​កា​បន្ថែម​នេះ ​គឹ​មាន​ចាប់​ពី​ ១០ លាន​រៀល​រហូត​ដល់ ​៣៥០​ លាន​រៀល​។

របាយ​ការណ៍​ដដែល​បាន​បញ្ជាក់​ថា៖​ ​«​ខេត្ត​បាត់​ដំបង​ ​បាន​ទទួល​ថវិ​កា​បន្ថែម​ច្រើន​ជាង​គេ ​រហូត​ដល់​ ៣៨០ ​លាន​រៀល ដែល​មាន​អ្នក​កំពុង​ធ្វើ​ចត្តាឡី​ស័ក​ចំនួន​ ២ ៣១០ ​នាក់,​ ​ខេត្ត​កំពង់​ស្ពឺ ​ទទួល​បាន​ថវិកា​បន្ថែម​ចំនួន​ ៣៥០ ​លាន​រៀល​ ដែល​មាន​អ្នក​កំពុង​ធ្វើ​ចត្តាឡី​ស័ក​ចំនួន​ ១ ៨១០ ​នាក់​, ​ខេត្ត​បន្ទាយ​មានជ័យ ​ទទួល​បាន​ថវិកា​ប​ន្ថែម​ចំនួន​ ២៩០ ​លាន​រៀល ដែល​មាន​អ្នក​កំពុង​ធ្វើ​ចត្តាឡី​ស័ក​ចំនួន​ ​១ ៨១៩ ​នា​ក់​»​។​

កាល​ពី​សប្តាហ៍​មុន​ លោក​នាយក​រដ្ឋ​មន្រ្តី​បាន​ផ្តល់​ថវិកា​បន្ថែម​ជាង​ ​២ ០០០​ លាន​រៀល​ ដល់​ខេត្ត ​ចំនួន​ ២៤​ ដើម្បី​ជួយ​ និង ផ្គត់​ផ្គង់​ទៅ​ដល់ ​ប្រជា​ពលរដ្ឋ​ ​ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក​ជិង ​១០​ ម៉ឺន​នាក់​ផង​ដែរ​៕​​