មណ្ឌលគិរីៈ មន្ដ្រីជំនាញនៃមន្ទីរបរិស្ថានខេត្ដមណ្ឌលគិរី បានកំណត់អន្តសញ្ញាណ និងកំពុងរៀបចំលិខិត កោះហៅជនសង្ស័យចំនួន ៤ នាក់ ដើម្បីសាកសួរទាក់ទងនឹងករណីបទល្មើសព្រៃឈើ ដែលជនល្មើសកំពុងធ្វើសកម្មភាពដឹកឈើតាមបន្ទាត់ព្រំដែនអូរហ៊ុច ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា កាលពីថ្ងៃទី ២១ ខែមិថុនា។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅថ្ងៃទី ២២ មិថុនានេះថា កាលពីថ្ងៃទី ២១ ខែមិថុនា កម្លាំងចម្រុះ នៃបញ្ជាឯកភាពខេត្តមណ្ឌលគិរី ដឹកនាំដោយលោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារង ខេត្តបានចុះបង្ក្រាបបទល្មើសព្រៃឈើ តាមបន្ទាត់ព្រំដែនអូរហ៊ុច ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។
ក្នុងពេលចុះបង្ក្រាបនេះ កងកម្លាំងចម្រុះបានបង្ក្រាបឈើចំនួន ២០០ ដុំ ក្នុងនោះមានឈើប្រភេទ ស្រឡៅ ១៥០ ដុំសុក្រំ ៥០ ដុំ។ ក្រៅពីឃាត់បានឈើ សមត្ថកិច្ចចម្រុះឃាត់ ត្រាក់ទ័រ ២ គ្រឿង និងម៉ូតូកែច្នៃ ១ គ្រឿងផងដែរ។
លោក កែវ សុភគ៌ ថ្លែងថា៖ «រហូតមកដល់ពេលនេះ យើងបានកំណត់អន្តសញ្ញាណជនសង្ស័យបានខ្លះហើយ ឥឡូវយើងកំពុងរៀបចំលិខិតអញ្ជើញពួកគាត់មកសាកសួរ»។
លោកបន្តថា៖ «យើងមិនទាន់ដឹងថា ពួកគាត់ជាប្រជាពលរដ្ឋរស់នៅតំបន់ណាទេ ប៉ុន្ដែអាចសន្និដ្ឋានបានគឺពួកគាត់ជាអ្នករស់នៅព្រំដែន។ យើងមិនទាន់ដឹងអ្នកជាប់ពាក់ព័ន្ធសរុបប៉ុន្មានទេ គ្រាន់តែក្នុងជំហានដំបូងនេះ គឺយើងអញ្ជើញពួកគាត់មកសាកសួរសិននេះមានចំនួន ៤ នាក់សិន»។
លោក គ្រើង តុលា សកម្មជនការពារព្រៃឈើ ក្នុងខេត្តមណ្ឌលគិរីសង្កេតឃើញថា សកម្មភាពការកាប់ឈើនៅតំបន់ការពារធនធានធម្មជាតិ ក្នុងខេត្ដបណ្ឌលគិរីនាពេលបច្ចុប្បន្ន នៅតែបន្តកើតមានឡើង ជាបន្តបន្ទាប់។ លោកបានអះអាងថា ករណីនេះមានពាក់ព័ន្ធនឹងមន្ដ្រីអនុវត្ដច្បាប់នៅក្នុងមូលដ្ឋាន ទើបបទល្មើសនូវអាចបន្តកើតមានឡើងបាន។
លោកបានថ្លែងថា៖ «យើងឃើញថា បទល្មើសកាប់ព្រៃនៅតែកើតមាន រឿងនេះ គឺមានការពាក់ព័ន្ធនឹងមន្ដ្រីអនុវត្ដច្បាប់ នៅក្នុងមូលដ្ឋានផ្ទាល់តែម្ដង បើចង់ឱ្យព្រៃឈើគង់វង្សគឺត្រូវតែបោសសម្អាតមន្ដ្រីខិលខូចនៅថ្នាក់មូលដ្ឋានជាមុនសិន»។
បើតាមលោក គ្រើង តុលា ការបើកផ្លូវឱ្យកាប់ឈើ ដឹកឈើចេញពីព្រៃ និងតំបន់ការពារ អាចកើតមានឡើងបានដោយសារមន្ដ្រីនៅថ្នាក់មូលដ្ឋាន ជាអ្នកបើកដៃ ឃុបខិតគ្នាឱ្យប្រព្រឹត្ដបទល្មើស។ ចំណែកពលរដ្ឋគ្រាន់តែជាអ្នកស៊ីឈ្នួលកាប់ឈើ និងដឹកឈើ ដែលទទួលបានប្រាក់កម្រៃបន្ទិចបន្ទួចប៉ុណ្ណោះ។
លោកបានអះអាងថា ក្នុងរយៈពេលជ ៦ ខែ ឆ្នាំ ២០២១ នេះ មានសកម្មភាពកាប់ឈើកើតឡើងជាបន្តបន្ទាប់នៅក្នុងខេត្ដមណ្ឌលគិរី ក្នុងនោះ ក៏មានការឃាត់ខ្លួនប្រជាពលដ្ឋមួយចំនួន យកទៅផ្តន្ទាទោសតាមច្បាប់ រហូតឈានដល់ការឃុំខ្លួនផងដែរ។ ប៉ុន្ដែលោកបញ្ជាក់ថា ដើម្បីអាចទប់ស្កាត់បទល្មើសព្រៃឈើបាន គឺត្រូវចាត់វិធានការចំពោះមន្ដ្រីពុករលួយនៅថ្នាក់មូលដ្ឋានជាមុនសិន។
ប៉ុន្តែលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានថ្លែងថា មន្ត្រីឧទ្យានុរក្សជាឆ្មាំព្រៃ មិនមែនត្រឹមតែបំពេញភារកិច្ច តាមតួនាទីឯកសណ្ឋានប៉ុណ្ណោះទេ។ ប៉ុន្ដែជាឪពុកម្តាយ ដែលកំពុងថែរក្សាធនធានធម្មជាតិសម្រាប់កូនៗជំនាន់ក្រោយ។
លោកបញ្ជាក់ថា៖ «មន្ត្រីឧទ្យានុរក្សដែលកំពុងបំពេញតួនាទីដើម្បីបុព្វហេតុបរិស្ថាន និងធម្មជាតិ បច្ចុប្បន្នបានពុះពារប្រឈមនឹងឧបសគ្គ និងហានិភ័យខ្ពស់គ្រប់យ៉ាង ដើម្បីអនុវត្តកាតព្វកិច្ចរបស់ខ្លួនជាប្រចាំថ្ងៃនៅសមរភូមិនៃការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភរិក្សជីវៈចម្រុះរបស់កម្ពុជា»។
លោកលើកឡើងថា មន្ត្រីឧទ្យានុរក្ស អនុវត្តកាតព្វកិច្ចរបស់ខ្លួនជារៀងរាល់ថ្ងៃ ដោយមិនខ្លាចនឿយហត់ និងបានលះបង់ខ្ពស់ ក្នុងបុព្វហេតុការពារនូវធនធានធម្មជាតិ សត្វព្រៃដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ ទាំងនេះក៏បង្ហាញពីទឹកចិត្តមោះមុត ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសដូចជា ការបរបាញ់សត្វព្រៃខុសច្បាប់ ការកាប់ព្រៃឈើខុសច្បាប់ និងនេសាទខុសច្បាប់ជាដើម។
បើតាមក្រសួងបរិស្ថាន បច្ចុប្បន្ននេះមន្ត្រីឧទ្យានុរក្សមានចំនួនសរុបជាង ១ ២០០ នាក់ នៅទូទាំងប្រទេស ហើយក្នុងនេះមានមន្ត្រីឧទ្យានុរក្សជាស្ត្រីចំនួន ៤២ នាក់ កំពុងឈរជើងនៅតាមតំបន់ការពារធម្មជាតិទាំង ២០ ខេត្ត៕