ភ្នំពេញៈ លោក​ ស៊ុន ចាន់​ថុល រដ្ឋមន្ត្រី​ក្រសួង​សាធា​រណ​ការ និង​ដឹក​ជញ្ជូន បាន​បញ្ជក់​ជាថ្មី​ថា ប្រធាន​ក្រុម​ហ៊ុន​និង​បុគ្គលិក​ចំនួន ៦ ​នាក់រួម​នឹង​រដ្ឋលេខា​ធិការ​ក្រសួង​ម្នាក់​ត្រូវបាន​ដកចេញ​ពី​គម្រោង​ជា​ផ្លូវការ បន្ទាប់ពី​រកឃើញ​កំហុស​បច្ចេកទេស​នៃ​ការ​សាង​សង់​កំណាត់​ផ្លូវជាតិ​លេខ ៣​ (កំពត-វាលរេញ) ដោយ​លោក​បាន​អះអាង​​ថា ការ​សាង​សង់​ផ្លូវមិន​អាច​ធ្វើ​តាម​ទឹក​លុយ​ដោយ​មិន​គោ​រព​​​តាម​ស្តង់​ដា​បច្ចេក​ទេស​នោះ​ទេ​។

ការ​ប្រកាស​អះអាង​យ៉ាង​ដូច្នេះ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​លោក​បាន​ដឹកនាំ​គណៈ​ប្រតិភូ​គណៈ​កម្មការ​ទី៩ នៃ​រដ្ឋ​សភា និង​ក្រុម​ការងារ​ចុះ​ពិនិត្យ​ការ​ដ្ឋាន​សាង​សង់​ផ្លូវជាតិ​លេខ​ ៣ កំពត-វាល​រេញ នៅ​ថ្ងៃទី ២២ មិថុនា ឆ្នាំ ២០២១​។

ក្នុង​ឱកាស​នោះ លោក ស៊ុន ចាន់ថុល បាន​អះអាង​ថា៖​ «នៅពេល​យើង​ចុះ​ត្រួត​ពិនិត្យ​ ការស្តា​រ ការជួសជុ​ល​ផ្លូវ​នេះ យើងឃើញ​កង្វះ​ខាត​មួយ​ចំនួន​ចំពោះ​ក្រុមហ៊ុន KCI ដែលជា​ក្រុម​ហ៊ុន​ផ្តល់​ការប្រឹក្សាក្នុងការ​ត្រួត​ពិនិត្យ​គុណ​ភាព​លើ​អ្នកសាង​សង់។ដោយ​មើល​ឃើញ​ពី​ការធ្វេស​ប្រហែស​របស់​គាត់ ក្រសួង​បាន​ដក​ប្រធាន​ក្រុមហ៊ុន KCI និង​បុគ្គ​លិក ៦​នាក់​ចេញ ព្រោះ​មិន​បាន​តាម​ដាន​ការងារ​ឲ្យ​បាន​លម្អិត​ឲ្យ​ខ្ញុំ»​។

ក្រៅពី​នោះ លោក ស៊ុន ចាន់​ថុល បាន​អះអាង​ទៀត​ថា រដ្ឋលេខា​ធិការ​ម្នាក់ដែល​ទទួល​បន្ទុក​ត្រួត​ពិនិត្យ​ផ្លូវ​នេះ ក៏​ត្រូវ​បាន​ផ្លាស់​ប្តូរ​ចេញ​ដើម្បី​ជំនួស​មន្ត្រី​មានប​ច្ចេ​កទេស​ថ្មី​ផង​ដែរ ខណៈដែល​លោក​មិន​អាច​ទទួល​យកបាន​ចំពោះ​ការ​សាង​សង់​ផ្លូវដោយ​មិន​ត្រឹម​ត្រូវ និង​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់។

លោក​បាន​បន្ថែមថា៖ «ឯកឧត្តម​រដ្ឋលេខាធិកា​រ​ម្នាក់ ក៏​លែង​ឲ្យ​គាត់​មើល​ដែរ ខ្ញុំ​ឲ្យ​ឯកឧត្តម​ ខាន់ ម៉ា​ណេ​រ​ មក​ជំនួស​វិញ ដើម្បី​តាម​ដាន​ឲ្យ​លម្អិត​មែន​ទែន​ក្នុង​ការ​សាង​សង​ដងផ្លូវ​នេះ។នៅ​ពេល​យើង​ពិនិត្យ​មើល​ទៅ នៅ​សល់​ជាង​ ២០​ គីឡូម៉ែត្រ​នេះ ​មិន​អាច​ធ្វើសើៗ​ធ្វើ​ពីមុខ​ ខូច​ក្រោយ ​ធ្វើ​ពីក្រោយ​ខូច​មុខ​ទេ យើង​ត្រូវតែ​រៀបចំ​នីតិវិធី​ថ្មីហើយ​រកថ​វិកាឲ្យ​បាន​គ្រប់​គ្រាន់»​។

បើតាម​លោក ស៊ុន ចាន់​ថុល ការដែល​ក្រសួង​សម្រេច​បញ្ចប់​តួនាទី​របស់​ពួក​គេ​ក្នុង​គម្រោង​សាង​សង់​ផ្លូវ​នេះ ក៏​ព្រោះតែ​បាន​រក​ឃើញ​ថា ផ្លូវ​ជាង ​៥​ គីឡូ​ម៉ែត្រ ក្នុងចំ​ណោម​ផ្លូវ​ដែល​សាង​សង់​បន្ត​ប្រមាណ ២០​ គីឡូម៉ែ​ត្រគឺមាន​ដី​ស្អុយ​នៅ​ពី​ក្រោម ដែល​ធ្វើ​ឲ្យ​គុណ​ភាព​ផ្លូវ មិន​រឹងមាំ​និង​ធន់​នោះទេ។​

បន្ថែម​ពីនេះ​លោកបាន​អះ​អាង​ទៀតថា ប្រសិន​បើក្នុង​ករណី​ជំនួយ​ថវិកា​សាង​សង់​ផ្លូវនីមួយៗដែល​ទទួលបាន​ពី​ម្ចាស់​ជំនួយមិន​គ្រប់​គ្រាន់​សម្រាប់​ឲ្យ​អ្នក​បច្ចេក​ទេសអាច​សាង​សង់​​ប្រកប​ដោយ​គុណ​​ភាពនោះ​ក្រសួង​នឹង​ស្វែងរក​ថវិកា​បន្ថែម​ទៀត​សម្រាប់​ជួស​ជុល​ដោយ​មិនអាច​ទទួល​បាន​ទេ​ចំពោះ​ការសាង​សង​ផ្លូវ​តាម​ទឹក​លុយ​ហើយ​មិន​ស្រប​តាម​បច្ចេក​ទេស​។

លោក គង់ សុវណ្ណ អ្នក​ជំនាញ​សុខ​ភាព​សា​ធារណៈ និង​ជា​នាយក​កម្មវិធី​មូលនិធិ​សុវត្ថិ​ភាព​អន្តរ​ជាតិបាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​​​ ២២ មិថុនា​ថា ជាធម្មតា​បើ​ក្រុម​ហ៊ុន​មិន​បាន​អនុវត្ត​តាម​លក្ខ​ខណ្ឌ​បច្ចេក​ទេស​ដែល​បាន​ឯក​ភាព​ព្រម​ព្រៀង នោះ​គឺ​ប្រឈម​ទៅ​នឹង​ចំណាត់​របស់​ក្រសួង​ហើយ​។ លោក​ជឿថា ការបោះ​ជំហាន​ទៅរក​តម្លា​ភាព និង​គុណ​ភាព គឺ​ពិត​ជា​ផ្តល់​ប្រយោ​ជន៍​ធំធេង​ណាស់​ចំពោះ​ប្រទេស​ជាតិ និង​ប្រជា​ពលរដ្ឋ​។

លោក​ បញ្ជាក់​ថា៖​ «ជាការ​ពិត​ណាស់ដើម្បី​ទប់​ស្កាត់​ការ​ស្លាប់​និង​របួស​ធ្ងន់ធ្ងរ​ប​ង្ក​ដោយ​គ្រោះ​ថ្នាក់​ចរាច​រណ៍ចាំ​បាច់​ត្រូវមាន​ផ្លូវ​ដែល​មាន​គុណ​ភាព​និង​ប្រព័ន្ធ​បរិក្ខារ បន្ធូរ​បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃ​ការបុក​ប៉ះ ហើយក៏​ត្រូវមាន​អ្នកបើ​កបរ​ដែល​មាន​ស​ម​ត្ថ​ភាពនិង​ឥរិយា​បថ​បើកបរ​សុវត្ថិ​ភាព បូករួម​ជាមួយ​យាន​យន្ត​ដែល​មាន​ប្រព័ន្ធ​សុវត្ថិភា​ព​ដំណើរ​ការ​ល្អ​ប្រសើរ​ផង​ដែរ​»។

បើ​តាម​ក្រសួង​សា​ធារ​ណ​ការ និង​ដឹក​ជញ្ជូន កំណាត់​ផ្លូវជាតិ​លេខ ៣ ចេញពី​កំពត-វាល​រេញ​ប្រវែង​ ២០ គីឡូ​ម៉ែត្រ ត្រូវ​បាន​រដ្ឋាភិ​បាល​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​ជំនាញ​​សិក្សា​ជាថ្មី​ ដើម្បី​កាយ​ស្តារ​គ្រឹះ​ជួស​ជុល​ឡើង​វិញ​ហើយ​គ្រោង​នឹង​បញ្ចប់​ការ​សិក្សា​នៅ​ចុងឆ្នាំ​ ២០២១​ នេះ និង​ស្វែង​រក​កញ្ចប់​ថវិកា​ប្រមាណ ៦០ លាន​ដុល្លារ​បន្ថែម ដើម្បី​សាង​សង់​ឲ្យត្រូវ​តាម​ស្តង់​ដា និង​រឹងមាំ​បាន​យូរ​៕

វីដេអូ៖